(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, ថ្លែងក្នុងពិធីបើក «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» លើកទី១៨ ឆ្នាំ២០២៤


CMF:

សូមថ្វាយបង្គំសម្តេចព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ គ្រប់ឋានានុក្រម និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ !
សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្រ្តាចារ្យ បញ្ញវ័ន្ត
ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត មន្រ្តីរាជការ
ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការ អគ្គស្នងការរង មេបញ្ជាការ មេបញ្ជាការរង
និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត កុងស៊ុល និងតំណាងប្រចាំនៅកម្ពុជា
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន ឬតំណាងអង្គការសហប្រជាជាតិ អង្គការ-អន្តរជាតិ
អង្គការសង្គមស៊ីវិល ដែលកំពុងធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា
តំណាងគ្រប់និកាយសាសនា សិស្ស និសិ្សត បងប្អូន កូន ក្មួយ និងសមាជិក សមាជិកានៃអង្គពិធីទាំងអស់
ជាទីស្រឡាញ់រាប់អាន

ថ្ងៃនេះ ខ្ញុំ  មានក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានមកចូលរួម ក្នុងកម្មវិធី ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលត្រូវបានប្រារព្វធ្វើឡើងក្នុងន័យជាការប្រកាសផ្សព្វផ្សាយជាឱឡារិក អំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបាន និងកំពុងកើតមានឡើងសព្វថ្ងៃនេះ ។ ការជួបជុំនេះជាការបង្ហាញនូវស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះការងារប្រឆាំង-ការជួញដូរមនុស្ស និងទាសភាពសម័យទំនើប និងការការពារសិទ្ធិមនុស្សនៅកម្ពុជាដោយឥតងាករេ ។

ខ្ញុំសូមកោតសរសើរ ចំពោះ ស្មារតីរួម សាមគ្គី សហការ ប្រកបដោយការទទួលខុសត្រូវ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីនៃបណ្តាក្រសួងជាអនុប្រធាន លោកជំទាវរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុ-ប្រធានអចិន្ត្រៃយ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ ទាំងជើងទឹក ជើងគោក ជើងអាកាស ឯកឧត្តម លោកជំទាវអគ្គនាយក អគ្គនាយករង អគ្គលេខាធិការ អគ្គលេខាធិការរង  នៃបណ្តាក្រសួងស្ថាប័ន ឯកឧត្តម លោក-ជំទាវ ជាអភិបាល អភិបាលរង រាជធានី ខេត្ត ក្នុងការរក្សានូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ អស់ពីលទ្ធភាព និងសមត្ថភាព កន្លងមកនេះ និងរក្សាបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គមជាតិ ដូចសព្វថ្ងៃនេះ គួរឱ្យមោទនៈក្រៃលែង។

សមិទ្ធផលទាំងនេះ មិនមែនកើតឡើងដោយងាយៗឡើយ បើប្រៀបធៀបទៅនឹងស្ថានភាពដ៏លំបាក ក្នុងសកលលោក ដែលកំពុងតែជះឥទ្ធិពលជាអវិជ្ជមាន ទៅលើបណ្តាប្រទេស ដែលមានស្ថានភាពសេដ្ឋកិច្ចទាប បន្ទាប់ពីការវាយប្រហារពីកូវីដ-១៩ និងបន្តកើតឡើងនូវគ្រោះមហន្តរាយដ៏អាក្រក់នៃបម្រែបម្រួលអាកាសធាតុ បង្កើតជាគ្រោះធម្មជាតិដ៏សាហាវឃោរឃៅ មានទាំងខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ បំណាក់ដី រលកកម្ដៅ ភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត ជាដើម ។

បន្ថែមលើស្ថានភាពដ៏លំបាកនេះ បណ្តាប្រទេសមួយចំនួន បាននឹងកំពុងទទួលរងនូវការបំផ្លិចបំផ្លាញបង្កឡើងដោយជម្លោះប្រដាប់អាវុធ ការទន្ទ្រាន ឈ្លានពានដោយអំណាច ដើម្បីមហិច្ឆតា ក្នុងការដណ្តើមអំណាចត្រួតត្រា  ការបង្កើតអាវុធមហាប្រល័យដើម្បីបង្ហាញឧត្តមភាព គំរាមពិភពលោក ។ ដោយសារតែស្ថានភាពទាំងនេះ ពិភពលោកត្រូវបានបំផ្លាញ ឱ្យវិនាសអន្តរាយ ទាំងសត្វ ទាំងធម្មជាតិ ធ្វើឱ្យមនុស្សក្មេង ចាស់ ប្រុសស្រី រាប់រយលាននាក់ បាន និងកំពុងតែរស់ក្នុងសភាពភ័យខ្លាច និងត្រូវបាន ឧក្រិដ្ឋជនដែលជាមនុស្សដូចគ្នា ឆ្លៀតឱកាស ជួញដូរ កេងប្រវ័ញ្ច រំលោភបំពាន ឱ្យរងនូវគ្រោះ យ៉ាងលំបាកវេទនាជារៀងរាល់ថ្ងៃ ។

ដើម្បីជីវិតរស់នៅ ប្រជាពលរដ្ឋនៃបណ្តាប្រទេស ក្នុងតំបន់ ក៏ដូចជាលើពិភពលោក បាន និងកំពុងត្រូវការការងារ ប្រាក់ចំណូលដើម្បីបានស្បៀងអាហារហូបចុក ជម្រកស្នាក់នៅសម្រាប់គ្រួសារ ដែលត្រូវរងការបំផ្លិចបំផ្លាញដោយគ្រោះធម្មជាតិ និងការបំផ្លិចបំផ្លាញទាំងអស់នេះ ។

ទាំងនេះជាភាពប្រឈមដ៏ធំ នាដើមសតវត្សរ៍ទី២១ នេះ ដែលចរន្តនៃការរស់នៅរបស់មនុស្សលើសកលលោក មានការផ្លាស់ប្តូរ ព្រមជាមួយ បច្ចេកវិទ្យាវិទ្យាសាស្ត្រដ៏ទំនើប និងវៃឆ្លាត ដើរតួជាអាវុធមុខពីរ ពន្លឿនការអភិវឌ្ឍដើម្បីសេចក្តីសុខរបស់មនុស្សផង និងបំផ្លាញផង ។

ហេតុនេះ ការផ្សព្វផ្សាយការយល់ដឹងអំពីស្ថានភាព និងទម្រង់ផ្សេងៗនៃបទល្មើសជួញដូរមនុស្ស និងអំពើពាក់ព័ន្ធដទៃទៀត ផលប៉ះពាល់ កលល្បិចជនល្មើស ព្រមជាមួយនឹងវិធីសាស្ត្របង្ការ ទប់ស្កាត់ និងការពារខ្លួន និងសហគមន៍ឱ្យរួចផុតពីភាពរងគ្រោះទាំងអស់នេះ គឺជារឿងចាំបាច់មិនអាចខ្វះបាន ។ ដើម្បីឱ្យមានភាពកក់ក្តៅ ប្រជាពលរដ្ឋ ត្រូវការយល់ដឹងបន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិនានា ដែលបានរួមគ្នាប្រឹងប្រែងការពារសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា និងមនុស្សជាតិទូទៅ ដោយប្រយុទ្ធ-ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ លើមនុស្សគ្រប់ភេទ គ្រប់វ័យ គ្រប់ស្ថានភាព និងគ្រប់ទីកន្លែង យ៉ាងសាហាវឃោរឃៅ តាមរយៈការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប ផ្តន្ទាទោសជនល្មើសដែលបាន និងកំពុងប្រើប្រាស់គ្រប់មធ្យោបាយ ក្នុងការធ្វើសកម្មភាពកេងប្រវ័ញ្ចកម្លាំងពលកម្ម ធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសដទៃទៀត ។

ឆ្លងតាមបទពិសោធជាច្រើនលើកច្រើនគ្រា ក្នុងការឆ្លើយតបទៅនឹងវិបត្តិធំៗរបស់ប្រទេសជាតិ ដោយជោគជ័យ យើងអាចមានមេរៀនជាច្រើនក្នុងការអនុវត្តសម្រាប់ការដោះស្រាយបញ្ហាជួញដូរមនុស្ស ។ ជាក់ស្តែង ក្នុងពេលទទួលរងឥទ្ធិពលធ្ងន់ធ្ងរពីកូវីដ-១៩ អាស្រ័យដោយមានការប្រុង-ប្រយ័ត្ន និងវិធានការបង្ការទប់ស្កាត់បានល្អ យើងបានទប់ស្កាត់ការឆ្លងនិងចម្លងបានជោគជ័យ ដោយមិនធ្វើឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋដោយកូវីដ-១៩ សូម្បីតែម្នាក់ ក្នុងអំឡុងឆ្នាំ២០២០ ។ តែការ ធ្វេសប្រហែស ខ្វះការទទួលខុសត្រូវ ពីអ្នកទទួលបន្ទុកមណ្ឌលចត្តាឡីស័ក បានធ្វើឱ្យការឆ្លងរាលដាល កើនឡើងយ៉ាងឆាប់រហ័ស រហូតបាត់បង់អាយុជីវិត ប្រជាពលរដ្ឋដល់ទៅ ៣.០៥៦នាក់ លើចំនួនប្រជាជនដែលបានឆ្លងសរុបអ្នក ប្រមាណ ១៣៨.១២០នាក់  ដែលជាអត្រាឆ្លង និង អត្រានៃការស្លាប់នេះ កើនខ្ពស់បំផុត ក្នុងឆ្នាំ២០២១ ។

ទោះបីជាយ៉ាងនេះក្តី វិធានការបង្ការទប់ស្កាត់ថ្មី ដែលជាការប្តេជ្ញាចិត្តរបស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលនោះ គឺការស្វែងរកវ៉ាក់សាំង និងបំផុសប្រជាពលរដ្ឋឱ្យមានភាពជឿជាក់ ដោយវិធីសាស្ត្រ «ចាក់ស្រោចវ៉ាក់សាំង» ដល់ប្រជាពលរដ្ឋ ទាំងកុមារ និងមនុស្សចាស់ បានបង្កើនប្រសិទ្ធភាពខ្ពស់ រហូតធ្វើឱ្យវិបត្តិកូវីដ-១៩នេះ ត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សក្នុងឆ្នាំ២០២២ ដែលកម្ពុជាបានវិលមករកប្រក្រតីភាពតាមគន្លងថ្មី ដូចសព្វថ្ងៃ និងមានឱកាសស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យរីកចម្រើនឡើងវិញគួរឱ្យមោទនៈ ។

យ៉ាងណាមិញ នៅក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្សនេះ ក៏ទាមទារឱ្យមានវិធានការបង្ការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ដូចគ្នាដែរ ។ កន្លងមកនេះ យើងបានឃើញហើយ ថាមានជនល្មើសជាច្រើន ដែលភាគច្រើនដាច់ខាត ជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បានបន្លំខ្លួន ចូលមកកម្ពុជា ដើម្បីសម្ងំលាក់ខ្លួន បង្កើតបានជាបទល្មើសយ៉ាងអាណាធិប-តេយ្យ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបាននាំយកនូវបច្ចេកទេសបទល្មើសប្លែកៗ ទំនើបៗ -ដែលកម្ពុជាមិនធ្លាប់មាន មកសាបព្រោះ លើទឹកដីកម្ពុជា ដោយទាញយកឱកាសនៃការអនុគ្រោះឱកាសសេដ្ឋកិច្ច ក្នុងដំណាក់កាលនៃការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩មក បានបំផ្លាញសេចក្តីសុខ សុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា និងប្រជាជននៃបណ្តាប្រទេសនានាដែលមកស្នាក់នៅ និងរកការងារ នៅកម្ពុជាទៅវិញ ។ សកម្មភាពនៃបទល្មើសឧក្រិដ្ឋទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងជាអវិជ្ជមាន លើដំណើរការអភិវឌ្ឍរីកចម្រើន សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។  រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបង្កវិនាសកម្មនៅកម្ពុជាតាមគ្រប់រូបភាព ។

ខ្ញុំសូមយក,ឱកាសរំលឹកបន្ដិចកាលពីអាណត្ដិទៅ ៦ កន្លងទៅនេះបន្ទាប់ពីបាន បន្ទាប់ពីបានពិនិត្យឃើញថា មានសកម្មភាពប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើសយ៉ាងសាហាវឃោរឃៅ តាមរូបភាពបន្លំក្នុងអាជីវកម្មអនឡាញ តាមទីតាំងមួយចំនួន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដឹកនាំដោយសម្តេច-ក្រឡាហោម ស ខេង បានដាក់ចេញនូវវិធានការប្រតិបត្តិការ ដើម្បីរុករក បង្ក្រាប និងបោសសម្អាតបទល្មើសជួញដូរមនុស្ស គ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធដទៃទៀត យ៉ាងសកម្ម តាមវិធានការច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ និងព្យាយាមរកការដោះស្រាយដោយសន្តិវិធីជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ដើម្បីរក្សាឱ្យបាននូវកិច្ចសហប្រតិបត្តិការ និងស្ថិរភាពសេដ្ឋកិច្ច នយោបាយ និងសង្គម ដើម្បីរក្សាបាននូវស្ថានភាពសុវត្ថិភាព និងសន្តិសុខឱ្យមានប្រក្រតីភាពឡើងវិញ សម្រាប់ប្រជាពលរដ្ឋកម្ពុជា  ក៏ដូចជាជនបរទេសដែលបាននឹងកំពុងស្នាក់នៅលើទឹកដីកម្ពុជានៅទូទាំងផ្ទៃប្រទេស ។

ព្រះរាជា-ណាចក្រកម្ពុជា តែងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃបណ្តាប្រទេស តម្កល់កិច្ចសហការ មិត្តភាព សាមគ្គីភាពដោយស្មោះត្រង់ ប្រកាន់ជំហរឯករាជ្យ អព្យាក្រឹត និងមិនលូកដៃចូលកិច្ចការ   ផ្ទៃក្នុងនៃប្រទេសដទៃ ដែលនាំឱ្យខុសពីគោលការណ៍នៃកិច្ចព្រមព្រៀង ក្នុងតំបន់ និងក្នុងពិភពលោកឡើយ ។

ព្រះរាជាណាចក្រកម្ពុជា បានបង្កើតស្នាដៃ ល្អៗជាច្រើន ស្ទើរគ្រប់វិស័យ សម្រាប់ប្រទេសជាតិខ្លួនឯងផង  និងដើម្បីរួមចំណែកកសាងសន្តិសុខ សុវត្ថិភាព និងការរីកចម្រើន សម្រាប់តំបន់ និង អន្តរជាតិផង ។ ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជា«ម្ចាស់ផ្ទះប្តូរវេន»ក្រោមប្រធានបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយភាពប្រឈមទាំងអស់គ្នា» និងកិច្ច-ប្រជុំវិស័យពាក់ព័ន្ធ និងព្រឹត្តិការណ៍នានាជាបន្តបន្ទាប់ជាច្រើនទៀតដែលកម្ពុជាបានទទួលរៀបចំឡើង គឺជាការឆ្លុះបញ្ចាំងអំពីស្ថានភាពសុវត្ថិភាព និងសន្តិសុខយ៉ាងល្អប្រសើររបស់កម្ពុជា ដែលអាចផ្តល់នូវកិច្ចស្វាគមន៍ដ៏កក់ក្តៅ ជូនថ្នាក់ដឹកនាំកំពូល និងគណៈប្រតិភូជាន់ខ្ពស់ នៃបណ្តាប្រទេសក្នុងតំបន់និងលើពិភពលោក រួមទាំងប្រជាជាតិគ្រប់ជាតិសាសន៍ អ្នកសារព័ត៌មានជាតិ- និងអន្តរជាតិរាប់ម៉ឺន រាប់សែននាក់ ឱ្យមកស្នាក់នៅ ធ្វើទស្សនកិច្ច ដំណើរកម្សាន្តទៅគ្រប់ច្រកល្ហក ចូលរួមកិច្ចប្រជុំ និងសម្រេចបានលទ្ធផលយ៉ាងធំធេង គួរជាទីមោទនៈ ប្រកបដោយសុវត្ថិភាព សប្បាយរីករាយ និងជោគជ័យ ហួសពីការរំពឹងទុក  ។  នេះជាសក្ខីភាពជាក់ស្តែង ដែលបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងតែមានសុវត្ថិភាព សន្តិសុខ និងការគោរពសិទ្ធិមនុស្ស ក្រោមកិច្ចសហការផ្ទៃក្នុងជាតិ និងជាមួយអន្តរជាតិយ៉ាងពេញលេញ ។

