ឯកឧត្តម លោកជំទាវ, សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិកា រាជរដ្ឋាភិបាល
គណៈអធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំមន្រ្តីរាជការ សាស្រ្តាចារ្យបុគ្គលិកសិក្សា
នៃបណ្តាញសាកលវិទ្យាល័យ CYBER កម្ពុជា
បងប្អូននិសិត្ស និងអង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួម កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាប័រកម្ពុជានិង សមិទ្ធផលនានា ក្នុងការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថលនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]
(១) អ្វីដែលធ្លាប់តែឃើញផលិតនៅក្រៅប្រទេស ពេលនេះអាចធ្វើខ្លួនឯងបានច្រើនខាងផ្នែកបច្ចេកវិទ្យា ទោះមិនទាន់មានទ្រង់ទ្រាយពាណិជ្ជកម្ម
សូមអភ័យទោសផង ដែលចាប់ផ្តើមរាងយឺតបន្តិចដោយសារតែរវល់តែជក់ចិត្តមើលនូវសមត្ថភាព និងសមិទ្ធផលដែលបណ្តាសាកលវិទ្យាល័យមួយចំនួនបានបង្ហាញនៅខាងក្រោម។ ខ្ញុំសូមយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រសួងអប់រំក៏ដូចជាបណ្តាសាកលវិទ្យាល័យនីមួយៗ ព្រមទាំងនិស្សិតផ្ទាល់ដែលបានខិតខំ និងបង្ហាញនូវសមត្ថភាពរបស់ខ្លួនជាពិសេសផ្នែកវិទ្យាសាស្រ្តនេះ … និយាយរួមគឺអ្វីដែលយើងធ្លាប់តែឃើញផលិតនៅក្រៅប្រទេស ឥឡូវយើងធ្វើខ្លួនឯងបានច្រើន។ ទោះបីភាគច្រើនមិនទាន់មានលទ្ធភាពទៅជាផ្នែកពាណិជ្ជកម្មធំក៏ដោយ ប៉ុន្តែយើងអាចធ្វើច្រើនខាងផ្នែកបច្ចេកវិទ្យានេះ។
[បញ្ចប់សេចក្តីអធិប្បាយ ១]
ជាដំបូង, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និង ការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន និង កីឡា, ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ ដៃគូសហប្រតិបត្តិការ ដែលបានរួមជាមួយគ្នានៅក្នុងការបង្កើត និងអនុវត្តនូវគំនិតផ្តួចផ្តើមថ្មីនេះ។
ផ្អែកតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា, វិស័យអប់រំសម្រេចបានវឌ្ឍនភាពគួរជាទីមោទនៈ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកម្រិតឧត្តមសិក្សាដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានៅពេលអនាគត ។ បន្ថែមលើនេះ,រាជរដ្ឋាភិបាល តាមរយៈ ក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញ វិធានការកែទម្រង់ស៊ីជម្រៅ សំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បី រួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង, ទេពកោសល្យ, សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ, ព្រមទាំងមានផលិតភាពការងារខ្ពស់ សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]
(២) វិស័យអប់រំត្រូវមានចក្ខុវិស័យវែងឆ្ងាយ ឆ្លើយតបទៅការផលិតធនធានមនុស្ស និងភាពបុរេសកម្ម
ក្នុងរបាយការណ៍សង្ខបរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់នូវគំនិតផ្តួចផ្តើមនិងការដាក់ចេញនូវកម្មវិធីភាពជាបុរេសកម្ម។ កំណែទម្រង់អបរំត្រូវមានភាពបុរេសកម្ម។ យើងអត់ឆ្លើយតបទេ។ យើងឆ្លើយតបការផលិតធនធានមនុស្ស ឲ្យស្របទៅតាមតម្រូវការនៃវឌ្ឍនភាពនៃការវិវត្តនៃសង្គម ប៉ុន្តែត្រូវមានភាពបុរេសកម្ម ព្រោះការកសាងធនធានមនុស្សមិនអាចធ្វើមួយថ្ងៃទេ។ បើយើងរំពឹងថានៅក្នុង ៥ ឆ្នាំទៀត AI កាន់តែដើរតួនាទីសំខាន់ យើងត្រូវរៀបចំការបណ្តុះបណ្តាលថ្ងៃនេះ។ នេះជាការពិត មិនមានអ្នកណាបង្រៀនមួយថ្ងៃ(ចេះបាន)ទេ។ ទាមទារឲ្យវិស័យអប់រំដាក់ចេញជាគោលការណ៍ដោយចក្ខុវិស័យវែងឆ្ងាយ និងភាពបុរេសកម្ម។ បើពុំដូច្នោះទេ យើងដើរមិនទាន់គេ (ប្រៀបដូចជាដថា)ម៉ោងនេះយើងទើបរៀនផ្នែក robotic តែគេទៅដល់ AIបាត់ហើយ … អញ្ចឹងចំពោះការរៀបចំបែបនេះ ខ្ញុំសូមអរគុណ។
(៣) ជាង ១០ឆ្នាំនៃការកំណែទម្រង់ និង ៤០ឆ្នាំនៃការងារក្នុងវិស័យអប់រំ ធនធានមនុស្សកម្ពុជាអាចចាប់យកបច្ចេកវិទ្យានិងឧស្សាហកម្ម ភាពប្រកួតប្រជែង និងដើរទាន់ជាមួយគេ
