(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត, សម្ពោធដាក់ឲ្យដំណើរការ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»


CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល
គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍ
សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។  សមិទ្ធផល​ថ្មី​នេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» ដែលជាកម្មវិធីគោលនយោបាយអាទិភាពទី ៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលខ្ញុំបានប្រកាសដាក់ឱ្យអនុវត្តនៅចុងឆ្នាំ២០២៣។

អស់រយៈពេលជាង ១ ឆ្នាំ កន្លងមកនេះ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធបានចូលរួម ប្រកបដោយស្មារតីបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដូច​ដែលបានបញ្ជាក់ក្នុងរបាយការណ៍លម្អិតរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល​ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាក់ស្តែង ការរៀបចំ និងការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេស ធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនឱ្យកាន់តែល្អប្រសើរឡើងថែម​មួយ​កម្រិតទៀត។

បច្ចុប្បន្ន សកលលោកមានការប្រែប្រួលលឿន ជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់ ហើយវិបត្តិ និងបញ្ហាប្រឈមផ្សេងៗបាន និងកំពុងលេចឡើងជាបន្តបន្ទាប់ ដែលការណ៍នេះអាចបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍ និងមានកម្មវិបាកជាអវិជ្ជមានលើកំណើនសេដ្ឋកិច្ចជាតិ។ ស្ថិតក្នុងបរិការណ៍ នៃភាពមិនប្រាកដប្រជាខ្ពស់នេះ រាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចាំបាច់ ក្នុងការកែលម្អ ជំរុញ និងពង្រឹងការអនុវត្តការងារកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បី​លើក​កម្ពស់កំណើនសេដ្ឋកិច្ចជាតិឱ្យមានសម្ទុះល្អប្រសើរប្រកបដោយបរិយាបន្នដើម្បីធានាថា ​ប្រជាជនកម្ពុជាទទួលបានផ្លែផ្កា ទាំងដោយផ្ទាល់ និងប្រយោល ពីកំណើនសេដ្ឋកិច្ច សំដៅ​ពង្រឹង​ភាពធន់ទៅនឹងវិបត្តិនានា​ក៏​ដូច​ជាភាពធន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​ជាតិ​។

តាមរយៈ ការដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ប្តេជ្ញាបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និង​សមិទ្ធផលជាតិជាច្រើន ដែលរាជរដ្ឋាភិបាលអាណត្តិមុនៗសម្រេចបាន ដែលបានរំលេច នៅក្នុង​បរិស្ថានគ្របដណ្តប់នៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ភាគលាភ នៃ​សុខ​សន្តិភាពបានបង្កើតនូវបរិយាកាសអំណោយផល សម្រាប់កម្ពុជាក្នុងការរុញច្រានការអភិវឌ្ឍលើគ្រប់វិស័យ  ក្នុងនោះ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាអាទិភាពដ៏សំខាន់មួយ ដូចមានគូសរំលេចក្នុង «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» ដែលមានចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ ដើម្បីក្លាយទៅជាកម្លាំងចលករដ៏សំខាន់ ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងរួមចំណែកជាអតិបរមាដល់ការបោះជំហានទៅមុខប្រកប​ដោយ​ភាពប្រាកដនិយម សំដៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់ទៅនឹងវិបត្តិ។

ដើម្បីសម្រេចបានចក្ខុវិស័យនេះ យុទ្ធសាស្ត្រជាតិនេះបានដាក់ចេញនូវអាទិភាពជាយុទ្ធសាស្រ្តចំនួន ៥ ក្នុងនោះ អាទិភាពជាយុទ្ធសាស្រ្តទី១ ដែលផ្តោតលើកការកំណត់  ការកែសម្រួល និង ការរៀបចំយន្តការ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការឈានចូលក្នុងប្រព័ន្ធ គឺជាកិច្ចការដ៏សំខាន់ ដែលទាមទារឱ្យមានការគិតគូរឱ្យបានឆាប់ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ ដោយស្មារតីសហការល្អ បុរេសកម្ម​ សហថាមពល ស្របតាម​អភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

ជាបទពិសោធផ្ទាល់របស់កម្ពុជា ជាពិសេស ក្នុងគ្រានៃវិបត្តិជំងឺកូវីដ-១៩ នេះ រាជរដ្ឋាភិបាលបានជួបការលំបាកជាច្រើន ក្នុងការកំណត់អត្តសញ្ញាណធុរកិច្ចក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីដាក់ចេញនូវវិធានការគាំទ្រឱ្យចំគោលដៅសម្រាប់ជួយដល់ធុរកិច្ចទាំងនោះ។ ក្នុងអំឡុងពេលមានវិបត្តិសកលនៃជំងឺកូវីដ-១៩ ធុរកិច្ចក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលរងនូវកម្មវិបាកអវិជ្ជមាន និងងាយទទួលរងផលប៉ះពាល់ខ្លាំងជាងគេដោយវិបត្តិនានា។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល ដោយមានគណៈ​កម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាសេនាធិការ បានផ្តួចផ្តើម និងរៀបចំបង្កើតឱ្យមាន «យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលជាយន្តការចុះឈ្មោះដោយស្ម័គ្រចិត្តក្នុងគោលដៅចម្បងចំនួន ២ ដូចខាងក្រោម៖

