នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម QU Qingshan សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសាស្ត្របក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបសម្តែងការគួរសម នៅវិមាន ៧មករា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តម ឈី ឈឹងសាន (QU Qingshan) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដែលសម្តេច បានចាត់ទុកថាជាការពង្រឹងនិងពង្រីកចំណងមិត្តភាពនិងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន រវាងបក្សកុម្មុយនីស្តចិននិងគណបក្សប្រជាជនកម្ពុជា ពិសេសរវាងប្រជាជនចិន និងប្រជាជនកម្ពុជា។
សម្តេច ក៏បានអរគុណដែលឯកឧត្តមនឹងធ្វើបទបង្ហាញស្តីពី «ប្រវត្តិ១០០ឆ្នាំរបស់គណបក្សកុម្មុយនីស្តចិននិងបទពិសោធន៍សំខាន់ៗរបស់ខ្លួន» ដើម្បីចែករំលែកដល់មន្ត្រីនៃគណបក្សប្រជាជនកម្ពុជាក្នុងដំណើរទស្សនកិច្ចនេះ។
ឯកឧត្តម បានថ្លែងអំណរគុណចំពោះសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យ ឯកឧត្តមនិងគណៈប្រតិភូ ចូលជួបសំដែងការគួរសមក្នុងឱកាសដែល ឯកឧត្តមបំពេញទស្សនកិច្ចលើកទី១នៅកម្ពុជា ។ ឯកឧត្តមក៏បានពាំនាំជូន សម្តេចតេជោ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងបានបន្តថា សម្តេច គឺជាអ្នកនយោបាយមួយរូបដែលទទួលបានការគោរពជាខ្លាំងនៅក្នុងប្រទេសចិន។
ឯកឧត្តមបានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្តេច កម្ពុជាអាចសម្រេចបាននូវការរីកចម្រើនសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមបានលើកឡើងថាទំនាក់ទំនង
កម្ពុជា-ចិនគឺជាមិត្តភាពដែកថែប ដែលយើងគួរសហការនិងអនុវត្តបន្ថែមលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលសម្តេចតេជោ និង ឯកឧត្តម ស៊ី ជីនពីង បានឯកភាពគ្នាដាក់ចេញ ដើម្បីជាផែនទីចក្ខុវិស័យក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ សំដៅសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយឆ្នាំនេះផងដែរ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តម ឈី ឈឹងសាន បានលើកឡើងថា ថ្វីត្បិតនេះជាដំណើរទស្សនកិច្ចលើកទីមួយរបស់ឯកឧត្តមពិតមែន ប៉ុន្តែ ឯកឧត្តមបានឃើញផ្ទាល់ភ្នែកនូវការរីកចម្រើនក្រោមការដឹកនាំរបស់សម្ដេចតេជោ និងបន្តមកដល់សម្ដេចធិបតី គឺរក្សាបាននូវសុខសន្តិភាព ស្ថិរភាព សេរីភាព និងការអភិវឌ្ឍលើគ្រគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ហើយ ឯកឧត្តមបង្ហាញក្ដីសង្ឃឹមថាកម្ពុជានឹងបន្តការរីកចម្រើនថែមទៀតនៅពេលនាអនាគត។
ឯកឧត្តម ឈី ឈឹងសាន មានប្រសាសន៍ថា ឯកឧត្តម ស៊ី ជីនពីង បានចាត់បញ្ជូនឯកឧត្តមឱ្យដឹកនាំគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាជាកង្វល់រួមនិងជាប្រយោជន៍រួមរវាងបក្សនិងរដ្ឋ។ គោលចម្បងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីជម្រាបនិងចែករំលែកពីសេចក្តីសម្រេចនិងសមិទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី២០ កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ដែលផ្តោតសំខាន់លើការដាក់ចេញនូវគោលដៅនិងយន្តការកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយនិងទំនើបកម្មតាមបែបចិន។
ឯកឧត្តម បានកោតសរសើរ សម្តេច ចំពោះការចូលរួមចំណែកជាប្រវត្តិសាស្ត្រក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរជាដៃគូដ៏គួរឱ្យទុកចិត្ត។ ឯកឧត្តមបានបន្តថា ចិននឹងបន្តគាំទ្រយ៉ាងពេញទំហឹងទៅលើមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជាស្របតាមលក្ខខណ្ឌជាតិ សុខសន្តិភាព និងវិបុលភាព របស់ប្រជាជាតិទាំងមូល។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះឯកឧត្តមដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងសូមផ្តាំផ្ញើសេចក្តីនឹករលឹករបស់ សម្តេច ទៅ ឯកឧត្តម ស៊ី ជីនពីង វិញផង។ សម្តេច ក៏បានអបអរសាទរចំពោះកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី២០ និងការធ្វើទំនើបកម្មរបស់ចិន ហើយសម្តេចក៏បានបន្តថា គ្មានការសង្ស័យឡើយ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិននិងឯកឧត្តម ស៊ី ជីនពីង ចំពោះការរីកចម្រើនឥតឈប់ឈររបស់ប្រទេសចិន។ សម្ដេចតេជោក៏បានបន្ថែមថាផងដែរថាគ្មានការសង្ស័យទេក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន និងឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ស៊ី ជីនពីង ប្រទេសចិននៅតែជាប្រទេសដែលរឹងមាំហើយមិនមែនសម្រាប់តែចិនខ្លួនឯងនោះទេតែក៏សម្រាប់តំបន់ទាំងមូលផងដែរ។
សម្តេច មានប្រសាសន៍ថាប្រទេសយើងទាំងពីរមានទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រតាំងពីសម័យចេនឡាបន្តមកដល់សម័យបច្ចុប្បន្ន ហើយកម្ពុជានៅតែបន្តអនុវត្តគោលនយោបាយដែលមានរួចមកហើយ និងចាំបាច់បន្តពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ការកសាងសហគមន៍វាសនារួម កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
សម្តេចបានសង្កត់ធ្ងន់ថា ជំនួយរបស់មិត្តចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ តែបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ ដែលតម្រូវឱ្យយើងមានភាពចាំបាច់ក្នុងការជំរុញមិត្តភាពមួយនេះឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានអរគុណមិត្តចិនដែលបានផ្តល់ជាកញ្ចប់ជំនួយដល់កម្ពុជា ក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅប្រទេសឡាវនាពេលថ្មីៗនេះ។ សម្តេច ក៏បានលើកឡើងពីអត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះទំនាក់ទំនងអាស៊ាន-ចិន ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន គួរតែត្រូវបានជំរុញបន្ថែមទៀត។
ជាចុងក្រោយ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យ ឯកឧត្តម ប្រធានគណៈប្រតិភូ ពាំនាំនូវការផ្ដាំផ្ញើសួរទុក្ខ និងការនឹករលឹក ជូនចំពោះឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ស៊ី ជីនពីង និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ហើយសង្ឃឹមថានឹងបានជួប ឯកឧត្តម ស៊ី ជីនពីង នាពេលខាងមុខនេះ។
សម្ដេចតេជោ បានជូនពរ ឯកឧត្តម ឈី ឈឹងសាន និងគណៈប្រតិភូ សូមប្រកបជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា៕