នៅទីស្តីការក្រសួងការបរទេសកាលពី ព្រឹកថ្ងៃទី ១០ មេសា ឆ្នាំ២០១៧ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញជា អធិបតីក្នុងពិធីប្រកាសចូលកាន់ដំណែង អគ្គនាយក អគ្គនាយក រង និងប្រធាននាយកដ្ឋាន មួយចំនួននៃក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្ដរជាតិ។
មន្ត្រីត្រូវតែងតាំងតំណែងរួមមានអគ្គនាយកដែលត្រូវបានតែងតាំងមានដូចខាងក្រោម៖
១. ឯកឧត្តម ចាន់ រតនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានច្បាប់ កុងស៊ុល និងព្រំដែន។
២. ឯកឧត្តម អ៊ឹង រចនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក។
៣. ឯកឧត្តម ណុំ ពិសិដ្ឋ ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន អឺរ៉ុប អាមេរិក និងអាហ្រ្វិក-មជ្ឈឹមបូព៌ា។
៤. ឯកឧត្តម ថៃ ជុន ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។
៥. ឯកឧត្តម ឈីវ យីស៊ាង ជាប្រធានវិទ្យាស្ថានជាតិទំនាក់ទំនងការទូត និងសិក្សាអន្តរជាតិ បន្ថែមលើមុខងារបច្ចុប្បន្ន បន្ថែមពីលើនោះក៏មានការតែងតាំង- អគ្គនាយករងចំនួន ១១នាក់- ប្រធាននាយកដ្ឋានចំនួន ១៧នាក់ផងដែរ។
នៅក្នុងឱកាសនោះដែរឯកឧត្តមទេសរដ្ឋ មន្ត្រី ប្រាក់សុខុន មានប្រសាសន៏បញ្ជាក់ថា, នៅពេលខាងមុខនេះក្រសួងកំពុងពិនិត្យ លទ្ធភាពតែងតាំងមន្ត្រីអ្នកការទូតកម្ពុជាមួយចំនួនទៀតនៅតាមបណ្តាប្រទេសមួយចំនួន ដែលទាមទារឲ្យមន្ត្រីមានសមត្ថភាព និងមានបទពិសោធន៏ការងារដឹកនាំ ហើយអ្នកការទូតត្រូវចេះសរសេរ របាយការណ៏ និងធ្វើបទវិភាគអំពីស្ថានភាព នៅក្នុងប្រទេសដែលកំពុងបំពេញ បេសកកម្ម ការទូត និងត្រូវមានទំនាក់ ទំនងល្អ ជិតស្និទ្ធជាមួយប្រទេសដៃគូរ។
ឯកឧត្តទេសរដ្ឋមន្ត្រីបានព្រមានដល់ មន្ត្រី នៅក្នុងក្រសួងយ៉ាងនេះថា,” កុំយកលុយរកប៉ុស្តិ កុំយកប៉ុស្កិលុយ” គឺត្រូវតែខិតខំ ប្រឹងប្រែងបំពេញការងារឲ្យបានល្អ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា, មន្ត្រីក្រសួងការបរទេសឯទៀតដែលនៅពុំទាន់ទទួលបានការតែងតាំងជាមន្ត្រី ការទូតគឺកុំអស់ សង្ឃឹម គឺត្រូវរង់ចាំ ព្រោះ មន្ត្រីចាប់ពីតំណែងប្រធាននាយកដ្ឋាន មានឱកាសច្រើនណាស់ក្នុងការតែងតាំង មន្ត្រីការទូត ប៉ុន្តែត្រូវខិតខំបង្កើនសមត្ថភាពបន្ថែមទៀត ព្រោះនៅក្រសួងការបរ ទេសប្រៀបបាននឹងបឹងទន្លេសាប មានទឹកចេញ និងទឹកចូល។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា, វិទ្យាស្ថានបណ្តុះបណ្តាលអ្នកការទូត ដែលស្ថិតនៅក្នុងបរិវេណក្រសួងការបរ ទេសកំពុងដំណើរការសាងសង់ បន្ទាប់ពី សាងសង់រួច វិទ្យាស្ថានមួយនេះនិងចាប់ ផ្តើមបើកដំណើរការ បណ្តុះបណ្តាលអ្នកការទូត ជាមួយគ្នានោះដែរ មានបណ្តា ប្រទេសមួយចំនួនបានសន្យាជួយឧបត្ថម្ភដល់វិទ្យានេះផងដែរ៕
PRU៖ សាវឿន