ព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» និងផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសទាំងពីរ

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគួស បញ្ចាក់ថា ការរៀបចំព្រឹត្តិការណ៍ រួមគ្នារវាងកម្ពុជា-ចិន ក្នុងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ពិសេសព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» នាពេលនេះ ធ្វើឱ្យយើងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសយើងទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក រវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពចំពោះទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។
 
ការថ្លែងរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ»នាព្រឹកថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២៤ នៅមុខប្រាសាទបាយ័ន នាខេត្តសៀមរាប។
 
ឯកឧត្តម រដ្ឋមន្រ្តី សុខ សូកេន បានគូសបញ្ជាក់ថា ជាក់ស្ដែង ការរៀបចំនូវព្រឹត្តិការណ៍នេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាល ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាព កម្ពុជា-ចិន ស្របតាមស្មារតី មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិនដែលផ្ដោតលើវិស័យ អាទិភាពចំនួន ៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
 
ហើយព្រឹត្តិការណ៍នេះ នឹងជួយគាំទ្រដល់យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» និងជាការចូលរួមចំណែកយ៉ាង សកម្មដល់ការអនុវត្តយុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងវិថី” ផងដែរ។ ទន្ទឹមនឹងនេះ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរមកចូលរួមក្នុងរាល់ព្រឹត្តិការណ៍និងសកម្មភាពដែលរៀបចំក្រោមយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» ឱ្យកាន់តែច្រើន, ក្រសួងទេសចរណ៍សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធបាននិងកំពុងរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍, កីឡា, វប្បធម៌, កម្មវិធីពិព័រណ៌, កម្មវិធី MICE, និងកម្មវិធីជាច្រើនទៀត ស្របជាមួយការដាក់ចេញយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» ដើម្បីរៀបចំជាប្រតិទិនព្រឹត្តិការណ៍ (Event Calendar) សម្រាប់ផ្សព្វផ្សាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិនផងដែរ។
 
ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមទៀតថា កំណើនទេសចរចិន គឺជាកាលានុវត្តន៍ដ៏សំខាន់ ដែលមិនត្រឹមតែជំរុញនូវការអភិវឌ្ឍវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវឱកាសវិនិយោគក្នុងវិស័យផ្សេងៗ ដែលកម្ពុជា និងប្រទេសជាច្រើននៅលើពិភពលោកបានចាត់ទុកចិនជាដៃគុយុទ្ធសាស្ត្រ និងជាប្រភពទីផ្សារដ៏សំខាន់បំផុតសម្រាប់មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន។
 
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កន្លងមក, កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ ៥,៤៥ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនប្រមាណ ៥៤ ម៉ឺននាក់ និងទេសចរជាតិប្រមាណ ១៨,៥ លាននាក់។ ដោយឡែក សម្រាប់រយៈពេលបីខែ ដើមឆ្នាំ២០២៤, កម្ពុជាបានទទួលទេសចរអន្តរជាតិ ៩៨៨,៥៧ ពាន់នាក់ កើនឡើង ១៨% ក្នុងនោះទេសចរចិនមានចំនួនប្រមាណ ១០៩.៩៩០នាក់ កើនឡើង ៣៨,៥% ៕
 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