អរគុណណាស់លោកជំទាវ ចម និម្មល សុន្ទរកថាវែងយ៉ាងម៉េច នៅពេលដែលលោកជំទាវ ចម និម្មល អានអត់វែងទេ លឿនណាស់។ ល្បឿនគាត់និយាយដូចយើងចាក់ឌីសអញ្ចឹង។ ដាក់គុណនឹង២ ឬគុណនឹង៤ ហើយអត់ភ្លាត់ទេ។ សូមអរគុណណាស់។
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល; ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានាប្រចាំកម្ពុជា
គណអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍ និងបងប្អូននៃបណ្តាវិស័យឯកជនទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីរីករាយ ដោយបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ឆ្នាំ២០២៤, ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និង ថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង តំណាងអង្គទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតពេល អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ ដ៏មានសារៈសំខាន់នេះ ។
ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និង វាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម ដែលបានខិតខំប្រឹងប្រែងធ្វើទំនើបកម្ម និង នវានុវត្តន៍ នូវព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ទាំងក្នុង និង ក្រៅប្រទេស, ជាពិសេសការរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដែលត្រូវបានរៀបចំឡើងចំនួន ១៧ ដង ទំាងលើកនេះ ក្នុងគោល-បំណងជំរុញការលើកកម្ពស់ និង ការបង្ហាញផលិតផល និង សេវាកម្មសក្តានុពលរបស់កម្ពុជា, បង្កើតកាលានុវត្តភាពក្នុងការផ្គូផ្គងរវាងធុរជនក្នុង និង ក្រៅប្រទេស, និង ផ្សព្វផ្សាយអំពីកាលានុ-វត្តភាពពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា ។
[ផ្តើមសេចក្តីអធិប្បាយ ១]
(១) កម្ពុជាមានផលិតផលសម្រេចមិនសំរាប់តែផ្គត់ផ្គង់ក្នុងប្រទេសទេ តែនាំចេញទៅក្រៅប្រទេស
ចូលមក នៅខាងមុខឃើញមានការដាក់តាំងជាច្រើនអំពីការធ្វើផលិតផលនានា។ មិនមែនតែផលិតផលវត្ថុធាតុដើម ដូចជាស្រូវអង្ករដែលយើងនាំចេញទេ ប៉ុន្តែថែមទាំងផលិតផលសម្រេចទាំងផលិតផលកសិកម្មជាស្វាយកញ្ចប់ ជាផលិតផលសម្រេចសម្រាប់នាំចេញ មិនមែនត្រឹមតែផ្គត់ផ្គង់ក្នុងប្រទេសទេ តែនាំចេញទៅក្រៅប្រទេស។ ក៏ឃើញសមត្ថភាពរបស់កូនខ្មែរយើង។ អម្បាញ់មិញកម្មង់តែជ្រក់។ ខ្ញុំធ្លាប់តែឃើញមានតែហ្នឹងនៅជប៉ុន។ ឥឡូវយើងគ្រាន់តែចុចប៊ូតុងបញ្ជានៅហ្នឹង ស្កេន QR code គឺដៃ robot មួយធ្វើទឹកក្រូចឆ្មាឲ្យយើងផឹក។ សួរថាបច្ចេកវិទ្យាហ្នឹងយកមកពីណា ថាទេនិស្សិតរបស់យើងនៅសាលាធ្វើជាសារណាសម្រាប់បញ្ចប់ការសិក្សា។ នេះគឺជាសមត្ថភាពរបស់កូនខ្មែរ។ ខ្ញុំមានមោទនភាពណាស់។
(២) តាំងបញ្ជរស្វែងរកព័ត៌មានពីការងារតាមទីសាធារណៈ
នេះជាអ្វីដែលយើងត្រូវបង្ហាញ ប្រជាពលរដ្ឋខ្មែរយើងអ្នកមកក្នុងនេះ ក៏ដូចជាភ្ញៀវបរទេសមកពីក្រៅឲ្យឃើញនូវអ្វីដែលជាសក្តានុពល ជាកាលានុវត្តភាព និងជាសមត្ថភាពរបស់កូនខ្មែររបស់យើង … នេះគឺជាកិច្ចការសំខាន់។ ខ្ញុំសូមអរគុណ។ អម្បាញ់មិញ ក៏មានសូម្បីតែបញ្ជរសម្រាប់ស្វែងរកព័ត៌មានពីការងារ។ ឥឡូវក្រសួងការងាររៀបចំហើយ។ យើងដាក់តាមកន្លែងសាធារណៈជាច្រើន។ អ្នកចង់បានការងារចូលមកគ្រាន់តែចុចដាក់ឈ្មោះចូលទៅក្នុងហ្នឹង ដឹងថាការងារហ្នឹងសល់ប៉ុន្មានម៉ឺនកន្លែង … អ្នកចង់រកកម្មករ ចង់រកបុគ្គលិក ចុះឈ្មោះតាមបញ្ជរហ្នឹងនៅ Aeon នៅអីកុំឲ្យខាត។ ទៅដើរលេង Aeon អាចទៅរកការងារ ទៅរកបុគ្គលិកនៅ Aeon បានបន្ថែមទៅលើកាហ្វេដែលយើងត្រូវទៅជួបមិត្តភក្តិ។ ចុះឈ្មោះនៅកន្លែងហ្នឹង អញ្ចឹងការប្រើបច្ចេកវិទ្យានេះគឺសំខាន់។
(៣) បង្វែរអ្នកផលិតទៅជាអ្នកទិញ ដោយផ្លាស់ប្តូររបៀបរបបធ្វើការ បច្ចេកវិទ្យា និងវិធីសាស្រ្តតច្រវាក់ផលិតកម្ម
