សម្រង់សង្កថា សម្តេច​តេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើក ទី ៥ ឆ្នាំ ២០១៧ និងពិធីប្រគល់ជ័យលាភីរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី ២ អមជាមួយ ជ័យលាភីបដិសណ្ឋារកិច្ចល្អ សេវាសាធារណៈ របស់ក្រុង-ខណ្ឌ បេក្ខភាពក្នុងចលនាប្រឡងប្រណាំង ទីក្រុងស្អាត និងច្រកទ្វារអន្តរជាតិ លើកទី ១

CNV: 27 ខែ​កុម្ភៈ, 2017

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធី អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៥ ឆ្នាំ ២០១៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ » និងពិធី​ប្រគល់​ជ័យលាភីរង្វាន់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍លើកទី ២ អមជាមួយនឹងជ័យលាភីបដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង/ខណ្ឌ បេក្ខភាពក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត និងច្រកទ្វារអន្តរជាតិលើក ទី ១ ដែលបានប្រារព្ធឡើងនាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះស្នាដៃ និងលទ្ធផលការងារដែលក្រសួង​ទេស​ចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានខិតខំប្រឹងប្រែងបង្កើតឡើងដោយជោគជ័យក្នុង​រយៈ​ពេលកន្លងមក។ ទន្ទឹមនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បូកស​រុបលទ្ធផលនៃការវាយតម្លៃ «ជ័យ​លាភីបដិសណ្ឋារ​កិច្ចល្អ សេវាសាធារណៈក្រុង-ខណ្ឌ បេក្ខភាព និងច្រកទ្វារអន្តរជាតិ» លើកទី ១ និងជ័យ​លា​ភីរង្វាន់ពិសេស «រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» លើកទី ២ ដែល​បានរាយ​ការណ៍នាពេលមុននេះ ដោយឯកឧត្ត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ជាការពិត សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ល្អបរិបូរណ៍ពេលបច្ចុប្បន្ននេះ គឺជា​គ្រឹះ​យ៉ាងរឹងមាំគាំទ្រដល់ការអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យ ហើយផ្តល់នូវកាលានុវត្តភាព​យ៉ាងធំធេង​ដល់ការកសាងអនាគតកម្ពុជា ប្រកបដោយភាពរុងរឿង និងជវភាព។ តាមរយៈនេះ កម្ពុជាចាំបាច់ត្រូវខិតខំ​ពង្រឹងខ្លួនឯងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសការផ្តោតការយកចិត្តទុកដាក់លើវិស័យ ដែលទ្រទ្រង់​ដល់​កំណើន ក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ។ ដូចដែលបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងអង្គការទេសចរណ៍ពិភពលោក វិស័យទេសចរណ៍ គឺ៍ជាអន្តរវិស័យ និងមានលក្ខណៈជាប្រព័ន្ធ ដែលចូល​រួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន រួមចំណែកកាត់បន្ថយ​ការកើន​ឡើងនៃកំដៅភពផែនដី និងត្រូវបានចាត់ថា ជាវិស័យដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ដល់ការ​ធ្វើ​សមាហរណកម្មតំបន់ផងដែរ។ ដោយឡែក កម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង ដោយនៅឆ្នាំ ២០១៦ កន្លងទៅ យើងសម្រេចបានកំណើនក្នុងអត្រា ៥% ជាមួយនឹងការមកដល់ភ្ញៀវទេសចរអន្តរជាតិជាង ៥ លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣.៤០០ លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ តាមការ​ព្យា​ករនៅឆ្នាំ ២០១៧ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ នឹងមានប្រមាណ ៥,៤ លាន នាក់ ហើយ​រំពឹងថា​នៅ​ឆ្នាំ ២០២០ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិឤចកើនឡើងដល់ ៧ លាននាក់ និងនាំមកនូវចំណូល​សរុប​ប្រមាណ ៥.០០០ លានដុល្លារ និងបង្កើតនូវឱកាសការងារបានប្រមាណ ១ លាននាក់។

ទន្ទឹមនេះ ខណៈដែលសេដ្ឋកិច្ចជាតិមានកំណើនយ៉ាងគំហុកគួរជាទីមោទនៈ កម្រិតជីវភាពរបស់ប្រជាជន​មាន​ការប្រែប្រួលប្រសើរឡើងជាលំដាប់ អត្រាកំណើនប្រជាសាស្ត្រប្រចាំឆ្នាំស្ថិតក្នុងរង្វង់ ១% ទៅ ១,៥% គួបផ្សំ​នឹងការរីកលូតលាស់នៃតំបន់ទីប្រជុំជន បញ្ហាសណ្តាប់ធ្នាប់ កំណើននៃការធ្វើចរាចរណ៍ក្នុងទីក្រុង បរិមាណ​សំណល់មានការកើនឡើងជាលំដាប់ ដែលជាបច្ច័យផ្តើមចេញពីកំណើននៃការប្រើប្រាស់របស់មនុស្ស ដែល​ទាមទារ ឱ្យមានការគ្រប់គ្រងដ៏ម៉ត់ចត់។

ជាមួយនឹងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលក៏បាន និងកំពុងជួបប្រទះនូវ​បញ្ហា​ប្រឈមជាសកល ដូចជាភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចពិភពលោក គ្រោះធម្មជាតិកកើតឡើង​ជាបន្ត​បន្ទាប់ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ហើយដែលនឹងរារាំងដល់សន្ទុះនៃការអភិវឌ្ឍ​ទេសចរណ៍ និយាយដោយឡែក និងការអភិវឌ្ឍបៃតង និយាយជារួម។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ កិច្ច​ការ​ពារបរិស្ថានជាចំណែកសំខាន់មួយ នៃការចូលរួមទប់ទល់ការកើនឡើងកម្តៅភពផែនដី និងឧស្ម័នពុល​នានា ដែលកើតចេញពីសកម្មភាពរបស់មនុស្សដែលខ្វះការទទួលខុសត្រូវ។ ក្នុងនោះ ចលនាពិភពលោក​ទាំងមូល​បាន និងកំពុងយកចិត្តទុកដាក់លើការគ្រប់គ្រង និងអភិរក្សទីក្រុង ដោយ​ឈរលើគោល​ការណ៍​ចិរភាព និង​បៃតង ដោយហេតុថា ទីក្រុងគឺជាកន្លែងប្រមូលផ្តុំការរស់នៅរបស់មនុស្ស ដែលតាមការព្យាករត្រឹមឆ្នាំ ២០៥០ ចំនួន ២ ភាគ ៣ នៃមនុស្សលើពិភពលោក រំពឹងថា នឹងរស់នៅក្នុងទីក្រុង និងតំបន់​ជុំវិញទីក្រុង។ ត្រង់ចំណុច​នេះ ទាមទារឱ្យយើងទាំងអស់គ្នារិះរកនូវមធ្យោបាយ និងនវានុវត្តថ្មីៗ ក្នុង​ការ​គ្រប់​គ្រងការអភិវឌ្ឍទីក្រុង រួមទាំង​សកម្មភាពរបស់មនុស្សនៅក្នុងទីក្រុង។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល​ដាក់ចេញ​ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ស្របជាមួយ​ការ​ប្រារព្ធទិវាជាតិទីក្រុងស្អាត អមជាមួយនឹងពិធីចែកជ័យលាភីធុរកិច្ចបៃតង​ក្នុងវិស័យទេសចរណ៍លើកទី ២ និង​ជ័យលាភីបដិសណ្ឋារកិច្ចក្នុងសេវាសាធារណៈក្រុង-ខណ្ឌ បេក្ខភាព​ទីក្រុងស្អាតលើកទី ១ ដែលជាការឆ្លុះ​បញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងតាមរយៈការ «រួមគិត រួមធ្វើ រួមទទួល​ខុស​ត្រូវ» របស់គ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យ​សាធារណៈ វិស័យឯកជន សិស្ស និស្សិត យុវជន ប្រជាជន ភ្ញៀវទេស​ចរជាតិ និងអន្តរជាតិដល់កិច្ចការពារ​បរិ​ស្ថាន និងសង្គម ដើម្បីលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញខ្ពស់។ ក្នុង​បរិការណ៍នេះ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុង​ការបន្តអភិវឌ្ឍ​ទីក្រុងទាំង​អស់ ជាទីក្រុងស្អាត ជាទីក្រុងបៃតង ជាទី​ក្រុងមានការអភិវឌ្ឍ ប្រកបដោយចិរភាព និងជាទីក្រុងទេសចរណ៍ ដែលមិនត្រឹមតែធានាចិរភាពនៃកំណើន​ទេសចរណ៍កម្ពុជា និងការចូលរួមដល់ចលនាប្រឡង​ប្រណាំងទីក្រុង​ទេសចរណ៍​ស្អាតរបស់ឤស៊ានប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំងឆ្លើយតបឲ្យមានប្រសិទ្ធភាពខ្ពស់ទៅនឹងរបៀប​វារៈ នៃការអភិវឌ្ឍប្រកបដោយចិរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិទៀតផង។

(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)

ទេសចរមិនប្រថុយប្រថានមកតំបន់មានគ្រោះថ្នាក់ ឬមានសង្គ្រាមនោះទេ

មុននឹងចូលទៅដល់អនុសាសន៍ ខ្ញុំគួរតែរំឮកបន្តិចថា ទេសចរច្បាស់ជាមិនប្រថុយប្រថានមកតំបន់គ្រោះថ្នាក់ តំ​បន់ដែលមានសង្រ្គាម ដូចដែលយើងធ្លាប់ជួបប្រទះនៅក្នុងអតីតកាល ហើយក៏ធ្លាប់បាន និងកំ​ពុង​កើតឡើង​នៅ​តំបន់ដែលមានសង្គ្រាម ដូចជានៅមជ្ឈិមបូព៌ា និងប្រទេសមួយចំនួន។ ដូច្នេះ ការរក្សាសន្តិភាព ស្ថិរ​ភាព​នយោបាយ ប្រយុទ្ធប្រឆាំងមិនឲ្យមានភេរវកម្មនៅលើទឹកដីប្រទេសកម្ពុជា វាមានសារសំខាន់ខ្លាំងណាស់។ ខ្ញុំ​សង្ឃឹមថា ទាំងអស់គ្នាពិតជាមានការខិតខំយ៉ាងខ្លាំង ជាមួយនឹងដំណើរកើនឡើងនៃភ្ញៀវទេសចរ ហើយខ្ញុំ​គិត​ថា ភ្ញៀវទេសចរក៏មិនប្រថុយប្រថានមកស្រូបយកធាតុអាកាសការធុំក្លិនស្អុយនៅក្នុងបណ្តាទីក្រុង ទីប្រជុំជន ក៏​ដូចជារមណីយដ្ឋាននានានោះទេ។ គេពិតជាត្រូវការនូវការសប្បាយរីករាយ ការហូបម្ហូបអាហារល្អៗ សម្រាប់​ពួកគេ។

