ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញថវិកាជាតិ ដើម្បីចូលរួមមរណទុក្ខ និងជួយសម្រួលដល់ជីវភាពក្រុមគ្រួសារនៃជនរងគ្រោះដោយឧបទ្វវហេតុបាក់រលំអាគារកម្ពស់៧ជាន់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលជាមហន្តរាយលើកដំបូងសម្រាប់វិស័យសំណង់ក្នុងខេត្តព្រះសីហនុ។
នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក កាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ សោដនាដកម្មបាក់អាគារនៅខេត្តព្រះសីហនុគឺជារឿងឈឺចាប់របស់ជាតិយើង ពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយា ឬស្វាមី ឬកូន ឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណទុក្ខ និងជួយដល់ជីវភាពក្រុមសារ។ សម្ដេចតេជោបានបញ្ជាក់ថា “ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសម្រេចបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល ឬ១ម៉ឺនដុល្លារអាម៉េរិក(10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិងទទួលបានជំនួយក្នុង១នាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។” សម្ដេចតេជោបានបន្ថែមថា ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិកានេះជូនបងប្អូន ហើយយប់នេះ សម្ដេចនៅបន្តតាមដានការងាររុករក និងសង្រ្គោះជាមួយបងប្អូនតទៅទៀត។
គួរបញ្ជាក់ដែរថា ករណីរឧបទ្វវហេតុបាក់រលំអាគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុនេះ គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹកថ្ងៃ២៣ ខែមិថុនា២០១៩ ចំនួនអ្នកស្លាប់បានកើនឡើងដល់១៧នាក់ ក្នុងនោះស្រី៤នាក់ ចំណែកអ្នករបួសមានចំនួន២៤នាក់(ស្រី២នាក់)។ នេះបើយោងតាមរបាយការណ៏ផ្លូវការពីមន្ទីរពេទ្យបង្អែកខេត្ត។ ដោយឡែកប្រតិបត្តិការកាយគំនរបែកបាក់ និងរុករកជនរងគ្រោះ ក៏កំពុងធ្វើបន្តទៀតយ៉ាងសកម្ម៕