(យោងតាមសមិទ្ធផលដែលបានរៀបរាប់)ក្នុងរបាយការណ៍សង្ខេប បើគិតថាសមិទ្ធផលជាង ១០ ឆ្នាំដែលក្នុងការកំណែទម្រង់ និង ៤០ ឆ្នាំដែលយើងបានធ្វើមកនេះ គុណភាពនិងធនធានមនុស្សរបស់យើង ដែលដើរទាន់សភាពការណ៍អាចឲ្យកម្ពុជាចាប់យកនូវបច្ចេកវិទ្យានិងឧស្សាហកម្មសំខាន់ៗ ភាពប្រកួតប្រជែងយើងដើរទាន់ជាមួយគេដែរ។ នេះគឺដោយសារការត្រៀមលក្ខណៈបណ្តុះបណ្តាលយូរអង្វែង។ អញ្ចឹងខ្ញុំសូមគាំទ្រចំពោះគំនិតដែលមានភាពលក្ខណៈបុរេសកម្មនៅក្នុងការឆ្នៃប្រឌិតបន្តទៀតនៅក្នុងវិស័យអប់រំនេះ។ ខ្ញុំសូមអរគុណចំពោះការខិតខំដឹកនាំរបស់ក្រសួងអប់រំ ដើរតួនាទីសំខាន់ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវក្របខ័ណ្ឌនេះ។
(៤) គោលនយោបាយស្តីពីការងារអប់រំនឹងទទួលបានជោគជ័យ អាស្រ័យសេនាធិការរឹងមាំ ប្រកបដោយថាមពល ភាពច្នៃប្រឌិត និងបុរេសកម្ម
(ពេល)ចប់(សុន្ទរកថា)អម្បាញ់មិញ ឯកឧត្តម ហង់ជួន ណារ៉ុន ប្រាប់ថាសូមជូនពរឲ្យកំណែទម្រង់របស់ខ្ញុំនៅក្នុងវិស័យអប់រំបានជោគជ័យ។ កុំភ្លេចថាគឺគាត់ជាអ្នកអនុវត្ត។ ខ្ញុំបានតែដាក់ចេញនូវចក្ខុវិស័យនិងទស្សនទាន ប៉ុន្តែការអនុវត្ត និងការរៀបចំនូវគោលនយោបាយ និងផែនការសកម្មភាព និងការដឹកនាំអនុវត្តជាក់ស្តែងគឺតម្រូវឲ្យសេនាធិការ ដែលមកដល់ពេលនេះក្រសួងអប់រំបានដើរតួនាទីសំខាន់។ ខ្ញុំជឿថាគោលនយោបាយរបស់ខ្ញុំអាចអនុវត្តជោគជ័យបាន ព្រោះមានសេនាធិការដែលរឹងមាំ ច្បាស់លាស់ និងប្រកបទៅដោយកម្លាំងថាមពល និងភាពច្នៃប្រឌិត និងភាពបុរេសកម្ម … លទ្ធផលគោលនយោបាយរបស់ខ្ញុំ គឺអាស្រ័យទៅលើ ឯកឧត្តម ហង់ជួន ណារ៉ុន ដែលខ្ញុំជឿទុកចិត្ត ទៅលើក្រសួងអប់រំ និងការចូលរួមរបស់គ្រប់វិស័យ។
[បញ្ចប់សេចក្តីអធិប្បាយ ២]
ក្នុងការពង្រឹងវិស័យអប់រំ ជាពិសេសផ្នែកបច្ចេកវិទ្យាព័ត៌មាន, រាជរដ្ឋាភិបាលបានដាក់ចេញឱ្យ អនុវត្តនូវគោលនយោបាយសំខាន់ៗ ក្នុងគោលដៅអនុវត្ត និង ធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈ ការកសាងនូវពលរដ្ឋឌីជីថល ដែលមានសមត្ថភាពទទួលយកបច្ចេកវិទ្យា និង ដោយមានពុទ្ធិជាមូលដ្ឋាន ។ ក្នុងន័យនេះ, ការផ្គត់ផ្គង់ធនធានមនុស្សដែលមានមូលធនមនុស្ស និង មានសមត្ថភាពខ្ពស់ ជាមួយនឹងចំណេះដឹងទូលំទូលាយលើផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា សារគមនាគមន៍ និង នវានុវត្តន៍ ជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។
ខ្ញុំសូមចូលរួមអបអរសាទរ និង គាំទ្រចំពោះការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាប្រកបដោយភាពជោគជ័យ និង សូមវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និង កីឡា, គណៈគ្រប់គ្រង សាស្រ្តាចារ្យ និង បុគ្គលិកអប់រំទាំងអស់ នៃបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា, ដែលមកទល់ពេលនេះ សាកលវិទ្យាល័យចំនួន ១២ បានចូលរួមជាសមាជិក និង បានអភិវឌ្ឍ, ទាំងផ្នែកហេដ្ឋារចនា-សម្ព័ន្ធឌីជីថល, ការអភិវឌ្ឍសមត្ថភាពមន្រ្តីពាក់ព័ន្ធ និង ការផលិត មាតិកា និង ខ្លឹមសារមេរៀន ។ល។
ទន្ទឹមនេះ, ខ្ញុំសូមលើកទឹកចិត្តដល់សាកលវិទ្យាល័យដទៃទៀត ឱ្យពិនិត្យលទ្ធភាពចូលរួមក្នុងបណ្តាញនេះ ដើម្បីជាប្រយោជន៍ដល់ការសិក្សា និង ការស្រាវជ្រាវរបស់សាស្ត្រាចារ្យ និង និស្សិតរបស់យើង ។ ជាមួយគ្នានេះ, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍ ដែលបានជួយជ្រោមជ្រែងដល់ការបង្កើត និង កិច្ចដំណើរការនៃបណ្តាញសាកលវិទ្យាល័យសាប័រកម្ពុជាតាំងពីដំណាក់កាលដំបូង រហូតមកទល់ថ្ងៃសម្ពោធជាផ្លូវការនាពេលនេះ និង នៅអនាគត ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ៣]
(៥) គុណភាពការអប់របណ្ដុះបណ្ដាល ជាកត្តាគន្លឹះក្នុងការធានាគុណភាពធនធានមនុស្ស
គុណភាពនៃធនធានមនុស្សជាកត្តាកំណត់អំពី គុណភាពនិងសមត្ថភាពរបស់ប្រទេស ក្នុងការអភិវឌ្ឍ និងប្រកួតប្រជែងដោយចីរភាព។ ដូចនេះ គុណភាពការអប់រំ បណ្ដុះបណ្ដាល គឺជាកត្តាគន្លឹះនៃគុណភាពធនធានមនុស្ស។ យើងអាចនិយាយថា គុណភាពនៃការបណ្ដុះបណ្ដាល គឺជាកត្តាគន្លឹះមួយសំខាន់សម្រាប់ធានាការវិវត្ត ការប្រកួតប្រជែងរបស់ប្រទេសជាតិយើង។ គម្លាតនៃខួរក្បាល និងគម្លាតនៃសមត្ថភាពរបស់មនុស្ស ងាយស្រួលក្នុងការភ្ជិត បើសិនជាមានឱកាសបានទទួលនូវការអប់រំដែលមានគុណភាពដូចគ្នា ទោះជាចាប់ផ្ដើមពីចំណុចខុសគ្នាលើកត្តាផ្សេងៗ។ ក្នុងន័យនេះ ខ្ញុំតែងតែលើកឧទាហរណ៍ជាក់ស្ដែង៖ និស្សិតម្នាក់(នៅក្នុង)គ្រួសារក្រីក្រ ពីជនបទ មករៀននៅ(សាលា)តិចណូ មិនប្រាកដថារៀនចាញ់សិស្សដែលមកពីគ្រួសារធូរធារនៅភ្នំពេញទេ។