ទី១. ការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖  រាជរដ្ឋាភិបាលយល់ច្បាស់ថាលទ្ធភាព និងសមត្ថភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមានកម្រិត ហើយការបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក៏នៅពុំទាន់អាចធ្វើទៅបាន និងត្រូវមានបន្ទុកចំណាយ។ បន្ថែមលើនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំមិនទាន់ស្ថិតក្រោមការគ្រប់គ្រង និងការទទួលស្គាល់ ដោយយន្តការនៃក្រសួង-ស្ថាប័នណាមួយនៅឡើយ។ ជាក់ស្តែង  អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្នាតមីក្រូ ដែលមិនមានទីតាំងជាក់លាក់ មិនអាចស្នើសុំលិខិតអនុញ្ញាតផ្សេងៗ ពីយន្តការច្រកចេញ-ចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឬក្រសួង-ស្ថាប័នណាមួយនៅឡើយ។ ក្នុងន័យ​នេះ យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានបង្កើតឡើងជាយន្តការថ្មី ដែលបំពេញបន្ថែមលើយន្តការដែលមានស្រាប់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចបំពេញបានដោយរលូន ងាយស្រួល រហ័ស និង ឥតគិតថ្លៃសេវា ព្រមទាំងបង្ក​លក្ខណៈ​​ងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវការគាំទ្រ​នានាដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចំគោលដៅ ជាពិសេសក្នុងគ្រាមានវិបត្តិនានា​ ដែលអាច​កើត​មានឡើងជាយថាហេតុ។

ទី២. ការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖ ដោយថ្មីៗនេះ រាជរដ្ឋាភិបាលទើបបានអនុម័ត «អនុក្រឹត្យស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីឱ្យការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអានុភាពគតិយុត្ត ក្នុងកម្រិតមួយដែលក្រសួង-ស្ថាប័នអាចទទួលយកបានសម្រាប់ផ្តល់ការគាំទ្រនានា។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះ នឹងទទួលបាន «វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្នុងទម្រង់ឌីជីថលតាមថ្នាលឌីជីថល ដែលអាចរក្សាទុក ឬបោះពុម្ពជាសន្លឹកសម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែងរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ទន្ទឹមនឹងការសម្ពោធដាក់ឱ្យ​ប្រើប្រាស់ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ  ខ្ញុំសូមយកឱកាសនេះ លើកឡើងបន្ថែមអំពីគុណតម្លៃ និងផលប្រយោជន៍នានានៃការចុះឈ្មោះ​​ចូលក្នុងប្រព័ន្ធ ដូចខាងក្រោម៖

ទី១. បងប្អូនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការចុះឈ្មោះ ដោយខ្លាចជាប់កាតព្វកិច្ច ឬការចំណាយផ្សេងៗ។

[ផ្ដើមសេចក្ដីអធិប្បាយ១]

(បងប្អូនតែងតែមានការគិតថាបើ)ឲ្យខ្ញុំចុះហើយ តើ(មានកាតព្វកិច្ចត្រូវ)ជាប់អី? នេះជាសំណួរ​។ (ការចុះឈ្មោះនោះជាការ)ដាក់អន្ទាក់ខ្ញុំទេដឹង។

[ចប់សេចក្ដីអធិប្បាយ១]

ខ្ញុំសូមបញ្ជាក់ជាថ្មីថា ការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់។

[ផ្ដើមសេចក្ដីអធិប្បាយ២]

មិនមាន(ការកំណត់ដោយ)ដាក់ថា បងប្អូនត្រូវតែចុះ ដល់ថ្ងៃនេះ/នោះ ត្រឹមអវសានវាទនេះ/នោះ ហើយទទួលបន្ទុកអីទេ។ គឺស្ម័គ្រចិត្តទាំងស្រុង។ បងប្អូនឃើញ បងប្អូនសិក្សាច្បាស់លាស់ថាបានផល ហើយអត់មានទទួលបន្ទុកអីទេ។ បងប្អូនស្ម័គ្រចិត្ត(មកចុះឈ្មោះ)។ នេះជាគោលការណ៍ដែលបានណែនាំតាំងពីដើម។ ហាមដាច់ខាតមិនឲ្យមានការជំរុញ ឬបង្ខិតបង្ខំ (គឺធ្វើ)តាមការស្ម័គ្រចិត្ត។

[ចប់សេចក្ដីអធិប្បាយ២]

ការចុះឈ្មោះនេះមិនត្រឹមតែ ដើម្បីឱ្យបងប្អូនទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។

ទី២. បងប្អូនអាចនឹងមានការស្ទាក់ស្ទើរ ព្រោះខ្លាចជាប់កាតព្វកិច្ចពន្ធ។ (កាតព្វកិច្ចអនុលោមភាពមួយហើយ ឥឡូវធំបំផុតពន្ធ) ខ្ញុំក៏សូមបញ្ជាក់ដែរថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ដូចជាសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលទ្រង់ទាយតូច មីក្រូ) ដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ (នេះជាគោលការណ៍ដែលបញ្ជាក់) នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថា គ្មាន​ការចំណាយមិនចាំបាច់ណាមួយដែលបងប្អូនត្រូវបង់ជូនរដ្ឋឡើយ។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

(១) ធុរកិច្ច ឬអាជីវកម្មលក្ខណៈមីក្រូ តូច មានចំណូលស្មើ/ក្រោម ២៥០លានរៀល/ឆ្នាំ ចូលប្រព័ន្ធដោយមិនជាប់កាតព្វកិច្ច