ការភ្ជាប់សហគមន៍យើង ការតភ្ជាប់យន្តការផ្សេងៗ ខ្ញុំឃើញជាកិច្ចការល្អ។ កិច្ចការពាណិជ្ជកម្មវាមាន ២តង់ គឺកិច្ចការពាណិជ្ជកម្មក្នុងស្រុក និងក្រៅស្រុក។ សំខាន់បង្វែរពីអ្នកផលិតទៅជាអ្នកទិញ មិនថាក្នុងស្រុកឬក្រៅស្រុក។ អញ្ចឹង ទាមទារឲ្យការផ្លាស់ប្តូរនូវរបៀបរបបធ្វើការ ផ្លាស់ប្តូរនូវបច្ចេកវិទ្យា និងផ្លាស់ប្តូរនូវវិធីសាស្រ្តនៃការតច្រវ៉ាក់ផលិតកម្ម រាប់តាំងពីអ្នកផលិត។ ឥឡូវអ្នកផលិតលែងជាកសិករមួយៗហើយ។ គាត់ចងជាសហគមន៍ ទើបធានាបាននូវមាត្រដ្ឋាននិងគុណភាព។ កាលមុន រដ្ឋជួយបច្ចេកវិទ្យា។ ឥឡូវអាចធ្វើការ direct ជាមួយនឹងក្រុមហ៊ុន។ ក្រុមហ៊ុនដែលកុងត្រាជាមួយនឹងសហគមន៍ គាត់ជួយបច្ចេកទេស គាត់ជួយធានាអីផ្សេងៗ។ នេះជាការតភ្ជាប់។ (ក្រុមហ៊ុន) គាត់ជាអ្នករកទីផ្សារ។
(៤) ការផលិត ប្រមូលផ្ដុំលក់ ចែកចាយ ជាវិធីសាស្រ្តក្នុងការភ្ជាប់ផលិតផលនិងទីផ្សារក្នុងនិងក្រៅប្រទេស
ដើរបន្តិចអម្បាញ់មិញនេះ ខ្ញុំឃើញថារបៀបរបបនៃការរៀបចំរបស់យើងប្រែប្រួល។ ការអភិវឌ្ឍអញ្ចឹង វាខុសពីកំណើនសេដ្ឋកិច្ច ដែលយើងហៅការអភិវឌ្ឍសេដ្ឋកិច្ច។ កំណើនសេដ្ឋកិច្ច យើងមើលតែតួលេខទេ ឆ្នាំនេះកើនបានប៉ុន្មានភាគរយ តែអភិវឌ្ឍសេដ្ឋកិច្ច បានន័យថា វាប្រែប្រួលទាំងរបៀបរបបការងារ របៀបរបបគ្រប់គ្រង ខ្សែចង្វាក់នៃការផលិត ទំនើបកម្ម … ខ្ញុំសូមធ្វើការកោតសរសើរចំពោះការអភិវឌ្ឍនៅក្នុងវិស័យពាណិជ្ជកម្ម ទាំងការផលិត ទាំងការប្រមូលផ្ដុំលក់ ទាំងការចែកចាយ ធានាគុណភាពទាំងក្នុងនិងក្រៅប្រទេស។ ខ្ញុំគិតថា វិធីសាស្រ្តបែបនេះ គឺជាវិធីសាស្រ្តល្អបំផុតនៅក្នុងការភ្ជាប់ផលិតផលក្នុងស្រុក និងទីផ្សារក្នុងស្រុក និងក្រៅប្រទេស មិនថាផលិតផលជាស្បៀងអាហារ មិនថាជាផលិតផលជាវត្ថុអនុស្សាវរីយ៍ ឬមួយក៏ជាគ្រឿងបច្ចេកទេស បច្ចេកវិទ្យានោះទេ។
(៥) ចាប់យកកាលានុវត្តភាពតភ្ជាប់តាម internet, logistics និង e-commerce រវាងអ្នកលក់និងអ្នកទិញ
យើងធ្វើកិច្ចការទាំងនេះបន្តបន្ថែម ហើយប្រទាក់ក្រឡាជាមួយដៃគូផ្សេងៗ។ កន្លងទៅ ការដាក់លក់នេះ យើងមានភ្ជាប់ជាមួយនឹងក្រុមហ៊ុន internet ជាច្រើន។ អម្បាញ់មិញដូចលោកជំទាវបានលើក platform Alibaba និង platform អីផ្សេងៗ។ អាចលក់បាន។ ឥឡូវពិនិត្យមើលនៅក្នុងការចាប់យកកាលានុវត្តភាព។ ឥឡូវយើងភ្ជាប់រវាងអ្នកលក់ និងអ្នកទិញតាមប្រពន្ធ internet។ បញ្ហាមួយទៀតគឺដោះស្រាយបញ្ហាដឹកជញ្ជូន logistics។ អញ្ចឹងអ្នកដែលវិនិយោគ logistics អាចពិនិត្យមើលផ្នែកហ្នឹងទៀត។ គាត់អាចផ្ដល់ជាសេវា។ ឥឡូវនៅកម្ពុជាយើងមានសេវាដឹកជញ្ជូន ដូច វីរៈប៊ុនថាំ អី គាត់ច្នៃទៅជាការដឹកជញ្ជូន logistics។ តែឥឡូវ e-commerce នេះ ក៏ជាឱកាសសម្រាប់អ្នកវិនិយោគទៅលើការដឹកជញ្ជូនតាម e-commerce ក្នុងនិងក្រៅប្រទេស។ ក្នុងនេះជាកាលានុវត្តភាព ហើយមកបានជួបគ្នាអញ្ចឹង។
(៦) ទាក់ថ្ពក់អ្នកវិនិយោគឱ្យមានទំនាក់ទំនងរវាងវិស័យឯកជន
ការរៀបចំពិធីបែបនេះ គឺជាកិច្ចការល្អនិងសំខាន់។ យើងធ្វើទាំងនៅក្រៅប្រទេស ហើយយើងក៏ធ្វើនៅក្នុងប្រទេសដើម្បីឱ្យទីផ្សាររបស់យើង(ដើរ) និងដឹងអំពីសមត្ថភាព និងចាប់យកឱកាស។ អ្នកវិនិយោគរបស់យើងក៏អាចមកមើលនៅទីនេះ។ អាចឃើញថា របស់ហ្នឹងវាមាន “ក” ហើយ “គ” វាបាត់ “ខ”។ បានន័យថា ខ្សែចង្វាក់វាត្រូវ កខគ។ ដល់អញ្ចឹងគឺ(អ្នកវិនិយោគចង់) វិនិយោគទៅលើការបង្កើតនូវចន្លោះខ្សែចង្វាក់ដែលយើងមាន។ យើងរៀបចំជាមួយនឹងក្រុមហ៊ុនបរទេសដូចគ្នា។ យើងរៀបចំជាមួយនឹងវិស័យឯកជន។ ខ្ញុំទើបនឹងជួបកូរ៉េ។ ខ្ញុំជួបគាត់(កាលពី) ៧ខែមុន (ខែឧសភា) នៅកូរ៉េ។ ខាងសមាគមឧស្សាហកម្មរបស់គាត់។ លើកនេះគាត់មកចូលរួម។ មក(មើល)ជាក់ស្ដែង(ដើម្ប)ស្វែងយល់។ ខ្ញុំតែងតែលើកឡើងថា ឃើញម្ដងប្រសើរជាងស្ដាប់មួយពាន់ដង។ មិនត្រឹមតែគ្រាន់តែឃើញហើយទៅវិញទេ។ ខ្ញុំថាការរៀបចំនៅទីនេះ គឺល្អបំផុត។ យើងមិនត្រឹមតែធ្វើឧទ្ទេសនាមឆ្លងឆ្លើយទេ ប៉ុន្តែឱ្យមានឱកាសភ្ជាប់ជាមួយវិស័យឯកជនរបស់យើង។ គេមកហើយ កុំឱ្យគេទៅវិញបាន។ មកហើយថ្ពក់ឱ្យជាប់។ ថ្ពក់បានន័យថា បង្កើនទំនាក់ទំនងរវាងវិស័យឯកជន។
(៧) B to B ដើម្បីវិស័យឯកជនកើនមិត្ត
