គិតត្រឹមព្រឹកថ្ងៃទី១៤ មិថុនា នេះ «យុទ្ធការ ១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានវថិកាបរិច្ចាគ ប្រមាណជាង ១លាន ៥៧ម៉ឺនដុល្លារហើយ

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានការគាំទ្រ និងចូលរួមយ៉ាងច្រើនលើសលប់ពីសប្បុរសជនក្នុងស្មារតី “ខ្មែរជួយខ្មែរ” បន្ទាប់ពីយុទ្ធនាការនេះបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

លោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះថា គិតត្រឹមម៉ោង ៨:០០ នាទីព្រឹកថ្ងៃនេះ, សប្បុរសជនពីគ្រប់ទិសទីប្រមាណជាង ១៤ម៉ឺននាក់ បានចូលរួមបរិច្ចាគជាបន្តបន្ទាប់ ដោយទទួលបានថិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ១លាន ៥៧ម៉ឺនដុល្លារ។

លោក បានបន្ថែមថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ក៏បាន និងកំពុងរៀបចំចលនាកៀរគរការបរិច្ចាគដើម្បីចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា នេះផងដែរ។

សូមបញ្ជាក់ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤ ដូច្នេះសប្បុរសជនដែលមានបំណងចូលរួមនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះតាមបណ្ដាញសង្គមរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬតាមរយៈលេខគណនី ដូចមានក្នុងរូបខាងក្រោម។

គួររំលឹកផងដែរថា ពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកជំទាវបណ្ឌិត បានលើកឡើងថា “ការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរួមរបស់ពលរដ្ឋកម្ពុជាគ្រប់រូប”៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