ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាវេលាម៉ោង ១១:០០ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជាបដិសេធយ៉ាងដាច់អហង្ការដែលលើកឡើងដោយគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ចោទប្រកាន់កម្ពុជាថា បានដាក់គ្រាប់មីនថ្មី។
ជាមួយគ្នានេះដែរ ឯកឧត្តម ជុំ សុន្ទរី បានមានប្រសាសន៍បន្ថែមថា ការគោរពរបស់កម្ពុជាចំពោះអនុសញ្ញាអូតាវ៉ាបន្ទាប់ពីក្លាយខ្លួនជារដ្ឋភាគីនៅឆ្នាំ២០០០ កម្ពុជាបានគោរពដោយហ្មត់ចត់ចំពោះអនុសញ្ញាអូតាវ៉ា កម្ពុជាបានបំផ្លាញចោលនូវគ្រាប់មីនប្រឆាំងមនុស្សចំនួនជាង ១លានគ្រាប់ និងគ្រឿងផ្ទុះផ្សេងទៀតដែលបន្សល់ទុកដោយសង្រ្គាមនៅលើទឹកដីកម្ពុជាជាង៣លានគ្រាប់រួមចំណែកយ៉ាងសំខាន់ក្នុងការរួមចំណែកបោសសម្អាតមីនដែលមានលក្ខណៈមនុស្សធម៌នៅក្នុងប្រទេស និងក្រៅប្រទេសរួមទាំងនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការប្រកបដោយស្ថាបនាជាមួយភាគីថៃ និងរាល់តួអង្គពាក់ព័ន្ធទាំងអស់ដើម្បីប្រកាន់ខ្ជាប់នូវអនុសញ្ញាអូតាវ៉ា ការពារដល់អាយុជីវិតប្រជាជនស៊ីវិល និងធានាព្រំដែនរបស់ប្រទេសទាំងពីរប្រកបដោយសន្តិភាព សន្តិសុខ និងវិបុលភាព។
អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា ការអំពាវនាវរបស់កម្ពុជាអោយមានការអនុវត្តដ៏ពេញលេញនូវកិច្ចព្រមព្រៀង ១៣ ចំណុច កម្ពុជាត្រូវបានលើកទឹកចិត្តដ៏ខ្លាំងកា្លតាមរយៈការអបអរសាទរដ៏ទូលំទូលាយរបស់សហគមន៍តំបន់ និងអន្តរជាតិ ក្នុងនោះក៏មានបណ្តាប្រទេសដៃគូរបស់អាស៊ាន និងតួអង្គពាក់ព័ន្ធសំខាន់ៗដទៃទៀតចំពោះកិច្ចព្រមព្រៀង ១៣ ចំណុចដែលសម្រេចបានក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ។ កម្ពុជាក៏ស្វាគមន៍នូវការអំពាវនាវរបស់បណ្តាប្រទេសនានាសូមអោយមានការអនុវត្តដោយសុទ្ធចិត្ត និងទាន់ពេលវេលានូវរាល់វិធានការដែលបានព្រមព្រៀងគ្នានោះ។ កម្ពុជាចាត់ទុកកិច្ចព្រមព្រៀង ១៣ ចំណុច ជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរកាត់បន្ថយភាពតានតឹង ស្តារមកវិញនូវការទុកចិត្តគ្នា និងការទប់ស្កាត់នូវគ្រោះថ្នាក់ចំពោះប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ កិច្ចព្រមព្រៀងនេះជាការតាំងចិត្តរួមរបស់ប្រទេសទាំងពីរចំពោះសន្តិភាព និងស្ថិរភាព៕