ពីវេទិកានៃយុទ្ធនាការជាតិដ៏មានសារៈសំខាន់នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមប្រកាសជា ឱឡារិកថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ប្រឆាំងដាច់ខាត រាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស អំពើជួញដូរមនុស្ស និងលើកកម្ពស់ការបង្ការទប់ស្កាត់ និងការ –   បង្ក្រាបរាល់កលល្បិចរបស់ឧក្រិដ្ឋជន បន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ ។

យើងសូមបញ្ជាក់ថា ឧក្រិដ្ឋកម្មទាំងនេះ គឺជាបញ្ហារួម ដែលទាមកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការរៀបចំ អនុម័ត អនុ-សញ្ញាអាស៊ាន ប្រឆាំងការជួញដូរមនុស្ស កតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ ដែលហៅកាត់ថា GCM រហូតត្រូវបានការទទួលស្គាល់ពីអង្គ-ការសហប្រជាជាតិផ្នែកទេសន្តរប្រវេសន៍ ថាជា «ប្រទេសជ័យលាភី នៃគំនិតផ្តួចផ្តើម របស់កតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍» ក្នុងការប្តេជ្ញាចិត្តខ្ពស់ ការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់ពលករទេសន្តរប្រវេសន៍ និងការពារពួកគេពីភាពរងគ្រោះ ដោយការរំលោភបំពាន និងកេងប្រវ័ញ្ច គ្រប់រូបភាព ។

ទោះបីជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ នឹងអនុវត្តដូចគ្នា ដើម្បីជាឆន្ទៈក្នុងការគោរព និងរក្សាកិត្តិយសគ្នាទៅវិញទៅមក និងដើម្បីជាកម្លាំងរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន ដែលបាន និងកំពុងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ។ ក្នុងនាមជាប្រទេសជិតខាងល្អ និងជាប្រទេសក្នុងតំបន់ កម្ពុជាជឿជាក់ថា យើងនឹងបន្តកិច្ចសហការល្អ ដោយមិនធ្វើការសន្និដ្ឋាន ចោទ-ប្រកាន់ដោយខ្វះការសិក្សាស្វែងយល់ពីសភាពការណ៍ពិត ដែលនាំឱ្យប៉ះពាល់ដល់ចំណងមិត្តភាពនិងកិច្ចសហការល្អ នោះឡើយ ។ មានតែកិច្ចសហការទេ ទើបអាចដោះស្រាយបញ្ហារួមនេះបាន ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមាន ក្រសួង ស្ថាប័ន ទាំង ២២ និងអង្គភាពជំនាញទាំង ០៥ ជាសមាជិក និងរាជធានីខេត្ត ទាំង២៥ បង្កើតបានជាយន្តការជាតិដ៏រឹងមាំ និងប្រកបដោយសក្តានុពល និងជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ។

សូមថ្លែងអំណរគុណ ចំពោះបណ្តាទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការដៃគូអន្តរជាតិ អង្គការសង្គមស៊ីវិលក្នុងស្រុក និងវិស័យឯកជន ដែលជានិច្ចជាកាលបានខិតខំប្រឹងប្រែងចូលរួម គាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាល ឆ្ពោះទៅកាន់គោលដៅរួម និងរិះរកគ្រប់មធ្យោបាយ ដើម្បីបង្ការទប់ស្កាត់ បង្ក្រាប ព្រមទាំងផ្តល់កិច្ចការពារជនរងគ្រោះ ទាំងស្រ្តី បុរស និងកុមារ ព្រមទាំងបានចូលរួមដោះស្រាយ-បញ្ហាប្រឈមជាច្រើនរបស់ប្រជាពលរដ្ឋតាមសហគមន៍ ជាពិសេសសហគមន៍ដែលមានភាពរងគ្រោះ និងមានជនទេសន្តរប្រវេសន៍ដែលគ្មានសុវត្ថិភាព ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

(១) ក្នុងសម័យទំនើប ការជួញដូរមនុស្សប្រែពីចំហទៅជាលួចលាក់ មានការច្នៃប្រឌិតនិងនាវានុវត្តន៍ច្រើន

ក្នុងរយៈពេលជាងមួយឆ្នាំនេះ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ក៏ដូចជាការខំទប់ស្កាត់បង្កាបញ្ហាសន្តិសុខនានា រួមទាំងការជួញដូរមនុស្ស ក្រសួងមហាផ្ទៃ កងកម្លាំងសមត្ថកិច្ចទាំងអស់ នគរបាលជាតិ កងកម្លាំងអាវុធហត្ថ កងកម្លាំងពាក់ព័ន្ធទាំងអស់ក៏ដូចជាក្រសួង/ស្ថាប័ន បានធ្វើការងារយ៉ាងសកម្ម។ កិច្ចការនេះស្មុគស្មាញ។ បើយើងមើល ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំទៅហើយ ការទិញដូរទាសករ(ពី)មុន(ប្រព្រឹត្តទៅ)ជាចំហ។ ក្នុងកុនក៏មានបង្ហាញដែរថា ពីដើមការជួញដូរមនុស្សធ្វើឡើងជាចំហ។ ប៉ុន្តែ នៅសម័យទំនើបនេះ ការជួញដូរមនុស្សត្រូវបានគ្រប់ប្រទេសរួមគ្នាទប់ស្កាត់ (ដូចនេះ)វាបានប្រែក្លាយពីទម្រង់ចំហទៅជាទម្រង់លួចលាក់ និងទម្រង់ដែលមានការច្នៃប្រឌិតនាវានុវត្តន៍ច្រើន។

(២) ការទប់ស្កាត់ការជួញដូរមនុស្ស មិនមែនត្រឹមតែជាការបង្ក្រាបទេ ការបង្ការក៏ជាកិច្ចការសំខាន់

ការទប់ស្កាត់ការជួញដូរមនុស្ស(ដែលមានប្រសិទ្ធភាព) មិនមែនត្រឹមតែជាការដោះស្រាយ ការឆ្លើយតបដោយការបង្ក្រាបនោះទេ។ ការបង្ការជាកិច្ចការសំខាន់។ កន្លងទៅក៏បានពិភាក្សាកិច្ចការនេះ … ក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធក៏បានសុំគោលការណ៍។ យើងបានដាក់ចេញគោលការណ៍មួយចំនួនក្នុងការរៀបចំ ជាពិសេសការពិនិត្យទាំងអ្នកចូលនិងចេញ រូបភាពវាយតម្លៃ ថាតើស្ថានភាពអ្នកដែលចេញនិងចូលមកនេះ តើអាចជាជនរងគ្រោះឬទេ រឿងនេះជារឿងស្មុគស្មាញ។ ទម្រង់នៃការជួញដូរមនុស្ស មិនមានអីច្បាស់លាស់។ វាបន្លំជាមួយនឹងសកម្ម​ភាពដែលស្របច្បាប់។ គ្រាន់តែក្នុងវីដេអូ២ ទៅ៣ ករណីអម្បាញ់មិញនេះ ឃើញថាពិបាកទៅហើយ។