ខ្ញុំធ្លាប់បានបញ្ជាក់គោលការណ៍នេះ កាលពីថ្ងៃខួបមួយឆ្នាំនៃរាជរដ្ឋាភិបាល។ ធុរកិច្ច ឬអាជីវកម្មដែលមានលក្ខណៈមីក្រូ តូច ក្រោម ២៥០លានរៀល/ឆ្នាំ … ពេលដែលគាត់ចូលក្នុងប្រព័ន្ធ គឺមិនជាប់កាតព្វកិច្ចទេ។ ឯកឧត្ដម គង់ វិបុល នៅទីនេះ(ស្រាប់)។ យើងបានបញ្ជាក់។ ហ្នឹងសុំបញ្ជាក់សាជាថ្មី។ ពេលដែលចូលពីក្រៅប្រព័ន្ធមកក្នុងប្រព័ន្ធ ហើយទំហំនៃប្រាក់ចំណូលមានតិចជាង ២៥០លានរៀល/ឆ្នាំ គឺមិនមានកាតព្វកិច្ច(ត្រូវបង់អ្វី)ទេ។ សូមបញ្ជាក់ប៉ុណ្ណេះ។ បើយើងគិតជាដុល្លារ មានជាង ៦ម៉ឺនដុល្លារ។ ខ្ញុំ(លឺថា)ឲ្យតែសួរទៅ ប្រការដែលខ្លាចជាងគេគឺ “ឲ្យខ្ញុំចុះហើយ តើជាប់អីខ្លះ”។ បងប្អូនបារម្ភខ្លាចជាប់ពន្ធ។ អញ្ចឹង (ធុរកិច្ចឬអាជីវកម្មដែលមានចំណូលស្មើឬតិចជាង)ទំហំនេះ(២៥០លានរៀល/ឆ្នាំ នឹងមិនជាប់កាតព្វកិច្ចអ្វីឡើយ) …។

[ចប់សេចក្ដីអធិប្បាយ៣]

ទី៣. ក្រោយចុះឈ្មោះ និងទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ បងប្អូននឹងទទួលបាន វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះ បញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់បងប្អូន ដែលមានការទទួលស្គាល់ពីគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាចយកទៅប្រើប្រាស់ជាផ្លូវការបានជាមួយវិស័យឯកជន ផងដែរ។

[ផ្ដើមសេចក្ដីអធិប្បាយ៤]

(ការទទួលបាន វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ) បានន័យថា មានលិខិតបទដ្ឋានមួយចំនួនដែលទទួលស្គាល់បងប្អូននៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការនេះនឹងងាយស្រួលដើម្បីយើងអាចជួយធ្វើអន្តរាគមន៍ និងជួយឱ្យបងប្អូនទាញយកផលប្រយោជន៍ផ្សេងៗ។

[ចប់សេចក្ដីអធិប្បាយ៤]

ទី៤. ការចុះឈ្មោះនឹងផ្តល់លទ្ធភាពឱ្យបងប្អូនបង្កើនសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការចាប់យកជំនាញថ្មី (Upskill and Reskill)។ ជាមួយនឹងការគាំទ្រនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងមានសមត្ថភាព មានឱកាសកាន់តែប្រសើរក្នុងការពង្រីកអាជីវកម្ម បង្កើនប្រាក់ចំណូល និងបង្កើតការងារសម្រាប់ទាំងខ្លួនឯងផង និងអ្នកដទៃផង។

ទី៥. ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ ដើម្បីបើកទ្វារទៅកាន់ សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះ​ស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ ដោយចៀសវាងទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការ។

ទី៦. អត្ថប្រយោជន៍សំខាន់មួយទៀតនៃការចុះឈ្មោះ គឺលទ្ធភាពក្នុងការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ទៅតាមលក្ខខណ្ឌដែលបានកំណត់ និងងាយស្រួលក្នុងការបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពសម្រាប់ទាំងខ្លួនឯង និងសមាជិកគ្រួ​សារ។

បើគិតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានពង្រីកបន្ថែមការគ្របដណ្តប់កម្មវិធីមូលនិធិសមធម៌ សុខាភិបាល ដល់ពលរដ្ឋក្នុងគ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (ប.ស.ស) បានពង្រីកវិសាលភាពជាបន្តបន្ទាប់ដល់បុគ្គលិកក្នុងវិស័យសាធារណៈ បុគ្គលិកស្វ័យនិយោជ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. និងប្រជាជន ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ព្រមទាំងកម្មវិធីជំនួយសង្គមផ្សេងៗទៀត ជូនប្រជាជនគោលដៅ ដែលមកដល់បច្ចុប្បន្ន មានប្រជាជនជាង ៧លាន ៣ សែននាក់ ត្រូវបានគ្របដណ្តប់ដោយគម្រោងទាំងពីរនេះ។

ទី៧. តាមរយៈការចុះឈ្មោះរបស់បងប្អូន រាជរដ្ឋាភិបាលនឹងកសាងបានទិន្នន័យល្អ និងមានលទ្ធភាពផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងរហ័ស ពិសេស​ក្នុងអំឡុងពេលនៃវិបត្តិនានា ដូចជាគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាតជាដើម។

[ផ្ដើមសេចក្ដីអធិប្បាយ៥]

(២) កសាងទិន្នន័យដ្ឋាដើម្បីផ្តល់ការគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ រហ័សនិងប្រសិទ្ធភាព

