គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បើកវគ្គ​បណ្ដុះ​បណ្ដាល​​ស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី​ និងជាប្រធាន គ.ស.ព.ស. បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការ​ពង្រឹង​ការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ ហើយដែលគ្រោងនឹង​រៀបចំវគ្គបណ្តុះ​បណ្តា​​ល​​ដូចគ្នានេះនៅខេត្តដទៃទៀតផងដែរ​ ដើម្បីធានា ឱ្យបាននូវប្រសិទ្ធភាព​លើការងារផ្សព្វ​ផ្សាយ ការចងបណ្តាញក្រុមការងារព័ត៌មាន និងសាធារណមតិ​ក្នុង​កម្រិត​ទូទាំង​ប្រទេស។

នៅក្នុងមតិបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំ វគ្គ​បណ្តុះ​បណ្តាល​នៅថ្ងៃនេះ និង ​ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលបាន ចូល​រួមសហការយ៉ាងជិតស្និទ្ធជាមួយ គ.ស.ព.ស. និងការជួយឧបត្ថម្ភគាំទ្រសម្រាប់រៀបចំវគ្គបណ្តុះ​បណ្តាល ​ពី​​សំណាក់​អ្នក​ឧកញ៉ាបណ្ឌិត ទ្រី ភាព​ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ​។

វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីក្រុមការងារព័ត៌មាននិងសាធារណមតិ, ក្រុមយុវជន និងសកម្មជន និងមន្ត្រីព័ត៌មានទាំងអស់ដែល​កំពុងបម្រើការងារនៅក្នុងមូលដ្ឋាន​នៃខេត្ត​កំពង់​​ធំ​ទាំងក្រុមការងារព័ត៌មានដែលជា គ្រូបង្គោលមកពីបណ្តាខេត្តចំនួន៥ផ្សេងទៀត ដូចជាខេត្តស្វាយរៀង ឧត្តរមានជ័យ ត្បូងឃ្មុំ កំពង់ចាម និងខេត្តសៀមរាប សរុបចំនួន​ប្រមាណជាង​២៥០​នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១​ឆ្នាំកន្លងមកនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយន្តការសម្របសម្រួល ដើម្បីធានាប្រក្រតីភាព​ ប្រសិទ្ធភាព​ និង​និរន្តរ​ភាពការងារ គ.ស.ព.ស. បានដឹកនាំនិងសម្របសម្រួលរៀបចំសិក្ខាសាលានៅទូទាំងប្រទេសចំនួន២លើក​រួចមកហើយ ដោយ លើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ និងលើកទី២ នៅ​​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងមកពី៦២ក្រសួង-ស្ថាប័ន​ទាំង​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បន្ថែមពីលើនេះ គ.ស.ព.ស. ក៏បានសហការរៀបចំ​ដាក់ឱ្យ​ដំណើរ​ការនូវក្រុម​ការងារព័ត៌មាននិងសាធារណមតិដែលមានសមាសភាព មន្ត្រី៥រូបនៅតាមបណ្តា​រាជធា​នី-ខេត្ត​ទាំង២៥ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដើម្បីដើរតួនាទី​ជា សេនាធិការ​​បន្ថែមដល់​រដ្ឋ​បាល​រាជធានី-ខេត្តទាំងអស់លើការងារព័ត៌មាននិងសាធារណមតិ។

ក្នុងវគ្គបណ្តុះបណ្តាលនៅខេត្តកំពង់ធំនាឱកាសនេះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បាន​សង្កត់ធ្ងន់ថា គោលបំណងដ៏សំខាន់ គឺការរៀបចំរបៀបរបបការងារ​ឱ្យស្រប​តាម​ស្មារតី​នៃអនុក្រឹត្យ​ស្តីពីការប្រព្រឹត្តទៅរបស់ គ.ស.ព.ស. ដែលទើបត្រូវបានកែសម្រួលថ្មី រួមនឹងការ​ស្វែង​រក​ដំណោះ​ស្រាយ​​ចំពោះបញ្ហាប្រឈម និងពង្រឹងសមត្ថភាព​មន្ត្រីដែលកាន់​ការងារ​ព័ត៌មាននិង​សាធារណ​មតិ, ដោយអនុវត្ត​តាមអភិក្រម​បុរេស​កម្ម (Pro-active Approach) ក៏ដូចជាការចងក្រងបណ្តាញ​ធ្វើការងារ​ឱ្យមាន​លក្ខណៈ​ជា​ប្រព័ន្ធ​​តួអង្គតែ​មួយ​ស្របតាមគោលការណ៍នៃការ​ប្រើប្រាស់កម្លាំងសរុប និង​មធ្យោបា​យ​សរុប ដើម្បីធ្វើ​​យ៉ាងណាឱ្យ​ប្រជា​ពលរដ្ឋ​ទទួលបានព័ត៌មានពិត ព័ត៌មានច្បាស់​កា​រ​ ដែល​មាន​​ប្រភពច្បាស់លាស់ ឆ្លើយតបនិងបន្សាបព័ត៌មានក្លែងក្លាយ និងបង្កើនទំនុក​ចិត្ត​​របស់​ប្រជាពលរដ្ឋមកលើ​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈយន្តការបង្ហោះ​ ផ្សព្វផ្សាយ និង​ការឆ្លើយតបព័ត៌មានបានលឿន រហ័ស​ និងទាន់ពេលវេលា​។​

