ឯកឧត្តមបណ្ឌិត លី ធុជ បើកកិច្ចពិភាក្សាកម្រិតនយោបាយនៅ Wilton Park ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា

(ទីក្រុងឡុងដ៏, អង់គ្លេស) ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញពីភាគីចក្រភពអង់គ្លេស ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានចូលរួម និងថ្លែងសុន្ទរកថាក្នុងកម្មវិធីបើកកិច្ចពិភាក្សាកម្រិតនយោបាយនៅ Wilton Park ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
 
ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមបណ្ឌិត លី ធុជ បានប្តេជ្ញាចិត្តមិនផ្លាស់ប្តូរចំពោះបេសកកម្មរួម ស្មារតីនៃសាមគ្គីភាពអន្តរជាតិ និងការខិតខំប្រឹងប្រែងឥតឈប់ឈរនៃសន្តិភាព និងសុវត្ថិភាពសម្រាប់មនុស្សជាតិទាំងអស់ ដើម្បីឆ្ពោះទៅកាន់ពិភពលោកដែលមិនមានគ្រោះមហន្តរាយដោយសារគ្រាប់មីន និងស្ដារឡើងវិញនូវក្តីសង្ឃឹមដល់សហគមន៍ដែលត្រូវបានបំផ្លិចបំផ្លាញដោយសំណល់នៃសង្រ្គាម។
 
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណជូនចំពោះការិយាល័យការបរទេស Commonwealth និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស សម្រាប់ការគាំទ្រ និងការផ្តល់នូវវេទិកានេះនៅ Wilton Park ក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗមួយចំនួនរបស់ពិភពលោក និងជាកន្លែងប្រវត្តិសាស្ត្រសម្រាប់កិច្ចសន្ទនាផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាសកល។ ចក្រភពអង់គ្លេស គឺជាអ្នកគាំទ្រយ៉ាងសកម្មនៃសកម្មភាពមីននៅទូទាំងពិភពលោក ដោយជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់សំណល់នៃសង្គ្រាម និងស្ដារសុវត្ថិភាពដល់សហគមន៍ដែលរងផលប៉ះពាល់។ ចក្រភពអង់គ្លេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតស៊ូមតិសម្រាប់ការគាំទ្រអន្តរជាតិ និងផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌។ ការលះបង់ និងការគាំទ្ររបស់ចក្រភពអង់គ្លេសបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យពិភពលោកកាន់តែមានសុវត្ថិភាព ដោយផ្លាស់ប្តូរជីវិតរបស់មនុស្សរាប់មិនអស់។
 
ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា កិច្ចពិភាក្សាកម្រិតនយោបាយនៅ Wilton Park នឹងកំណត់នូវមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការសកម្មភាពសៀមរាប-អង្គរ ដែលជាផែនការសកម្មភាពដឹកនាំកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនសកល និងជាគោលដៅដើម្បីត្រួសត្រាយផ្លូវសម្រាប់ផែនការសកម្មភាពដ៏រឹងមាំ ជំរុញគោលបំណងនៃអនុសញ្ញាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
 
ក្នុងកិច្ចពិភាក្សាកម្រិតនយោបាយ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់នូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖
 
១. វឌ្ឍនភាព និងបញ្ហាប្រឈមនៃផែនការសកម្មភាពអូស្លូ ៖
របាយការណ៍នៃការអនុវត្តផែនការសកម្មភាពអូស្លូ (២០២០-២០២៤) ត្រូវឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងបញ្ហាប្រឈម ក្នុងនោះរួមមាន ការបំផ្លាញមីនក្នុងស្តុក ការសិក្សាស្រាវជ្រាវ ការបោសសម្អាតមីន ការអប់រំយល់ដឹងពីមីន ជំនួយជនរងគ្រោះ កិច្ចសហប្រតិបត្តិការអន្តរជាតិ សកលភាវូបនីយកម្មនៃអនុសញ្ញា និងវិធានការអនុលោមភាព ជាដើម។ របាយការណ៍នេះ ត្រូវស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមានការពង្រឹងការចូលរួមនៅក្នុងក្របខ័ណ្ឌអន្តរជាតិ។
 
២. ធាតុចូលនៃផែនការសកម្មភាពសៀមរាប-អង្គរ ៖
ធាតុចូលនៃផែនការសកម្មភាពសៀមរាប-អង្គរ ត្រូវសង្កត់ធ្ងន់ និងគួររួមបញ្ចូលនូវចំណុចសកម្មភាពជាមួយនឹងសូចនាករដែលអាចវាស់វែងបានសម្រាប់ការតាមដានការអនុវត្ត សារៈសំខាន់នៃភាពចម្រុះយេនឌ័រ និងការពិចារណាអំពីបរិស្ថាន និងជំនួយជនរងគ្រោះ។ ផែនការសកម្មភាពសៀមរាប-អង្គរ ត្រូវរំលេចនូវចំណុចល្អដែលមានក្នុងផែនការសកម្មភាពអូស្លូ និងត្រូវរួមបញ្ចូលផងដែរទាំងការប្តេជ្ញាចិត្តចំពោះអនុសញ្ញាអូតាវ៉ា ការថ្កោលទោសរាល់ការប្រើប្រាស់មីនប្រឆាំងមនុស្ស ការសិក្សាស្រាវជ្រាវ និងការបោសសម្អាតមីន។ ផែនការសកម្មភាពសៀមរាប-អង្គរ ត្រូវជំរុញភាពជាដៃគូពហុវិស័យ និងការសម្របសម្រួលនៅទូទាំងវិស័យ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែង ក៏ដូចការធានាបាននូវមូលនិធិគ្រប់គ្រាន់សម្រាប់ការអប់រំយល់ដឹងពីមីន និងការធ្វើសមាហរណកម្មជាមួយនឹងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងការអភិវឌ្ឍ ផ្សេងទៀត។
 
៣. កិច្ចការអាទិភាពនៃភាពជាប្រធានរបស់កម្ពុជា ៖
កិច្ចការអាទិភាពនៃភាពជាប្រធានរបស់កម្ពុជា ដែលនៅដើមអាណត្តិរបស់កម្ពុជា បានកំណត់អាទិភាពច្បាស់លាស់៖ សកលភាវូបនីយកម្មនៃអនុសញ្ញា ការអនុវត្តមាត្រា៥(ការបោសសម្អាតមីន) និងជំនួយជនរងគ្រោះ។ អាទិភាពទាំងនេះ នឹងដឹកនាំការពិភាក្សា និងបង្កើតដំណោះស្រាយដែលអាចធ្វើសកម្មភាពបាន ដើម្បីធានាថា មនុស្សគ្រប់រូបអាចរស់នៅដោយគ្មានស្រមោលនៃការភ័យខ្លាចដែលបន្សល់ទុកដោយសំណល់នៃសង្គ្រាមទាំងនេះ។
 
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ជាថ្មីថា ការប្តេជ្ញាចិត្ត ការលះបង់ ឆន្ទៈ និងការតស៊ូរួម អាចប្រែក្លាយចក្ខុវិស័យនេះទៅជាការពិត ដើម្បីឆ្ពោះទៅកាន់ពិភពលោកដែលគ្រាប់មីនលែងជាការគំរាមកំហែងដល់អាយុជីវិត និងបង្កើតបាននូវមរតកនៃសុវត្ថិភាព សន្តិភាព និងក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ។


 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