គាត់មានទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ មានវិស័យសុខាភិបាល វិស័យអី(ផ្សេងៗ)។ អ្នកវិស័យឯកជនយើងក៏មាន។ ព័ត៌មានគាត់ចង់ដឹង យើងភ្ជាប់ជាមួយនឹងក្រសួងស្ថាប័ន អាចផ្ដល់ជាចម្លើយ។ ប៉ុន្តែសំខាន់បំផុត គឺចង់ភ្ជាប់ឯកជនទៅឯកជន ទើបភ្ជាប់គ្នាបាន។ គាត់មក ៥០នាក់ហ្នឹង អាចបង្កើតទំនាក់ទំនងជាមួយ ១០នាក់។ អញ្ចឹង គាត់មិនចាំបាច់ឆ្លងកាត់ទៀតទេ លើកក្រោយគាត់ស្គាល់គ្នា។ វិស័យឯកជនយើង ក៏មានមិត្តបន្ថែមទៀត(មិត្ត)វិស័យឯកជននៅកូរ៉េ។ នេះជាលក្ខណៈសម្បតិ្តល្អ។ ការភ្ជាប់ business matching នេះ។ ខ្ញុំតែងតែយកចិត្តទុកដាក់ ហើយក៏បានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មរៀបចំកម្មវិធីនៅខាងក្រៅប្រទេស ក៏ដូចជាសមាគមឧកញ៉ាផ្សេងៗ ដែលយើងចេញទៅក្រៅ។ កុំភ្លេច B to B (វិស័យឯកជនទៅវិស័យឯកជន)ហ្នឹង គឺជាកិច្ចការសំខាន់។ រដ្ឋាភិបាលមានឱកាសត្រឹមតែបង្ហាញ រៀបចំឱ្យ ប៉ុន្តែសំខាន់គាត់ដើរតាមស្តង់នីមួយៗ ហុចកាតទៅវិញទៅមក ភ្ជាប់គ្នា។ នេះជាអ្វីដែលយើងចង់បាន។ មិនមែនគ្រាន់តែថារៀបហើយចប់ បូកសរុបលទ្ធផល។ អ្វីដែលសំខាន់ឱ្យលទ្ធផលសម្រាប់យកទៅអនុវត្តបានបន្តទៀត។
(៨) រៀបចំសៀវភៅផ្សព្វផ្សាយព័ត៌មានពីការវិនិយោគ
ខ្ញុំសូមធ្វើការកោតសរសើរសាជាថ្មីចំពោះ លោកជំទាវ ចម និម្មល ថ្នាក់ដឹកនាំរបស់ក្រសួងពាណិជ្ជកម្ម និងបណ្តាក្រុមហ៊ុនទាំងអស់ ពាក់ព័ន្ធទាំងអស់ និងវិស័យឯកជនដែលចូលរួមរៀបចំ។ ចង់រៀបចំឱ្យបានច្រើនទាំងក្នុងនិងក្រៅប្រទេស ដែលយើងចូលរួមផង។ យើងក៏មានការជំរុញដែល ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំហៅ Trade mission។ យើងជំរុញច្រើន។ ខ្ញុំឱ្យជំរុញខាងពាណិជ្ជកម្មយើងក៏ធ្វើ ខាងទេសចរណ៍យើងក៏ចាប់ផ្តើមជំរុញ Trade mission។ ការភ្ជាប់ទំនាក់ទំនងទាំងក្នុងនិងក្រៅប្រទេសធ្វើយ៉ាងណា … អោយបានគ្រប់វិស័យ មិនមែនតែ ៣ហ្នឹងទេ។ វិស័យផ្សេងៗទៀតដែលយើងចូលរួមបានយើងចូលរួមផ្សព្វផ្សាយកម្ពុជាពីអ្វីដែលយើងមាន។ អម្បាញ់មិញហ្នឹង ឃើញមានផលិតផល Robot ចុចកម្ម៉ង់។ យើងអត់ចាប់អារម្មណ៍ថាមានច្រើនប្រភេទដែលយើងផលិតនៅខាងក្នុង។ នេះហើយជាការផ្សព្វផ្សាយព័ត៌មាន ហើយព័ត៌មានគឺសំខាន់ណាស់។ ម្សិលមិញជួបជាមួយខាងជប៉ុន ហើយព្រឹកមិញជួបជាមួយកូរ៉េ។ រៀបចំជាសៀវភៅវិនិយោគដើម្បីផ្តល់ទៅថ្ងៃមុខ។ ការផ្តល់ព័ត៌មានខាង CDC ក៏បានយកចិត្តទុកដាក់លើការងារនេះ ប៉ុន្តែយើងនៅត្រូវធ្វើបន្ថែមទៀត ដើម្បីផ្សព្វផ្សាយឱ្យបានច្រើនអំពីការវិនិយោគរបស់យើង។
[ចប់សេចក្តីអធិប្បាយ១]
ផ្អែកតាមរបាយការណ៍របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម នេះ ត្រូវបានរៀបចំឡើង ដោយមានការរៀបចំព្រឹត្តិការណ៍អមនានា ដូចជា «វេទិកា-ពាណិជ្ជកម្មឌីជីថល» លើកទី ១ ដែលស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល និង និន្នាការនៅក្នុងតំបន់ និង សកល, និង ការរៀបចំ «វេទិកាពាណិជ្ជកម្ម និង វិនិយោគកម្ពុជា-កូរ៉េ», ដែលទាំងនេះ ពិតជាយន្តការសំខាន់ ក្នុងការបង្កើតឱកាសក្នុងការចាប់ដៃគូពាណិជ្ជកម្ម, បង្កើតបណ្តាញទំនាក់-ទំនង, បង្កើនសកម្មភាពធុរកិច្ច និង វិនិយោគ ក៏ដូចជាលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលសក្តានុពល របស់កម្ពុជាលើកឆាកអន្តរជាតិ សំដៅរួមចំណែកដល់ការជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
ទន្ទឹមនេះ, ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការ – អនុវត្តតាមយុទ្ធសាស្រ្ត និង គោលនយោបាយនានា របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា និង ជំរុញពាណិជ្ជកម្មអន្តរជាតិ, រួមមាន ១). ការបន្តធ្វើពិពិធកម្មទីផ្សារទាំងក្នុង និង ក្រៅប្រទេស តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក និង ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានាដែលកម្ពុជាទទួលបាន សម្រាប់ជំរុញការធ្វើពិពិធកម្មផលិតផលនាំចេញ, ២). ការបន្តធ្វើកិច្ចសម្រួលពាណិជ្ជកម្ម, ជាពិសេស តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់សេវាសាធារណៈ, ៣). ការបន្តយន្តការកិច្ចសន្ទនាជាមួយវិស័យឯកជន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និង សំណូមពររបស់វិស័យឯកជន។
[ផ្តើមសេចក្តីអធិប្បាយ ២]
