ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីព្រះរាជពិធីប្រគល់ និងទទួលសម្ភារដែលជាជំនួយរបស់ភាគីចិន ជូនចំពោះក្រុមការងារព្រះមហាក្សត្រ

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យស្ដេចយាងចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ជាមួយឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងព្រះរាជពិធីប្រគល់ និងទទួលសម្ភារដែលជាជំនួយរបស់ភាគីចិនជូនចំពោះក្រុមការងារព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង។
 
ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ បានផ្តាំផ្ញើតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតចិន ថ្លែងអំណរគុណជូនចំពោះឯកឧត្តម Xi Jinping ប្រធានាធិបតីចិន និងរដ្ឋាភិបាលចិន ដែលតែងផ្តល់ជំនួយដល់ព្រះរាជវង្សានុវង្សខ្មែរ និងប្រជាជនកម្ពុជា ហើយព្រះអង្គបានសព្វព្រះទ័យកោតសរសើរភាគីចិនដែលជាមិត្តដ៏មហិមារបស់ប្រជាជនកម្ពុជា តែងផ្តល់ការគាំទ្រដល់ក្រុមការងាររបស់ព្រះអង្គអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
 
ឯកឧត្តមឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ការបន្តគាំទ្ររបស់រដ្ឋាភិបាលចិនជូនចំពោះក្រុមការងាររបស់ព្រះមហាក្សត្រ គឺជាសក្ខីភាពនៃទំនាក់ទំនងចំណងមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជា។ ភាគីចិនរីករាយបន្តគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ហើយនឹងបន្តផ្តល់ជំនួយទៅតាមលទ្ធភាពរបស់ខ្លួនដល់ក្រុមការងាររបស់ព្រះមហាក្សត្រ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