គួរមានខ្សែក្រវ៉ាត់បៃតងនៅតាមតំបន់ទេសចរណ៍/យកជាមូលដ្ឋានសម្រាប់ដាក់ពិន្ទុ

ខ្ញុំគិតថា ប្រហែលជាយើងត្រូវគិតបន្ថែមជាមួយនឹងការដាក់ចូលនូវលក្ខណៈវិនិច្ឆ័យបន្ថែមទៀត ប្រសិនបើ​អាច​ធ្វើ​ទៅបាន ហើយយល់ថា ជាការត្រឹមត្រូវនោះ គឺនៅត្រង់គួរតែមានខ្សែក្រវ៉ាត់បៃតងនៅតំបន់ទេសចរណ៍។ អ្វី​ទៅ​ដែលហៅថា ខ្សែក្រវ៉ាត់បៃតង? យើងមានទស្សនាទានស្តីពីបញ្ហានេះយូរហើយ នៅត្រង់ថា យើងចង់​ឲ្យ​តំ​បន់​ទេសចរណ៍ទាំងឡាយ មានការផលិតជាបន្លែបង្ការ ការដាំដុះ និងការចិញ្ចឹមសត្វ ឲ្យបានច្រើន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន ដើម្បីតម្រង់ឆ្ពោះផ្គត់ផ្គង់ទៅឲ្យបណ្តាសណ្ឋាគារ។ ចំណុចនេះវាមានសារសំខាន់សម្រាប់យើង ពាក្យដែលថានាំចេញនៅនឹងកន្លែង គឺមិនសំដៅតែនាំចេញកាត់តាមព្រំដែនទេ យើង​នាំចូលសម្រាប់ទេសចរ ៥ លាននាក់ ទៅកាន់សណ្ឋាគារ និងទៅកាន់ភោជនីយដ្ឋាននានា គឺបានសេចក្តីថាយើងនាំចេញនៅនឹ​ង​កន្លែង​នៅទីនេះឯង។ យើងគិតអញ្ចេះ ភ្ញៀវទេសចរម្នាក់ យើងគិតថាគាត់ទទួលអង្ករ ១ គីឡូក្រាម ពេល​ដែល​គាត់​មកកម្ពុជា និងគាត់ទទួលទានអ្វីខ្លះទៀត ចំណុចនោះហើយដែលប្រើប្រាស់ សព្វថ្ងៃនេះយើងនៅប្រើ​ប្រាស់​បន្លែ​បង្ការ និងសាច់មួយចំនួន ដែលនាំចូលពីបរទេស មកផ្គត់ផ្គង់ទេសចរ និងតាមភោជនីយ​ដ្ឋាន​ខ្លះ​នៅ​ឡើយទេ។

ដូច្នេះ គួរតែត្រូវបានគិត រវាងក្រសួងកសិកម្ម ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវគោល​ដៅ​មួយទៀត ដើម្បីប្រឡងប្រណាំងក្នុងការផ្គត់ផ្គង់ទេសចរ តាមរយៈដែលហៅថា ខ្សែក្រវ៉ាត់បៃតង ដើម្បីធ្វើយ៉ាង​ម៉េច​ជម្រុញ(គំនិតនេះ) ដោយតំបន់ទេសចរណ៍ទាំងឡាយមានការផ្គត់ផ្គង់ឲ្យបានច្រើនសម្រាប់ប្រជាជន ដែល​នៅ​កៀកទាំងនោះ ទេសចរម្នាក់ដោះស្រាយការងារឲ្យប្រជាជន(ច្រើន) មានអន្តរសកម្មច្រើនណាស់ ជាមួយ​នឹង​បញ្ហានានា ក្នុងនោះទាក់ទិនទៅនឹងការផលិតរបស់ប្រជាពលរដ្ឋ ទាំងវិស័យកសិកម្ម ការចិញ្ចឹមសត្វ ឬក៏​ត្រី ឬក៏សាច់នានា បន្លែបង្ការ និងរហូតទៅដល់បញ្ហាការធ្វើសិប្បកម្ម ទាក់ទិនទៅនឹងការ​ដឹកជញ្ជូន​ភ្ញៀវ​អី​ជា​ដើម។

ដូច្នេះ យើងត្រូវគិតពីចំណុចថ្មីៗបន្ថែមទៀត ដើម្បីដាក់ចូលទៅក្នុងជាគេហៅថា បទដ្ឋានសម្រាប់ជាម៉ែត្រវាស់ នៃការដែលយើងផ្តល់ពិន្ទុ ព្រោះយើងបានធ្វើហើយ (កាលពីយើងប្រជុំពិភាក្សាគ្នាអំពីបញ្ហាវិស័យទេសចរណ៍ យើងគិតថា) បណ្តាសណ្ឋាគារណាដែលប្រើប្រាស់នូវផលិតផលកម្ពុជាច្រើន ប្រើប្រាស់សិល្បៈកម្ពុជាច្រើន សណ្ឋាគារនោះនឹងទទួលបាននូវការលើកទឹកចិត្ត។ ឥឡូវនេះ យើងត្រូវជម្រុញចលនាហ្នឹងទៅពីខាងក្រោម ព្រោះប្រទេសយើងមានសង្ឃឹមច្រើន ជម្ងឺឆ្លងក៏មិនមានកើតសម្រាប់វិស័យទេសចរណ៍ ដែលគួរឲ្យព្រួយ​បារម្ភ​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំរួចមកហើយ នៅពេលដែលកើតជម្ងឺសារ គ្រុនផ្តាសាយ​បក្សី កម្ពុជាតែទប់ស្កាត់ទាន់ពេលវេលានូវបញ្ហាទាំងអស់នោះ។