នៅក្នុងវគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗ ដែលរួម​ចំណែកក្នុងការ​ចែក​​​រំលែក នូវបទពិសោធ​លើវិស័យព័ត៌មាន និង​ថ្នាក់ដឹកនាំដែល​ប្រឡូកក្នុង​កិច្ចការ​ព័ត៌មាននិង​សាធារណ​មតិ ដោយផ្ទាល់ ឯកឧត្តម​ ប៉ែន​ បូណា​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​​ប្រធាន​អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ទិត សុធា​ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី​ ប្រធាន​អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងជាអនុប្រធាន ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ហើយក៏មានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនជាថ្នាក់​ដឹកនាំ​និង​​មន្ត្រីជំនាញ មកពីលេខាធិការដ្ឋាន គ.ស.ព.ស. ក្នុងការចែករំលែកនូវសារៈសំខាន់ ផលប៉ះពាល់ និងគ្រោះថ្នាក់នៃ បញ្ញាសិប្បនិម្មិត (AI) និងព័ត៌មានក្លែងក្លាយ, របៀបកាត់តវីដេអូក្នុងទូរសព្ទដៃ, ការប្រើប្រាស់​បណ្តាញ​សង្គម ក្នុងការងារព័ត៌មាននិងសាធារណមតិ, ការផ្តល់ព័ត៌មាន​និង​​ការ​ឆ្លើយ​តប រួមទាំង​ការចង​ក្រងរចនាសម្ព័ន្ធ ក្រុមការងារព័ត៌មានទាំងកម្រិតខេត្ត ដល់ថ្នាក់ឃុំ-សង្កាត់ ក្នុង​​ក្របខ័ណ្ឌបម្រើឱ្យការងារព័ត៌មាននិងសាធារណមតិ នៃប្រព័ន្ធតួអង្គតែមួយផងដែរ ដោយមានកិច្ចសហការជាប្រចាំជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ទូទាំងខេត្តកំពង់ធំ។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាឱកាសនេះ ​​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស្វាយ ស៊ីថា បានសំដែងនូវសេចក្តី សោមនស្សយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណ​ដល់​សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់ និងបានចូលរួមយ៉ាងសកម្ម​នៅក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។ ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ​បានបង្ហាញ​នូវជំនឿ​ជាក់​យ៉ាងមុតមាំថា «ក្រៅពីការស្វែងយល់កាន់តែច្បាស់អំពីតួនាទីភារកិច្ច និងរបៀបរបបការងារ​សំខាន់ៗមួយចំនួន រួមទាំងទម្រង់ វិធីសាស្ត្រ និងរបៀបសហការជាប្រព័ន្ធតួអង្គតែមួយ ជាមួយ​​ក្រុមការងារព័ត៌មាននិងសាធារណមតិ សិក្ខាកាមទាំងអស់ប្រាកដជា​​ទទួលបាននូវចំណេះដឹង​យ៉ាង​ច្រើន និងជាក់ស្ដែង ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជាពិសេសការទាញយកប្រយោជន៍​ពីបច្ចេកវិទ្យាមួយនេះ សម្រាប់​គោលដៅ​បម្រើ​ឱ្យ​កា​រ​បំពេញការងារប្រចាំថ្ងៃ»។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើ​ដល់សិក្ខាកាម​ទាំងអស់ត្រូវរួបរួម​គ្នាបំពេញ​ភារកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់​ និងប្តេជ្ញាការពារ​និងថែរក្សាសុខសន្តិភាពដូចសព្វ​ថ្ងៃនេះ​ឱ្យខាងតែបាន និងចាំបាច់ ទាមទារនូវឆន្ទៈនិងសកម្មភាពរួមគ្នា​ជាធ្លុងមួយរបស់យើង​ទាំង​អស់​គ្នា ដើម្បីអនុវត្តនូវ «គោលការណ៍កម្លាំងសរុប និងមធ្យោបាយសរុប» ដែលជាគ្រឹះនៃការពង្រឹង​សា​​ម​គ្គី​ភាព និងឯកភាពផ្ទៃក្នុង ក្នុងការបំពេញភារកិច្ច លើការងារគ្រប់គ្រងព័ត៌មាននិង​សតិ​អារម្មណ៍​​របស់សាធារណជន​ ដើម្បីធានាឱ្យបាននូវប្រក្រតីភាព​ ប្រសិទ្ធភាព​ និង​និរន្តរភាព​នៃការងារ​នេះដែល​នឹងទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលល្អប្រសើរ។ វគ្គបណ្ដុះបណ្ដាល ស្តីពី «កា​រ​ពង្រឹង​ការងារព័ត៌មាននិងសាធារណមតិ» នៅក្នុងខេត្តកំពង់ធំ ​បានបិទបញ្ចប់​នារសៀល​ថ្ងៃដដែល​នេះ ក្នុង​បរិយាកាសរីករាយ ស្និទ្ធស្នាល និងភាតរៈបំផុត ៕


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...