(៦) ទទួលបានការផ្ដល់ឱកាសដូចគ្នា និងមានការប្រឹងប្រែង គម្លាតខួរក្បាលអាចភ្ជិតក្នុងរយៈពេលខ្លី
បើសិនជាទទួលបាននូវការផ្ដល់ឱកាស(ដូចគ្នា) និងមានការខិតខំប្រឹងប្រែង យើងអាចបិទគម្លាតខួរក្បាលក្នុងរយៈពេលខ្លីបំផុត។ អញ្ចឹងអ្វីដែលសំខាន់ គឺត្រូវពង្រីកវិសាលភាពនៃការអប់រំ ឱ្យនិស្សិតរបស់យើងនៅទូទាំងប្រទេសមានលទ្ធភាពទទួលបានការផ្ដល់ឱកាស(ដូចគ្នា) ក៏ដូចជាគុណភាពអប់រំ ព្រោះគុណភាពនៃការអប់រំ កំណត់គុណភាពធនធានមនុស្ស និងគុណភាពនៃការអភិវឌ្ឍ។ កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយពង្រីកវិសាលភាពគ្របដណ្ដប់ ក្នុងនោះមានការចូលរួមពីវិស័យឯកជនផង។
(៧) នៅមានការប្រឈមក្នុងការធានាសមធម៌ដើម្បីគុណភាពអប់រំរវាងសាកលវិទ្យាល័យនៅតាមខេត្តនិងនៅក្នុងរាជធានី
រាល់ថ្ងៃនេះ យើងមានការអប់រំថ្នាក់ឧត្តមសិក្សានៅតាមបណ្ដារាជធានីខេត្ត នៅតាមបណ្ដាខេត្តជាច្រើន។ នេះជាមោទនភាពមួយរបស់យើង។ ការនេះ នាំអោយយើងអាចផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋ និស្សិត យុវជន នៅទូទាំងប្រទេស មានលទ្ធភាពចាប់យកនូវការបណ្ដុះបណ្ដាល និងការសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលធ្វើឱ្យមានការកាត់បន្ថយមួយជំហាននូវគម្លាតរវាងគុណភាពនិងសមត្ថភាពមនុស្ស តាមរាជធានីខេត្ត។ ប៉ុន្តែកត្តាមួយចំនួននៅតែជាបញ្ហាប្រឈម ដើម្បីធានាសមធម៌ ឬមួយក៏ភាពស្មើគ្នានៃគុណភាពអប់រំនៅឡើយ ទាំងរវាងខេត្តនិងរាជធានី ទាំងរវាងសាកលវិទ្យាល័យផ្សេងៗនៅក្នុងរាជធានី។
(៨) គុណវុឌ្ឍិគ្រូបង្រៀន, កម្មវិធីសិក្សា, ឧបករណ៍សម្ភារៈ និងវិធីសាស្រ្តបង្រៀន កំណត់គុណភាពអប់រំ
អ្វីដែលយើងរាប់បានថាជាកត្តាកំណត់គុណភាពអប់រំបណ្ដុះបណ្ដាលមានច្រើន។ ក្នុងនោះ ខ្ញុំគិថា ទី១ គឺគុណភាព/គុណវុឌ្ឍិនៃសាស្រ្តាចារ្យ គ្រូបង្រៀន។ សាលាមួយត្រូវការមានសិស្សនិងគ្រូ ពិតណាស់ (ក៏មាន)ឧបករណ៍សម្ភារ
ៈ មេរៀនដែរ។ អញ្ចឹងគ្រូមានដែលមានគុណវុឌ្ឍិ និងមានបទពិសោធន៍ជាកត្តាសំខាន់នៅក្នុងការកំណត់គុណភាពនៃការអប់រំ។ ទី២ កម្មវិធីសិក្សានិងមេរៀន។ ទី៣ ឧបករណ៍សម្ភារៈ ឬមធ្យោបាយក្នុងការបង្រៀន។ ទី៤ វិធីសាស្រ្តបង្រៀន។ កត្តា ៤នេះ គឺជាកត្តាដែលអាចកំណត់នៅក្នុងគុណភាពនៃការអប់រំ។
(៩) ការប្រឈមបីនៃគ្រឹះស្ថានសិក្សា គឺ កង្វះមុខវិជ្ជា កង្វះសិស្ស និងកង្វះគ្រូជំនាញ
កន្លងទៅមានបញ្ហាប្រឈមខ្លះនៅតាមគ្រឹះស្ថាន ជាពិសេសនៅតាមខេត្ត ក៏ដូចជាគ្រឹះស្ថានតូចៗ មួយចំនួននៅភ្នំពេញ។ កត្តាទាំងនោះរួមមាន (ទី១) កង្វះមុខវិជ្ជា ដោយសារខ្វះគ្រូជំនាញ។ នៅតាមខេត្ត ខ្ញុំតែងតែផ្ដល់អាហារូបករណ៍ឱ្យនិស្សិត … នៅខេត្តខ្លះ មិនមានមុខវិជ្ជាមួយចំនួន ដោយសារមិនមានគ្រូ។ កន្លែងខ្លះ នៅខេត្តបើកមិនកើត ដោយសារសិស្សតិចពេក។ អញ្ចឹងធ្វើឱ្យសិស្សត្រូវធ្វើម៉េច(ដើម្បីដោះស្រាយការប្រឈមនៃ)ការអប់រំ ការបណ្ដុះបណ្ដាល? បើចង់រៀន ទាល់តែមកភ្នំពេញ? ឬមួយក៏បោះបង់ … គ្មានជម្រើស។ ទី២ កង្វះសិស្ស … បើកថ្នាក់រៀនមិនចេញ។ សាលាចង់បើកផ្នែកហ្នឹង តែអត់មានសិស្ស។ ទ្រទ្រង់អត់កើត។ បើមួយថ្នាក់មានតែ ២នាក់ បើកមិនកើត។ ទីបំផុតត្រូវបិទ។ ទី៣ គ្រូជំនាញនៅតាមខេត្ត ពេលខ្លះលំបាក។ ការបណ្ដុះបណ្ដាលជំនាញមួយៗ ជាពិសេសបច្ចេកវិទ្យាថ្មីៗ មិនអាចយកលោកគ្រូដែលទើបចប់បរិញ្ញាបត្រ(មកបង្រៀនទេ)។ ខាងបច្ចេកវិទ្យាត្រូវការគ្រូដែលមានគុណវុឌ្ឍិ និងបទពិសោធន៍ខ្ពស់ ចេះស្រាវជ្រាវ … មិនថាតែនៅតាមខេត្តទេ សូម្បីតែនៅភ្នំពេញក៏ដោយ សាកលវិទ្យាល័យមានច្រើន តែសាកលវិទ្យាល័យខ្លះអត់មានលទ្ធភាពរកគ្រូ(ជំនាញ) ព្រោះគ្រូមានតិច … ជំនាញខ្លះ ដូច AI ហ្នឹង គ្រូដែលបង្រៀនបានមានមិនច្រើនទេ … នេះជាបញ្ហាប្រឈម។ ការខ្វះឧបករណ៍ កម្មវិធីសម្រាប់បណ្ដុះបណ្ដាលមុខវិជ្ជាដោយប្រសិទ្ធភាព នេះក៏ជាឧបសគ្គដែរ។
(១០) ស្រាយបញ្ហាខ្វះសិស្ស ខ្វះគ្រូ ខ្វះឧបករណ៍ ការបង្រៀន/រៀនអនឡាញជានវានុវត្តន៍/មធ្យោបាយសំខាន់