(ការកសាងទិន្នន័យដ្ឋានដែលនឹងផ្តល់ការគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងរហ័ស ពិសេស​ក្នុងអំឡុងពេលនៃវិបត្តិនានា មានអត្ថប្រយោជន៍) ដូចបទពិសោធនៃជំងឺកូវីដ-១៩កន្លងទៅ។ និយាយឲ្យខ្លី ដើម្បីរាជរដ្ឋាភិបាលអាចជួយបងប្អូនឲ្យចំគោលដៅ និងទាន់ពេលវេលា ទាល់តែស្គាល់ថាបងប្អូនជាអ្នកណាខ្លះ? នៅឯណាខ្លះ? ប្រកបរបរអី ហើយត្រូវការជួយអីខ្លះ? នេះគឺ(ជាវិធាន)ដើម្បី(ផ្តល់នូវការគាំទ្រដោយ)ប្រសិទ្ធភាព។

[ចប់សេចក្ដីអធិប្បាយ៥]

ទី៨. សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ការចុះឈ្មោះនឹងជួយសម្រួលដល់ការទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។ ការណ៍នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅដល់ការសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ដែលជាមូលដ្ឋានគ្រឹះនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់ការអភិវឌ្ឍជាតិ​ប្រកបដោយសមធម៌ បរិយាបន្ន និងភាពធន់។

[ផ្ដើមសេចក្ដីអធិប្បាយ៦]

(៣) ចុះឈ្មោះក្នុងប្រព័ន្ធថ្នាលឌីជីថល គឺជួយដោយមិនដាក់បន្ទុកបន្ថែម និង តាមការស្ម័គ្រចិត្ត មិនមានការបង្ខំ

និយាយឲ្យខ្លីមក ការរៀបចំ និងដាក់ឲ្យប្រើប្រាស់ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយ មិន​មែនដើម្បីជាបន្ទុកបន្ថែមឲ្យបងប្អូននៅសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ។ ការនេះគឺផ្អែកទៅលើគោលការណ៍​ស្ម័គ្រចិត្តទាំងស្រុង។ មិនមានការចាប់បង្ខំឡើយ។ បើសិនជាបងប្អូន(បានស្ដាប់)មួយព្រឹកនេះ អត់ចាំអី ចាំតែពីរចំណុចហ្នឹងទៅបានហើយ។ ប្រព័ន្ធឌីជីថលចុះឈ្មោះនេះ ចាំតែ ២ចំណុច។ ទី១ ជួយ មិនមែនធ្វើបាបទេ មិនមែនដាក់បន្ទុកបន្ថែមទេ ហើយទី២ ស្ម័គ្រចិត្ត មិនមានការបង្ខំ។ បានលទ្ធផលអី ផលប្រយោជន៍អីអាចសិក្សាលម្អិតបន្ថែមទៀតពីស្ថាប័ននិងកិច្ចការបន្ថែម ព្រោះការបណ្ដុះបណ្ដាល គោលនយោបាយ យើងចេញជាប់ជាប្រចាំ។ សំខាន់ត្រូវឱ្យដឹងថា បងប្អូនជាអ្នកណា នៅទីណា ត្រូវការអ្វីខ្លះ?

(៤) អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរងគ្រោះពីហានិភ័យខ្ពស់ជាង ប្រៀប​ធៀបនឹងអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ

កាលពីប៉ុន្មានឆ្នាំមុន យើងត្រូវការជួយផ្នែកសុខភាព ដូចជារឿងកូវីដ-១៩។ ឥឡូវ ផ្នែកសុខាភិបាល យើងជួយខាងអន្តរាគមន៍ ការដាក់ចេញនូវកម្មវិធីនយោបាយសេដ្ឋកិច្ច កម្មវិធីការជួយបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋក្រីក្រ កូន​ចៅប្រជាពលរដ្ឋក្រីក្រ​ កម្មវិធីគ្របដណ្ដប់សុខភាព សេវាសុខភាព ការផ្ដល់ផ្សេងៗ។ ទៅថ្ងៃមុខទៀត យើងអាចចេញគោលនយោបាយផ្សេងៗ បន្ថែមទៀត ដោយអាចជួយច្បាស់តែម្ដង (បើសិនជា)យើងអាចដឹងថា នៅខេត្តណាមានប៉ុន្មាន​ ហើយយើងត្រូវជួយស្អី? ជាពិសេស នៅក្នុងកាលៈទេសៈនៃដំណាក់កាល(កើតមាន)គ្រោះដែលមិនបានព្រាងទុក ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​តែងតែទទួលរងគ្រោះ(មាន)ហានិភ័យខ្ពស់ជាងគេ ប្រៀប​ធៀបជាមួយអ្នកដែលមានមូលដ្ឋានរឹងមាំនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ …។ ​