(៣) ប្រទេសជាច្រើន កំណត់ថាការពពោះជំនួសមិនខុសច្បាប់ទេ តែការលក់ដូរជាការខុសច្បាប់

តើការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសខុសច្បាប់ទេ? ថាអត់ខុសទេ។ ប៉ុន្តែពេលដែលការចេញទៅហើយ គេយកធ្វើអី? គេប្រែក្លាយពីភាពស្របច្បាប់ទៅ(ជារឿងផ្សេង)។ សូម្បីតែប្រទេសដែលឱ្យ visa ជនជាតិខ្មែរ ដែលរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសទៅហ្នឹង ក៏អត់ដឹងថារឿងហ្នឹងខុសច្បាប់ដែរ។ វានៅក្នុងផ្នត់គំ​និត ក្នុង​ខួរក្បាលរបស់មនុស្ស … ករណីមួយដែលបានកើតមាន និងទើបរៀបចំ គឺមានជនជាតិនៅក្នុងប្រទេសអាស៊ានយើងមួយ ដែលគាត់មកដាក់ពពោះនៅកម្ពុជា។ តើការពពោះជួយគ្រួសារប្ដីប្រពន្ធដែលអត់កូននោះខុសច្បាប់ទេ? ប្រទេសជាច្រើនមិនកំណត់ថាខុសច្បាស់ទេ។ ប៉ុន្តែនៅពេលដែលមានការពពោះដើម្បីលក់ដូរ នោះទើបបានខុសច្បាប់។ ប៉ុន្តែពេលដំបូង យើងពិបាក(វិនិច្ឆ័យ)

(៣) ក្រសួងពាក់ព័ន្ធបានឆ្លើយតបទាន់ពេលវេលា ចំពោះការសុំអន្តរាគមន៍តាមបណ្តាញសង្គមពីប្រជាពលរដ្ឋ

ក្នុងឱកាសនេះ ខ្ញុំសូមអរគុណដល់ក្រសួងមហាផ្ទៃ, ក្រសួងការងារ(និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ), ក្រសួងការបរទេស ឯកឧត្តម សុខ ចិន្តាសោភាព (អតីតរដ្ឋមន្ត្រី) នៅទីនេះ។ យើងបានដោះស្រាយការងារតាមប្រទេសមួយចំនួនទាន់ពេលវេលា នៅពេលដែលយើងបានទទួលការសុំអន្តរាគមន៍តាមបណ្តាញសង្គម ពីប្រជាពលរដ្ឋខ្មែរត្រូវគេបោកទៅរៀបការ ឬមួយទៅធ្វើការ។ ពេលបានដែលបានទទួលយើងចាត់ចែងភ្លាម។ អរគុណដល់ស្ថានឯកអគ្គរាជទូតកម្ពុជា ស្ថានអគ្គកុងស៊ុលកម្ពុជា នៅតាមបណ្ដាប្រទេសជាច្រើនដែលសហការគ្នាបានល្អ។ ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ យើងធ្វើការភ្លាមៗដើម្បីជួយពួកគាត់។ កន្លងទៅ ក្រសួងការងារក៏បានដោះស្រាយ(កិច្ចការមួយចំនួនដែរ)។

(៤) ពិចារណាទិដ្ឋភាពច្បាប់ បច្ចេកទេស និងមនុស្សធម៌ ក្នុងការដោះស្រាយករណីជួញដូរមនុស្ស

កន្លែងខ្លះ(ពលរដ្ឋយើង)ចេញទៅធ្វើការស្របច្បាប់ទេ ប៉ុន្តែពេលទៅដល់(ប្រទេសគោលដៅ) អ្នកដែលស្របច្បាប់ហួសសុពលភាពហើយអត់ត្រឡប់(មកប្រទេសវិញ)ក៏ក្លាយទៅជាខុសច្បាប់។ ការបង្ការនេះសំខាន់។ ពេលខ្លះយើងត្រូវពិនិត្យមើល និងអារកាត់។ ដូចជាជនបរទេសមកពពោះ យកហេតុផលថាមានជីវភាពក្រីក្រ ដោយសារក្រពះ គាត់ត្រូវពពោះឱ្យគេ។ អញ្ចឹងទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពមនុស្សធម៌ បានច្រលូកចូលគ្នានៅក្នុងករណីនីមួយៗ ការដោះស្រាយករណីនេះ យើងត្រូវតែអនុវត្តច្បាប់ … ព្រោះហ្នឹងជាការចូលរួមចំណែកទប់ស្កាត់ការជួញដូរមនុស្ស …។

(៥) រួមគ្នាបង្កាដោយការអប់រំ បណ្ដុះបណ្ដាល ផ្សព្វផ្សាយពីហានិភ័យនៃការត្រូវបោកប្រាស

យើងត្រូវរួមគ្នាបង្កាតាមរយៈការអប់រំ បណ្ដុះបណ្ដាល ផ្សព្វផ្សាយឱ្យគ្រួសារដឹង ឱ្យឪពុកម្តាយ ឱ្យសាមីខ្លួនដឹង ពីហានិភ័យនៃការចាញ់បោកគេ។ ឥឡូវនេះ (ការជឿនលឿនផ្នែក)បច្ចេកវិទ្យា(ធ្វើអោយមាន)លំបាក … ក្មេងៗ ស្រឡាញ់គ្នាមិនដែលប្រាប់អ្នកណាទេ។ លួចទាក់ទងគ្នាតាមហ្វេកប៊ុក តាម Telegram។ ម៉ែឪក្នុងផ្ទះអត់ដឹង។ ស្រ​ឡាញ់គ្នាយូរទៅៗ គេបោកឱ្យថតអីអញ្ចេះអញ្ចុះ។ គេយកទៅផូស្ត។ ករណីនេះក៏ធ្លាប់មាន។ ប្តឹងមកខ្ញុំ។ ខ្ញុំឱ្យខាងជំនាញចាត់ការ។ កន្លែងខ្លះ នៅក្នុងស្រុក យើងធ្វើបាន។ កន្លែងខ្លះ អ្នកនៅក្រៅ។ ព្រោះ Internet ហ្នឹងវាពិបាក(ក្នុងការ)យើងគ្រប់គ្រង។ បើអត់ Internet អត់តាមប្រព័ន្ធបច្ចេកវិទ្យា ទាល់តែមកជួបផ្ទាល់ស្រួលចាប់។ ដល់អ្នកប្រព្រឹត្តខុសហ្នឹងនៅរាប់ពាន់គីឡូ ហើយរូបភាពឥទ្ធិពលដូចគ្នា បញ្ចេញរូបអាក្រាតរបស់បុគ្គលម្នាក់ពីអាមេរិកមក ក៏ខុសបញ្ចេញពីស្រុកខ្មែរ វាធ្វើឱ្យខូចកិត្តិយសដូចគ្នា។ អញ្ចឹងមានតែការខិតខំទប់ស្កាត់តាមរយៈការអប់រំឱ្យគាត់ដឹង