ដើម្បីដោះស្រាយបញ្ហាខាងលើ បើឱ្យសាកលវិទ្យាល័យនីមួយៗធ្វើខ្លួនឯង ប្រហែលជាពិបាក ហើយមិនដឹងយូរប៉ុណ្ណា ព្រោះទៅរកសិស្ស រកគ្រូ បង្កើនឧបករណ៍។ នេះទាមទារនូវការធ្វើនូវនវានុវត្តន៍ ការប្រើប្រាស់នូវវិធីសាស្រ្ត ដើម្បីច្នៃប្រឌិត … ការបង្កើតការរៀនអនឡាញជាមធ្យោបាយមួយសំខាន់។ ពិតណាស់ យើងអត់បានអង្គុយរៀនដូចនៅក្នុងថ្នាក់ ប៉ុន្តែមិនប្រាកដថា រៀនក្នុងថ្នាក់ប្រសើរជាងរៀនតាមអនឡាញទេ។ កត្តាកំណត់ ក៏អាស្រ័យទៅលើសិស្សមួយដែរ។ បើរៀនក្នុងថ្នាក់ ៣០នាក់ សិស្សទៅដេករហូត ក៏អត់ចេះដែរ។ តែបើសិស្សរៀនអនឡាញសង្វាត ធ្វើការពេលថ្ងៃ យប់ឡើងមករៀន មើលមេរៀនឡើងវិញ គឹចេះ … យើងអង្គុយរៀនក្នុងថ្នាក់ យើងអង្គុយរៀនក្រៅថ្នាក់ ស្រដៀងគ្នាតែមានការវិវត្តនៅខាងមុខទៀត។ ដើម្បីធានាបានបែបនេះ ត្រូវការការច្នៃប្រឌិត ហើយការរៀនអនឡាញនេះមិនមែនរឿងថ្មីទេ។ បើយើងមើលនៅលើសកលលោក ការរៀនអនឡាញគឺបានធ្វើយូរហើយ។
(១១) ការបង្រៀន/រៀនតាមអនឡាញ ឆ្លើយតបទៅនឹងតម្រូវការបត់បែននៃការបណ្តុះបណ្តាល
ខ្ញុំចាំ ដើមឆ្នាំ ២០០០ មានការផ្សព្វផ្សាយរៀនអនឡាញនៅអាមេរិក … ឥឡូវបើយើងមើលនៅក្រៅប្រទេស សាកលវិទ្យាល័យសឹងទាំងអស់ សុទ្ធតែមានរៀនអនឡាញ មិនថាសាកលវិទ្យាល័យតូចធំទេ ដូចជាសាកលវិទ្យាល័យ Harvard អី Harvard Business School សុទ្ធតែកំពូលនៅលើពិភពលោក មានរៀនអនឡាញ គ្រាន់តែថាគេអាចរៀន ៣បូក១, ១បូក៣ … សាលានៅអង់គ្លេស Cambridge, Oxford សុទ្ធតែមាន(រៀនអនឡាញ)ទាំងអស់។ ដើម្បីអ្វី? ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការបណ្ដុះបណ្ដាលដែលវាត្រូវបត់បែន។ បណ្ដុះបណ្ដាលសម័យថ្មី អត់ចាំបាច់អង្គុយថ្នាក់ទេ ហើយមិនចាំបាច់កំណត់ថាម៉ោង ៧ ទៅម៉ោង ៩ រៀន។ អត់ទេ។ មានភាពបត់បែន។ បើសិនជាឱ្យសិស្សរៀននៅស្រុកខ្មែរ ចុះឈ្មោះរៀននៅ Harvard ម៉ោងខុសគ្នា ១២ម៉ោង។ បើសិនជាចង់រៀនម៉ោង ៧នៅនោះ ទាន់តែសិស្សរៀននៅនេះ(ម៉ោង៧យប់)។ វាទៅមិនរួច។ អញ្ចឹងគេបើកអោយមានភាពបត់បែន(ក្នុងការសិក្សា)តាមអនឡាញ។
(១២) ប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធើណិតក្នុងការសិក្សាអនឡាញ
នៅកម្ពុជា ខ្ញុំឃើញមានការរៀនអនឡាញ។ យើងធ្វើជំនាន់កូវីដ១៩។ មុនកូវីដ១៩ ខ្ញុំចាំថាលោកគ្រូបង្រៀនថតវីដេអូដាក់តាមទូរទស្សន៍។ ស្រដៀងគ្នា គ្រាន់តែមធ្យោបាយខុសគ្នា។ ឥឡូវ យើងមាន internet អាច live។ កាលនោះ ល្ងាចៗឡើង ខ្ញុំបាយរួច ពុកម៉ែឲ្យអង្គុយមើលមួយម៉ោង។ យើងទាញសៀវភៅមកមើល។ លោកគ្រូ (ឡុង) សារិន គាត់បង្រៀនខ្មែរ។ លោកគ្រូ អ៊ំ ស៊ីនិត បង្រៀន Math។ ដូចរៀនគួរបន្ថែមអញ្ចឹង។ តែរៀនបែបនេះ វាមិនខុសពីរៀនអនឡាញឥឡូវទេ។ រៀនអនឡាញក៏អត់ចាំបាច់ live ដែរ។ កន្លែងខ្លះ អាចថតវីដេអូដាក់ឱ្យសិស្សរៀន។ ចំណេញពេលទៀត។ បើយើងរៀននៅថ្នាក់ ជួនកាលកត់អត់ទាន់។ ស្រមើស្រមៃមួយភាំង ភ្លេចគ្រូនិយាយ។ តែរៀនអនឡាញ មានវីដេអូ។ បើយើងមើលហើយមិនចាំ មកមើលម្ដងទៀត។ ខ្ញុំចាំកាលពីរៀននៅអាមេរិកដំបូង ដោយសារភាសាផង ទៅរៀនម្ដងៗ ដាក់ record ថតសម្លេង។ ចាប់មិនសូវបាន។ អញ្ចឹងបើរៀនមួយម៉ោង ចេញមកក្រៅត្រូវថែម ៣ម៉ោងខ្លួនឯងទៀតដើម្បីអង្គុយស្ដាប់ឡើងវិញ។ ឥឡូវមាន internet មានវីដេអូ។ ចង់ទៅប្លង់ណាយកប្លង់នោះ។ នេះគឺជាការប្រើប្រាស់បច្ចេកវិទ្យា។
(១៣) ការចងក្រងបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា មិនត្រឹមតែឲ្យសិស្សអាចរៀនពីចម្ងាយទេ តែថែមទាំងអាចរៀនមុខវិជ្ជាដែលខ្លួនចង់ ប្រកបដោយភាពបត់បែន
អ្វីដែលជាការចាប់អារម្មណ៍សម្រាប់ខ្ញុំ ក្នុងការចងក្រងបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា មិនមែនត្រឹមតែផ្ដល់ការរៀនអនឡាញទេ … ការរៀនអនឡាញភាគច្រើនរវាងសាលាមួយនិងសាលាមួយ អាចមាន dual degree។ យើងរៀនជាមួយ Oxford យើងរៀនតែ Oxford course អញ្ចឹងទៅ។ អញ្ចឹងសាលាមួយៗគាត់មានលទ្ធភាពធ្វើខ្លួនឯងបាន។ ការរៀបចំការចងក្រងជាបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជានេះ វាជួយដោះស្រាយនូវបញ្ហាប្រឈមនៃគម្លាតដែលខ្ញុំបានលើកពីដើមទី។ នៅខេត្តក្រចេះ មិនអាចបើកថ្នាក់ IT នេះទេ ព្រោះអត់សិស្ស អត់គ្រូ។ តែឥឡូវសិស្សនៅក្រចេះអាចរៀន(មុខវិជ្ជានេះ)តាមអនឡាញ នៅភ្នំពេញបាន។ រៀនគួរដែលមានកម្រិតបង្រៀនដោយគ្រូនៅតិចណូ។ នេះគឺជាការច្នៃប្រឌិតសំខាន់ណាស់។ ខ្ញុំគាំទ្រគំនិតនេះ។ (ការរៀបចំបង្រៀន/រៀនរបៀបនេះ) មិនត្រឹមតែអាចឲ្យសិស្សរៀនពីចម្ងាយបានទេ តែថែមទាំងឲ្យរៀនមុខវិជ្ជាដែលខ្លួនចង់ដោយខ្លួនឯង ដែលជាការច្នៃប្រឌិត ឬមួយផ្ដល់ភាពបត់បែនដល់និស្សិត …។
