ឯកឧត្តម ជុំ សុន្ទរី៖ កម្ពុជាបានផ្ញើលិខិតទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) និងអគ្គលេខាធិការ(UN)ជម្រាបជូនអំពីហានិភ័យដែលកំពុងតែកើនឡើងចំពោះបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃ

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជាបានសរសេរលិខិតដាច់ដោយឡែកផ្ញើជូនទៅប្រធានអង្គការសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីជម្រាបជូនអំពីហានិភ័យដែលកំពុងកើនឡើងនិងកំរាមគំហែងចំពោះបទឈប់បាញ់ដ៏ផុយស្រួយខ្លាំងរវាងកម្ពុជា-ថៃ។ លិខិតទាំងពីរនោះដែរ ក៏នឹងត្រូវចែកជូនជាផ្លូវការដល់ស្ថានតំណាងអចិន្ត្រៃយ៍របស់បណ្តាប្រទេសប្រចាំនៅអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កផងដែរ។
 
នៅក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» វេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់បន្ថែមថា ក្នុងលិខិតទាំងពីររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា កម្ពុជា-ថៃបានចុះកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងកិច្ចប្រជុំពិសេសដែលរៀបចំដោយម៉ាឡេស៊ីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលកិច្ចព្រមព្រៀងនោះបានជួយសង្គ្រោះអាយុជីវិតជាច្រើន និងផ្តល់សង្ឃឹមដល់មនុស្សរាប់ពាន់នាក់ដែលត្រូវបានជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបានបង្កើតក្តីសង្ឃឹមថា ពួកគេអាចនឹងវិលត្រឡប់ទៅលំនៅដ្ឋានវិញក្នុងពេលឆាប់ៗនេះហើយនិងអាចរស់នៅក្នុងសន្តិភាពនិងវិបុលភាពដ៏យូរអង្វែង។
 
ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់បន្ថែមថា នៅក្នុងលិខិតនោះដែរ កម្ពុជាបានថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានរៀបចំកិច្ចប្រជុំពិសេសមួយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលបានដោះស្រាយប្រដាប់អាវុធរវាងកម្ពុជា-ថៃដែលបានជួយជំរុញឱ្យការវិវត្តន៍ជាវិជ្ជមាននេះហើយបច្ចុប្បន្នកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយនេះកំពុងប្រឈមនិងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរឡើងដោយសារកងកម្លាំងយោធាថៃបានបន្តការបង្កើនការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដែលនេះជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពតាមផ្លូវច្បាប់។ ចាប់តាំងពីពេលបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក កងកម្លាំងយោធាថៃបានបន្តជ្រៀតចូលទឹកដីកម្ពុជាដោយខុសច្បាប់ជាញឹកញាប់ដែលបានដាក់រាយបន្លាលួស និងបានសាងសង់ផ្លូវនៅកន្លែងជាច្រើន។
 
នៅក្នុងលិខិតនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសរំលេចបន្ថែមថា ក្នុងការរំលោភបំពានដោយចេតនានិងធ្ងន់ធ្ងរទៅលើបទឈប់បាញ់ដែលភាគីទាំងពីបានឯកភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លើកំណត់ហេតុព្រមព្រៀងនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃបានជ្រៀតចូលដោយខុសច្បាប់និងធ្វើសកម្មភាពនៅតំបន់អានសេះក្នុងខេត្តព្រះវិហារ និងធ្វើការរាយបន្លាលួសរុះរើផ្ទះប្រជាពលរដ្ឋកម្ពុជា និងម៉ាស៊ីធុនធ្ងន់កសាងលេណដ្ឋានជាច្រើនកន្លែង។ សកម្មភាពទាំងនេះស្របគ្នាទៅនឹងសេចក្តីថ្លែងការជាសាធារណៈនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដែលបានប្រកាសដោយមេបញ្ជាការយោនធភូមិភាគទី២របស់ថៃបានសន្យាថាកងទ័ពនិងដណ្តើមមកកាន់កាប់ប្រាសាទតាក្របីវិញ ហើយក៏និងបិទប្រាសាទតាមាន់ធំផងដែរ។ ទីតាំងនៃទង្វើរំលោភបំពានរបស់ថៃទាំងអស់នេះគឺស្ថិតនៅក្នុងដែនដីកម្ពុជាទាំងស្រុងដូចដែលបានកំណត់និងខណ្ឌចែកដោយផែនទីខ្នាត១/២០០០០ ដែលផលិតដោយគណៈកម្មាការចម្រុះបារាំង-សៀម អនុលោមតាមអនុសញ្ញាចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ និងសន្ធិសញ្ញាចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ អមដោយផែនទីទាំងនេះ ដែលបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជានិងថៃ ហើយត្រូវបានយកធ្វើជាមូលដ្ឋានយ៉ាងច្បាស់នៅក្នុងសាលដីការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដែលបានចូលជាស្ថាពរនិងមានអនុភាពស្របតាមមាត្រា៦០លក្ខន្តិកៈ ICJ និងមាត្រា៩៤នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
 
ឯកឧត្តម ជុំ សុន្ទរី ក៏បានមានប្រសាសន៍បន្ថែមនៅក្នុងលិខិតនោះថា សកម្មភាពទាំងនេះ គឺជាការបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងឈប់បាញ់ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុព្រមព្រៀងនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកដែលភាគីទាំងពីរបានប្តេជ្ញាធ្វើការកំណត់ព្រំដែនរួមដោយផ្អែកលើអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នំា១៩០៧ និងបណ្តាផែនទីដែលជាលទ្ធផលនៃកិច្ចការខណ្ឌព្រំសីមារបស់គណៈកម្មាធិការព្រំដែនឥណ្ឌូចិន-សៀម និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិព្រមទាំងការហាមឃាត់ការប្រើប្រាស់ ឬលើការគំរាមកំហែងនៃការប្រើប្រាស់កម្លាំងប្រឆាំងនឹងអធិបតេយ្យដែនដីនៃប្រទេសមួយដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
 
ឯកឧត្តម ជុំ សុន្ទរី ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានទាមទារឱ្យរាជរដ្ឋាភិបាលថៃនិងកងកម្លាំងយោធាថៃដូចតទៅ៖
ទី១៖បញ្ឈប់ជាបន្ទាន់នូវរាល់ការឈ្លានពាននិងការកាន់កាប់ដោយខុសច្បាប់ និងសកម្មភាពផ្សេងៗទៀត ដែលរំលោភបំពានអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា
ទី២៖ ដកកងកម្លាំងយោធាថៃ និងឧបករណ៍ទាំងអស់ចេញពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រឡប់ទៅកាន់ទីតាំងដែលស្របទាំងស្រុងជាមួយនិងព្រំដែនដែលត្រូវបានកំណត់ដោយស្របច្បាប់
ទី៣៖ អនុវត្តឱ្យបានពេញលេញ និងគ្មានលក្ខខណ្ឌនូវរាល់ការកាតព្វកិច្ចទាំងទេ្វភាគី និងអន្តរជាតិ រួមមានកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកំណត់ហេតុព្រមព្រៀងចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
 
នៅក្នុងលិខិតនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏អំពាវនាវឱ្យប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិបន្តលើកទឹកចិត្តឱ្យមានការគោរពឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយ និងកំពុងប្រឈម និងហានិភ័យនេះ និងសូមឱ្យមានការខិតខំប្រឹងប្រែងគាំទ្រដើម្បីសម្រេចបាននូវការបញ្ឈប់ទាំងស្រុងនូវអរិភាពប្រដាប់អាវុធនិងដំណើរឆ្ពោះទៅរកភាពប្រក្រតីឡើងវិញ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort