នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញសំណេះសំណាលជាមួយបងប្អូនយុទ្ធជនពិការ នៃមជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣១៧ គូលែន ខេត្តសៀមរាប។
ដូចដែលការសន្យា ជារៀងរាល់ឆ្នាំមុនពិធីបុណ្យចូលឆ្នាំខ្មែរឈានមកដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន តែងតែអញ្ជើញមកសួរសុខទុកបងប្អូនពិការនៅទីនេះ ដើម្បីជាការផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់បងប្អូនយុទ្ធជនពិការ ដែលបានបូជាកំលាំងកាយចិត្តក្នុងបុព្វហេតុជាតិមាតុភូមិកន្លងមក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចូលរួមចំណែកក្នុងការកសាងផ្លូវមួយខ្សែក្នុងមណ្ឌលយោធិនពិការគូលែននេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ជំរុញលើកទឹកចិត្តចំពោះ បងប្អូនយុទ្ធជនពិការទាំងអស់កុំអស់សង្ឃឹម យើងពិការតែខ្លួន តែចិត្តរបស់យើងគឺមិនពិការឡើយ យើងត្រូវខិតខំប្រឹងប្រែងរស់នៅក្នុងសង្គម ដែលកំពុងមានការីកចម្រើនមួយនេះ ជាពិសេសដើម្បីអនាគតកូនៗរបស់យើងទៀត។ រាជរដ្ឋាភិបាលតែតែងគិតគូពីសុខទុក្ខ និងលើកទឺកចិត្តដល់បងប្អូនយោធិនពិការគ្រប់ទីកន្លែង សម្តេចតេជោ ហ៊ុន សែន ក៏ជាជនពិការម្នាក់ ដែលបានឆ្លងកាត់ការលំបាកជាច្រើនក្នុងការតសូរ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនពិការទាំងអស់ ត្រូវខិតខំតស៊ូក្នុងជីវិតទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសភរិយាជនពិការមិនត្រូវមានការអៀនខ្មាស់ចំពោះប្តីរបស់ខ្លួនឡើយ និងកូនៗត្រូវដឹងគុណឪពុករបស់យើងដែលខិតខំតស៊ូចិញ្ចឹមយើងតាំងពីតូចមក ដោយត្រូវខិតខំរៀនសូត្រដើម្បីអនាគតល្អទៅថ្ងៃខាងមុខ។ នៅក្នុងលោកនេះគ្មាននណាម្នាក់ចង់ពិការនោះទេ តែវាមានហេតុផល ជាក់ស្តែងសម្តេចតេជោ ផ្ទាល់បានពិការភ្នែកដោយសារបុព្វហេតុជាតិមានតុភូមិក្នុងការរំដោះជាតិចេញពីសង្រ្គាមដើម្បីស្វែករកសន្តិភាពជូនប្រជាជនយើងដូចសព្វថ្ងៃនេះ។
បច្ចុប្បន្ននៅមជ្ឈមណ្ឌលនេះ គឺរាជរដ្ឋាភិបាលបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនសំរាប់បំរើសេចក្តីត្រូវការរបស់បងប្អូនយុទ្ធជនពិការ ដែលក្នុងនោះមានដូចជា ផ្ទះរបស់បងប្អូនយោធិន អណ្តូងទឹក សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម រួមទាំងដីសំរាប់ដាំដំណាំផ្សេងៗផងដែរ។ នៅទីនេះក៏មានជាវិទ្យល័យផងដែលសម្រាប់ជាកន្លែងសិក្សាអប់រំដល់សិស្សានុសិស្សដែលជាកូនរបស់យោធិនទាំងអស់ ដែលមានចំនួន១៧៣ កំពុងសិស្សា ហើយដើម្បីបំពេញសេចក្តីត្រូវការ សម្តេចតេជោ បានផ្តល់ជូនអគារសិក្សាថ្មី១ខ្នង កំពស់ ២ជាន់ មាន១២ បន្ទប់ ព្រមទាំងផ្តល់ជូនបង្គន់អនាម័យ តារាងបាលទាត់ បាលទះ ផងដែរ។ មុននឹងបញ្ចប់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូវអំណោយដែលមានជាគ្រឿងឧភោគបរិភោគ និងរបស់របរប្រើ ប្រាស់ដល់បងប្អូនយោធិនពិការ និងគ្រួសារយោធិនពិការ ចំនួន ២៥០គ្រួសារ ផ្តល់ជូនកង់ចំនួន ២០០ ដល់ក្មួ យៗសិស្សានុសិស្សដែលជាកូនយោធិនពិការនៅទីនេះ ផ្តល់ជូនម៉ូតូ ចំនួន ៣៤ គ្រឿង ជូនដល់លោកគ្រូអ្នកគ្រូ នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការនេះ និង ផ្តល់អំណោយដល់អ្នកជំងឺដែលកំពុងសំរាកព្យាបាលនៅទីនេះ ព្រមទាំងអញ្ជើញទស្សនាហេដ្ឋារចនាសម្ព័ន្ធនៅទីនេះក្នុងបរិយាកាសរីករាយក្រៃលែង។