(៥) ថ្នាលឌីជីថលចុះឈ្មោះជួយរដ្ឋាភិបាលក៏ស្គាល់បងប្អូន និងបងប្អូនដឹងពីច្រកចូល

ក្នុងគោលនយោបាយអាទិភាព៦ ចំណុច រាជរដ្ឋាភិបាលអាណត្តិទី៧ មាននិយាយអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ដោយសេដ្ឋកិច្ចក្រៅប្រព័ន្ធមានទំហំធំ ដើម្បីឱ្យបងប្អូនចូលមកចុះឈ្មោះ យើងបានសិក្សាថា បងប្អូនចាប់អារម្មណ៍ចូល(មកចុះឈ្មោះ) ដើម្បីបានផលដូចអ្នកផ្សេង ប៉ុន្តែនៅមានការព្រួយបារម្ភមួយចំនួន និងពិសេសគឺសំណួរតែមួយខាងដើមគឺ “បើខ្ញុំចូល ជាប់អីខ្លះ?” តែប៉ុណ្ណឹង។ អញ្ចឹង ជាកាតព្វកិច្ចក្នុងការអនុលោមភាព ក៏ដូចជាកាតព្វកិច្ចក្នុងពន្ធដារ យើងមានការយោគយល់ច្រើន។ សំខាន់គឺការផ្ដល់ជំនួយក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យចំគោលដៅ តាមរយៈការភ្ជាប់ទំនាក់ទំនង។ និយាយឱ្យខ្លី បើអត់ដឹងបងប្អូននៅឯណា មិនដឹងជួយដូចម៉េច។​ បើបងប្អូនអត់ដឹងថាចូលតាមច្រកណា ក៏មិនដឹងទៅស្រែកហៅឱ្យរដ្ឋាភិបាលជួយយ៉ាងម៉េច។ អញ្ចឹង ការតភ្ជាប់ការចុះឈ្មោះនេះគឺជួយឱ្យរដ្ឋាភិបាលក៏ស្គាល់បងប្អូន បងប្អូនក៏ដឹងថាច្រកចូល(តាមណា) ដើម្បីទទួលបានផលប្រយោជន៍យ៉ាងណា។ នេះគឺជាការបកស្រាយដោយភាពសាមញ្ញអំពីការរៀបចំថ្នាលឌីជីថលនេះ

(៦) ថ្នាលឌីជីថលកាត់បន្ថយភាពស្មុគស្មាញ ចំណាយ និងធានាសុក្រឹតភាព

ហេតុអ្វីបានជាយើងបង្កើតថ្នាលឌីជីថល? (ទី១) ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងការចុះឈ្មោះ។ ទី២ កាត់បន្ថយថ្លៃ/ចំណាយ។ បងប្អូនមិនបាច់ជិះឡានមកពីខេត្ត ឬមួយមកពីរាជធានីភ្នំពេញ មកក្រសួង ដើម្បីចុះឈ្មោះនោះទេ។ ទី៣ ប្រើប្រាស់ប្រព័ន្ធឌីជីថល អាចធានាបានសុក្រឹតភាព និងមិនមានភាពស្មុគស្មាញផង។

(៧) ដាក់មនុស្សក្នុងប្រព័ន្ធប្រតិកម្មរហ័ស ដើម្បីជួយសំរួលនិងពន្យល់ពីអត្ថប្រយោន៍

ខ្ញុំសូមឱ្យឯកឧត្តម ហែម វណ្ណឌី (១) យកចិត្តទុកដាក់បង្កើតជា hotline ឬមួយក៏ជាប្រព័ន្ធប្រតិកម្មរហ័ស ជួយដោះស្រាយ​បងប្អូន ហើយកុំដាក់ម៉ាស៊ីន គឺដាក់មនុស្ស។ ទូរស័ព្ទទៅ ឃើញម៉ាស៊ីនឆ្លើយតបវិញ ពិបាកណាស់។ ចុចបន្តៗ មិនដឹងចុចទៅណា។ (បើដាក់មនុស្សឆ្លើយតប) មានសំណួរអី សួរតែម្ដង។ ចូលមក (តាមរយៈ) WhatsApp Telegram ឬទូរស័ព្ទចូលមក ដើម្បីផ្ដល់(ការឆ្លើយតប)។ ជួនកាល វាមិនងាយស្រួលទេ យើងថាប្រព័ន្ធងាយស្រួល ប៉ុន្តែ​ ជួនកាល បងប្អូនគាត់មានការលំបាក អញ្ចឹងគាតនិយាយជាមួយយើងតែម្ដង។

បើអាចបាន ប្រើប្រព័ន្ធជួយ register ឱ្យគាត់ អាចជាចំណុចតាមអនឡាញ ឬតាមច្រកនៅកន្លែងណា។ ឧទាហរ​ណ៍ នៅមន្ទីរ ឬនៅអីដែលយើងដាក់ជូន។ ហ្នឹងទាំងមនុស្ស ទាំងប្រព័ន្ធអនឡាញតែម្ដង។ យើងអត់អាចមើលស្រាលកិច្ចការនេះបានទេ។ រឿងតូចៗនេះ ជួនកាល ១ម៉ឺននាក់ ចង់ដាក់ពាក្យ ដល់អ្នកចេះបំពេញ Form ត្រូវបានតែ ១ពាន់នាក់ សល់ ៩ពាន់នាក់ ចុចទៅ Error ចុច ៣ដង លែងបំពេញបាត់។ ចុចទៅដាក់មកវិញក្រហម ខ្វះនេះ ខ្វះនោះ។ ខ្ញុំធ្លាប់ខ្លួនឯងដែរ។ បងប្អូនភាគច្រើនមិនស្រួលដូចគ្នាដែរ។ វាយចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រដាក់មកវិញអត់គ្រប់។ ៣ដង លែងចុះបណ្តោយ។

