ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ខ្ញុំក៏ជាពលរដ្ឋខ្មែរម្នាក់ដែលចង់បម្រើជាតិដែរ តែពួកជ្រុលនិយមបែរចោទថា «ខ្ញុំលក់ក្បាល» ព្រោះតែមិននៅខាងពួកគេ

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រតិកម្មចំពោះ ក្រុមជ្រុលនិយមក្រៅប្រទេសដែលចោទឯកឧត្តម និងឯកឧត្តម ប៉ែន បូណា ថា «លក់ឧត្តមគតិឱ្យរាជរដ្ឋាភិបាល បម្រើនយោបាយឱ្យបរទេស មិនមែនជាអ្នកស្នេហាជាតិ» ជាដើម ដោយឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមក៏ជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលចង់បម្រើជាតិដែរ តែត្រូវបានពួកគេចោទថា «ក្បត់ជាតិ លក់ក្បាល» ទៅវិញ។ ការប្រតិកម្មនេះធ្វើឡើងក្នុងកម្មវិធីសន្និសីទបង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ ឯឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងថា «ពួកគេចោទរាជរដ្ឋាភិបាល ចោទមនុស្សដូចខ្ញុំ និងឯកឧត្តម ប៉ែន បូណា (ថា) មនុស្សក្បត់ជាតិ លក់ក្បាល លក់ខ្លួន បម្រើតែប្រយោជន៍បរទេស ជួនកាលគេចោទថា “បម្រើវៀតណាម” ជួនកាលគេចោទថា “បម្រើចិន” ស្រេចតែអំពើចិត្តរបស់ពួកគេ»។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបន្តថា តាមការស្រែកពីក្រៅប្រទេស ពួកជ្រុលនិយម និងប្រជានិយមអស់នេះ ចង់កំណត់សិទ្ធិរបស់ឯកឧត្តមថា ឯកឧត្តមគ្មានសិទ្ធិស្នេហាជាតិ គ្មានសិទ្ធិអះអាងជាអ្នកជាតិនិយម ខណៈពេលដែលអំឡុងពេល៣០ឆ្នាំចុងក្រោយនេះ ឯកឧត្តម បានចែករំលែកចំណេះដឹងដល់យុវជន ដល់សង្គមខ្មែរ ស្របពេលដែលពួកគេចែកចាយពាក្យសម្អប់ កំហឹង ការវែកញែកឱ្យឆ្ងាយពីគ្នារវាងស្រទាប់វណ្ណៈ បង្កឱ្យមានបញ្ហារវាងខ្មែរ និងខ្មែរជាដើម។

បើតាមការបន្ថែមរបស់ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ ចំពោះពួកជ្រុលនិយម ប្រជានិយមទាំងនោះ កាលណាមានមនុស្សនៅខាងពួកគេ គេចាត់ទុកថាជាអ្នកជាតិនិយម រីឯអ្នកមិននៅខាងពួកគេ គេចាត់ទុកថា សុទ្ធសឹងជាអ្នកក្បត់ជាតិ តួយ៉ាងដូចជាឯកឧត្តម ប៉ែន បូណា និងរូបឯកឧត្តម (តាន់ ហ្សង់ហ្វ្រង់ស័រ) គឺត្រូវបានគេចោទថា «ជាមនុស្សក្បត់ជាតិ លក់ក្បាល លក់ខ្លួន» ពីព្រោះឯកឧត្តមទាំងពីរនាក់ មិនជ្រើសរើសនៅជាមួយពួកជ្រុលនិយមទាំងនោះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