ប្រុងប្រយ័ត្ននឹងភេរវកម្ម, ហេតុអីក៏គ្រឿងញៀន ភ្លុកដំរី កុយរមាស អាចឆ្លងមកដល់កម្ពុជា

… អ្វីដែលធ្វើឲ្យយើងមានការប្រុងប្រយ័ត្នទាក់ទងនឹងបញ្ហាភេរវកម្ម ហើយ(ទោះបីថា)ភេរវកម្មមិនទាន់មាន​នៅ​កម្ពុជា ខ្ញុំសង្ឃឹមថា យើងនៅតែអាចទប់ទល់បាន តាមរយៈការខិតខំរបស់យើង។ ខ្ញុំបាននិយាយនៅក្រ​សួង​មហា​ផ្ទៃ ខ្ញុំបានកោតសរសើរចំពោះស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា ទាំងនគរបាល ទាំងអាវុធហត្ថ ទាំង​គយ ទាំងស្អីៗនេះ សូមជម្រាបឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជាតំណាងអង្គទូតបរទេស។ ខ្ញុំមិនយល់ទេ ការដែលដឹកគ្រឿងញៀនចេញពីអាមេរិកឡាទីន ឆ្លងកាត់ព្រលានយន្តហោះយ៉ាងច្រើន បែរជា​មក​ចាប់បាននៅកម្ពុជាទៅវិញ។ តើប្រទេសទាំងនោះ ដែលមានបច្ចេកវិទ្យាខ្ពស់ៗ គេធ្វើការយ៉ាងម៉េច? មួយ​ទៀត គ្រាន់តែភ្លុកដំរី និងកុយរមាសស្អីៗច្រើនណាស់ វាបញ្ចូលតាមរបៀបមួយយកមកដល់កម្ពុជា។ អញ្ចឹង ខ្ញុំ​ក៏មិនយល់ដែរ តើប្រទេសនានា គេធ្វើការរបៀបម៉េច? គួរតែត្រូវរួមគ្នាដើម្បីនឹងប្រយុទ្ធប្រឆាំង … ចេះសំ​ណាង​កម្ពុជា​ទប់បាននៅត្រឹមនេះ កុំអីដឹងទៅដល់ណា? រឿងគ្រឿងញៀនរាប់រយគីឡូក្រាមនេះ វាទៅដល់ណា? … ដូច​មិនទំនងសោះ។ ម្យ៉ាងទៀត ដូចឲ្យគេវ៉ៃបានងាយៗ បន្តិចៗភេរវកម្មផ្ទុះនៅនេះនៅនោះ រួចបច្ចេក​វិទ្យា​មាន​​គ្រប់ បំពាក់គ្រប់កាមេរ៉ាសុវត្ថិភាព …។

ប៉ុន្តែខ្ញុំនិយាយបកមកវិញកត្តាសន្តិភាព កុំភ្លេច ឥឡូវតើមានអ្នកណាទៅធ្វើទេសចរនៅស៊ីរី? អ្នកណាទៅធ្វើ ទេសចរនៅអ៊ីរ៉ាក់? នៅលីប៊ី? និយាយឲ្យពិតមើល ឆ្លើយមក អ្នកណាទៅធ្វើទេសចរនៅហ្នឹង ហើយអ្នកណា ទៅធ្វើទេសចរនៅម៉ាលី? ឬនៅសូម៉ាលី ឬនៅស៊ូដង់? អ្នកណាទៅអាហ្វ្រិកកណ្តាល បើសូម្បីតែកងទ័ពយើង កំពុងតែប្រុងប្រយ័ត្នជើងការជាប់ជានិច្ច។ នៅលីបង់ក៏ដូចគ្នា មាននៅលីបង់ មិនមែនអត់ទេសចរទេ ក៏ប៉ុន្តែ យើងត្រូវដឹង ត្រូវទទួលយកការទទួលខុសត្រូវ ទើបទីក្រុងរបស់យើងទាក់ទាញបានភ្ញៀវទេសចរ ហើយមក​ដល់​គេក៏មិនមែនមកហិតក្លិនស្អុយដែរ គេមកស្រូបយកធាតុអាកាសបរិសុទ្ធរបស់យើង។

សម្តេចសរសើរក្រុងសំរោង

អញ្ចឹងហើយបានជា ខ្ញុំពេញចិត្តការឲ្យតម្លៃនេះ។ ទីក្រុងសំរោងដែលជាប់ចំណាត់ថ្នាក់ អាហ្នឹងលេខមួយហើយ អារៀប ទី ៣ នោះ ត្រឹមត្រូវ ព្រោះខ្ញុំដេកនៅក្រុងសំរោងមួយយប់ ខ្ញុំធ្វើដំណើរតាំងពីព្រឹកចេញពីព្រះវិហារ រួច ហើយព្រលប់បានមកដល់សំរោង គឺថា បើសិនជាកុំយប់ ប្រហែលជាសូម្បីតែសិស្សសាលាវិទ្យាល័យ រកតែ ចេញមិនរួចទេ និយាយពីពូកែនិយាយតែម្តង។ ព្រឹកឡើងយើងចេញទៅតាមបណ្តាសាលារៀនទៀត ឃើញថា ជាទីក្រុងដែលមានការទាក់ទាញមែន ហើយជាទីក្រុងដែលមានស្នាមញញឹមមែន។ អាហ្នឹងឲ្យពិន្ទុ​អត់​ខុស​ទេ។ ប៉ុន្តែសង្ឃឹមថា ខេត្តឧត្តរមានជ័យ មិនគួរឲ្យធ្លាក់ចំណាត់ថ្នាក់ទេ …។

