ក្នុងឱកាសនៃការស្នាក់អាស្រ័យ នៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៧ ខែសីហា នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនចំនួន៤ របស់ប្រទេសជប៉ុន អញ្ជើញចូលជួបសំដែងការគួរសម ដាច់ដោយឡែកៗពីគ្នា ក្នុងនោះរួមមានទី១- ក្រុមហ៊ុនដេនសូ ខេមបូឌា ទី២- ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ ទី៣- ធនាគារមីហ្សឺណូ និងទី៤- ក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមី។
នៅក្នុងជំនូបសំរាប់ក្រុមហ៊ុនទី១ដែលមានឈ្មោះថា ក្រុមហ៊ុនដេនសូ ខេមបូឌា តំណាងក្រុមហ៊ុនបានមានប្រសាសន៏ជំរាបសម្តេចតេជោ នាយករដ្ឋមន្រ្តី អំពីសកម្មភាពការងាររបស់ក្រុមហ៊ុន លោកនៅកម្ពុជា។ តំណាងក្រុមហ៊ុនមានប្រសាសន៏បន្តថា បច្ចុប្បន្នក្រុមហ៊ុន ដេនសូមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ ហើយក្រុមហ៊ុននេះភាគច្រើនពាក់ព័ន្ធនឹងគ្រឿងបង្គំរបស់រថយន្តធន់ធ្ងន់ ដែលបច្ចុប្បន្នមានបុគ្គលិកខ្មែរចំនួនជាង២០០នាក់ ហើយនៅឆ្នាំ២០១៨ ខាងមុខក្រុមហ៊ុននឹងបង្កើនផលិតផលរបស់ខ្លួនបន្ថែមទៀត ជាពិសេសជួយពង្រឹងផលិតសមត្ថិភាពបុគ្គលិកខ្មែរយើងដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ ជាមួយគ្នានេះតំណាងក្រុមហ៊ុនដេនសូក៏បានជំរាបសម្តេចតេជោថា នៅឆ្នាំ២០១៨ ក្រុមហ៊ុនរបស់លោកនឹងបង្កើតទីតាំងថ្មី១ទៀត។ ក្នុងឪកាសនេះខាងក្រុមហ៊ុនក៏បានស្នើសុំសម្តេចតេជោចំនួន៣ចំនុច ទី១- ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យានេះគឺខាងក្រុមហ៊ុនរបស់លោកនឹងជួយ ប៉ុន្តែស្នើរសុំការជួយពីស្ថាប័នរដ្ឋ ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទី២- ប្រព័ន្ធដឹកជញ្ជូនស្នើសុំអោយរៀបចំអោយបានល្អ និងទី៣ ប្រព័ន្ធពន្ធគយ។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ ថ្លែងអំណរគុណដល់ខាងក្រុមហ៊ុនជប៉ុនដែលបានរាយការណ៍ជូនសម្តេច និងបានខិតខំជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៏ថា ការជួយរបស់ក្រុមហ៊ុននេះគឺស្របទៅតាមការងាររបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុក្ខដាក់ចំពោះការអភិវឌ្ឍធនធានមនុស្ស។ សម្តេចតេជោបានបន្តទៀតថា យើងអាចធ្វើការរួមគ្នាក្នុងការអភិវឌ្ឍធនធានមនុស្ស។ ជាពិសេសនឹងអនុញ្ញាតអោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញវិញ្ញាបនបត្រអោយសិស្ស ដែលបានទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស។
ចុងក្រោយនៃជំនូបនេះ ខាងតំណាងក្រុមហ៊ុន ដេសូខេមបូឌាបានគោរពសុំអញ្ញើញសម្តេចតេជោនាយករដ្ឋមន្រ្តីទៅសម្ពោធសាខាក្រុមហ៊ុនថ្មីមួយទៀតដែលគ្រោងនឹងសម្ភោធនៅឆ្នាំ២០១៨ខាងមុខនេះក្នុងប្រទេសកម្ពុជា។