ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមកម្មវិធីសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសាវលីញ

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ដែងក្បាច់គុនសាវលីញ និងក្បាច់គុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor) នៃយុទ្ធនាការ  “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤” ដែលរៀបចំនៅបរិវេណខាងជើងប្រាសាទបាយ័ន។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ពិសេសតាមរយៈក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណានក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្តោតលើវិស័យអាទិភាពចំនួន៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។

សូមបញ្ជាក់ថា ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប, ឯកឧត្តម HE XIONG អភិបាលក្រុងចឹងចូវនៃខេត្តហឺណាន និងឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ ក្រៅពីនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋសរុបប្រមាណមួយពាន់នាក់៕

      

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