(៦) ផ្អាកការអនុញ្ញាត adoption មួយរយៈ ដើម្បីទប់ស្កាត់ជនខិលខូច ប្រើជាឱកាសរកស៊ី

ទាក់ទងនឹងការឆរបោកនេះ បើយើងនិយាយពាក្យនវានុវត្តន៍គឺពូកែណាស់ សមត្ថកិច្ចយើងរត់អត់ទាន់ទេ។ គាត់ដើរមួយជំហានសឹងតែមុនយើង។ ដូចឆ្មានិងកណ្តុរអញ្ចឹង។ យើងបិទមួយ គាត់ចេញមួយជ្រុងទៀត។ កាលមុនមានបញ្ហាដូចរឿងសុំកូន/កុមារកំព្រា។ ធម្មតា adoption នេះគឺការងារមនុស្សធម៌ហើយ។ ពេលដែលការធ្វើ adoption បានល្អ ជនខិលខូចចាប់ផ្តើមមើលឃើញថារឿងហ្នឹងជា Business ជាឱកាសរកស៊ីមួយ។ អញ្ចឹងធ្វើឱ្យខូចដល់អ្នកដទៃ។ អញ្ចឹង កាលនោះ ដាច់ខាតយើងត្រូវផ្អាកមួយរយៈ។ ធ្វើឱ្យក្មេងមួយចំនួនបាត់ឱកាសដើម្បីបានឪពុកម្តាយល្អ … បើសិនវាមិនអញ្ចឹង វាជ្រាបចូលទៅអ្វីដែលល្អ …។

(៧) ទប់ស្កាត់បានការជួញដូរមួយករណី គឺជួយជីវិតបានមួយ គ្រួសារមួយ សុភមង្គលមួយ

និយាយបែបនេះ មិនមែនបានន័យថា(ដោយវាជា)បញ្ហាស្មុគស្មាញ យើងមិនធ្វើទេ។ បញ្ហាស្មុគស្មាញ ប៉ុន្តែយើងត្រូវតែប្រឈម យើងមិនអាចដើរចោល ឬទុកចោល។ មិនមែនថាគ្រប់ប្រទេសមានបញ្ហាហ្នឹង ឬដោយសារបញ្ហាហ្នឹងស្មុគស្មាញ យើងមិនបាច់ធ្វើនោះទេ។ ការដែលយើងទប់បានមួយករណី គឺជួយបានជីវិតមួយ គ្រួសារមួយ សុភមង្គលមួយ។ ប្រជាជនខ្មែរនៅក្រៅប្រទេសក៏មិនខុសពីប្រជាជនបរទេសនៅក្នុងស្រុក គឺតម្លៃនិងអាទិភាពនៃការជួយត្រូវយកចិត្តទុកដាក់ដូចគ្នាដោយមិនមានការរើសអើង។ នេះជាអភិក្រមរបស់យើង។ មនុស្សដូចគ្នា ការលំបាកដូចគ្នា។ យើងជួយជនជាតិផ្សេង ប្រទេសផ្សេងក៏ជួយជនជាតិយើង … មិនខុសពីជំនាន់កូវីដ-១៩ ទេ ដែលប្រជាជនបរទេសនៅស្រុកខ្មែរត្រូវ​បានយើងផ្តល់ការចាក់វ៉ាក់សាំងឱ្យ ហើយប្រជាជនយើងនៅក្រៅប្រទេស ក៏ទទួលបានការចាក់វ៉ាក់សាំងដូចគ្នា។

(៨) ប្រឆាំងការជួញដូរមនុស្សជាកាត្វកិច្ចរបស់មនុស្សជាតិ

ការជួយគ្នាបែបនេះជាកិច្ចសហប្រតិបត្តិការ។ ខ្ញុំក៏អរគុណដល់ដៃគូស្ថាប័នជាតិ និងអន្តរជាតិរបស់យើង ដែលចូលរួមធ្វើការងារនេះ។ កិច្ចការ(ប្រឆាំងការជួញដូរមនុស្ស)នេះគឺជាកាត្វកិច្ចរបស់មនុស្សជាតិ ដែលមិនមែនតែជារបស់កម្ពុជា របស់អាមេរិក របស់ប្រទេសអាស៊ាននោះទេ។ វាជាកាត្វកិច្ចមនុស្សធម៌របស់មនុស្សជាតិទាំងអស់ ដែលយើងត្រូវធ្វើ។ ត្រូវតែខិតខំបង្កា និងធ្វើការឆ្លើយតប គ្រប់គ្រង និងដោះស្រាយ ចំពោះការឆ្លៀតឱកាសកេងចំណេញពីការជួញដូរមនុស្សនេះ … ការពង្រឹងយន្តការអនុវត្តច្បាប់ ការរៀបចំច្បាប់ និងការរៀបចំពង្រឹងនូវបច្ចេកវិទ្យា … សម័យឥឡូវ យើងអាចច្បាមយកបច្ចេកវិទ្យាទាន់សម័យបាន។ យើងអាចសហការជាមួយបរទេស។

(៩) ពង្រឹងនិងប្រែក្លាយការប្រឈម ជាកាលានុវត្តភាពពង្រឹងការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យា

ខាងបច្ចេកវិទ្យា យើងមានក្រសួងមហាផ្ទៃ ខាងក្រសួងប្រៃសណីយ៍ ខាងស្ថាប័ននីមួយៗ យកចិត្តទុកដាក់ក្នុងការពង្រឹងខាងបច្ចេកវិទ្យានេះ។ ឥឡូវជនអាក្រក់ក៏ប្រើបច្ចេកវិទ្យា។ យើងត្រូវប្រើបច្ចេកវិទ្យា។ យើងមិនអាចមើលរំលងបច្ចេកវិទ្យាបានទេ​។ បើយើងបិទ Internet វាទាល់តែបិទទាំងអស់គ្នា។ យើងមិនអាចធ្វើ(បានទេ)។ តែបើបើកត្រូវតែប្រ​ឈម។ អញ្ចឹង ទាល់តែពង្រឹងបច្ចេកវិទ្យា យកវាជាឧបករណ៍សម្រាប់ជួយយើងវិញ។ វាជាបញ្ហាប្រឈម តែយើងត្រូវកែប្រែវាឲ្យទៅជាកាលានុវត្តភាពដើម្បីពង្រឹងទាំងការអភិវឌ្ឍទាំងសមត្ថភាពរបស់យើង។ នេះជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បន្តការខិតខំប្រឹងប្រែងជាកិច្ចការរួម …។

(១០) ការវាយតម្លៃរបស់ប្រទេសមួយចំនួនលើការខំប្រឹងប្រែងរបស់កម្ពុជាអំពីការជួញដូរមនុស្សមិនយុត្តិធម៌

ស្ថានភាពនេះ ប៉ះពាល់មិនត្រឹមរឿងជួញដូរមនុស្សទេ តែក៏ប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា ប៉ះពាល់ដល់គ្រប់វិស័យទាំងអស់។ កន្លងទៅ យើងមានបញ្ហាប្រឈមពីព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យយើងខូចឈ្មោះច្រើន។ កន្លែងខ្លះ ការចាត់ថ្នាក់/វាយតម្លៃរបស់ប្រទេសមួយចំនួនមកលើចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា អំពីការជួញដូរមនុស្សនេះ ក៏មិនសុក្រឹត មិនយុត្តិធម៌ប៉ុន្មានដែរ។ យើងមិនបដិសេធថា យើងគ្មានបញ្ហានោះទេ។ កម្ពុជាក៏មិនដែលបដិសេធមិនទទួលស្គាល់ថា កម្ពុជាគ្មានបញ្ហាជួញដូរមនុស្ស ឬបញ្ហាអសន្តិសុខផ្សេងៗ នោះដែរ។ (ដោយសារតែ)ហេតុនេះ និងព្រោះតែយើងមានសុឆន្ទៈច្បាស់លាស់ហើយ បានជាយើងពង្រឹងយន្តការនិងពង្រឹងការអនុវត្តច្បាប់ សហការជាមួយបរទេស។ ផ្ដើមចេញពីយើងទទួលស្គាល់ថាកំពុងប្រឈមបញ្ហានេះហើយ ដែលយើងត្រូវដោះស្រាយ មិនអាចបិទវាទុក ហើយលាក់វានោះទេ។ យើងមិនអាចបិទព័ត៌មាន មិនចែករំលែក ហើយថាអត់មាននោះទេ។ យើងត្រូវទទួលស្គាល់។