បើសិនប្រទេសគ្មានសន្តិភាព យើងក៏គ្មានសិទ្ធិដែរ

ធ្វើម៉េចធានាបញ្ហារបស់យើង នៅត្រង់បញ្ហាសន្តិសុខ រឿងនេះជារឿងសំខាន់សម្រាប់យើងនៃការរីកលូតលាស់ ខាងផ្នែកទេសចរណ៍របស់យើង។ យើងដាក់ជាសំណួរថា អង្គរវត្តទើបកើតឥឡូវ ឬកើតពីមុនមក? កើតតាំងពី ណាពីណីមក ចូលដល់ពាន់ឆ្នាំទៅហើយ ប៉ុន្តែហេតុអីបានជាក្នុងទស្សវត្សរ៍ ៧០ អត់មានទេសចរ មកពី សង្គ្រាម បានអត់មានទេសចរ។ អញ្ចឹងតម្លៃណាក៏ដោយ ត្រូវរក្សាសន្តិភាពឲ្យបាន រឿងស្អីផ្សេងទៀត គឺ និយាយគ្នាក្រោយ តែអ្នកណាបំផ្លាញសន្តិភាពហើយ គឺអ្នកឯងត្រូវទទួលនូវទណ្ឌកម្មពិតប្រាកដមួយ មិនអាច មើលរំលងបញ្ហានេះបានទេ។ អ្នកឯងនិយាយអំពីសិទ្ធិមនុស្ស សិទ្ធិដើម្បីសិទ្ធិមនុស្សពីរបីនាក់ មកបំផ្លាញប្រ ទេស​ជាតិទាំងមូល អ្នកឯងនិយាយអំពីសិទ្ធិដែលអ្នកឯងសម្លាប់ប្រជាជនរាប់ម៉ឺនរាប់លាននាក់ តើអ្នកឯង​ស្គាល់​សិទ្ធិទេ។ សិទ្ធិដូចសព្វថ្ងៃនេះ សិទ្ធិរស់រានមានជីវិត សិទ្ធិមានអ្វីៗដែលកំពុងធ្វើរាល់ថ្ងៃនេះ អាហ្នឹង​បាន​គេ​ហៅថា​សិទ្ធិ។ សិទ្ធិដោយអនាធិបតេយ្យ គឺសិទ្ធិបំផ្លាញជាតិតែម្តង។ យើងទទួលស្គាល់សិទ្ធិ តែមិនមែន​ជា​សិទ្ធិ​អនាធិបតេយ្យទេ គឺជាសិទ្ធិនៃនីតិរដ្ឋ។

សង្ឃឹមថា មិត្តភក្តិបរទេសយល់ឲ្យច្បាស់អំពីរឿងនេះ។ ឥឡូវចូលដល់ប្រទេសអាមេរិកខ្លួនឯង។ ឥឡូវសូម្បីតែ CNN និងពួកមួយចំនួន លែងចូលសេតវិមានបានហើយ។ ដូណាល់ ត្រាំម៍ ឈប់ឲ្យចូល។ តិចទៅថ្កោល​ទោស​ ដូណាល់ ត្រាំម៍ ថាផ្តាច់ការ។ ត្រឹមត្រូវហើយ ត្រូវផ្តាច់អញ្ចឹង។ ឲ្យអាមេរិកផ្តាច់ការមុនគេមុនឯង ឲ្យវា​ស្រួល។ អ្នកខ្លះនិយាយតែពីសិទ្ធិមួយមុខទេ អត់និយាយពីសន្តិភាព ស្ថេរភាពទេ។ ប៉ុន្តែខ្ញុំចង់សួរនៅក្នុងរបប ប៉ុល ពត មានសិទ្ធិទេ បើងាប់ទៅហើយ។ អ្នកដែលងាប់ទៅ បានមកសរសេរកាសែតទេ អាហ្នឹង បើក​វង្វង់​ក្រ​ចក​និយាយត្រង់ហ្នឹង ប៉ុន្តែនិយាយទៅនិយាយមក មកសន្តិភាពត្រង់ហ្នឹង។ បើរក្សាស្ថេរភាពមិនបាន ស្អីក៏រក្សា​មិន​បានដែរ រាប់ទាំងសិទ្ធិចុងក្រោយ សិទ្ធិរស់នៅមិនបានផង …។

(បញ្ចប់សេចក្ដីអធិប្បាយ)

ដើម្បីសម្រេចបាននូវមូលដ្ឋានគ្រឹះខាងលើនេះ និងស្របតាមប្រធានបទ នៃទិវាជាតិទីក្រុងស្អាតលើកទី ៥ នេះ ខ្ញុំសូមដាក់ចេញនូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

ទី១ ដើម្បីបង្កើនភាពទាក់ទាញ និងភាពរស់រវើកនៃទីក្រុងទេសចរណ៍ យើងត្រូវរួមគ្នាជួយថែរក្សា ជួយទប់​ស្កាត់​ភាពគ្មានសណ្តាប់ធ្នាប់ ទប់ស្កាត់ការបោះសំរាមចោលពាសវាលពាសកាល និងត្រូវបង្កើនការផ្សព្វផ្សាយ​ឲ្យ​បានទូលំទូលាយអំពីភាពស្អាត និងអនាម័យក្នុងសង្គមគ្រួសារ និងសង្គមជាតិឱ្យទៅជាតម្លៃសកល នៃប្រជា​ជន​យើង។ ជាមួយនោះ ការបំផុសយុទ្ធនាការ «ទីក្រុងស្អាត និងបរិស្ថានស្អាត គឺផ្តើមចេញពីយើង​ទាំងអស់​គ្នា» ដោយត្រូវចាប់ផ្តើមចេញពីសហគមន៍នៅតាមសង្កាត់នីមួយៗ និងគ្រួសារប្រជាជននីមួយៗ ដោយបង្កើត​កម្មវិធីស្ម័គ្រចិត្តក្នុងសហគមន៍ ដើម្បីទីក្រុងស្អាត ជួយអប់រំចំណេះដឹងទូទៅសម្រាប់កុមារ យុវជន និងសាធារ​ណជនទូទៅ។