ទី២ ពន្យល់អំពីអត្ថប្រយោន៍អីផ្សេងៗ ព្រោះសំខាន់គឺដំណាក់កាលដំបូងនេះ។ បើសិនជាគាត់ចូលហើយអ្នកចូលដំបូងគាត់ទទួលផល គាត់អាចដឹងរបៀបប្រើ គឺអាចផ្សព្វផ្សាយតគ្នា។ កន្លងទៅ មានបទពិសោធនៅក្នុងរបប ប.ស.ស សន្តិសុខសង្គមតាមរបបស្ម័គ្រចិត្ត។ យើងបានដាក់គោលការណ៍ ហើយក្នុង ១ឆ្នាំ ពេលដែលចាប់ផ្តើម ខ្ញុំចាំថា យើងមានអ្នកដែលប្រើប្រាស់ប្រហែលជាខ្ទង់ ៤ម៉ឺន ឬ៥ម៉ឺននាក់ទេ។ ឥឡូវក្នុង ១ឆ្នាំ កើនដល់ ៦០ម៉ឺននាក់ ៥០ម៉ឺននាក់ជាង។ ប្រជាពលរដ្ឋបានទទួលបង់ ១ខែ ១៥ ៦០០រៀល ដើម្បីបានផល។ អញ្ចឹងបានន័យថា ប្រព័ន្ធដែលយើងដាក់ហើយអាចទទួលផលបាន។ គាត់ចុះឈ្មោះ ហើយទទួលផលបានដោយសុក្រឹត។ បើសិនជាដាក់ហើយជាគោលនយោ​បាយ តែបើអត់មានយន្តការក្នុងការជួយសម្រាប់ភ្ជាប់អាហ្នឹងទេគឺពិបាក។

(៨) រៀបយន្តការចុះឈ្មោះដែលងាយយល់និងងាយបំពេញ

អញ្ចឹងខ្ញុំសូមលើកទឹកចិត្ត យកចិត្តទុកដាក់លើយន្តការសម្រាប់តាមដាន​ ដោះស្រាយ និងការអនុវត្ត ក្នុងការដាក់ចេញនូវថ្នាលសម្រាប់ចុះឈ្មោះ​នេះ។ ធ្វើម៉េចឱ្យភាពសាមញ្ញ កុំបំពេញភាពស្មុគស្មាញពេក តែភាពស្មុគស្មាញពេកពិបាកហើយ។ នេះគឺជាការស្ម័គ្រចិត្ត។ យើងយកព័ត៌មានត្រឹមតែអប្បបរមាដើម្បីឱ្យស្គាល់គាត់បានហើយ។ បើយើងដាក់មក ចង់បានគ្រប់ព័ត៌មាន គ្រាន់តែបំពេញ ៥០សន្លឹក មិនទាន់អស់ផង អង្គុយបំពេញ ១ម៉ោង មិនទាន់បានអីផង យើងយក Register ឱ្យសាមញ្ញ … នេះគឺជាជោគជ័យនៃការដាក់ចេញគោលនយោបាយអីមួយ ដែលខ្ញុំនិយាយថា Think big act small។ គិតឱ្យគ្រប់ជ្រុងជ្រោយ។ ត្រូវការអីខ្លះ ប៉ុន្តែពេលអនុវត្ត មើលគន្លឹះមួយៗ ជាពិសេសនៅច្រកទ្វារ​។ បានន័យថា គាត់ចង់ចូលមក តែអ្នកចាំទ្វារសួរសំណួរច្រើនពេក គាត់លែងហ៊ានហើយ។ អញ្ចឹងព័ត៌មានមួយចំនួនខ្ញុំគិតថាមិនចាំបាច់ដាក់ទេ។ ពេលដែលគាត់ចូលមកគាត់អាចទទួលផល អាចធ្វើបាន ព្រោះគោលដៅគឺជួយ គោលដៅគឺដើម្បីឱ្យបានស្គាល់គាត់ជាអ្នកណា មិនមែនចូលមកដើម្បីតម្រង់ទិសឱ្យទៅ ឯកឧត្តម គង់ វិបុល ទេ។ អញ្ចឹង បើដាក់មកមានខ្ទង់មួយសួរពីព័ត៌មានពន្ធដារ វាចប់បាត់ហើយ។ គាត់លែងចូលហើយ។

(៩) សូមក្រសួងចុះតាមសហគមន៍/រៀបចំជាវេទិកាពន្យល់ប្រជាពលរដ្ឋ

ព័ត៌មាននេះសំខាន់។ អ្វីៗទាំងអស់អាស្រ័យទៅលើការយល់របស់បងប្អូន។ ខ្ញុំសូមឱ្យក្រសួងយកចិត្តទុកដាក់ក្នុងការចុះជួបតាមសហគមន៍ ឬមួយរៀបចំជាវេទិកាដើម្បីពន្យល់បងប្អូនផ្ទាល់ … កន្លងទៅ ឱ្យតែថាយើងបម្រុងចេញស្អីមួយនោះ គឺមានអ្នកដើរតាំងខ្លួនជាអ្នកតំណាង ហើយទៅយកលុយពីបងប្អូន មកថារត់ការចុះឈ្មោះឱ្យ។ អញ្ចឹង សូមបងប្អូនចាំថា នាយករដ្ឋមន្ត្រីប្រកាសថាអត់យកលុយ? ហេតុអីក៏មកយកលុយខ្ញុំ? ដោយយល់ច្រឡំថាអ្នកហ្នឹងគឺជាមន្រ្តីរបស់រដ្ឋាភិបាល ឬមន្ត្រីរបស់ក្រសួង ក៏អោយយក។ ដល់ពេលឆែកចុះឡើង អត់មែន។ សូម្បីរឿងពន្ធតូច ដូច ២៥០លាន អញ្ចឹង? ឯកឧត្តម គង់ វិបុល ដែលថាអត់មានជាប់អីទាំងអស់ មានអ្នកទៅបង្កើតក្រុមមួយសម្រាប់សម្របសម្រួល​ជួយបំពេញឱ្យអត់យកពន្ធហ្នឹង។ ដល់អញ្ចឹងគាត់ទៅយកលុយគេ។ គាត់យកសេវា។ នៅក្នុងគោលការណ៍ គាត់ធ្វើជាសេវាទេ ដូចជាយក​ commission ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋគាត់អត់ដឹងគិតថាពន្ធដារមកយកលុយគាត់។