(១១) រដ្ឋាភិបាលកម្ពុជាត្រូវផ្សព្វផ្សាយពីការអនុវត្ត បដិសេធនិងឆ្លើយតបចំពោះការមួលបង្កាច់

ពេលខ្លះក៏យើងត្រូវធ្វើការផ្សព្វផ្សាយពីការអនុវត្តរបស់យើង ក៏ដូចជាការឆ្លើយតបទៅនឹងការមួលបង្កាច់មួយចំនួន។ អ្នកខ្លះចោទថា រដ្ឋាភិបាលកម្ពុជាមិនដែលទទួលស្គាល់ការពិត អាងអីអាងតែបដិសេធ។ ការពិតយើងទទួលស្គាល់ តែការមួយបង្កាច់ យើងត្រូវបដិសេធនិងឆ្លើយតប។ ថ្ងៃមុន ករណីកូរ៉េណាមួយមក និងថាត្រូវគេចាប់។ ដល់ទៅឆែកមើល មិនមានឯណា។ អគ្គស្នងការបានបញ្ចេញព័ត៌មានប្រាប់។ ថ្ងៃមុន នៅខេត្តកណ្ដាល … មានជនបរទេសម្នាក់ស្រែកថាត្រូវគេបង្ខំគាត់ វាយគាត់។ ដល់ទៅមើល អង្គុយគ្រហើៗ ហូបភីហ្សា។ គាត់បង្ហោះព័ត៌​មានបែបនេះ ធ្វើឲ្យខូចកម្ពុជា។

ថ្ងៃមុនរឿងទាសករឈាម។ ថាកម្ពុជាជាប្រទេស(ដែលគេចាប់បូមឈាមលក់)។ មានជនបរទេសម្នាក់ផូស្តថាគាត់ត្រូវបានគេចាប់បូមឈាមលក់។ រឿងពិតវាមិនមែនអញ្ចឹង។ រឿងពិត គាត់មានជំងឺឈាមសឈាមក្រហម។ គាត់មកធ្វើការ។ ដល់គាត់អស់លុយ ជាមួយគ្នាគាត់ដែលនៅគ្លីនិកត្រូវគ្នាបង្កើតរឿងថាគេបូមឈាមគាត់លក់ ដើម្បីឲ្យគេធ្វើ donation។ ទីបំផុត ខូចកម្ពុជាទាំងមូល។ ទម្រាំយើងរកឃើញ និងបញ្ជូនគាត់ទៅស្រុក។ ប៉ុន្តែ ព័ត៌មានដែលគាត់បានបង្ហាញ(ថាកម្ពុជា)អាក្រក់នេះមនុស្សរាប់លាននាក់បានមើល(ទៅហើយ)។ ដល់ទៅយើងបង្ហាញព័ត៌មានពិត មនុស្សមើលតែ ១ម៉ឺន ២ម៉ឺននាក់។ អញ្ចឹងត្រូវបង្កើន(ការយកចិត្តទុកដាក់លើ)បញ្ហានេះ។

ទើបនឹង២សប្ដាហ៍មុន ឃើញគេបង្ហោះឡើងវិញករណីក្មេងតៃ​វ៉ាន់ ២នាក់ ដែលជា YouTuber និង TikToker ដែលចង់បានល្បីខ្លួនឯង មកកម្ពុជាក្លែងថាមានការចាប់ជម្រិតគាត់។ គាត់​ថានៅកម្ពុជាមានការចាប់ជម្រិត ជួញដូរមនុស្សស្អីអញ្ចឹងទៅ។ គាត់ទៅទិញខោអាវទាហាននៅទឹកថ្លា។ គ្នាគាត់តែ២នាក់ហ្នឹង។ ធ្វើដើម្បីបាន views រាប់លាននាក់។ ទីបំផុត Fans ដែលមើលនោះ ច្រឡំថាកម្ពុជាអាក្រក់។ មកមិនទាន់បានអី ក៏ត្រូវបាមចាប់ទៅហើយ … ឯកឧត្ដម គួច ចំរើន ហៅមកសួរថាធ្វើដើម្បីអី? គាត់ធ្វើដើម្បីបាន views គាត់ល្បី គាត់ចង់ទៅលក់ផលិតផលស្អីណានោះ។ គាត់យកកម្ពុជាធ្វើជាអាជីវកម្មរបស់គាត់តាមការបំផ្លាញ។

ឯកឧត្តម គួច ចំរើន ហៅសួរថាធ្វើម៉េច? គាត់ចង់បានឲ្យview គាត់ល្បី ដើម្បីគាត់បានទៅលក់ផលិតផលស្អីណាគាត់។ ប៉ុន្ដែយកកម្ពុជាធ្វើជាអាជីវកម្មរបស់គាត់តាមការបង្ហាញ។ មានអ្នកធ្វើអន្ដរាគមន៍ថា “វាក្មេង! ម្ដាយឈឺនៅតៃវ៉ាន់។ ម្ដាយដេកនៅកន្ទេលហើយ។ សូមដោះលែងទៅ”។ តើយើងគួរឲ្យស្ងាត់ៗ ទេ? ខ្ញុំប្រាប់ថាអត់ទេ។ ជនទាំងនេះបានធ្វើឲ្យ(អ្នក)មើលរាប់លាននាក់យល់ខុសពីកម្ពុជា … ខ្ញុំថាអោយដាក់(ទោស) maximum … បើយកហេតុផលថា ម្ដាយឈឺគួរដោះលែង ខ្ញុំថាគួរដាក់ឲ្យខ្លាំងជាងហ្នឹងទៀតតាមផ្លូវច្បាប់។

បើម្ដាយឈឺកូនកតញ្ញូ មិនដែលដើរមកបំផ្លាញប្រទេសផ្សេងអញ្ចឹងទេ។ គេនៅមើលថែឪពុកម្ដាយ … ឯពួកគាត់មានផែនការថតនៅកំ​ពង់សោម ហើយបំរុងចេញមកថតនៅភ្នំពេញ និងសៀមរាប ហើយហោះទៅធ្វើដូចគ្នានៅប្រទេសផ្សេងទៀត។ ដល់ពេលយើងអនុវត្ដច្បាប់តឹងរ៉ឹង ព័ត៌មានផ្សាយទាំងតៃវ៉ាន់ទាំងអី ហើយអ្នក comment ភាគច្រើន ទាំងជនជាតិតៃវ៉ាន់ភាគច្រើនក៏មិនគាំទ្រអ្នកនោះដែរ។

(១២) ដោយទទួលស្គាល់ថាមានករណីជួញដូរ ទើបខិតខំដើម្បីកាត់បន្ថយនិងទប់ស្កាត់

ប្រសិនបើមានការមួលបង្កាច់ ដាច់ខាតយើងត្រូវមានការឆ្លើយតប។ ស្ថាប័នពាក់ព័ន្ធ ត្រូវប្រាប់ទៅភ្លាម។ ចង់អ្នកណាថាយើងរកតែលេស(ក៏ដោយចុះ)។ មិនមែនទេ។ យើងទទួលស្គាល់ថាមានបញ្ហា។ យើងខិតខំ។ គណៈកម្មាការ(ជាតិប្រយុទ្ធប្រឆាំងការ)ជួញដូរមនុស្ស ក្រសួងស្ថាប័ន មហាផ្ទៃដឹកនាំ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថអី រាជធានីខេត្តនិមួយៗ ខំអនុវត្ដ។ យើងទទួលស្គាល់បញ្ហា។ យើងសហការជាមួយដៃគូ មិត្តជាតិ អន្ដរជាតិ ធ្វើកិច្ចការនេះ ដោយសារយើងទទួលស្គាល់ថាមានបញ្ហា។ យើងខិតខំដើម្បីកាត់បន្ថយ ទប់ស្កាត់បញ្ហា ប៉ុន្ដែ បើអ្នកឯងមកលាបពណ៌យើង ធ្វើមិនត្រូវ យើងមានសិទ្ធិក្នុងការការពារខ្លួន

