សម្ដេចធិបតី ហ៊ុន ម៉ាណែត បដិសេដគំនិតដែលហាមមិនឱ្យនាំរថយន្តចាស់ចូល តែណែនាំឲ្យពង្រឹងការ “ឆៀក” រថយន្តវិញ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានច្រានចោលចំពោះគំនិតផ្តួចផ្ដើមក្នុងការហាមមិនឱ្យនាំចូលរថយន្ដចាស់ចូលកម្ពុជា ប៉ុន្ដែសម្តេចក៏បានណែនាំឱ្យពង្រឹងការពិនិត្យប្រព័ន្ធរថយន្ដ “ឆៀក” នៅកម្ពុជា ឱ្យបានល្អជាជំនួសវិញ។

សម្ដេចធិបតី បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វ មហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃ១៧ មិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតី បានថ្លែងថា មកដល់បច្ចុប្បន្ន នៅកម្ពុជាមិនទាន់មានការចាំបាច់ក្នុងការកំណត់ឆ្នាំរថយន្ត ចំពោះការនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេករថយន្តឱ្យបានល្អវិញ ព្រោះថា «មួយឆ្នាំៗ ត្រូវយករថយន្ដមកឆៀកម្ដងៗ»។

សម្ដេចធិបតី បានបន្តថា «ថ្ងៃមុន ក៏មានការគិតអំពីការកំណត់ឆ្នាំនាំចូលរថយន្ដ ខ្ញុំថា កុំអី ត្រូវពង្រឹងប្រព័ន្ធឆៀក ប្រព័ន្ធឆែកបច្ចេកទេសឱ្យបានរឹងមាំវិញ។ កាលមុនមានកិច្ចប្រជុំ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន សូមយោបល់ខ្ញុំ ដោយសារគិតគូរអំពីបរិស្ថាន ចឹងក៏បានគិតគូរអំពីស្នើសុំថា ឥឡូវ គួរតែហាមឆ្នាំ២០២៤នេះ ហាមមិនឱ្យនាំរថយន្ដលើសអាយុ១០ឆ្នាំ ដល់ឆ្នាំ២០៣០ ហាមមិនឱ្យនាំចូលរថយន្ដដែលមានអាយុ៥ឆ្នាំ ដើម្បីយើងធានារថយន្ដឱ្យល្អ កុំឱ្យប៉ះពាល់បរិស្ថាន ខ្ញុំថា ដកចោលទៅ ព្រោះថាពលរដ្ឋមួយចំនួននៅមិនទាន់មានលទ្ធភាពទិញរថយន្តថ្មីៗនៅឡើយទេ»។

សម្ដេចធិបតី បានឲ្យដឹទៀតថា ប្រទេសខ្លះ គេហាមនាំចូលរថយន្ដចាស់ ដើម្បីលើកស្ទួយ វិស័យកម្រិត ឧស្សាហកម្មរថយន្ដនៅក្នុងប្រទេស ។ ដោយឡែក ក្រុមហ៊ុនដំឡើងរថយន្ដនៅកម្ពុជា ក៏លើកទឹកចិត្ត ប៉ុន្ដែពួកគាត់មានសិទ្ធិ ប្រកួតប្រជែងជាមួយអ្នកនាំចូលរថយន្ដមួយទឹកផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