(៩) ជួបផ្ទាល់ ធ្វើផ្ទាល់ ដោះស្រាយផ្ទាល់ដល់កន្លែង ដើម្បីដោះឱ្យចំគោលដៅ
ខ្ញុំសូមអរគុណ លោកជំទាវ ដែលថាមាន Breakfast meeting។ ឧស្សាហ៍ឃើញបង្ហោះមកខ្ញុំដែរ។ ជួបផ្ទាល់តែម្តងជាមួយប្រតិបត្តិករ។ នេះដែលខ្ញុំថា Think big act small។ គិតឱ្យធំគ្រប់ជ្រុងជ្រោយពេលដែលយើងដាក់គោលនយោបាយ។ ប៉ុន្តែពេលដែលដាក់ចេញគោលនយោបាយ ការអនុវត្តត្រូវគិតពីគន្លឹះមួយៗ ហើយត្រូវដោះឱ្យចំគោលដៅ។ បើយើងដាក់តែគោលនយោបាយ ១០០ទំព័រ ហើយអត់ដឹងថាស្អីជាអាទិភាព ហើយអាទិភាពណាជាគន្លឹះ សសរណាជាសសរស្តម្ភ (មិនទាន់គ្រប់ជ្រុងជ្រោយទេ) … (បើមិន)ដាក់ទិសដៅទៅជួបផ្ទាល់ ធ្វើផ្ទាល់ ដោះស្រាយផ្ទាល់ ទៅឱ្យដល់កន្លែង យើងពិបាកហើយ។ ម៉្ងៃៗវាខាតពេល។ ភាសាអង់គ្លេសគេថា Time is money ពេលវេលាជាមាសប្រាក់ បើយើងដោះមិនចំគោលដៅវាខាតរាប់ឆ្នាំ ដោះមិនស្រួលវាទៅជារឿងទៀត វាបង្កើតសម្ពាធអត់ចាំបាច់។
អញ្ចឹង ការដោះឱ្យចំគោលដៅនេះគឺទាមទារឱ្យយើងមើលគេថា Act small មិនមែនបានន័យថា អារឿងតូចៗស្អីក៏យើងមើលដែរទេ មើលអ្វីដែលសំខាន់ នៅក្នុងតូចៗវាមានអាតូចខ្លះជាគន្លឹះដែរ។ ឧទាហរណ៍ថា យើងចង់រុញ Trade តាមអនឡាញ យើងទៅនិយាយជាមួយ Alibaba ជាមួយអីហើយយើងដាក់ Trade ហ្នឹង Platforms ប៉ុន្តែមួយឆ្នាំក្រោយអត់មានមនុស្សប្រើ កន្លែងហ្នឹងបានន័យថា យើងខ្វះគន្លឹះសម្រាប់តភ្ជាប់។ យើងមើលឱ្យហើយដាក់ទិសដៅឱ្យហើយដើម្បីកុំឱ្យវាខាតពេល។ ខ្ញុំស្វាគមន៍ និងសូមកោតសរសើរ។ ខ្ញុំឃើញ ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីជាច្រើនបានធ្វើការជួបបែបនេះ។ ពេលខ្លះ ប្រជុំរួមយើងពិបាកក្ដាប់រួម ព្រោះព័ត៌មានច្រើន។ អញ្ចឹងអ្នកដាក់របាយការណ៍មកគាត់ប្រាកដជាសំយោគ។ ការសំយោគអ្នកដែលដាក់របាយការណ៍មកឱ្យគឺប្រាកដជាផ្អែកទៅលើទស្សនៈដែលគាត់គិតថាមួយណាសំខាន់មិនសំខាន់។ អញ្ចឹងអាចបាត់នូវគន្លឹះដែលវិស័យឯកជនអ្នកធ្វើនៅក្នុងវិស័យហ្នឹងផ្ទាល់ … អញ្ចឹងជួបគាត់ផ្ទាល់បន្ថែមគ្រប់គ្នាយើងអាចដោះបាន។
រឿងខ្លះដោះអត់លំបាកទេ។ ជួប ស្ដាប់ ដោះហ្នឹងចេញតែមួយភ្លែត ប៉ុន្តែដល់យើងក្ដាប់អត់បានទុករាប់ឆ្នាំ ធ្វើឱ្យគោលនយោបាយធំវាអត់ទៅមុខ ដោយសាររឿងតូចៗវាអត់ដើរ។ ឡានមួយទៅមុខទាល់តែដេរទៅវាឆេះ ទាល់តែកង់វាអត់ធ្លាយ។ អញ្ចឹង(ចំណុច)តូចៗអាចធ្វើឱ្យអាធំគាំងបាន។ នេះគឺអ្វីដែលខ្ញុំសូមអរគុណ និងសូមបន្តយកចិត្តទុកដាក់លើកិច្ចការនេះ។ យើងមិនបានជួបទាំងអស់ទេ ប៉ុន្តែជួបមួយចំនួនក្រៅផ្លូវការអី។ គាត់អាចជាតំណាងទៅហើយ។ គាត់អាចនាំមកយើងថារឿងអញ្ចេះនៅក្នុងវិស័យនីមួយៗ ដែលក្នុងពេលប្រជុំរួមយើងអាចអត់មានពេលវេលានៃការលើក(ឡើង)។ អ្វីដែលដោះបានយើងដោះ អ្វីដែលដោះអត់បានរុញមកលើសុំគោលការណ៍មក តែដោះអោយចំគោលដៅ។
គ្មានអីក្រៅពីការជួបផ្ទាល់និយាយផ្ទាល់។ អត់ខុសពីយើងរៀបចំវិស័យនេះទេ។ រៀបចំពិព័ណ៌នេះទេ។ បើសិនជាយើងមើលតែរបាយការណ៍អ្នកវិនិយោគពីកូរ៉េ ពីក្រៅប្រទេស មើលតែក្នុង report អត់គ្រប់ទេ មកជួបនិយាយជាមួយមន្ត្រីរបស់យើងជំនាញពាក់ព័ន្ធ ជួបជាមួយវិស័យជនរបស់យើងថាតើប្រឈមអីខ្លះ ជួបនៅក្នុងនេះ ហើយយើងដោះតែម្ដង …។
[ចប់សេចក្ដីអធិប្បាយ ២]
ទី ៤ ការពិនិត្យឡើងវិញនូវរាល់ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹង វិស័យពាណិជ្ជកម្ម សំដៅលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។
[ផ្តើមសេចក្ដីអធិប្បាយ ៣]
(១០) ផែនការតាមលំនាំដើរថយក្រោយ (backward planning)
ខ្ញុំតែងតែណែនាំការងារនេះ។ ពេលយើងចូលទៅដោះស្រាយរឿងតូចៗ ជាវិធីសាស្ត្រយើងកុំចងជើងខ្លួនឯង កុំចងជើងដោយសារលិខិតបទដ្ឋានដែលមានស្រាប់។ លិខិតបទដ្ឋានដែលមានស្រាប់កុំយកជាគោល ហើយចេញដើរទៅមុខ។ ហ្នឹងយើងចងជើងខ្លួនឯង។ យើងយកក្រដាសសមួយមក ហើយពិចារណាថាចង់បានលទ្ធផលចុងក្រោយយ៉ាងម៉េច។ យើងសិក្សា Design វា ចាំយើងដើរមកក្រោយមកវិញថាច្បាប់លិខិតបទដ្ឋានគតិយុត្តមានអីខ្លះ។ ត្រូវកែសម្រួលលិខិតបទដ្ឋានគតិយុត្តយ៉ាងម៉េច។ យើងធ្វើហ្នឹងវិញ។ បទពិសោធខ្ញុំមួយឱ្យសាកល្បងកែរឿង Trans-shipment នៅខេត្តព្រះសីហនុ។ ប្រើពេល ៦ខែ ក្រសួងស្ថាប័នធ្វើមិនចេញ ដោយសារចេញដំណើរពីការមើលច្បាប់នេះច្បាប់នោះ លិខិតបទដ្ឋាននេះ ដែលចងជើងខ្លួនឯងបាត់។