(១៣) អនុវត្ដច្បាប់ចំពោះអ្នកបង្ករូបភាពអាក្រក់ សរសេរបរិហាផ្អែកលើព័ត៌មានមិនពិត ឬមានចេតនាបំផ្លាញ

ដែលថាការពារកម្ពុជាមិនមែនការពាររាជរដ្ឋាភិបាលទេ គឺការពាររូបភាពរបស់កម្ពុជា សំរាប់ប្រជាពលរដ្ឋកម្ពុជារាប់លាន​នាក់នៅក្នុងប្រទេស។ មិនអាចថា ជនជាតិកម្ពុជាឲ្យតែទៅក្រៅប្រទេស គេឃើញមុខគេយល់ថា មកពីប្រ​ទេស(ជាកន្លែងជួញដូរមនុស្សឬប្រព្រឹត្ដអំពើទុច្ចរិត?)នោះទេ។ ជាកិត្ដិយសជាតិរបស់យើង។ វេទនា ៥០០ឆ្នាំ មកហើយ នៅសល់តែប៉ុន្មានថ្ងៃទៀតទេខួប ២៦ឆ្នាំនៃការបញ្ចប់សង្គ្រាម ទើបបានឯកភាពទឹកដី។ យើងវេទនាណាស់ទៅហើយ។ មិនអាចឲ្យជនបរទេសមកបំផ្លាញកិត្តិយសដើម្បីគេកេងចំណេញនោះទេ។ ត្រូវតែអនុវត្ដ(ច្បាប់) ទាំងចំពោះអ្នកលបលួចចូលមកកម្ពុជាដើម្បីបំផ្លាញកម្ពុជា(ឲ្យ)មានរូបភាពអាក្រក់ ទាំងអ្នកមកដើម្បីថតបង្ហាញ ទាំងអ្នកវាយប្រហារ ទាំងអ្នកសរសេរនៅខាងក្រៅ(ប្រទេស) ដោយផ្អែកលើព័ត៌មានមិនច្បាស់ ឬមានចេតនាបំផ្លាញ។ យើងត្រូវឆ្លើយតបដើម្បីការពារយុត្ដិធម៌។ គ្មានអីខុសទេ។ ខ្ញុំសូមឲ្យស្ថាប័ន ប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាដើម្បីការពារកិត្ដិយសជាតិ។ នេះជាកិច្ចការសំខាន់។

(១៤) ថែរក្សាសន្ដិភាពរយពាន់ឆ្នាំទៅមុខ រស់នៅដោយសេចក្ដីសុខសុវត្ថិភាព និងសន្ដិភាព

យើងតស៊ូរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្សនិងបទល្មើសផ្សេងៗ ដើម្បីសេចក្ដីសុខកូនចៅរបស់យើង។ (សន្តិភាព)២៦ឆ្នាំ (នៅ)ខ្លី(នៅឡើយ)។ ក្នុងរយៈពេលប្រវត្ដិសាស្ដ្រ ៥០០ឆ្នាំ (សង្គ្រាមផ្ទៃក្នុង)វាវែងជាងសន្ដិភាព។ ប៉ុន្ដែយើងមិនអាចឲ្យវាចប់តែប៉ុណ្ណេះទេ ត្រូវ(បន្ដថែរក្សាសន្ដិភាព)រហូតរាប់រយ រាប់ពាន់ឆ្នាំកុំឲ្យ​សង្គ្រាមត្រឡប់មកវិញ។ សង្គ្រាមផ្លូវកាយ ខាងជម្លោះប្រដាប់អាវុធ ប៉ុន្ដែសង្គ្រាមផ្លូវចិត្ត គឺការរស់នៅដោយសេចក្ដីសុខសុវត្ថិភាព សន្ដិភាព សន្ដិសុខ គឺជាអ្វីដែលយើងត្រូវថែរក្សា។យើងចង់អោយមានទេសចរមកលេងកម្ពុជា មករត់កីឡា មកលេងបុណ្យអ៊ុំទូក ដោយគ្មានភាពភ័យខ្លាច រួមទាំងប្រជាពលរដ្ឋរបស់យើងផង។ ឥលូវជិតចូលឆ្នាំទៀតហើយ។ ចូលឆ្នាំសកល បន្ទាប់មកចូលឆ្នាំចិន បន្ទាប់មកចូលឆ្នាំខ្មែរ។ អញ្ចឹងមួយឆ្នាំយើងឡើងអាយុ ៣ឆ្នាំក៏មិនអីដែរ ប៉ុន្ដែដោយសប្បាយរីករាយ កុំឲ្យមានភាពភ័យខ្លាច នេះជាកិច្ចការសំខាន់។

(១៥) ប្រឆាំងនិងទប់ស្កាត់ការជួញដូរមនុស្ស មិនមែនសង្គ្រោះតែជនរងគ្រោះទេ ប៉ុន្ដែក៏ជួយសង្គ្រោះជាតិ​ រួមចំណែកកាត់បន្ថយនិងទប់ស្កាត់បណ្ដាញជួញដូរមនុស្សពិភពលោកផងដែរ

ធ្វើការ(ប្រឆាំង)និងទប់ស្កាត់ការជួញដូរមនុស្ស មិនមែនគ្រាន់តែដើម្បីបុគ្គល ឬជួយសង្គ្រោះជនរងគ្រោះទេ ប៉ុន្ដែជួយសង្គ្រោះជាតិ ហើយក៏រួមចំណែកកាត់បន្ថយ និងទប់ស្កាត់បណ្ដាញនៃការជួញដូរមនុស្សពិភពលោក ដែលធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋទាំងអស់នៅលើសកលលោក។ កម្ពុជាមិនអាចទៅលូកដៃធ្វើការជំនួសប្រទេសណាផ្សេងទេ ប៉ុន្ដែកម្ពុជាធ្វើការគ្រប់គ្រងក្នុងប្រទេសខ្លួន ដែលនឹងចូលរួមចំណែកក្នុងការកាត់បន្ថយ(សកល)។ ហ្នឹងវាពាក់ព័ន្ធគ្នា ជាបណ្ដាញអន្ដរជាតិ ដូចនៅក្នុងសំភាសន៍របស់លោកជំទាវដែលបានបញ្ជាក់អម្បាញ់មិញនេះ ថា “រឿងនេះមិនមែនជារឿងរបស់កម្ពុជាតែម្នាក់ឯងទេ។ មុខសញ្ញាអន្ដរជាតិឆ្លងព្រំដែន អ្នករងគ្រោះក៏ឆ្លងព្រំដែន សមត្ថកិច្ចត្រូវឆ្លងព្រំដែនធ្វើការរួមគ្នា។ យើងត្រូវបន្ដធ្វើការសហការគ្នាបន្ដទៅទៀត។

[បញ្ចប់សេចក្ដីអធិប្បាយ]

ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីធ្វើការអំពាវនាវជាថ្មី ដល់ថ្នាក់ដឹកនាំមន្រ្តី រាជការ អាជ្ញាធរ គ្រប់-លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ព្រះសង្ឃ និងមេដឹកនាំសាសនាគ្រប់និកាយ បងប្អូន ជនរួមជាតិទាំងអស់ ដូចខាងក្រោម៖

១. ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរ កម្លាំងសមត្ថកិច្ច និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់៖

