ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម​ កោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា

នាល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរវៀតណាម ដែលបានសម្របសម្រួលពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ស្ថិតនៅខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីពេលថ្មីៗនេះ។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាក់ស្ដែង ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ មានកំណើនគួរឱ្យកត់សម្គាល់ បើធៀបជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ កន្លងទៅ។

ជាការឆ្លើយតប ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមបានកោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ទោះបីជាប្រឈមនឹងសម្ពាធសេដ្ឋកិច្ចសកលក៏ដោយ។ ម្យ៉ាងទៀត កិត្តិសព្ទរបស់កម្ពុជានៅលើឆាកអន្តរជាតិក៏ត្រូវបានលើកកម្ពស់បន្ថែមទៀត។ ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមបានសម្ដែងនូវសេចក្ដីរីករាយចំពោះពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ប្រទេសវៀតណាម ដែលបានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។

សម្ដេចបវរធិបតី និងឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ ទៅលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យទេសចរណ៍, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, វិស័យថាមពល, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ក៏ដូចជា ការអប់រំ យុវជន និងវប្បធម៌ ផងដែរ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