ពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ដែលទល់មុខ ភូមិណងចាន់ ស្រុកគោកស៊ូង ខេត្តស្រះកែវ នៅក្នុងកិច្ចប្រជុំពិសេសលើកទី១របស់GBC ភាគីទាំងពីរកម្ពុជា-ថៃបានព្រមព្រៀងគ្នាទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន(JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែង និងខ័ណ្ឌសីមាព្រំដែនព្រមទាំងបានឯកភាពបញ្ជូនបញ្ហានេះជារបៀបវារៈអាទិភាពនៅកិច្ចប្រជុំបន្ទាប់នៃគណៈកម្មការចំរុះព្រំដែន(JBC) និងបានប្រគល់ភារកិច្ចដល់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុតស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន(JBC)។ នេះបើយោងតាមខ្លឹមសារនៅក្នុងវឌ្ឍនភាពការងារបន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) របស់ក្រសួងការពារជាតិដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។