(១៤) ការច្នៃប្រឌិតផ្ដល់ឱកាសឲ្យរៀនបានដូចគ្នា ពន្លឿនការពង្រាយគុណភាព និងបង្រួមគម្លាតគុណភាពអប់រំ
នៅកម្ពុជាមានសាកលវិទ្យាល័យជាសមាជិកប៉ុន្មាន? មាន PPIU, មានតិចណូ មានភូមិន្ទភ្នំពេញ និង NUM មួយទៀត។ អញ្ចឹងសិស្សនៅភ្នំពេញក៏ដោយ ក៏អាចចែករំលែករៀនមេរៀនខុសគ្នា។ នេះគឺជាការដោះស្រាយមួយដោយច្នៃប្រឌិតសម្រាប់កម្ពុជា។ បើយើងចាំថាឲ្យសាលានៅក្រចេះបណ្ដុះបណ្ដាលដូចតិចណូ រកគ្រូ រកឧបករណ៍បានដូចតិចណូ រកប្រព័ន្ធ Data Center ដូចនៅភ្នំពេញ មិនដឹងឆ្នាំណា(អាចធ្វើបានទេ)។ ក្នុងមួយឆ្នាំៗ យើងខាតឱកាសសម្រាប់និស្សិត និងពលរដ្ឋនៅតាមខេត្តច្រើនណាស់។ អញ្ចឹង យើងផ្ដល់ឱកាស(ដូចគ្នា)ឲ្យគាត់រៀន។ បានន័យថា ការច្នៃប្រឌិតនេះអាចពង្រាយគុណភាពអប់រំ និងបង្រួមគម្លាតគុណភាពអប់រំបានលឿន។ ខ្ញុំសូមគាំទ្រទៅលើគម្រោង និងការផ្ដួចផ្ដើមនេះ។ ខ្ញុំសង្ឃឹមថានឹងបន្តដើម្បីពង្រឹងការងារនេះឲ្យបានកាន់តែល្អប្រសើរ …។
(១៥) ការចងក្រងសាកលវិទ្យាល័យជួយឲ្យគ្រូតាមបណ្ដាខេត្តចែករំលែកបទពិសោធន៍មេរៀនបន្ថែមទៀត
មិនថាតែសិស្សទេ។ អម្បាញ់មិញខ្ញុំសួរ លោកគ្រូក៏បណ្ដុះបណ្ដាលដែរ។ មិនមែនរៀនតែសិស្សទេ រៀនទាំងគ្រូទៀត។ គ្រូក៏ជាសិស្សដែរ។ ខ្ញុំថាគ្រូត្រូវចេះជាងសិស្ស។ ខ្ញុំធ្លាប់រៀន ហើយធ្លាប់ធ្វើគ្រូជំនួយកាលនៅអង់គ្លេស។ បើសិស្សចេះត្រឹមតែ ៨០-៩០% ឬ១០០% ជាប់ គ្រូត្រូវចេះ ១១០%។ ហេតុអី? ព្រោះគ្រូត្រូវឆ្លើយទៅនឹងសំណួរសិស្សដែលមិនអាចព្យាករណ៍បាន។ ត្រូវចេះ ត្រូវយល់ ហើយទាញយកនូវអ្វីដែលមានមកឆ្លើយនឹងសំណួរ។ នេះបានជាគ្រូ។ អញ្ចឹង គ្រូត្រូវបណ្ដុះបណ្ដាលជាប្រចាំ។ ពេលខ្ញុំដើរមើលបទបង្ហាញនៅខាងក្រោម មានថ្នាក់ខ្លះសិស្សចោទសួរផ្ទាល់តាមអនឡាញ។ បើសិនជាលោកគ្រូមិនស្ទាត់ទេ កុំឲ្យកុំព្យូទ័រ error ព្រោះទៅរៀនម្ដងៗ មិនស្រួលទេ។ សិស្សអាចចេះ ៩០% ប្រឡងជាប់បាន A ហើយ ៦០% ក៏បាន តែគ្រូមិនបានទេ … ដូចនេះ ការចងក្រងសាកលវិទ្យាល័យ ជួយឲ្យគ្រូនៅបណ្ដាខេត្តអោយចែករំលែកបទពិសោធន៍មេរៀនបន្ថែមទៀត …។
(១៦) ការជួយអោយសិស្សអាចរៀននិងផ្ទេរពិន្ទុ ជាការចែករំលែកធនធាន ជានវានុវត្តន៍ក្នុងវិស័យអប់រំ
អ្វីដែលជាលក្ខណៈពិសេស គឺការអនុញ្ញាតឲ្យសិស្សអាច transfer credit បាន។ អញ្ចឹងសិស្សមិនខាត។ កាលមុន បើគាត់ចង់រៀនថ្នាក់នេះ ទាល់តែចុះឈ្មោះ ២សាលា ឬមួយក៏ទៅមក។ ឥឡូវសាលាជាមួយសាលាឯកភាពគ្នាថាបើសិស្សយកជំនាញ IT គាត់ត្រូវការយកប៉ុន្មាន credit? ក្នុងនោះផ្នែក IT ហ្នឹង ឧទាហរណ៍ថា ២០ credits ស្មើនឹង ៥ courses ហើយ ៥ courses ហ្នឹង មិនមែនចាំបាច់ត្រូវដូចគ្នាទេ។ វាមានជម្រើសនៃ ២០ courses ផ្នែក IT រើសទៅ។ អញ្ចឹងសាលាណារៀនអីៗ គាត់រើសបាន។ ឧទាហរណ៍ថា សាលានេះមានលទ្ធភាពរកគ្រូមកបានតែ ៥ courses សាលាផ្សេងទៀតរកបាន ៧ courses ដែលមាន ២ courses សាលាមួយមុនមិនមាន។ អញ្ចឹងអាចចែកគ្នាបាន។ សិស្សនៅនេះក៏អាចរៀនបាន។ នេះគឺជាការចែករំលែកធនធានធំណាស់។ នេះគឺជានវានុវត្តន៍ក្នុងវិស័យអប់រំ។ ខ្ញុំថាបើវិស័យអប់រំដើរយឺតជាងនវានុវត្តន៍ អត់ទៅរួចទេ។ មនុស្សបង្កើតរាលសមត្ថភាព និងដាក់ចេញនូវកិច្ចការនវានុវត្តន៍។ បើមនុស្សដើរយឺត មិនអាចទៅរួចទេ។ ទាល់តែការអប់រំបណ្ដុះបណ្តាលមនុស្សនេះធំ ហើយការអប់រំ ត្រូវមានធនធាន។
(១៧) ការភ្ជាប់បណ្តាញកុំព្យូទ័រតាមសាលានានាមក data center នៅកន្លែងមួយ ជាការចែករំលែកហេដ្ឋារចនាសម្ព័ន្ធ និងធនធានដែលមាន ដើម្បីកាតព្វកិច្ចរួមគ្នាកសាងធនធានមនុស្ស
