សម្តេចតេជោ ហ៊ុន សែន ច្រានចោលការបង្ហោះសាររបស់ សាពូន មីដាដា ដែលថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយលុយ៦,៧លានដុល្លារ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រលប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសច្រានចោលសារបង្ហោះលើហ្វេសប៊ុករបស់ លោក សាពូន មីដាដា ដែលថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយលុយដល់រូបគេ និងភរិយា ប្រមាណ៦,៧លានដុល្លារអាមេរិក។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖

«លោកសាពូនមីដាដាបានបង្ហោះសារដោយនិយាយថាខ្ញុំ និងភរិយាបានជួយគាត់ចំនួន 6,7លានដុល្លារ ព្រមទាំងផ្ទះនិងឡាន។ ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?

តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះមានឯករាជ្យ និងបានផ្តល់ប្រាក់៣០មុឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថា មារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេដមិនជួយកូនទៀតទេ ទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ ដែលគ្មានលុយបង់រំលោះឲ្យគេ។

កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយៈការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារវាច្រើនណាស់ ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