  • សូមខិតខំបំពេញភារកិច្ចឱ្យបានល្អ តាមតួនាទីដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ប្រកប- ដោយការទទួលខុសត្រូវខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ ដោយអនុវត្ត តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល          ព្យាបាល និងវះកាត់» ដើម្បីធ្វើខ្លួនជាមន្រ្តីល្អ សក្តិសមនឹងការជឿទុកចិត្ត ពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ។
  • ខិតខំតាមដានបាតុភាព និងបទល្មើសផ្សេងៗ និងបង្កើនការទទួលខុសត្រូវ ដោយយកចិត្តទុកដាក់គ្រប់គ្រងព្រំដែន និងលំហូរឆ្លងកាត់ព្រំដែន គ្រប់ទីតាំង ឱ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឱ្យមានអំពើជួញដូរមនុស្ស និងការរំលោភ-បំពានផ្សេងៗ ។
  • តាមដាន និងពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តនានាឱ្យមានប្រសិទ្ធភាព
  • មន្ត្រីមានសត្ថកិច្ចពាក់ព័ន្ធ មិនគប្បីព្រងើយកន្តើយ បណ្តែតបណ្តោយ ឬធ្វេសប្រហែស ចំពោះ អំពើល្មើសដែលកើតមានឡើយ ដែលអាចចាត់ទុកថា ជាការឃុបឃឹត និងលើកទឹកចិត្តឱ្យជនល្មើស មានឱកាសប្រព្រឹត្តកាន់តែច្រើនឡើង
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គប្បីធ្វើការសិក្សាឱ្យបានច្បាស់លាស់អំពីគុណសម្បត្តិ និងគុណវិបត្តិ នៃការធ្វើទេសន្តរប្រវេសន៍ តុល្យភាពនៃកម្លាំងពលកម្មដែលត្រូវការ និងលក្ខខណ្ឌដែលត្រូវបញ្ជូនចេញទៅធ្វើការងារក្រៅប្រទេស ប្រកប -ដោយការទទួលខុសត្រូវ ។
  • គ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំរួមគ្នាដោះស្រាយផ្តល់យុត្តិធម៌ដល់អ្នកដែលរងគ្រោះ ព្រមាន និងដាក់ទោសជនល្មើស ឱ្យសក្តិសមនឹងអំពើដែលបានប្រព្រឹត្ត ដើម្បីជាការលើកទឹកចិត្តដល់អំពើល្អ សុចរឹតភាព និងយុត្តិធម៌ក្នុងសង្គម ។
  • ខិតខំផ្សព្វផ្សាយអប់រំ តាមសាលារៀន តាមវេទិកាសហគមន៍នានា ជាពិសេស ក្នុងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ អំពើហិង្សា ការរំលោភបំពានលើស្រ្តីនិងកុមារ អំពើជួញដូរមនុស្ស និងគ្រឿងញៀន ស្រវឹងគ្រប់ប្រភេទ ដែលប្រឈមនឹងការដាក់ទោសទណ្ឌតាមច្បាប់ជាធរមាន ។
  • គ្រប់ក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ គប្បីរួមគ្នា លើកកម្ពស់ និងបង្កើនការងារក្នុង ស្រុក លុបបំបាត់ការធ្វើទេសន្តរប្រវេសន៍ដែលប្រថុយប្រថាន មិនមានឯកសារត្រឹមត្រូវ ។
  • គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់ប្រភេទ គប្បីបង្កើនប្រសិទ្ធភាព និងភាពជឿជាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងជួយសម្របសម្រួលឱ្យប្រជា-ពលរដ្ឋទទួល បានសេវាទាំងនោះដោយត្រឹមត្រូវ ។

២. ចំពោះវិស័យសាសនា និងប្រជាពលរដ្ឋគ្រប់រូប ក៏មានភារកិច្ចសំខាន់ក្នុងការចូលរួមលុបបំបាត់បទល្មើសទាំងអស់នេះ ដោយសំណូមពរ៖

បន្តបង្កើនការអប់រំផ្សព្វផ្សាយខ្លឹមសារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់សាសនិក ទាំងឡាយ នៅតាមសហគមន៍ទូទាំងប្រទេស ឱ្យបានយល់ជ្រួតជ្រាបថា បទល្មើសទាំងឡាយ អាចកើតមានឡើងបាន អាស្រ័យដោយមនុស្ស ខ្វះសីលធម៌ គុណធម៌ មនុស្សធម៌ ដែលធ្វើឱ្យមនុស្ស លែងមានការគោរពច្បាប់ មិនគោរពឱ្យតម្លៃមនុស្សផងគ្នា គ្មានយល់អធ្យាស្រ័យ លែងដឹងខុសត្រូវ បាប បុណ្យ គុណ ទោស អាត្មានិយម និងមិនខ្វាយខ្វល់ពីទុក្ខលំបាករបស់អ្នកដទៃ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ។

ប្រជាជនគ្រប់រូប គប្បីរួមសហការគ្នា ការពារទប់ស្កាត់រាល់បទល្មើស ការពារកូនចៅ និងអ្នករស់នៅក្នុងសហគមន៍ពីភាពរងគ្រោះ និងគប្បីផ្តល់ការអនុគ្រោះ ជួយការពារ គាំទ្រ និងអប់រំព្យាបាលរបួសផ្លូវចិត្តជនធ្លាប់រងគ្រោះ និងជួយតម្រង់ទិសរកភាពរីកចម្រើន ។ គប្បីរាយការណ៍ សហការ និងគាំទ្រអាជ្ញាធរ និងសមត្ថកិច្ចឱ្យធ្វើការស៊ើបអង្កេត និងបង្ក្រាបបទល្មើស និងជនល្មើស ដើម្បីសុវត្ថិភាពសហគមន៍ ហើយត្រូវចៀសវាង កុំចូលរួម កុំគាំទ្រ កុំប្រព្រឹត្ត និងកុំទទួលផលពីអំពើទុច្ចរឹត ។

សូមថ្នាក់ដឹកនាំគ្រប់រាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ឃុំ សង្កាត់ និងតាមបណ្តាសាលារៀន ចាត់តាំងការរៀបចំផ្សព្វផ្សាយ តាមរូបភាពផ្សេងៗ នូវសារទាំងឡាយ នៃទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ក្រោមប្រធានបទ « កម្ពុជា ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» សម្រាប់ជាការដាស់តឿន ឱ្យប្រជាពលរដ្ឋទាំងអស់ បានយល់ដឹង និងចូលរួមបង្ការទប់ស្កាត់ និងការពារខ្លួនពីអំពើជួញដូរមនុស្ស ។

ជាទីបញ្ចប់នេះ ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមលើកដៃបួងសួង ដល់បារមី វត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយទ្រទ្រង់ បីបាច់រក្សា និងប្រទានពរស័ព្ទសាធុកា ថ្វាយព្រះករុណា សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតា-ជាតិខ្មែរ សូមស្តេចប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះប្រាជ្ញាភ្លឺថ្លាវាងវៃ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅប្រជានុរាស្រ្តកម្ពុជា អស់កាលដ៏យូរអង្វែងតទៅ ។

សូមថ្វាយព្រះពរ សម្តេចព្រះមហាសង្ឃរាជា ព្រះមហាសង្ឃរាជស្តីទី ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មានព្រះជន្មាយុយឺនយូរ ព្រះសុខភាពល្អ ដើម្បីដឹកនាំសាសនាជាតិឱ្យបានរុងរឿងតរៀងទៅ និងសូម សម្តេច ឯកឧត្តម លោកជំទាវ តំណាងអង្គទូត និងស្ថានតំណាងនៃបណ្តាប្រទេសជាមិត្ត ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន លោកបណ្ឌិត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ វេជ្ជបណ្ឌិត គ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ ថ្នាក់ដឹកនាំ និងសាសនិកគ្រប់និកាយសាសនា ភ្ញៀវជាតិ អន្តរជាតិ សង្គមស៊ីវិល អ្នកសារព័ត៌មាន និងបងប្អូនជនរួមជាតិទាំងអស់ សូមមានសុខភាពល្អ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរព្រះគុណ និងសូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