ថ្ងៃមុន បង កុលាប បានផ្ញើសារមក។ ខ្ញុំហៅគាត់ថា បង កុលាប។ គាត់ថា សម្ដេចនៅចាំឈ្មោះខ្ញុំ។ បើមិនចាំឈ្មោះ បង កុលាប ចប់បាត់ហើយ។ គាត់បានបង្ហាញពីរឿង Mechatronics ពី data center ធំណាស់ ហើយមាន Computer Labs។ ហើយខ្ញុំសួរថា ចុះសាកលវិទ្យាល័យនានដូចជានៅក្រចេះ នៅស្វាយរៀង នៅត្បូងឃ្មុំ បើគាត់មិនមានលទ្ធភាពដំឡើង center និង database ហ្នឹងតើគាត់រៀនបានឬអត់? គាត់ថាមិនចាំបាច់ដំឡើងនៅនោះទេ គឺ access ដោយប្រើទាំង Tablet និងកុំព្យូទ័រនៅសាលានោះ ភ្ជាប់មក data center នៅសាលាតែម្ដង។ អញ្ចឹងមិនបាច់សាលាមួយៗ វិនិយោគទេ។ អស់ថ្លៃណាស់ ហើយពិបាកសុវត្ថិភាព។ នេះហើយគឺការបង្កើនសមត្ថភាព មិនបាច់សិស្សនៅក្រចេះចុងសប្ដាហ៍ជិះឡានមកប្រើ computer lab ទេ គឺយើងភ្ជាប់តែម្ដង។ នេះគឺជាការចែករំលែកនូវហេដ្ឋារចនាសម្ព័ន្ធ និងធនធានដែលមាន។ យើងក្រ មិនអាចទៅពង្រីកម្ដងគ្រប់កន្លែងទេ។ អ្នកមានលទ្ធភាពពង្រីក ចែកគ្នារស់ ចែកគ្នាពង្រឹង ព្រោះការកសាងធនធានមនុស្សគឺជាកាតព្វកិច្ចទាំងអស់គ្នា …។
(១៨) បណ្តាញសាកលវិទ្យាល័យ Cyber កម្ពុជា ជាថ្នាលចែករំលែកធនធានមានស្រាប់ បណ្តុះបណ្តាលគ្រប់ទីកន្លែងជាសមាជិកទាន់ពេលវេលា និងជាជាងធ្វើម្នាក់ឯង
… ការបន្ថយគម្លាតគុណវុឌ្ឍិ គុណភាពអប់រំ រវាងខេត្តនិងរាជធានីគឺជាកត្តាចាំបាច់ដើម្បីឱ្យគុណភាពប្រជាពលរដ្ឋយើងប្រកួតប្រជែងគ្រប់កន្លែង។ វិធីសាស្ត្រដែលលឿនបំផុតគឺវិធីសាស្ត្រចែករំលែកនេះឯង។ អញ្ចឹងបានខ្ញុំម្តងហើយម្តងទៀត គាំទ្របណ្តាញសាកលវិទ្យាល័យ Cyber កម្ពុជានេះ ព្រោះជាថ្នាលមួយសម្រាប់ចែករំលែកធនធាន ដែលមានស្រាប់ ហើយបង្កលក្ខណៈបណ្តុះបណ្តាលគ្រប់ទីកន្លែងដែលជាសមាជិក ទាន់ពេលវេលាជាជាងធ្វើម្នាក់ឯង។ នេះគឺពិសេសជាងប្រព័ន្ធអញឡាញ Learning ដូចដែលខ្ញុំនិយាយថា ប្រទេសមួយជាមួយប្រទេសមួយ … ពិតណាស់ អ្វីដែលចាប់ផ្តើមដំបូងមិនដែលល្អឥតខ្ចោះទេ ប៉ុន្តែត្រូវតែដើរមួយជំហានទៅមុខ ទើបដឹងថាទៅណា ហើយយើងដើរទិសណា។ អត់អាចបង្កើតមក ៦សាលា ១២ សាលា ហើយល្អឥតខ្ចោះទេ។ គ្មានសាលាណាល្អឥតខ្ចោះទេ។ សូម្បីតែនៅ Harvard គឺត្រូវកែទម្រង់រហូត។ គេ Search រហូត។ នៅ Cambridge ដែលថាលេខមួយលើសកលលោកក៏ដោយ ជាពិសេសពាក់ព័ន្ធវិទ្យាសាស្ត្រគឺត្រូវតែកែ។ មិនអាចប្រើ Iphone ១៥ ដប់ឆ្នាំក្រោយនៅតែ iphone ១៥ ទេ។ AI នឹងមកហើយ។ បើយើងមិនត្រៀមមនុស្សយើងឱ្យចេះ AI ហើយចេះ AI នៅច្រើនកន្លែង យើងនឹងដើរទៅ។ នេះហើយគឺជាអ្វីដែលចាំបាច់នៅក្នុងការធ្វើគម្លាត កាត់បន្ថយគេហៅថាសមធម៌គុណភាពរវាងនិស្សិតរាជធានី និងខេត្ត ជាកិច្ចការសំខាន់។
(១៩) ប្រើប្រាស់បច្ចេកវិទ្យាដើម្បីទាញយកផល ស្របតាមនិន្នាការសាកលប្រព័ន្ធឌីជីថល
ទី២ ស្របតាមនិន្នាការសាកលគឺការរៀបចំដំណើរការតាមប្រព័ន្ធឌីជីថល។ ឥឡូវ ការងារកន្លែងខ្លះ ក្រុមហ៊ុនបច្ចេកវិទ្យាទំនើប គេអត់ត្រូវការមាន office ផង។ ឥឡូវ Business ច្រើនណាស់ដែលរលំដោយសារផ្អែកទៅលើរូបមន្តមូលដ្ឋានដែលត្រូវការ office … យើងយកតែរឿងកាលខ្ញុំនៅអាមេរិក មានក្រុមហ៊ុនមួយជួលវីដេអូ ហៅថា Blockbuster។ ក្រុមហ៊ុនហ្នឹងរកស៊ីដាច់ណាស់កាលហ្នឹង ព្រោះគាត់មានសាខាគ្រប់កន្លែង។ រកស៊ីឈ្នះគេអត់មានអ្នកណាមានទេ។ ប៉ុន្តែដល់ Netflix ដល់ Internet ចេញមក គាត់រលំតែម្តង។ ឥឡូវ កាសែតយើង អ្នកណាអានកាសែតក្រដាស? បើមិនចូលអញឡាញទេ។ សូម្បីតែទូរទស្សន៍ក៏ដោយ បើមិនទៅអញឡានទេ អត់មានអ្នកមើលច្រើនទេ។ អញ្ចឹង របៀបធ្វើការ ផ្នត់គំនិតយើងត្រូវប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាផលរបស់យើង។
ការធ្វើការក្តី។ ដូចនៅក្រុមហ៊ុន Google។ ខ្ញុំមើលអត់មាន office ស្រួលបួលទេ។ ធ្វើការនៅតាមសាឡុង នៅតាមផ្ទះ។ គេថាឱ្យលទ្ធផលបាន។ គេទុក ១អាទិត្យ លទ្ធផលបានសម្រេច។ ធ្វើអីធ្វើចុះ អ្នកឯងចង់គេង ២០ម៉ោង គេងចុះក្នុងមួយថ្ងៃ ឱ្យតែធ្វើឱ្យបានសម្រេចភាពបត់បែន។
(២០) បង្កើនភាពទទួលខុសត្រូវរបស់សិស្ស និងភាពបត់បែននៃការរៀនតាមប្រព័ន្ធ online
ប៉ុន្តែមិនមែនធ្វើអញ្ចឹងប្រាប់ឱ្យសាលាឈប់ឱ្យសិស្សមករៀនទេ គឺផ្អែកទៅលើការទទួលខុសត្រូវ។ នេះគឺការបង្កើនភាពទទួលខុសត្រូវរបស់មនុស្សផង និងភាពបត់បែន ទៅរៀនតាមប្រព័ន្ធ Cyber/online។ បើមិនខំប្រឹងខ្លួនឯងគ្មានគ្រូណាទៅជួយទេ។ បើមិនខំប្រឹងខ្លួនឯងយើងចេញទៅធ្វើការអត់ច្បាស់លាស់។ អញ្ចឹងពឹងទៅលើស្មារតីម្ចាស់ការផ្នត់គំនិតនៃការទទួលខុសត្រូវ។ ខ្ញុំសួរលោកគ្រូអម្បាញ់មិញថា រវាងសិស្សរៀនអនឡាញ ជាមួយសិស្សដែលរៀននៅសាលា តើលទ្ធផលប្រឡងយ៉ាងម៉េច? គាត់ថាត្រដងត្រសង។ មិនដឹងថាគាត់យកព៉ាន់ប៉ុន្មានភាគរយ? ប៉ុន្តែ ខ្ញុំជឿថា បើមិនចាប់អារម្មណ៍សិស្សមិនចុះឈ្មោះរៀនទេ ព្រោះពេលខ្លះទោះបីជា Free ឱ្យគាត់ ក៏(ត្រូវតែ) គាត់ចាប់អារម្មណ៍ដែរ។ មិនអញ្ចឹងគាត់មិនចុះឈ្មោះទេ។ ប្រព័ន្ធអប់រំរបស់យើងត្រូវធ្វើម៉េចផ្អែកទៅលើគុណាធិបតេយ្យ។ កុំឱ្យ Register ហើយឃើញតែអនឡាញ ប៉ុន្តែ(ដេក) លក់បាត់។ ដល់ម៉ោង Sign out ដល់ម៉ោង Sign in។
