រាជរដ្ឋាភិបាល សម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងការផ្សះផ្សារជាតិ និងលុបបំបាត់វប្បធម៌និទណ្ឌភាព នៃអំពើសាហាវយង់ឃ្នងក្នុងរបបខ្មែរក្រហម

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល សម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងការផ្សះផ្សារជាតិ និងលុបបំបាត់វប្បធម៌និទណ្ឌភាពនៃអំពើសាហាវយង់ឃ្នងងក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នាព្រឹកថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា យើងបានបង្កើត អ.វ.ត.ក. ដែលមានកិច្ចសហការដ៏ល្អប្រសើរ ពីអង្គការសហប្រជាជាតិ និងថោយមានការឧបត្ថម្ភគាំទ្រថវិកាពីសហគមន៍អន្តរជាតិ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម និងការផ្សះផ្សារសង្គមដែលបែកបាក់ ការលុបបំបាត់វប្បធម៌និទណ្ឌភាព និងការផ្តល់សារមួយសម្រាប់មេដឹកនាំបណ្តាប្រទេសទូទាំងពិភពលោក ពីផលវិបាកនៃការប្រព្រឹត្តអំពើសាហាវយង់ខ្នងព្រៃផ្សៃរបស់ពួកគេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចការងារនេះ ជាកិច្ចសំខាន់ ហើយឯកសារជាង២លាន៤សែនទំព័រ ដែលក្នុងនោះ មានឯកសារដែល យើងត្រូវបែងចែកជាឯកសារកម្រិតសំងាត់ និងឯកសារជាសាធារណៈ ប៉ុន្តែអ្វីដែលសំខាន់នោះ ការបញ្ចប់ក្នុងរយៈពេល១៦ឆ្នាំមកនេះ បានបិទបញ្ចប់ប្រវត្តិសាស្ត្រមួយដែលខ្មៅងងឹត តែទំព័រប្រវត្តិសាស្ត្រនេះមិនត្រូវបិទ ហើយចាក់សោរទុកឲ្យដីហុយកប់នោះទេ គឺត្រូវរំលឹកឡើងវិញឲ្យកូនខ្មែរចងចាំ។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អ.វ.ត.ក. បានសម្រេចជោគជ័យជាប្រវត្តិសាស្ត្រដោយនឹកស្មានមិនដល់ និងគួរឱ្យកត់សម្គាល់ក្រៃលែង ដោយបាននាំយកអតីតប្រមុខរដ្ឋនៃរបបមួយ មកធ្វើការជំនុំជម្រះទោស។ សកម្មភាពនេះជាការលាតត្រដាងពីការពិតជាប្រវត្តិសាស្ត្រអំពីរបបខ្មែរក្រហម និងបានផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដោយបានជួយសម្រាលផ្លូវចិត្តដល់ពួកគាត់ ព្រមទាំងបានបន្សល់ទុកឯកសារសំណុំរឿងជាង ២,៤លានទំព័រ ជាភាសាខ្មែរ អង់គ្លេស និងបារាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ឯកសារប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងរបបខ្មែរក្រហមដែលបានចងក្រងទុកនៅសាលាក្តីខ្មែរក្រហមជាង២លាន ៤សែន ទំព័រមិនត្រូវចាក់សោទុក ហើយដីហុយកប់នោះទេ គឺត្រូវរំលឹកឲ្យកូនខ្មែរចងចាំ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