សូមបញ្ជូនឲ្យច្បាស់។ បើមានគេជួយ ហើយយក ២ម៉ឺន ឬមួយអី ដែលគាត់ដឹងថាហ្នឹងជាការស្ម័គ្រចិត្តរបស់គាត់ជារឿងមួយ។ ប៉ុន្តែកុំឲ្យមានការយល់ច្រឡំថា ជាកាតព្វកិច្ចថាត្រូវតែបង់លុយដើម្បីចូលតាមអ្នកកម្រៃជើងសារ ឬ commission នៅតាមច្រកចេញចូលតែមួយតាមខេត្តឬមួយក៏កន្លែងណា។ បើតាមប្រព័ន្ធ internet គឺសូមបញ្ជាក់អាហ្នឹងឲ្យច្បាស់។ សូមខាងរដ្ឋបាលរាជធានី-ខេត្ត សូមជួយផ្សព្វផ្សាយផង ព្រោះជួនកាលវាជារឿងស្វាស៊ីបាយលាបមាត់ពពែ។ ជួនកាលគេទៅតែងខ្លួនជាមន្រ្តី។ ថ្ងៃមុន ម្នាក់នោះឈប់ធ្វើមន្រ្តីយូរឆ្នាំហើយ តែនៅស្លៀក​ពាក់ខោអាវគយទៅទារពន្ធគេនៅផ្លូវបបរពេទ្យចិន។ ម្សិលម្ង៉ៃនេះ ទើបនឹងស្រាវជ្រាវឃើញ។ មានបងប្រុសម្នាក់ស្លៀកពាក់ខោអាវយោធាដើរសុំទាននៅខេត្តព្រះសីហនុ។ គាត់ធ្លាប់ជាអតីតទាហានខ្មែរក្រហមពីមុន ប៉ុន្តែក្រោយមកនេះ មិនមាននៅក្នុង(ក្របខ័ណ្ឌទាហានទេ)។ អញ្ចឹងនាំឲ្យមានការយល់ច្រឡំ។ គាត់ចេញពីទ័ពយូរហើយៗ ក៏មានការជួយផ្សេងៗ។ អញ្ចឹងសូមមានការប្រុងប្រយ័ត្នទៅលើរឿងនេះ។

(១០) ក្រសួងឧស្សាហកម្ម សហការជាមួយជំនាញក្រសួងមហាផ្ទៃ ទប់ស្កាត់ការក្លែងបន្លំលើ Internet

តាមប្រព័ន្ធ Digital online នេះ គឺត្រូវប្រយ័ត្នមែនទែន។ សូមធ្វើការសហការជាមួយជំនាញក្រសួងមហាផ្ទៃព្រោះជួនកាលគាត់បង្កើត website ស្រដៀងគ្នា។ ថ្ងៃមុនឯកឧត្តម ជា វ៉ាន់ដេត រៀបចំដាក់ VERIFY.GOV.KH ដើម្បីសិស្សអីអាចបញ្ជាក់បាន (ស្រាប់តែ)មានគេទៅបង្កើតមួយទៀត .com ស្រដៀងគ្នា ដល់ចូលយកទិន្នន័យផងបង់លុយផង។ គ្រាន់តែខ្ញុំប្រកាសថា ដាក់មូលនិធិដើម្បីធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន មានអ្នកបង្កើត account ៣ ដើម្បីទៅបន្លំ ABA ឲ្យបងប្អូនបង់។ ហ្នឹងប្រយ័ត្នមែនទែន។ យើងគិតថាកិច្ចការនេះតូច ប៉ុន្តែអាតូចៗហ្នឹងហើយ អាចធ្វើឲ្យបាត់ភាពជឿជាក់។ មិនមែនយើងទេ អ្នកផ្សេងធ្វើ។ អញ្ចឹង សូមឲ្យមានក្រុមសម្រាប់តាមមើលកិច្ចការហ្នឹងឲ្យមែនទែន ពិសេស(នៅពេល)ចាប់ផ្តើមមានផល ដែលប្រជាពលរដ្ឋបុកទៅ apply online។ ​បើគាត់ apply ខុស site គាត់ត្រូវបង់លុយ។ ហ្នឹងយើងធ្វើឲ្យបាត់ភាពជឿជាក់

