អគ្គលេខាធិការសហភាពអន្តរសភាបង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឯកឧត្តម Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (Inter-Parliamentary Union – IPU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។

ក្នុងឱកាសនៃជំនួប ឯកឧត្តមអគ្គលេខាធិការ IPU បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។ ឯកឧត្តមអគ្គលេខាធិការក៏បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់កម្ពុជានៅក្នុងវេទិកាអន្តរជាតិនានា ដែលការណ៍នេះជាការចូលរួមចំណែករបស់កម្ពុជាក្នុងការថែរក្សាសន្ដិភាពក្នុងតំបន់ និងសកលលោក។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ឯកឧត្តមចង់ឃើញកម្ពុជាចែករំលែកនូវបទពិសោធន៍អំពីភាពអត់ឱន និងការធានានូវសុខសន្ដិភាពផ្ទៃក្នុងប្រទេស​ ក្រោយពីទទួលបាននូវសន្តិភាពពេញលេញ​ ជាមួយបណ្ដាប្រទេសនានា​ នៅលើសកលលោក។ ឯកឧត្តមក៏បានកោតសរសើរអំពីការរីកចម្រើននៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងបានបង្ហាញពីគោលបំណងនៃការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែល្អថែមទៀត​ រវាងសហភាពអន្តរសភា និងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការ IPU ដែលបានចំណាយពេលដ៏មមាញឹកចូលរួមក្នុងកិច្ចប្រជុំកំពូលនាឱកាសនេះ នៅលើទឹកដីសៀមរាប-អង្គរ។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារសំខាន់របស់ស IPU ដែលជាវេទិកាមួយសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង ស្ថាប័នសភា និងសភា ក៏ដូចជារដ្ឋាភិបាលនិងរដ្ឋាភិបាលនៃបណ្ដាប្រទេសលើសកលលោក និងបានគូសបញ្ជាក់អំពីតួនាទីរបស់កម្ពុជានៅក្នុងយន្តការសហភាពអន្តរសភា។ ជាមួយគ្នានោះ សម្ដេចបវរធិបតីបានស្វាគមន៍និងរីករាយចំពោះបំណងនៃការពង្រីកកិច្ចសហការបន្ថែមទៀត​រវាងសហភាពអន្តរសភា IPU និងស្ថាប័ននីតិប្បញ្ញត្តិនៅកម្ពុជា។

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...