ខ្ញុំថាទៅ Design ឱ្យខ្ញុំថា Trans-shipment ចង់ធ្វើម៉េច យករូបមន្តមកពីណា។ យើងចង់បានពេលដែលដើរទៅវាមានប្រសិទ្ធខ្ពស់ បានយើងមើលលិខិតបទដ្ឋានអនុក្រឹត្យ ព្រះរាជក្រឹត្យ ឬមួយច្បាប់យើងកម្រិតណាមួយ។ បើយើងត្រូវការកែសម្រួល បំពេញបន្ថែមយ៉ាងណា។ កិច្ចការនេះគ្រប់ក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាលរបស់យើងបានអនុវត្ត។ បានន័យថាយើងដើរថយក្រោយ backward planning គេថាការធ្វើផែនការដើរថយក្រោយ។ គឺយកគោលដៅលទ្ធផលដែលយើងចង់បានដាក់ពីមុខ ហើយចាំយើងគូសវាសផ្លូវទៅវិញ។ កុំអង្គុយគិតផែនការក្នុងបន្ទប់ហើយបានចេញដើរទៅ។ ដើរទៅថាយើងចង់បានសម្រួលនៅក្នុងពាណិជ្ជកម្មយ៉ាងម៉េច។ ការធ្វើ e-commerce ចង់ឱ្យបានយ៉ាងម៉េចក្នុង logistic ហើយយើងដើរថយក្រោយវិញ ចាំយើងកែសម្រួលបទដ្ឋានគតិយុត្ត ព្រោះលិខិតបទដ្ឋានគតិយុត្តជួនកាលយើងតាក់តែង ១០ឬ២០ឆ្នាំហើយ។ វាអត់ស្របទេ។
(១១) ពិនិត្យឡើងវិញរាល់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាណិជ្ជកម្ម ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព
រឿងហ្នឹងហើយដែលយើងឱ្យកែសម្រួលនៅតំបន់អង្គរវត្ត។ យើងរៀបចំគោលការណ៍៣០ ឆ្នាំ។ យើងត្រូវ មើលទិដ្ឋភាពដែលយើងចង់បានបច្ចុប្បន្ននិងទៅអនាគតរវាងការអភិរក្សនិងអភិវឌ្ឍន៍។ យើងយកអាហ្នឹងមកបានមើល កែសម្រួល និងធ្វើការកំណត់តំបន់ប្រើប្រាស់។ ទាក់ទងនឹងចំណុចទី៤នេះ គឺខ្ញុំសូមឲ្យក្រសួងពាណិជ្ជកម្មពិនិត្យឡើងវិញនូវរាល់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលបានធ្វើហើយ យើងបន្តធ្វើទៅទៀត នេះជាការកែទម្រង់ដើម្បីធ្វើឲ្យកាន់តែមានប្រសិទ្ធភាព។ កុំឲ្យឯកសារចងយើ់ង។ យើងជាអ្នកតម្រង់ទិសឯកសារ ព្រោះបទដ្ឋានគតិយុត្តគឺដើម្បីជួយឲ្យលើកកម្ពស់សកម្មភាព លទ្ធផល និងប្រសិទ្ធភាពផលិតផល។ អញ្ចឹងត្រូវតែមានការកែសម្រួល … ខ្ញុំសូមលើកទឹកចិត្តក្រសួងពាណិជ្ជកម្មបន្តធ្វើតទៅទៀត។
(១២) កែសម្រួលរចនាសម្ព័ន្ធដឹកនាំ Green Trade ឲ្យដើរតួនាទីដូចជាតួអង្គ Marketing
ថ្ងៃមុន បានឲ្យកែសម្រួល Green Trade។ Green Trade នេះ យើងបានធ្វើរាប់ឆ្នាំ ហើយមានប្រសិទ្ធភាព តែខ្ញុំឲ្យកែសម្រួលរចនាសម្ព័ន្ធដឹកនាំឡើងវិញ ដើម្បីឲ្យដើរតួនាទីដូចជាតួអង្គ Marketing អញ្ចឹង។ Private Sector ចូលមក។ រដ្ឋត្រូវកាត់បន្ថយតួនាទីក្នុងការគ្រប់គ្រង Green Trade នេះដើម្បីយើងអាចយកឯកជន ជា CEO គឺថាដំណើរការវាដូចឯកជន ហើយរដ្ឋមកធ្វើក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាលនេះត្រូវមានសិទ្ធិកម្រិតបែបណាជាជំនួយ។ យើងធ្វើបានហើយ Green Trade របស់យើង។ បានធ្វើសកម្មភាពច្រើន។ អម្បាញ់មិញឃើញដាក់(តាំងបង្ហាញ)។ យើងត្រូវគិតថា ទីផ្សារដើរលឿន ការប្រកួតប្រជែងខាងពាណិជ្ជកម្មដើរលឿន។ បើយើងនៅនឹងថ្កល់ គេដើរលឿនជាងយើង។ មិនមែនបានន័យថាយើងដើរយឺតទេ យើងដើរនៅល្បឿនដដែល តែគេដើរលឿនជាងយើង។ អញ្ចឹង យូរៗគម្លាតនឹងកាន់តែឆ្ងាយ ប្រកួតប្រជែងកាន់តែថយ។ យើងត្រូវតែកែសម្រួលនិងពិនិត្យមើល … យើងចង់រៀបចំឲ្យមានភាពបត់បែន ហើយការដឹកនាំគ្រឹះស្ថានសាធារណៈរបស់រដ្ឋមានភាពបត់បែន។ ជាពិសេស ការ running ប្រតិបត្តិ គឺសុំឲ្យដូចលក្ខណៈវិស័យឯកជនតែម្ដង។ រដ្ឋនៅត្រឹមណា កុំឲ្យលូកដៃចូលក្នុងហ្នឹង។ ប៉ុន្តែ មិនមែនបានន័យថាមិនមានការទទួលខុសត្រូវទេ។ យើងធ្វើបែបនេះ គឺដើម្បីយើងធ្វើកំណែទម្រង់ដើម្បីបង្កើនប្រសិទ្ធភាព។ យើងចង់ឲ្យមានប្រសិទ្ធផលខ្ពស់ កែទម្រង់ Structure រចនាសម្ព័ន្ធក្រសួង-ស្ថាប័ន។ យើងកំពុងធ្វើវិភាគមុខងារ …។
[ចប់សេចក្ដីអធិប្បាយ ៣]
