(ដាវ៉ូស, ស្វីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូ បានបញ្ចប់ការងារនៅក្នុងប្រទេសស្វីសហើយនៅល្ងាចថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅប្រទេសស្វីស ត្រូវនឹងម៉ោងប្រមាណជា១២យប់ម៉ោងថ្ងៃទី១៧ ខែមករា ម៉ោងនៅកម្ពុជា។
បន្ទាប់ពីបញ្ចប់ការងារនៅប្រទេសស្វីស សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូធ្វើដំណើរបន្តទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ តបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញបំពេញការងារនៅប្រទេសស្វីសរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦ និង១៧ ខែមករា។ ការងារស្នូលនៅក្នុងប្រទេសស្វីស គឺការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក។
ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោកហើយនោះ សម្តេចធិបតី បានឆ្លៀតជួបជាមួយនាយករដ្ឋមន្ត្រីថៃ វៀតណាម មេដឹកនាំអង្គការអន្តរជាតិនានា មេដឹកនាំអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមេដឹកនាំក្រុមហ៊ុននានា សរុបដល់ទៅជាង២០កម្មវិធី៕