(ភ្នំពេញ)៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី Ilene Cohn នាយិកា UNMAS (the United Nations Mine Action Service) ទទួលបន្ទុកផ្នែកប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានជម្រាបប្រាប់ លោកស្រី Ilene Cohn អំពីដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកសកម្មភាពបោសសម្អាតមីនមនុស្សធម៌ចាប់តាំងពីឆ្នាំ១៩៩២ ដែលមានការចូលរួមគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដទៃទៀត។
ឯកឧត្តមបណ្ឌិតបន្តទៀតថា ក្នុងរយៈពេលជាង៣០ឆ្នាំនេះ ឆ្នាំ២០២៣ គឺជាឆ្នាំដែលកម្ពុជាទទួលបាននូវសមិទ្ធផលយ៉ាងធំធេងជាងគេក្នុងការងារបោសសម្អាតមីនរហូតដល់ ៤៥៦គីឡូម៉ែត្រការ៉េ និងត្រូវបានចាត់ទុកជាជោគជ័យមួយសម្រាប់វិស័យសកម្មភាពមីនសកល។ ទោះបីយ៉ាងណា កម្ពុជា នៅបន្តសេសសល់នូវតំបន់សង្ស័យមានមីន និងមានភាពស្មុគស្មាញជាច្រើន ដែលកិច្ចការនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តយ៉ាងមុះមុត ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ដែលនៅសេសសល់ទាំងនោះ។ ក្នុងនោះ តាងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យ UNMAS ចូលរួមគាំទ្រដល់ការរៀបចំគោលនយោបាយថ្នាក់ជាតិ ក្នុងការដោះស្រាយការគំរាមកំហែងពីសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ ផងដែរ។
ជាមួយគ្នានោះ ក្នុងនាមកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិ លី ធុជ បានស្នើសុំឱ្យ UNMAS ជួយផ្សព្វផ្សាយ កៀរគរ និងទទួលបានការគាំទ្រលើផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ដែលនឹងត្រូវដាក់ជូនទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ក្នុងខែតុលា ឆ្នាំ២០២៤ ខាងនេះ។
ទន្ទឺងនឹងនោះផងដែរ ឯកឧត្តមប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានស្នើសុំឱ្យ UNMAS គាំទ្រដល់សកម្មភាពធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញា ដើម្បីកៀរគរប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានស្នើសុំឱ្យ UNMAS គាំទ្រដល់វិស័យសកម្មភាពមីនក្នុងបណ្តាប្រទេសដែលកំពុងរងផលប៉ះ និងមានតម្រូវការក្នុងការងារបោសសម្អាតមីន។
ជាការឆ្លើយតប លោកស្រី Ilene Cohn បានទទួលយកសំណើរបស់កម្ពុជា ហើយនឹងបន្តធ្វើការដើម្បីគាំទ្រដល់ការអនុវត្តអនុសញ្ញា។