កន្លងទៅនេះ កន្លងមក ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការលុបបំបាត់ឧបសគ្គនៃការធ្វើពាណិជ្ជកម្ម និងធុរកិច្ច សម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ក្រសួងពាណិជ្ជកម្មបានទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដើម្បីបង្កបរិយាកាសអំណោយផលដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស និងបម្រើឱ្យការនាំចេញ តាមរយៈការសម្រួលនីតិវិធីរដ្ឋបាល និងបន្តការតភ្ជាប់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្មទៅនឹងថ្នាលបច្ចេកវិទ្យាផ្លាស់ប្តូរទិន្នន័យរួម (CamDX) និងការត្រៀមលក្ខណៈក្នុងការចូលរួមជាមួយការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ជាដើម។
ដូចក្នុងរបាយការណ៍របស់លោកជំទាវ ចម និម្មល ថ្មីៗនេះ យើងបានចុះអនុស្សារណៈនៃការយោគយល់រវាងក្រុមហ៊ុន TROPI- CAM FRUIT AND VEGETABLE CO., LTD. និងក្រុមហ៊ុន SMARTEDEN នៅប្រទេសបារាំង ដែលអាចបើកច្រកទីផ្សាររបស់យើងបន្ថែមទៀតនៅខាងក្រៅ។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មត្រូវធ្វើការឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីនាំចេញនូវផលិតផលសក្ដានុពលរបស់យើង ទៅកាន់ទីផ្សារថ្មីៗកាន់តែច្រើនថែមទៀត។
[ផ្ដើមសេចក្ដីអធិប្បាយ ៤]
(១៣) ធ្វើពិពិធកម្មច្រកទីផ្សារតភ្ជាប់ទៅដល់កសិករ តាមការរៀបចំជាសហគមន៍កសិកម្មទំនើប
ក្នុងន័យនេះ ខាងវិស័័យឯកជនក៏បានរៀបចំមួយទៀតគឺយកច្រកសម្រាប់ទីផ្សារបរទេសមកដាក់ក្នុងប្រទេស តាមរយៈការបង្កើតទីផ្សារបោះដុំមួយ។ កំពុងតែសិក្សា។ គាត់អាចទិញកសិផលក្នុងស្រុកមករៀបចំក្នុងប្រទេសជាស្តង់ដានាំចេញ។ ធ្វើការជាមួយកសិករ ចែកក្នុងស្រុក និងអាចនាំចេញទៅក្រៅ ជាមួយក្រុមហ៊ុន។ អញ្ចឹង ទី១ ក្រុមហ៊ុនមួយៗទៅយកផលិតផលមួយៗ។ យើងរៀបចំជាកញ្ចប់ស្តង់ដានាំចេញទៅខាងក្រៅ លក់ទៅបោះដុំនៅខាងក្រៅ នៅ Walmart, COSTCO អីអញ្ចឹងទៅ ចែកចាយនៅខាងក្រៅ។ តែឥឡូវ Brand មួយទៀតចូលមកសិក្សា ហើយរៀបចំនៅទីនេះ។ និយាយរួម គឺយើងខិតខំធ្វើពិពិធកម្មច្រកទីផ្សាររបស់យើង ព្រោះច្រកទីផ្សាររបស់យើងកាន់តែលក់បានដើម្បីអ្វី? ដើម្បីរុញតភ្ជាប់ទៅដល់កសិករតែម្តង ហើយការរៀបចំរបស់ក្រសួងកសិកម្មរបស់យើង នៅក្នុងការរៀបចំជាសហគមន៍កសិកម្មទំនើប។
ការរៀបចំជាសហគមន៍ ដែលខ្ញុំឃើញដើរអម្បាញ់មិញនេះគឺសុទ្ធតែទិញផលិតផលពីសហគមន៍ ទោះបីជាក្រុមហ៊ុនក៏ដោយ។ នេះហើយជារូបមន្តថ្មីនៃការរៀបចំ។ ពីដើមយើងមាន ក្រុមសាមគ្គីយើងមានអី រៀបចំហើយ ប៉ុន្តែឥឡូវ(យើងរៀបចំ)ក្នុងទម្រង់ថ្មី។ ការវិនិយោគបែបនេះគឺសំខាន់ណាស់ ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផល។ អញ្ចឹងគឺបន្តរៀបចំបន្ថែមទៀត នៅក្នុងពិពិធកម្មនៃខ្សែចង្វាក់ trading ពាណិជ្ជកម្មយើងនេះ ព្រោះរបៀបហ្នឹងជួយច្រើន។ ខ្សែចង្វាក់នៃការរៀបចំនេះហើយ ដែលថាជួយគ្រប់ជំហានទាំងអស់ ទាំងកសិករ ទាំងអ្នកកណ្តាល ទាំងអ្នកនាំចេញ ឲ្យបានប្រសិទ្ធភាព ឬមួយក៏អ្នកចែកចាយទីផ្សារក្នុងស្រុក។
[ចប់សេចក្តីអធិប្បាយ ៤]
ជាមួយនេះ, ខ្ញុំសូមកត់សម្គាល់ថា គិតត្រឹមរយៈពេល ១១ ខែ ក្នុងឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមាន ៥០,៤៦ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ១៥,៩៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។ ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្លួន ខ្ញុំផ្ទាល់, ខ្ញុំពិតជាមានមោទនភាព និង កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួង-ពាណិជ្ជកម្ម, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង វិស័យឯកជន ដែលជានិច្ចជាកាល មានកិច្ចសហ-ប្រតិបត្តិការល្អ ក្នុងការទាក់ទាញវិនិយោគ និង ការជំរុញកំណើនពាណិជ្ជកម្ម តាមរយៈការនាំចេញទៅទីផ្សារក្នុងតំបន់ និង សកលលោក ។]
ខ្ញុំសូមគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្នុងការបន្តផ្តល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការធ្វើធុរកិច្ច និង វិនិយោគនៅកម្ពុជា គឺការរក្សាសុខ-សន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និង នយោបាយ ព្រមទាំងការបន្តខិតខំប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគ តាមរយៈ ការដាក់ចេញនូវវិធានការគន្លឹះ លើគ្រប់វិស័យ ដើម្បីធានាថា វិនិយោគិនអាចមកបណ្តាក់ទុន ប្រកបដោយភាពជឿជាក់ ភាពអាចប៉ាន់ស្មានបាន និង ជោគជ័យខ្ពស់ ។ ក្នុងនោះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលជារបៀបវារៈអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ដោយបានរំលេច យ៉ាងច្បាស់ពីការប្តេជ្ញាក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានធុរកិច្ច និង វិនិយោគនៅកម្ពុជា។
ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និង ការកសាងភាពធន់ចំពោះវិស័យនេះ, ខ្ញុំសូមចែករំលែកនូវទស្សនៈ និង ផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១. បន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផលកម្ពុជាមានទីផ្សារសមស្រប ទាំងក្នុងស្រុក និង អន្តរជាតិ ដោយបន្តធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និង សកល និង បន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះពន្ធ តាមរយៈ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និង ពហុភាគី ។
[ផ្តើមសេចក្តីអធិប្បាយ ៥]
(១៤) វិស័យពាណិជ្ជកម្មត្រូវថែទាំអតិថិជនដែលមានស្រាប់ ព្រោះជាអ្នកផ្សព្វផ្សាយល្អបំផុត
ខ្ញុំនៅតែបញ្ជាក់ហើយបញ្ជាក់ទៀតថាចំណុចនេះសំខាន់ណាស់ ព្រោះនេះវាពាក់ព័ន្ធទៅនឹងភាពជឿជាក់លើកម្ពុជា។ បើទីផ្សារចាស់ ម៉ូយចាស់ យើងដើរចេញហើយ យើងពិបាកទៅរកម៉ូយថ្មីណាស់។ តែបើម៉ូយចាស់យើងសប្បាយ រីករាយជាមួយយើង គាត់ទៅប្រាប់គ្នាទៀតហើយ។ អ្នកវិនិយោគដូចគ្នា។ បើចង់វិនិយោគលើវិស័យអីប្រាកដជាសួរគ្នាហើយ។ រកស៊ីអាហ្នឹងស្រួលអត់? នាំអីវ៉ាន់ពីស្រុកខ្មែរមកត្រូវអត់។ ធានាអត់ ប្រឈមអីខ្លះ។ អញ្ចឹងការធានាគុណភាព ការធានាសង្គតភាព និងធានាអ្នកដែលមានស្រាប់នេះ ទីផ្សារដែលមានស្រាប់ នេះគឺជាកិច្ចការដែលសំខាន់។ សូម្បីតែអ្នកវិនិយោគដូចគ្នា បើយើងចេញទៅវិនិយោគ ទៅនិយាយសម្រាប់អ្នកវិនិយោគនៅក្រៅ គេងាកចេញ គេសួរគ្នាគេ តើវិនិយោគស្រុកខ្មែរយ៉ាងម៉េច? បើគេថាទៅល្អណាស់ អត់បញ្ហា ស្រួល កាន់តែប្រសើរឡើង។ បញ្ហាមាន តែយើងដោះស្រាយបានទាន់ពេលវេលា។ នេះហើយជាគន្លឹះ។ ក្នុងមួយឆ្នាំជាងនេះ យើងអនុវត្តបានច្រើន។ នៅ CDC កាលមុនយើងមានតែវេទិកាជាមួយវិស័យឯកជនជប៉ុន មួយឆ្នាំពីរដង។ ឥឡូវយើងពង្រីកជាមួយកូរ៉េ ជាមួយអាមេរិក ជាមួយអឺរ៉ុប មួយឆ្នាំពីរដង ដើម្បីឲ្យជួប ស្ដាប់ពីការបារម្ភរបស់គាត់ ហើយ(យើង)ដោះស្រាយ។ យើងរៀបចំគោលការណ៍កែទំរង់នៅក្នុងពន្ធដារ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានកែសំរួលនីតិវិធីមួយចំនួន លុបចោលនីតិវិធីមួយចំនួន កុំឲ្យមានការលំបាក។ (ក្រសួង) ពាណិជ្ជកម្មក៏ដូចគ្នា ថែទាំអតិថិជនដែលមានស្រាប់ ព្រោះគាត់ជាអ្នកផ្សព្វផ្សាយល្អជាងគេបំផុត។
(១៥) ការនាំចេញទៅក្រៅប្រទេសកើនបរិមាណ និងចំនួនប្រទេស
ទីផ្សារក៏ដូចគ្នា ទីផ្សារប្រកួតប្រជែង។ យើងនៅនេះ ប្រទេសមួយតូច ប៉ុន្ដែសំរាប់ប្រទេសធំំៗ អ្នកនាំចូលទៅគាត់ជិត ២០០ប្រទេស។ ឧទាហរណ៍ នាំអង្ករ ចេក នាំផលិតផល(ផ្សេងៗ) ជិត ២០០ប្រទេស នាំចូលទៅប្រទេសធំៗ។ សួរថាគាត់ឲ្យតំលៃទៅអ្នកណាគេ? … បើខ្ញុំកុងត្រាជាមួយប្រទេសកម្ពុជា ធានាថាដឹងតែបានផលិតផលល្អ គុណភាពខ្ពស់ ធានាការដឹកជញ្ជូន ទាន់ពេលហើយល្អបំផុត។ នេះត្រូវវិនិយោគ។ អាទិភាពធំ ត្រូវថែរក្សាទីផ្សារចាស់។ បើសិនជាការកែសំរួលថយចុះ ដោយសារប្រទេសនោះគាត់កែសំរួលគុណភាព ច្បាប់របស់គាត់រឿងមួយ។ ប៉ុន្ដែ យើងតស៊ូ ការពារ ខិតខំព្យាយាម (ថែរក្សាគុណភាពផលិតផល) កុំឲ្យវា(កើតបញ្ហា)ដោយសារយើង។ អញ្ចឹង ការថែរក្សាគុណភាព ទាំងគុណភាពផលិតផល គុណភាពនៃការដឹកជញ្ជូនអីផ្សេងៗ ត្រូវធានាឲ្យបាន។ ខ្ញុំសប្បាយរីករាយដែលឃើញថាក្នុងមួយឆ្នាំៗ ការនាំចេញទៅក្រៅប្រទេសកាន់តែកើនឡើង។ ចំនួនប្រទេសក៏កាន់តែច្រើនឡើង។ នេះបានន័យថា ប្រទេសដែលធ្លាប់នាំរបស់យើង(ទៅ) ក៏មិនបាត់ហើយបង្កើនចំនួនហើយប្រទេសថ្មីមកថែមទៀត នេះជាកិច្ចការសំខាន់។
[ចប់សេចក្ដីអធិប្បាយ ៥]