ទី២ ក្នុងបុព្វហេតុអភិវឌ្ឍទីក្រុងទេសចរណ៍ឱ្យមានភាពទាក់ទាញ និងរស់រវើក រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវរៀប​ចំសណ្តាប់ធ្នាប់​សាធារណៈឱ្យបានល្អ ត្រូវឱ្យមានផ្លូវថ្មើរជើង ផ្លូវជិះកង់ និងចំណតយានយន្តឱ្យបានត្រឹមត្រូវ។ ក្នុងន័យនេះ ខ្ញុំស្នើឱ្យសិក្សា និងរៀបចំចំណតយានយន្តនៅតាមទីក្រុងឱ្យបានល្អប្រសើរ និងស្នើឱ្យសិក្សា​រៀបចំ «ច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ» ដែលជាផ្នែកមួយ នៃការចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុង និង​កាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង។ ទន្ទឹមនឹងសន្ទុះនៃការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ​នៅ​កម្ពុជា ខ្ញុំសូមស្នើឱ្យគ្រប់ក្រុងថ្មីៗ ពិសេសក្រុងរណបត្រូវបញ្ចូលនូវទស្សនាទាន «ក្រុងស្អាត និងបៃតង» ដោយ​មានការគិតគូរលើបរិស្ថាន។ ចំពោះមុខ សាលារាជធានីភ្នំពេញត្រូវខិតខំពង្រីកផ្លូវថ្មើរជើង និងខ្សែផ្លូវដឹកជញ្ជូន​សាធារណៈតាមរថយន្តក្រុងឱ្យបានកានតែទូលំទូលាយ និងបានកានតែឆ្ងាយ ដើម្បីបន្ថយបន្ទុកធ្វើ​ដំណើរ និង​ពង្រីកទីតាំងទស្សនារបស់ភ្ញៀវទេសចរ។

(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)

សុំផ្តាំថា កុំរើចំណតដែលគេធ្លាប់ចតទៅបង្កើតចំណតរថយន្តថ្មី

ក្នុងចំណុចនេះខាងលើអម្បាញ់មិញ ខ្ញុំបានឲ្យគិតបន្ថែមទៅលើបញ្ហាទីក្រុងក្រវ៉ាត់បៃតង ដែលអាចដាក់ចូល​នៅ​ក្នុងចំណុចនេះបន្ថែម ទៅលើទស្សនាទានស្តីអំពីបញ្ហាចំណតរថយន្ត។ ប៉ុន្តែ ចំណតរថយន្ត អ្វីដែលខ្ញុំសុំ​បញ្ជាក់​មុនគេ កុំឮនាយករដ្ឋមន្រ្តីដាក់ចេញទស្សនាទាន ​បែរជានាំគ្នាដោះដូរចំណតរថយន្តចាស់​ទៅបង្កើតចំ​ណត​រថយន្តថ្មី។ អាហ្នឹង ជារឿងជំងឹដែលខ្ញុំបានដោះរួចហើយនៅសិរីសោភណ្ឌមួយ និងនៅកំពង់ស្ពឺ ដូរ​អា​ចំ​ណត​រថយន្តដែលគេកំពុងតែនៅនេះ កំពុងតែរកស៊ីរាប់ឆ្នាំហើយនេះ ដូរទៅក្រៅ។ បើចង់ទៅក្រៅទៅអី ទៅធ្វើ​ខ្លួន​ឯងថ្មីទៅ។ គេចតអានេះ វាណែនពេកគេទៅចតអាក្រៅទៅ។ … ចំណតណាដែលគេធ្លាប់ចត ត្រូវថែ​ទាំ​អា​ចំណតហ្នឹង ពង្រឹងចំណតហ្នឹង។ ប៉ុន្តែ នៅពេលដែលមានការរីកលូតលាស់កាន់តែច្រើន គេអាចរៀបចំណតថ្មី ប៉ុន្តែចំណតថ្មី នោះមិនត្រូវដាក់លក្ខខណ្ឌថារថយន្តនេះត្រូវតែចូលត្រង់ហ្នឹងទេ។ ហ្នឹងការខុសឆ្គងមួយទៀត។

អញ្ចឹង សុំផ្តាំទុកឲ្យហើយ … កន្លងទៅខ្ញុំដើរមួយជុំប្រទេស។ ពិតមែនហើយកោះកុងខ្ញុំទៅតើ។ គេផាកខ្ញុំ ជិះ​ម៉ូតូ​អត់មួកអស់ ២ ម៉ឺន ៦ ពាន់។ តាមពិតអស់តែ ១ ម៉ឺន ៣ ពាន់ទេ ប៉ុន្តែឲ្យអ្នកជិះពីក្រោយម្ចាស់ម៉ូតូ ការ​ពិត​ម៉ូតូ គេមានមួកប៉ុន្តែ វាមិនបានយកពាក់ ព្រោះជិះតែ ២០០ ម៉ែត្រហ្នឹង … អញ្ចឹង ខ្ញុំសុំផ្តាំផ្ញើទាក់ទិនជា​មួយ​នឹង​បញ្ហា​ធ្វើចំណតរថយន្តនេះ … យើងអត់យល់ថា ទីក្រុងមួយដែលអត់មានមនុស្សនៅ ហើយខ្ញុំជួប ៧០ នាក់​គត់ នៅក្បែរធនាគារ Canadia គាត់អត់ហ៊ាននៅក្នុងផ្ទះទេ គាត់នៅចំហៀងផ្ទះ នៅក្រោមដើមឈើ ភាគ​ច្រើន​ស្រ្តី កូនក្មេង និងមនុស្សចាស់ អត់សូវមានយុវជន ហើយជាប្រជាជននៅក្នុងកៀនស្វាយ ដែលគេជម្លៀស។ ឥឡូវ​នេះវាអត់បានទេ តែងាកប៉ះគ្នា ងាកប៉ះគ្នាតែម្តង បូកជាមួយនឹងជិះដោយអត់មានសណ្តាប់ធ្នាប់ ហើយ​សំ​រាមកាលណាតែមិនបានបោសយកតែប៉ុន្មានថ្ងៃ សំរាមណែនទាំងអស់ ព្រោះសំបូររបស់ស៊ីឥឡូវនេះ។