(២១) ជានិស្សិត បានន័យថាពេញក្រមុំកម្លោះ ទទួលខុសត្រូវលើជីវិតរបស់ខ្លួន ម្ចាស់ការ ជួយខ្លួនឯង ជួយម៉ែឪ
មានប្រព័ន្ធប្រឡង ឆែកគុណភាពស្អីៗ ប៉ុន្តែសំខាន់ម្ចាស់ការលើខ្លួន។ យើងនិស្សិត ហើយថ្នាក់ឧត្តមសិក្សា។ និសិ្សតបានន័យថា យើងពេញក្រមុំ ពេញកម្លោះហើយ។ យើងទទួលខុសត្រូវលើជីវិតរបស់ខ្លួនហើយ។ ម៉ែឪលែងទទួលខុសត្រូវហើយ។ យើងត្រូវចាប់ផ្តើមម្ចាស់ការ ហើយកសាងសមត្ថភាព ជួយខ្លួនឯង និងជួយម៉ែឪវិញ។ សិស្សចប់ថ្នាក់ទី ១២ គឺព្រលែងហើយ។ អត់មានត្រូវមករៀន មកអីតាមកម្មវិធីដែលក្រសួងអប់រំកំណត់ទេ។ យើងមានជម្រើសក្នុងការរើស Course របស់យើង។ ពិតណាស់ បើយើងអត់គ្រប់(ពិន្ទុ) សាលាឱ្យធ្លាក់។ រៀនមិនជាប់មាន ប៉ុន្តែភាគច្រើនគិតថាយើងអាយុ ១៧ឆ្នាំ, ១៨ឆ្នាំហើយ។ ច្បាប់ក៏អនុញ្ញាតឱ្យយើងធ្វើកិច្ចការច្រើន។ អញ្ចឹងអ្វីដែលសំខាន់គឺការទទួលខុសត្រូវខ្លួនឯង។ ការបណ្តុះបណ្តាល ការបង្កើត មិនត្រឹមតែបង្រៀន និងដាក់ចេញនូវនវានុវត្តន៍ និងភាពច្នៃប្រឌិតក្នុងការពង្រីកការអប់រំ ប៉ុន្តែថែមទាំងបណ្តុះនូវគំនិតទទួលខុសត្រូវរបស់និស្សិតយើងទៀត … ផ្តល់ភាពបត់បែនដល់និស្សិតយើងផ្សេងទៀត ក្នុងការរៀន ក្នុងការធ្វើការ ចាប់យកអាជីព។ បងប្អូនខ្លះរៀនថ្ងៃសៅរ៍ថ្ងៃអាទិត្យ បងប្អូនខ្លះរៀនយប់ពីកន្លែងរបស់ខ្លួនតែម្តង មិនចាំបាច់ទៅសាលារៀន។
(២២) ការរៀបចំបង្រៀន/រៀនអនឡាញដើម្បីប្រសិទ្ធិភាពនិងចីរភាព មិនមែនគិតតែពីលុយ
សាលានីមួយៗ ក៏លែងត្រូវការវិនិយោគធំទៀតហើយ។ ឧទាហរណ៍ថា ថ្នាក់មួយហ្នឹងនៅក្រចេះមានតែ ២នាក់ បើកអត់បានទេ ប៉ុន្តែបើបើកអនឡាញ អាចមាន ២នាក់នៅក្រចេះ ២នាក់នៅត្បូងឃ្មុំ។ បូកចូលគ្នាបើកបាន។ អត់សំខាន់ទៀត។ ម្នាក់ក៏បើកបានដែរ ព្រោះតម្លៃនិងការរៀបចំអត់ខុសគ្នាទេ។ យើងរៀបចំវីដេអូ យើងរៀបចំអីប៉ុន្មាន យើងផ្តល់បាន។ ការរៀបចំដើម្បីប្រសិទ្ធិភាពនិងចីរភាព។ បើយើងនិយាយអំពីតម្លៃ គឺនិយាយពីចីរភាព មិនមែនតម្លៃគិតតែពីរឿងលុយទេ។ បានន័យថាអ្វីដែលអាចធានាខ្លួនវាបាន។ ហ្នឹងហើយចីរភាព។ អញ្ចឹងបើសិនជាថ្លៃដើមនៃការផ្គត់ផ្គង់វាថោក ងាយស្រួលក្នុងការផលិតអាចមានចីរភាពបាន … ខ្ញុំសង្ឃឹមថា សាកលវិទ្យាល័យជាច្រើននឹងពិចារណានៅក្នុងការគិតគូរចូលរួម។ ការចែករំលែកគ្នា រួមគ្នា បានន័យថាចែកគ្នា រួមគ្នា ដើម្បីកសាងធនធានមនុស្សរបស់យើង។ នេះជាចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងបណ្តាញសាកលវិទ្យាល័យ Cyber …។
(២៣) ចេះហើយ ពង្រីកចំណេះ មិនពឹងគេរហូត រៀនដើម្បីរស់ខ្លួនឯង
យើងមានការផ្តួចផ្តើមពីកូរ៉េ កាលពីឆ្នាំ ២០១២ និង ២០១៩ នៅក្នុងក្របខណ្ឌអាស៊ាន។ ប៉ុន្តែការបណ្តុះបណ្តាលនោះជាការផ្តួចផ្តើមមួយដើម្បីបង្រៀនយើងឱ្យចេះ។ អ្វីដែលសំខាន់ យើងចេះហើយ យើងយកមកពង្រីកខ្លួនឯង … យើងមិនពឹងគេរហូតទេ។ យើងរៀនដើម្បីរស់ខ្លួនឯង … ឆ្នាំ ២០១២-២០១៩ គម្រោងមួយដែលកូរ៉េជួយភ្ជាប់ប៉ុន្មានប្រទេសនៅអាស៊ាន CLMV មានខ្មែរ ឡាវ ភូមា និងវៀតណាម បង្រៀនយើងបង្កើតប្រព័ន្ធហ្នឹង។ កសាងហេដ្ឋារចនាសម្ព័ន្ធ។ ឥឡូវបានហើយ។ គេចប់ កុំស្លាប់ កុំបោះចោល យកមករស់ខ្លួនឯង។ ពង្រឹងនិងពង្រីកខ្លួនឯង ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដែលត្រូវចំពោះកម្ពុជា។
យើងមិនទាន់មានលទ្ធភាពពង្រីកដូចតិចណូ នៅគ្រប់កន្លែងនោះទេ ប៉ុន្តែយើងអាចយកមេរៀន យកធនធានគ្រូ យកឯកសារ យក Data មួយចំនួនចែករំលែកក្នុងការបណ្ដុះបណ្ដាល។ នេះគឺជាមធ្យោបាយប្រកបដោយនវានុវត្តន៍ ដែលថាធានាកាត់បន្ថយគម្លាតនៃគុណភាពសិក្សាទូទាំងប្រទេសបានលឿន។ ខ្ញុំសូមអរគុណ សុំបន្តចូលរួមហើយខិតខំធ្វើយ៉ាងណាដើម្បីឱ្យកិច្ចការនេះកាន់តែសុក្រឹត និងមានប្រសិទ្ធភាពទៅមុខ។ សាលាភាគច្រើន ដែលបានសួរថា(គួរតែចូលក្នុងបណ្តាញនេះឬទេ និងថា)អត់ទាន់ចូល គឺដោយសារអត់ទាន់យល់ថគេរៀបយ៉ាងម៉េច? Share credit យ៉ាងម៉េច? ធ្វើអីយ៉ាងណា? ដើរមួយជំហានទៅមុខ យើងនឹងដឹង។ យើងមានគំនិតមួយចំនួន ប៉ុន្តែសំខាន់ពេលដើរទៅ រួមគ្នាវាយតម្លៃទៅ តែយើងដើរដោយមានចក្ខុវិស័យ …។