ទី២. ជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត លើឧស្សាហកម្មប្រតិគមន៍ ដែលនឹងជួយទ្រទ្រង់ឧស្សាហកម្មសក្តានុពលនាពេលបច្ចុប្បន្ន ឱ្យមានភាពធន់ ជាពិសេសនៅពេលកម្ពុជាត្រៀមខ្លួន ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩ ដោយ រលូន និង ប្រកបដោយចលនការ ។
ទី៣. បន្តចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងពិព័រណ៍ពិភពលោក ព្រមទាំងរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិ ក្នុង និង ក្រៅប្រទេស ជាពិសេសពង្រីកលទ្ធភាពនៃការនាំចេញ តាមរយៈយន្តការជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដូចជាការដឹកនាំវិស័យ ឯកជនបន្ថែមទៀតទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិល្បីៗ នៅបណ្តាប្រទេសដែលមានទីផ្សារសក្កានុពល រួមមានជាអាទិ៍៖ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្រ្តាលី ជាដើម។ល។ ចំពោះព្រឹត្តិការណ៍ពិព័រណ៍ក្នុងប្រទេស សូមពង្រឹកការយកចិត្តទុកដាក់ឱ្យចំគោលដៅផលិតផល ដោយផ្តោតលើការផ្គូរផ្គងរវាងអ្នកផ្គត់ផ្គង់ និង អ្នកបញ្ជាទិញដោយផ្ទាល់ ។
ទី៤. បន្តធ្វើទំនើបកម្មកិច្ចការពិព័រណ៍ តាមរយៈការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ពិព័រណ៍ និង ការស្នើសុំលិខិតអនុញ្ញាតរៀបចំពិព័រណ៍ សម្រាប់វិស័យឯកជន និង ស្ថាប័នរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ និង ឆាប់រហ័ស។
ទី៥. ជំរុញការរៀបចំយុទ្ធសាស្រ្ត ដើម្បីត្រៀមចាកចេញដោយរលូន និង ប្រកបដោយចលនការ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដោយធានាឱ្យបាននូវកម្មវិបាកអវិជ្ជមានជាអប្បរមា និង លើកឡើងនូវការស្នើវិធានការ និង យុទ្ធសាស្រ្តនានា ដើម្បីធានាបាននូវចីរភាពនៃការអភិវឌ្ឍ ក្រោយកម្ពុជាចាកចេញដោយជោគជ័យនៅឆ្នាំ ២០២៩ ក៏ដូចជាការឈានដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
ទី៦.ជាការរួមចំណែកក្នុងការឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២២-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២៣-២០៣៥ ដើម្បីប្រសិទ្ធភាពសេដ្ឋកិច្ច និង កាត់បន្ថយថ្លៃពាណិជ្ជកម្ម និង ពេលវេលា, ក្រសួងពាណិជ្ជកម្ម ត្រូវបន្តជំរុញការធ្វើ ឌីជីថលូបនីយកម្មសេវាសាធារណៈ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ព្រមទាំងបន្តពង្រឹងសមត្ថភាពមន្ត្រីឌីជីថល តាមរយៈការបណ្តុះបណ្តាលជាប្រចាំ និង ការលើកម្ពស់ភាពជាអ្នកដឹកនាំឌីជីថល ដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការដើម្បីទាញយកផលប្រយោជន៍ជាអតិបរមា ពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ។
មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរដល់ក្រសួងពាណិជ្ជកម្ម និង គ្រប់តួអង្គពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង និង យកចិត្តទុកដាក់ ក្នុងការដឹកនាំអភិវឌ្ឍវិស័យពាណិជ្ជកម្ម, ជាពិសេស ការបង្កើនគុណភាព ក្នុងការលើកកម្ពស់យន្តការជំរុញពាណិជ្ជកម្មឱ្យសម្រេចបាន លទ្ធផលគួរជាទីមោទនៈ ក៏ដូចជា ការរៀបចំដោយភាពជោគជ័យនូវព្រឹត្តិការណ៍ «ពិព័រណ៍ ពាណិជ្ជកម្មកម្ពុជា» កម្រិតអន្តរជាតិនេះ។
ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ពិព័ណ៍ពាណិជ្ជកម្មនេះ នឹងចូលរួមចំណែកដល់ការជំរុញសកម្មភាពពាណិជ្ជកម្មនៅក្នុងប្រទេសបន្ថែមទៀត ក្រោមម្លប់សុខសន្តិភាព និង ស្ថិរភាពសង្គម និង ជួយឱ្យធុរជនអន្តរជាតិ យល់ដឹងកាន់តែច្បាស់អំពីសក្តានុពលកម្ពុជា ក្នុងការចូលមកបណ្តាក់ទុនវិនិយោគ ក្នុងការនាំយកផលិតផលកម្ពុជាទៅទីផ្សារបរទេស និង ចាប់យកកាលានុវត្តភាពនានា ជាពិសេស កញ្ចប់លើកទឹកចិត្តដ៏ច្រើន ដែលផ្តល់ដោយរាជរដ្ឋាភិបាលសម្រាប់ការវិនិយោគនៅកម្ពុជា ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី សូមប្រកបដោយសុខភាពល្អបរិបូណ៌ សម្រេចបានជោគជ័យ ក្នុងការងារ និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។
ខ្ញុំសូមប្រកាសបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ឆ្នាំ២០២៤ និង ព្រឹត្តិការណ៍អមនានា ចាប់ពីពេលនេះតទៅ ! សូមអរគុណ៕