(បញ្ចប់សេចក្ដីអធិប្បាយ)

ទី៣ ត្រូវបន្តខិតខំជំរុញការអភិវឌ្ឍ និងវិនិយោគលើផលិតផលទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍​គ្រប់​ប្រភេទ ឱ្យក្លាយទៅជារមណីយដ្ឋាន ដែលមានការគិតគូរបរិស្ថាន ភាពស្អាត និងតម្លៃរបស់សង្គម។ ក្នុង​បរិ​ការណ៍នេះ រាល់គម្រោងវិនិយោគទេសចរណ៍ទាំងអស់ ត្រូវបញ្ចូលនូវការគិតគូរអំពីទស្សនាទានបៃតង ភាព​ស្អាត និងគិតគូរដល់កិច្ចការគាំពារសង្គម។

(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)

រមណីយដ្ឋានយើងមានដាក់នៅក្នុងបេក្ខភាពប្រឡងប្រណាំង? ចាប់ដាក់បញ្ចូលរមណីយដ្ឋាន ឲ្យគេចុះឈ្មោះ ដាក់បេក្ខភាពប្រឡង ដូចជារមណីយដ្ឋានអំពែភ្នំ រមណីយដ្ឋានភ្នំជីសូរ រមណីយដ្ឋានទន្លេបាទីអាហ្នឹង ដាក់​ចូលក្នុងបេក្ខភាពប្រឡងប្រណាំង រមណីយដ្ឋានកៀនស្វាយ នឹកឃើញដល់កៀនស្វាយ មានរមណីយដ្ឋាន​កោះ​ដាច់ទៀត។ ខែនេះកោះដាច់ត្រូវប៉ាន់ណាស់។

(បញ្ចប់សេចក្ដីអធិប្បាយ)

ទី៤ ទន្ទឹមនឹងសមិទ្ធផលដ៏ច្រើននេះ យើងក៏មិនត្រូវមើលរំលងនូវបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះ។ ជាក់ស្តែង សេវាសាធារណៈបាន និងកំពុងប្រឈមដោយសារការវិវឌ្ឍ និងផ្លាស់ប្តូរដ៏លឿននូវបច្ចេកវិទ្យា សេដ្ឋ​កិច្ច និងសង្គម ពិសេស ឤកប្បកិរិយា និងទម្លាប់របស់មន្ត្រីសាធារណៈ ដែលទាមទារឱ្យយកចិត្តទុក​ដាក់​រត់​តាមល្បឿន នៃការវិវឌ្ឍទាំងនោះ ព្រមទាំងការកែទម្រង់ស៊ីជម្រៅថែមទៀត ដើម្បីធ្វើឱ្យស្ថាប័ន និងមន្ត្រី​ពាក់​ព័ន្ធ​ប្រែក្លាយខ្លួនទៅជា «អ្នកផ្តល់សេវា អ្នកបម្រើប្រជាជន» ប្រកបដោយភាពស្មោះត្រង់ មានប្រសិទ្ធភាព និង​ជាដៃ​គូដែលឤចទុកចិត្តបាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយភាពកក់ក្តៅ ចូលរួមចំណែកដល់ «បដិ​សណ្ឋារកិច្ចល្អប្រកបដោយស្មាមញញឹមរួសរាយរាក់ទាក់ ដែលជាអត្តសញ្ញាណរបស់ប្រជាជនកម្ពុជាយើង»។

ទី៥ ត្រូវជំរុញចលនាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅគ្រប់ពេល និងគ្រប់ច្រកល្ហកនៅទូទាំង​ព្រះ​រាជាណាចក្រកម្ពុជា ទន្ទឹមនឹងសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលយើង​មាន សំដៅ​កាត់បន្ថយផលប៉ះពាល់ជាវិជ្ជមានក្នុងវិស័យទេសចរណ៍។ ទន្ទឹមនេះ ត្រូវចាត់វិធានការ ឱ្យបានគត់មត់​ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន បំផុសស្មារតី «យើងរួមគ្នា ដើម្បីទីក្រុងស្អាត ទីក្រុងដែលនិយាយ​ថាទេ​ចំពោះគ្រឿងញៀន»។

(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)

