ក្នុងឱកាសនៃជំនួបនេះ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) បានកោតសសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា ដែលមានការចូលរួមពី UPU និងប្រទេសជប៉ុន។ លោកអគ្គនាយកបានគូសបញ្ជាក់ថា ជោគជ័យនៃគម្រោងនេះ គឺដោយសារកម្ពុជាមានឆន្ទៈក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យនេះ និងបានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយក្នុងកិច្ចប្រឹងប្រែងធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ ។ លោកអគ្គនាយក ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២-១៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ការណ៍នេះគូសបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់លើសារៈសំខាន់នៃការកសាងបណ្តាញប្រៃសណីយ៍។
សម្តេចធិបតី បានអរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ UPU ក្នុងការធ្វើទំនើបកម្មក្នុងវិស័យប្រៃសណីយ៍ នៅកម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេស និងបានលើកទឹកចិត្តឱ្យសហភាព UPU បន្តកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ និងចែករំលែកបទពិសោធន៍ និងចំណេះធ្វើ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងសមត្ថភាពក្នងវិស័យប្រៃសណីយ៍ ជាមួយកម្ពុជា បន្តទៀត។ លោកអគ្គនាយកបានសន្យានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍នៅកម្ពុជា៕