នៅល្ងាចថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដដែលនេះ ឯកឧត្តម លឿង កឿង ប្រធានគណៈប្រចាំការនៃគណៈលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ក៏បានទទួលសម្ដែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងបានទទួលស្វាគមន៍អាហារពេលល្ងាចជាមិត្តភាព ។
ក្នុងកិច្ចសំណេះសំណាលនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាខ្ពស់ ចំពោះគុណតម្លៃដែល ឯកឧត្តមង្វៀន ហ្វូជុង គឺជាមនុស្សគំរូរបស់ប្រជាជនវៀតណាម ហើយក៏ជាការចងចាំមួយ នៃតម្លៃរបស់លោកក្នុងការដឹកនាំគណបក្ស ប្រជាជន និងរដ្ឋវៀតណាមឲ្យមានកិត្តិយសដ៏ឧត្តុង្គឧត្តម ។
ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាដោយបន្តយកចិត្តទុកដាក់ និងសាមគ្គីភាព ហើយនឹងបង្កើតនូវការចងចាំនៃមិត្តភាព និងការតស៊ូពីអតីតកាល ហើយក៏ដូចគ្នា ក្នុងការប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ និងបន្តពីស្នាដៃរបស់ ឯកឧត្តម វេនភូជុង ។ ភាគីទាំងពីរ ក៏បានផ្ដល់តម្លៃខ្ពស់ទៅដល់កិច្ចសហប្រតិបត្តិការ ដើម្បីផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក ដោយការរីកចម្រើនរបស់វៀតណាម ក៏ដូចជាការរីកចម្រើនរបស់កម្ពុជា ហើយយើងបន្តបំពេញគ្នានូវការរីកចម្រើននេះ និងការជួយគ្នាទៅវិញទៅមក ឱ្យបានល្អ។
ឯកឧត្តម លឿង កឿង ក៏បាន ឯកភាពទទួលយកនូវការអញ្ជើញរបស់សម្ដេចតេជោ នៅពេលខាងមុខ ដើម្បីទស្សនកិច្ច បង្កើននូវជំនឿជឿជាក់មិត្តភាព និងប្រពៃណីដ៏ល្អសម្រាប់ការផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក ក្នុងគំនិតជាន់ខ្ពស់ និងកម្រិតគណបក្សទាំងពីរ៕