សុខទុក្ខបងប្អូនកម្មករ គឺជាសុខទុក្ខរបស់សម្តេចតេជោ នេះជាប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការនី ចំនួន ១៣,១៦៩ នាក់នៅសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងបន្តចុះជួបជាមួយបងប្អូនកម្មករនៅរៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃពុធ។ ព្រោះសុខទុក្ខបងប្អូនកម្មករ គឺជាសុខទុក្ខរបស់សម្តេចតេជោផ្ទាល់។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំង ដែលបានអញ្ចើញជួបជុំជាមួយ បងប្អូនកូនក្មួយកម្មករ កម្មការនី ដើម្បីស្វែងយល់ពីតម្រូវការ និងបង្កើនប្រសិទ្ធភាពការងារ អោយកាន់តែល្អប្រសើរឡើង ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាអោយបានជោគជ័យ។
សម្តេចតេជោបានបញ្ជាក់ថាកាលពីឆ្នាំ ១៩៩៧ កម្ពុជាមានរោងចក្រត្រឹមតែ ៦៤ ប៉ុណ្ណោះ តែពេលនេះ យើងមានប្រមាណជាង ១ម៉ឺនរោងចក្រ និងបានផ្តល់ការងារដល់ពលរដ្ឋប្រមាណជាង ១លាននាក់។ ប្រាក់ខែកម្មករពីមុនគឺមានតែជាង ៣០ដុល្លារ ប៉ុន្តែបានតម្លើងមករហូតដល់ ១៥៣ដុល្លារបូកថែម នឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺច្រើនជាង២០០ដុល្លារ។ នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករ នឹងតម្លើងដល់ ១៦៨ ដុល្លា បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើនជាង២០០ដុល្លា ដែលនឹងធ្វើអោយជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរឡើង។ ទន្ទឹមនឹងនេះដែរ ដោយសារកំណើនសេដ្ឋកិច្ច និងតម្រូវការនៃ Logistic បានកើនឡើងជាលំដាប់ សម្តេចតេជោ បានប្រកាសនឹងពង្រីកទំហំផ្លូវជាតិលេខ៣ បន្ថែមទៀតដែលមានរហូត៤គន្លង (Lane) គឺ ២គន្លងទៅ ២គន្លងមកដើម្បីសម្រួលដល់ការដឹកជញ្ជូនទូទៅនៅតាមបណ្តោយផ្លូវជាតិលេខ៣។ ការពង្រីកផ្លូវនេះគឺចាប់ពីរង្វង់មូលចោមចៅរហូតទៅដល់ខេត្តកំពត។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានរំលឹកអំពីគោលនយោបាយរបស់ក្រុមមួយដែលបានទប់ស្កាត់រាល់នូវ ជំនួយ និងការអភិវឌ្ឍកម្ពុជាដែលហៅថាក្រុម (៣-កុំ) គឺទី១)កុំផ្តល់ជំនួយអោយកម្ពុជា ២)កុំមកវិនិយោគនៅកម្ពុជា និង៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិ ឬជាទង្វើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯង? ព្រោះទង្វើនេះបានធ្វើអោយបងប្អូន កម្មករកម្មការនីបាត់បង់ការងារដែលប៉ះពាល់ ដល់ជីវភាពរស់នៅយ៉ាងធ្ងន់ធ្ងរដែលផ្ទុយស្រឡះពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលបាននិងកំពុងអនុវត្តគោលនយោបាយ (៣-សុំ) គឺ១) សុំអោយបរទេសជួយកម្ពុជា ២)សុំអោយបរទេសមកវិនិយោគនៅកម្ពុជា និង ៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជាដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជួយដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករអោយកាន់តែប្រសើរឡើង។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់រោងចក្រទាំងអស់ត្រូវមានការយោគយល់គ្នា ជាមួយកម្មករនិយោជិតហើយត្រូវខិតខំដោះស្រាយបញ្ហាតាមសន្តិវិធីចៀសវាងវិវាទផ្សេងៗ។ ចំពោះដំណោះស្រាយទឹក គឺចាប់ ពីថ្ងៃ ១ ខែកញ្ញា ឆ្នាំ២០១៧ តទៅរដ្ឋករទឹកលក់ទឹកអោយម្ចាស់ផ្ទះ ក្នុងតំលៃ ៧០០ រៀល ហើយម្ចាស់ផ្ទះនឹងលក់អោយកម្មកត្រឹមតែ ៨០០៛ ប៉ុណ្ណោះក្នុង១ម៉ែត្រគូប។ ចំពោះអគ្គីសនីបើប្រើ៥០គីឡូវ៉ាត់ម៉ោង គឺតម្លៃ ៤១០៛។
ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់ ម្ចាស់ផ្ទះជួលកុំតម្លើងប្រាក់ឈ្នួលផ្ទះក្នុងរយៈពេល ១ឆ្នាំ (២០១៨) ដើម្បីអោយកម្មករនៅសល់ប្រាក់ ដោះស្រាយជីវភាពរស់នៅអោយបានប្រសើរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកនូវចំណុចសំខាន់ៗ៥ដើម្បី លើកកំពស់ការងារ និងជម្រុញវិស័យឧស្សាហកម្មអោយកាន់តែមានភាពល្អប្រសើរគឺ ទី១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ ២)រួមគ្នារក្សាការងារចាស់ និងបង្កើតការងារថ្មីៗ ច្រើនថែមទៀតដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម ទី៣) រួមគ្នាបង្កើនប្រាក់ចំណូល ដោយការខិតខំបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ និងកុំអោយកម្មករ ភ័យខ្លាចពីការបាត់ បង់ការងារ និងប្រាក់ចំណូល ទី៤)ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករ គឺចាប់ពីខែ មករា ២០១៨ តទៅ និយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ បងប្អូនអាចចំណេញ ថវិកា (៨,០០០៛ ទៅ ១២,០០០៛ ក្នុង១ខែ) ទី៥) ផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ចំពោះ កម្មករកម្មការនី ដែលធ្វើការនៅក្រៅប្រទេស តាមរយៈការគាំទ្រ និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្នុងការធ្វើការទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាដៃគូដើម្បីផ្តល់ការងារ ដែលមានប្រាក់ចំណូលខ្ពស់ និងលក្ខណការងារល្អៗដល់ក្មួយៗកម្មករ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីថា ក្មួយៗកម្មករ កម្មការិនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (សីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ចំនួន ៨០% នៃ ប្រាក់ខែ ដែលខ្លួនធ្លាប់បានទទួលពីមុន។ ចាប់ពីឆ្នាំ២០១៨ តទៅ កម្មករ កម្មការនី យើងទាំងអស់ (កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ ដោយមូលនិធិសមធម៍ ។ ទន្ទឹមនឹងនេះដែរ គឺក្រុមហ៊ុនត្រូវរៀបចំបង្កើត Clinic នៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ កម្មការនី។ ចំពោះស្រ្តីសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងាររយៈ ពេល ៣ ខែ ហើយនៅទទួលបានប្រាក់ខែ ១២០%។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការិនី ជិយោជក ទាំងអស់ដែល បានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន និងបានថតរូប Selfie ដែល បង្ហាញនូវក្តីស្រឡាញ់ចំពោះបងប្អូនកូនក្មួយជាកម្មករ កម្មការនី ក្នុងលក្ខណៈស្និទ្ឋស្នាលនិងសប្បាយរីករាយក្រៃលែង៕