គ្មានគ្រឿងញៀន ភ្ញៀវទេសចរមកម្តងហើយចង់មកម្តងទៀត

ចំណុចនេះ យើងបានដឹងទាំងអស់គ្នាហើយ ហើយយើងទើបនឹងសន្និបាតក្រសួងមហាផ្ទៃហើយ ទាក់ទិនជា​មួយ​នឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលយើងត្រូវធ្វើបន្ត ហើយកុំឲ្យប្រទេសនានា ឬក៏ទេសចរនានាថា កុំម​ក​ទស្សនកិច្ចនៅកម្ពុជា ដោយសារនៅទីនេះសំបូរអ្នកប្រើប្រាស់គ្រឿងញៀន។ មិនល្អទេ សម្រាប់​ប្រទេស​របស់​យើង។ ខ្ញុំធ្លាប់បាននិយាយហើយថា ការទាក់ទាញទេសចរ រឿងឃោសនា រឿងមួយហើយ តែរឿងធំជាង​គេ គឺរឿងឲ្យគេមកហើយ ឲ្យគេវិលត្រឡប់មកវិញទៀត ឲ្យគេមកហើយគេមកវិញទៀត នឹងនាំទាំងមិត្តភក្តិ ឬនាំ​ប្រ​ពន្ធកូនគេមកថែមទៀត។ អាហ្នឹងទើបទេសចរណ៍បានជោគជ័យ គ្រាន់តែផ្សាយតាមទូរទស្សន៍ ផ្សាយតាម​សៀវភៅ បានឲ្យគេដឹង ប៉ុន្តែពេលដែលគេមក(ហើយ)ត្រឡប់ទៅវិញថា កម្ពុជាវេទនាណាស់ ឯណាមករញ៉េ​រញ៉ៃនឹងមាត់ច្រក ទាំងព្រលានយន្តហោះ ទាំងផ្លូវគោក ទៅកន្លែងនេះក៏វាពិបាក ទៅកន្លែងនោះក៏វាពិបាក អា​ហ្នឹងទេសចរថ្ងៃក្រោយគេមិនមកទេ។ កុំភ្លេចថាយើងមានការប្រកួតប្រជែង រវាងប្រទេសយើង និងប្រទេសដទៃ​ទៀត មិនមែនមានតែកម្ពុជាមួយដែលមានបេតិកភណ្ឌ និងមានធម្មជាតិល្អនោះទេ។ យើងត្រូវចេះប្រើក្នុង​ហ្នឹង​ស្នាម​​ញញឹម ភាពទាក់ទាញនៃបដិសណ្ឋារកិច្ច និងសេវានានាដែលបម្រើឲ្យទេសចរល្អ គឺជាចំណុចល្អ ហើយ​​មិ​ន​​មែនជាទេសចរណ៍ផ្លូវភេទនោះទេ។ មុននេះ គេថាទៅកន្លែងនេះ ទៅរកស្រី ទៅកន្លែងនោះគឺទៅលេងល្បែង អានេះមិនមែនទេសចរណ៍របៀបនោះទេ។

ខិតខំអោយទេសចរណ៍ ជាផ្នែកសំខាន់រុញកំណើន​សេដ្ឋកិច្ច

អញ្ចឹង ត្រូវខិតខំធ្វើឲ្យទេសចរណ៍របស់យើងក្លាយទៅជាផ្នែកដ៏សំខាន់មួយ នៃការរុញកំណើន​សេដ្ឋកិច្ចរបស់​យើង ដែលនៅពេលនេះ អត្រានៃចំណែកសេវារបស់យើងឡើងលើសពី ៣០ ភាគរយ ហើយក្នុងហ្នឹងទេស​ចរណ៍ គឺមាន ៥ ភាគរយ នៅក្នុងចំណែកនៃសេវា។ ប្រទេសដែលមានការលូតលាស់ យើងពិនិត្យ​មើលចុះ​សេ​វា​ធំ បន្ទាប់ទៅឧស្សាហកម្ម បន្ទាប់ទៅបានកសិកម្ម។ កសិកម្មប្រទេសលូតលាស់ មានត្រឹមមួយ ឬ ពីរភាគរយ តែ​ប៉ុណ្ណោះ នៃចំណែកផលិតផលក្នុងស្រុក។ សេវា និងឧស្សាហកម្មដើរតួនាទីធំជាងគេ ជាពិសេស គឺសេវា​ហ្នឹង​តែម្តង។ សេវារាប់ទាំងវិស័យទេសចរណ៍នៅក្នុងហ្នឹងផង។ ប៉ុន្តែ និយាយថា មួយភាគរយ ឬ ពីរភាគរយ របស់ប្រទេសគេនៅក្នុងវិស័យកសិកម្ម ដែលជាការរួមចំណែក មិនមែនបានសេចក្តីថា កសិកម្មគេអន់ថយទេ កសិកម្មគេជឿនលឿន ហើយចិញ្ចឹមប្រជាជនគេបានហើយ គេនាំចេញផលិតផលកសិកម្មទៀតផង ទាំងការ​ចិញ្ចឹម​សត្វ ទាំងការដាំដុះស្អីៗ គេនាំចេញទៀត។ ក៏ប៉ុន្តែ ដោយសារតែប្រទេសនោះរីកលូតលាស់ សេវា​កម្ម​របស់​គេធំណាស់ បន្ទាប់ទៅឧស្សាហកម្ម បានបន្ទាប់ទៅកសិកម្មផ្នែកក្រោយ តែមិនមែនបានសេចក្តីថា កសិ​កម្ម​មិនអាចចិញ្ចឹមប្រជាជនបាននោះទេ …។

(បញ្ចប់សេចក្ដីអធិប្បាយ)

ជាថ្មីម្តងទៀត ខ្ញុំជឿជាក់ថា តាមរយៈកិច្ចប្រឹងប្រែងទាំងអស់នេះ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ ដែលផ្តល់ភាពកក់ក្តៅ ទាក់ទាញ និងផ្តល់សុខមាលភាពល្អដល់ភ្ញៀវទេសចរ និងប្រជាជន និងជាគោល​ដៅ​ទេសចរណ៍បៃតង ជាមួយនឹងស្នាមញញឹមរួសរាយ រាក់ទាក់ពីធម្មជាតិរបស់ប្រជាជនយើង។

ជាទីបញ្ចប់ ខ្ញុំ​សូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួន​ប្រការ  វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...