ក្រុមហ៊ុន MinebeaMitsumi Inc. នឹងដាក់ឱ្យដំណើរការរោងចក្រថ្មីជាផ្លូវការនៅខេត្តពោធិ៍សាត់ នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ

នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកអគ្គនាយកក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពី វឌ្ឍនភាពដ៏ល្អ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្ដើមវិនិយោគដំបូងនៅក្នុងឆ្នាំ២០១១ និងបានពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់រហូតមក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងបង្កើតរោងចក្រថ្មីមួយបន្ថែមទៀត នៅក្នុងខេត្តពោធិ៍សាត់ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ ក្រុមហ៊ុន Minebea​ ជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រនៅក្នុងបណ្តាប្រទេសជាច្រើន។ លោកអគ្គនាយកក្រុមហ៊ុនក៏បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក ហើយរោងចក្រថ្មីដែលក្រុមហ៊ុនកំពុងដំណើរការសាងសង់នេះនឹងក្លាយទៅជារោងចក្រទីមួយនៅកម្ពុជា ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០%។ ការណ៍នេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ នៅក្នុងវិស័យឧស្សាហកម្ម។ បន្ថែមពីនេះ កម្ពុជាក៏មានកម្លាំងពលកម្មដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនផងដែរ។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ ការណ៍នេះ​ បង្ហាញឱ្យឃើញអំពីការជឿជាក់បន្ថែមទៀតរបស់ក្រុមហ៊ុនក្នុងការវិនិយោគនៅកម្ពុជា ជាមួយនឹងការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។ សម្ដេចបវរធិបតី មានជំនឿងយ៉ាងមុតមាំថា តាមរយៈភាពជោគជ័យរបស់ក្រុមហ៊ុន Minebea នឹងជួយទាក់ទាញបណ្តាវិនិយោគិនជប៉ុនកាន់តែច្រើនបន្ថែមទៀត ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ជាអាទិភាពនៅក្នុងការធានាឱ្យបាននូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយន្តការលើកទឹកចិត្តនានាសម្រាប់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជា ជាពិសេសគឺក្រុមហ៊ុនវិនិយោគថ្មីៗ ព្រមទាំងបន្តខិតខំអភិវឌ្ឍការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលរួមមាន៖ ការលើកកម្ពស់គុណភាព និងការតភ្ជាប់ផ្លូវដែក, ការកសាងផ្លូវថ្នល់ ​ស្ពាន, និងការកសាងព្រែកជីកហ្វូណនតេជោ ដើម្បីសម្រួលទៅដល់ការតភ្ជាប់វិស័យដឹកជញ្ជូនក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ និងពិភពលោក៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...