អញ្ចឹង ខ្ញុំសូមឱ្យមានការយកចិត្តទុកដាក់ទៅលើការអនុវត្តកិច្ចការទាំងអស់នេះ ដាក់ឲ្យអនុវត្តវិធានការដើម្បីឲ្យមានសង្គតិភាព កុំឲ្យមានភាពស៊ាំញាំ ធ្វើឲ្យត្រឹមត្រូវតាមគោលការណ៍ស្ម័គ្រចិត្ត ដែលមិនមានបង់ថ្លៃ ផ្តល់ផលឲ្យបានទាន់ពេលវេលា ហើយព្យាយាមទប់ស្កាត់នូវការឆ្លៀតកេងចំណេញតាមគ្រប់រូបភាព ជាពិសេសពីក្រុមជនដែលឆ្លៀតចំណេញ ដោយឡែកការប្រ់ប្រាស់តាមប្រព័ន្ធ internet ជាកិច្ចការសំខាន់។ ទិន្នន័យរបស់បងប្អូនក៏ជាកិច្ចការសំខាន់ដែរ។ ត្រូវរក្សាឲ្យជាប់។ នេះទាក់ទងនឹងសន្តិសុខ ទាក់​ទងជាមួយអ្វីដែលជាទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋរបស់យើង។

(១១) ព័ត៌មានគ្រប់ជ្រុងជ្រោយទប់ស្កាត់ការអនុវត្តខុស បង្កាការបាត់ទំនុកចិត្តលើប្រព័ន្ធ និងលើគោលនយោបាយថ្មី ជាពិសេសនៅដំណាក់កាលដើមទី

ខ្ញុំសូមបញ្ជាក់បន្ថែមចំណុចទាំងប៉ុន្មាននេះ ហើយសូមឲ្យក្រសួងយកចិត្តទុកដាក់សហការជាមួយស្ថាប័នផ្សេងៗជាដៃគូ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេស រដ្ឋបាលរាជធានី-ខេត្ត សូមជួយធ្វើការផ្សព្វផ្សាយទៀតផង ព្រោះប្រជាពលរដ្ឋក្រៅប្រព័ន្ធស្ថិតគឺជាប្រជាជនរបស់រាជធានី-ខេត្តហ្នឹងឯង។ នៅខេត្តខ្លះ មានការចងក្រងបងប្អូននៅសេដ្ឋកិច្ចក្រៅប្រព័ន្ធរួចស្រេចទៅហើយ ដូចជាបងប្អូនខាងរត់ PassApp  បងប្អូនអ្នកលក់ដូរតូចតាចផ្សេងៗ ស្វ័យនិយោជ។ អញ្ចឹង សូមប្រើយន្តការនេះដើម្បីធ្វើការផ្សព្វផ្សាយ ហើយសូមក្រសួងធ្វើការ(ជួបសហគមន៍/រៀបចំវេទិកា) ព្រោះការផ្តល់ព័ត៌មានសំខាន់ណាស់។ ព័ត៌មានគ្រប់ជ្រុងជ្រោយជួយទប់ស្កាត់នូវការអនុវត្តខុសគោលដៅដែលធ្វើឲ្យបាត់នូវការទុកចិត្តទៅលើប្រព័ន្ធ ទៅលើគោលនយោបាយថ្មី ជាពិសេសនៅដំណាក់កាលដើមទីនេះតែម្ដង

[ចប់សេចក្ដីអធិប្បាយ៦]

រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានរៀបចំដំណើរការចុះឈ្មោះនេះ ឱ្យមានភាពងាយស្រួល មិនថាបងប្អូនចង់ចុះឈ្មោះតាម កម្មវិធីទូរស័ព្ទដៃ តាមវិបផតថល (Webportal) ឬ តាមភ្នាក់ងារ ទេ ការចុះឈ្មោះមានលក្ខណៈសាមញ្ញ ដោយប្រើពេលតែ ៥ ទៅ ១០នាទីប៉ុណ្ណោះ។

ក្នុងន័យនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួង-ស្ថាប័ន នឹងអនុវត្តដូចគ្នា។ ទន្ទឹមនេះ ខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តឱ្យបងប្អូនដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះទាំងអស់គ្នា ដើម្បីចាប់យកនូវអត្ថប្រយោជន៍ ផ្សេងៗ សំដៅធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព ព្រមទាំងចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ខ្ញុំសូមលើកទឹកចិត្តឱ្យ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ  ជាពិសេស  គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផ្ដល់ការសម្របសម្រួល និងការគាំទ្រ ដោយប្រកាន់ខ្ជាប់នូវសា្មរតីបុរេសកម្ម និងការយកចិត្តទុកដាក់ប្រកប​ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើង ក្រោយការសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃថ្នាល ព្រមទាំងកែលម្អចំណុចខ្វះខាតទាំងឡាយ ក្នុងដំណើរការនៃការអនុវត្តតាមភាពជាក់ស្ដែង។

ខ្ញុំសូមឆ្លៀតយកឱកាសនេះ ក្រើនរំលឹកដល់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់សាជាថ្មី សូមបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តវិធានការគន្លឹះ ដែលមានចែងក្នុងយុទ្ធសាស្ត្រជាតិ ហើយស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន និងសូមគិតគូររៀបចំនូវសកម្មភាព​គាំទ្រនានាបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យបងប្អូនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបាននូវការយកចិត្តទុកដាក់ ភាពកក់ក្តៅ និងការជួយគាំពារនិងគាំទ្រ ជាពិសេសនៅតាមមូលដ្ឋានប្រកបអាជីវកម្ម និងមុខរបរនានា។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងអង្គពិធី  សូមទទួលបាននូវសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍ វិបុលភាព និងជោគជ័យក្នុងគ្រប់ភារកិច្ច និង សូមសមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ​។ ខ្ញុំសូមប្រកាសដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ចាប់ពីពេលនេះតទៅ! សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