យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា សភាមានតួនាទីសំខាន់ ក្នុងការស្វែងរកដំណោះស្រាយនានាជូនពលរដ្ឋ ធានាសុខសន្តិភាព សុវត្ថិភាពជូនម្ចាស់ឆ្នោត។ ប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំងតួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួល និងដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ដើម្បីត្រួតពិនិត្យនិងអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់។
សម្តេចរដ្ឋសភាធិបតី បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី (YB SENATOR DATUK WIRA DR. MOHD HATTA BIN MD RAMLI) សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី។
សម្តេចរដ្ឋសភាធិបតី បានរំលឹកថាកម្ពុជាស្រឡាញ់សន្តិភាព ការពារសន្តិភាព ដោយសារកម្ពុជា ធ្លាប់បានឆ្លងកាត់សង្រ្គាមនិងបានហែលឆ្លងទុក្ខលំបាកពីសង្រ្គាមអស់ជាច្រើនទសវត្សរ៍មកហើយ។ដូច្នេះមិនចង់ឃើញពលរដ្ឋខ្លួនឬជាតិសាសន៍ដទៃជួបទុក្ខលំបាកពីសង្រ្គាមទៀតនោះឡើយ។ ដើម្បីសេចក្តីសុខដល់ពលរដ្ឋទាំងសងខាង ក៏ដូចសហគមន៍អាស៊ានទាំងមូល កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់អនុវត្តបទឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ក្រោមការដឹកនាំផ្ទាល់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលផ្តួចផ្តើមដោយ ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក និងមានការចូលរួមសង្កេតការណ៍ដោយបណ្តាប្រទេសជាមិត្តមានប្រទេសចិនជាដើមនោះ។
ជាមួយគ្នានោះផងដែរ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ជូនគណៈប្រតិភូថាកម្ពុជានៅប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការដែលមានស្រាប់ គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕
ទន្ទឹមនោះផងដែរ ប្រធានគណៈប្រតិភូម៉ាឡេស៊ី បានថ្លែងគាំទ្រឆន្ទៈមោះមុត និងការចូលរួមរបស់ថ្នាក់ដឹកនាំកម្ពុជាក្នុងការលើកកម្ពស់ សុខសន្តិភាព សម្រាប់ភពផែនដី និងបានតាមដានដោយយកចិត្តទុកដាក់នូវការអនុវត្តបទឈប់បាញ់ ហើយគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដែលថាជម្លោះមិនអាចដោះស្រាយដោយសង្រ្គាមនោះទេ មានតែការចរចាទេទើបអាចបញ្ចប់សង្រ្គាមបាន។ ឯកឧត្តមមានជំនឿមុតមាំថាបញ្ហានេះនឹងដោះស្រាយបានក្នុងពេលឆាប់ៗ៕