[បញ្ចប់សេចក្ដីអធិប្បាយ៣]
ជាមួយនឹងសមិទ្ធផលជាច្រើនក្នុងវិស័យអប់រំ, ខ្ញុំសូមផ្តល់នូវទស្សនៈ និង អនុសាសន៍មួយចំនួន ដើម្បីលើកកម្ពស់វិស័យដ៏មានសារៈសំខាន់នេះ ដូចខាងក្រោម ៖
ទី១. ខ្ញុំសូមលើកទឹកចិត្តឱ្យ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និង វិស័យឯកជន បន្តធ្វើបច្ចុប្បន្នកម្មប្រព័ន្ធសិក្សាឱ្យកាន់តែប្រសើរ និង អភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និង ជំនាញផ្នែកបច្ចេកវិទ្យា និង ឌីជីថល ស្របតាមបរិបទនៃការរីកចម្រើននៃសេដ្ឋកិច្ច និង សង្គម ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែង នៃទីផ្សារ និង សាកលភាវូបនីយកម្ម ។
ទី២. ខ្ញុំសូមស្នើឱ្យ ក្រសួងអប់រំ យុវជន និង កីឡា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ទាំងរដ្ឋ និង ឯកជន, ចូលរួមអនុវត្តឱ្យបានដោយប្រសិទ្ធភាពខ្ពស់នូវវិធានការ ដែលបានដាក់ចេញក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីទាញយកផលជាអតិបរមា ពីការធ្វើបរិវត្តកម្មឌីជីថល នៅកម្ពុជា ។
ទី៣. ខ្ញុំសូមជំរុញ និង លើកទឹកចិត្តដល់ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្រឹះស្ថានអប់រំ និង គ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគ្នា, ដកស្រង់បទពិសោធ និង ធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដើម្បីទទួលបានចំណេះដឹងថ្មីៗ, បទពិសោធជាក់ស្តែង និង ឧត្តមានុវត្តន៍ សំដៅបង្កើនគុណភាពនៃការអប់រំ, ការបណ្តុះបណ្តាល, និង ការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ ។
ទី៤. ខ្ញុំសូមលើកទឹកចិត្តដល់ គ្រប់គ្រឹះស្ថានឧត្តមសិក្សា បន្តសហការ និង លើកស្ទួយ វិស័យអប់រំ និង ការបណ្តុះបណ្តាល ឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់សេវាបង្រៀនប្រកបដោយ គុណភាពខ្ពស់ និង កិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជន សម្រាប់ជាអ្នកបន្តវេន និង ជាសសរទ្រូងដ៏រឹងមាំ សំដៅឈានឆ្ពោះដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់ ប្រកបដោយអរិយធម៌រុងរឿង។]
មុននឹងបញ្ចប់ ជាថ្មីម្តងទៀត, ខ្ញុំសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលសម្រេចបាននាពេលនេះ និង សូមកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ, លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និង កីឡា ដែលបានខិតខំបំពេញតួនាទីភារកិច្ច អស់ពីកម្លាំងកាយចិត្ត រហូតទទួលបាននូវលទ្ធផលបន្ថែមថ្មីនៅថ្ងៃនេះ ។ ខ្ញុំជឿជាក់ថា ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នឹងចូលរួមវិភាគទានដ៏ថ្លៃថ្លាដល់ការសម្រេចគោលដៅរួមសម្រាប់សង្គមជាតិយើង, ជាពិសេស ការកសាងនូវមូលធនបញ្ញាប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ និង គុណធម៌ សំដៅពង្រឹងភាពធន់ និង សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា, ទំាងនៅក្នុងតំបន់ និង នៅលើឆាកអន្តរជាតិ ។
ជាទីបញ្ចប់, ជាមួយនឹងការប្រកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «បណ្តាញសាកលវិទ្យាល័យ សាយប័រកម្ពុជា», ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី ព្រមទាំងក្មួយៗ និស្សិតទាំងអស់ និងអង្គពិធីទំាងមូល សូមមានសុខភាពល្អបរិបូណ៌ ជោគជ័យក្នុងគ្រប់ការងាររៀងៗខ្លួន និង បានប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤] នៅក្នុងថ្ងៃនេះផងដែរ ខ្ញុំសម្រាប់ប្អូននិស្សិតៗ សាស្ត្រាចារ្យចូលរួមព្រឹកនេះ១៩៨៣ នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល សង្ស័យមានកម្មវិធីហើយនិស្សិត កុំភ្លេចថាបងធ្លាប់ជាក្មេងដែរ បងក៏ធ្លាប់អាយុ២០ឆ្នាំដែរទេ ប្អូនៗអត់ទាន់ធ្លាប់អាយុ៤០ឆ្នាំជាងទេ តែបងធ្លាប់អាយុ២០ឆ្នាំជាង ជូនសាកលវិទ្យាល័យសាយប័រកម្ពុជាថវិកា១០លានរៀល វិទ្យាស្ថានបច្ចេកវិទ្យាថវិកា ៥លានរៀល ជូនក្រុមគ្រូពេទ្យប្រចាំការអង្គពិធីថវិកា ៣លានរៀល៕