កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់

ក្នុងឱកាសនៃជំនួប លោកជំទាវរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវរដ្ឋមន្ត្រី ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីភាពរីកចម្រើននៃទំនាក់ទំនងជប៉ុន-កម្ពុជា ដែលប្រកបដោយភាពជឿទុកចិត្តគ្នាទៅវិញទៅមក ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតដល់ពេលបច្ចុប្បន្ន។ សម្រាប់អនាគតកាល រាជរដ្ឋាភិបាលជប៉ុននឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ KAMIKAWA Yoko និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣ ព្រមទាំងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងជំនួបនេះដែរ សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាក្នុងការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី តាមអភិក្រមថ្មី លើវិស័យជាច្រើន រួមមាន៖ (១) ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធសង្គម តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់, ការជំរុញការអភិវឌ្ឍលើវិស័យឌីជីថល និងសន្តិសុខសាយប៊័រ (២) កិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់លំហសមុទ្រ  តាមរយៈការចូលរួមរៀបចំ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការ លើសន្តិសុខលំហសមុទ្រ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ដូចជានគរបាលជើងទឹកកម្ពុជា និងឆ្មាំសមុទ្រជប៉ុន លើការបណ្ដុះបណ្ដាលធនធានមនុស្ស និងការហ្វឹកហ្វឺនរួមគ្នា និង (៣) ការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីន ដោយលោកជំទាវរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រកម្ពុជាក្នុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចប្រជុំ នៃអនុសញ្ញាអូតាវ៉ានេះ និងបានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបានចូលរួមចំណែក និងគាំទ្រដល់កិច្ចដំណើរការនៃការរៀបចំ។

បន្ថែមលើនេះ សម្តេចធិបតី និងលោកជំទាវរដ្ឋមន្រ្តី ក៏បានពិភាក្សាគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគពីប្រទេសជប៉ុន។ សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រី ក៏បានស្វាគមន៍ និងអបអរសាទរចំពោះការដំឡើងកម្រិត នៃកិច្ចសន្ទនារវាងវិស័យការពារជាតិ និងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដល់កម្រិតនៃថ្នាក់អនុរដ្ឋមន្ត្រីនៃប្រទេសទាំងពីរផងដែរ។ ព្រមជាមួយគ្នានេះ សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាអំពីការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិសំដៅផ្ដល់នូវអត្ថប្រយោជន៍ទៅវិញដល់ប្រជាជន និងប្រទេសទាំងពីរ។

ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរលោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍​ប្រកបដោយសុខសុវត្ថិភាព។

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