សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ពិនិត្យ និងអនុវត្តច្បាប់ លើករណីឃាតកម្មបង្កឡើងដោយជនល្មើស ស្រី ស៉ីណា ឱ្យបានត្រឹមត្រូវ និងស្នើប្រជាពលរដ្ឋមានការជឿទុកចិត្ត លើប្រព័ន្ធយុត្តិធម៌កម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រឹលមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ តាមរយៈ Facebook ផ្លូវការ បានបង្ហោះសារជុំវិញករណីឃាតកម្ម ដែលបង្កឡើងដោយជនល្មើស ស្រី ស៉ីណា។

សម្តេចធិបតីបញ្ជាក់ថា ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ សម្តេចសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យ និងអនុវត្តច្បាប់លើករណីនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។

ជាមួយគ្នានេះ សម្តេចអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និងច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចក៏ស្នើឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត លើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីឃាតកម្មនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារជូនជនរួមជាតិ មានខ្លឹមសារទាំងស្រុងដូច្នេះថា៖

ជាដំបូង ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

ក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នា ពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើស នៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោស អោយបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ ក្នុងការពង្រឹងនីតិរដ្ឋ ពិសេស ការពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសាធារណៈ និងសណ្តាប់ធ្នាប់សង្គម ក៏ដូចជា ការដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ដែលក្នុងនោះ ក៏រួមមានការពង្រឹងទំនួលខុសត្រូវ ចំពោះមុខច្បាប់របស់ជនល្មើស និងការអនុវត្តច្បាប់តឹងរ៉ឹង លើជនប្រព្រឹត្តបទល្មើស ជាពិសេសជនដែលបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ។

កន្លងទៅក៏មានការចាត់វិធានការយ៉ាងតឹងរ៉ឹង លើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលស្ថិតក្នុងស្ថានភាពស្រវឹង និងបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ ដោយបានអនុវត្តច្បាប់ គ្មានការយោគយល់ គ្មានការលើកលែង ឬអន្តរាគមន៍ណាមួយទ្បើយ។

ដូចគ្នាផងដែរ ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យ និងអនុវត្តច្បាប់លើករណីនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។

ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែកក្នុងរឿងនេះ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទុកកិច្ចការនេះ ជូនស្ថាប័នអនុវត្តច្បាប់ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និងច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំក៏សូមឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត លើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។

នៅពេលត្រឡប់មកដល់កម្ពុជាវិញ បន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសសុង្ហបុរី ខ្ញុំបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់គោរមងារឧកញ៉ារបស់លោក ស្រី ស៊ីណា កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ២០២៤ ហើយចាប់តាំងពីថ្ងៃកើតហេតុនោះមក ខ្ញុំបានចេញបទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាប្រគល់ភារកិច្ច ជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្តតាមដានដោយយកចិត្តទុកដាក់ លើការអនុវត្តច្បាប់ចំពោះករណីនេះ ដើម្បីធានាថា ច្បាប់ ត្រូវបានអនុវត្តដោយតឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសារ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