សម្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីកាត់ប្ញសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផល ក្នុងវត្តព្រែកប្រា

CNV: 8 ខែ​កុម្ភៈ, 2017

ជ្រើសរើសពេលខ្នើតល្អជាងរនោច សម្រាប់បញ្ចុះ និងកាត់ឫសសីមា

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួម ដើម្បីកាត់ឫសសីមាជាកិច្ចបង្ហើយបុណ្យ ក៏ដូចជាសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលផ្សេងទៀត នៅក្នុងទីអារាមវត្តព្រែកប្រារបស់យើងនេះ។ អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ បានថ្លែងនូវអំណរព្រះគុណ ចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ គណៈ​កម្មាធិការអាចារ្យវត្ត ក៏ដូចជា ពុទ្ធបរិស័ទចំណុះជើងវត្ត ពិសេសសប្បុរសជនដែលបានចូលរួមកសាងនូវ​ទី​អារាម ព្រះវិហារ និងសមិទ្ធផលផ្សេងៗទៀត ដែលថ្ងៃនេះ យើងនឹងកាត់ឫសសីមា ហើយ​សម្ពោធដាក់ អោយប្រើប្រាស់។ ពិតណាស់ថា ឆ្នាំនេះ ខ្ញុំព្រះករុណាខ្ញុំ កំណត់ត្រឹមតែពីរវត្តតែប៉ុណ្ណោះ (ដើម្បីចូលរួម) កាត់ឫសសីមា។ ជាការ​គាប់ជួនដែលឯកឧត្តម អភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានទៅជួប ខ្ញុំ​ព្រះករុណាខ្ញុំ ដើម្បីសុំអោយ​មានការមកកាត់ឫសសីមានៅវត្តនេះ ហើយក៏បានរើសចំថ្ងៃ ១២ កើត ខែ មាឃ មុនពេលមាឃបូជាមកដល់។ តាមទម្លាប់របស់ ខ្ញុំព្រះករុណាខ្ញុំ មានវិធីជ្រើសរើសការ​ធ្វើបុណ្យ​ធ្វើ​ទាន។ យកខ្នើត? មិនយករនោចទេ។ អានេះត្រូវជឿខ្លះផង អាហ្នឹងគេថា អាគមន៍ផ្សំអាយូស។ អញ្ចឹងទេ យើង ១២ កើត ខែ មាឃ មុន(មាឃបូជា) បានសេចក្ដីថា ព្រះពុទ្ធកំពុងរះឡើង។ ប៉ុន្តែ វាមានពេល​គាប់​ជួន ពេលខ្លះក៏ជ្រើសរើសវាមិនទាន់។ អញ្ចឹងទេ ក៏ដាក់ទៅ ប៉ុន្តែ បើជ្រើសរើសទាន់ គឺយើងដាក់ពេលវេលា​អោយ​ចំពេលខ្នើតល្អជាង …។

ទីវត្តអារាមនានា គួរស្រាវជ្រាវចងក្រងសៀវភៅពីប្រវត្តិវត្ត

ថ្ងៃនេះ អោយ ខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោស ដោយភរិយារបស់ ខ្ញុំព្រះករុណាខ្ញុំ មិនអាចមកចូលរួម នៅទី​នេះបានជាមួយ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាពជាមួយនឹងការរីកចម្រើន​នូវទី​អារាមដ៏​វ័យ​ចំណាស់នេះ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារតែនៅមុនពេលចាប់ផ្ដើម​ការកាត់​​ឫស​សីមា និងការសម្ពោធដាក់អោយប្រើប្រាស់ មានការស្រាវជ្រាវចងក្រងនូវសៀវភៅមួយនេះ ដែល ខ្ញុំព្រះករុ​ណា​ខ្ញុំ ពិតជាមានការពេញចិត្ត ហើយរឿងនេះ ក៏បានធ្វើជាហូរហែមក។ សង្ឃឹមថា នៅតាមទី​អារាមដទៃ​ទៀត​ដែលមិនទាន់បានធ្វើ គួរតែធ្វើសៀវភៅមួយៗ ទៅតាមទីអារាមនោះឯង។ បើមានការកត់ត្រា​បែបនេះ យើងនឹងអាចដឹងបានពីប្រវត្តិ នៃការកកើតទីអារាមនេះ ពីដំណាក់កាលមួយទៅកាន់ដំណាក់កាល​មួយ។

បើយោងទៅលើការកត់ត្រានៅក្នុងនេះ ទីអារាមនេះ មានអាយុរហូតទៅដល់ ២២៦ ឆ្នាំ បានសេចក្ដីថា វត្ត​នេះ តាំងពីឆ្នាំ ១៧៩០។ អញ្ចឹង គិតមកពេលនេះ គឺ ២២៦ ឆ្នាំ។ ប្រហែលជាកាលពី​ជំនាន់នោះ ខ្ញុំព្រះ​ករុណា​ខ្ញុំ នៅជាកូនសិស្សលោកនៅហ្នឹង បានជាថ្ងៃហ្នឹង ស្រាប់តែមាននិស័្សយមកកាត់​ឫសសីមានៅថ្ងៃ​នេះ ហើយក៏បានជួបជុំជាមួយពុទ្ធបរិស័ទ ដែលមកកាន់អង្គក្ដី តាមរោងទិស ឬក៏មកចូលរួម​នៅក្នុងថ្ងៃ​នេះ។ ចាត់ទុកថា ថ្ងៃនេះជាថ្ងៃដែលយើងបានធ្វើបុណ្យរួមគ្នា ប្រហែលជាមាននិស្ស័យពីជាតិមុន​មក ហើយ​សង្ឃឹម​ថាជាតិក្រោយជួបគ្នា ធ្វើបុណ្យជាមួយគ្នាទៀត ព្រោះបានរួមដំណើរជាមួយគ្នា​អញ្ចឹងទៅ​ហើយ​។

៧ មករា រំដោះពុទ្ធសាសនា និងគ្រប់វិស័យ

យើងបានដឹងហើយថា មិនមែនគ្រាន់តែវត្តព្រែកប្រាមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែ ទីអារាមនៅទូទាំងព្រះរាជាណា​ចក្រកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យើងបានប្រឹង​ប្រែង​ងើបឈរឡើង ដើម្បីកសាងប្រទេសឡើងវិញ ក្នុងហ្នឹងមានវិស័យព្រះពុទ្ធសាសនា ក៏ជាវិស័យដ៏​សំ​ខាន់​មួយ ដែលបានរីកចម្រើន ផ្សារភ្ជាប់ជាមួយនឹងដំណើរការនៃអាណាចក្រ និងការរីកចម្រើន​ នៃ​ផ្នែកពុទ្ធ​ចក្រ ឬអាចនិយាយបានមួយផ្នែកថា ទាំងផ្នែករដ្ឋ ក៏ដូចជា វិស័យសាសនា និងជំនឿដទៃទៀត ត្រូវ​បាន​ការ​ពារ និងរីកចម្រើនជាបន្ដបន្ទាប់។ អភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានធ្វើរបាយការណ៍​ជូន​អង្គ​ពិធី​អម្បាញ់មិញរួចហើយ អំពីការរីក​ចម្រើននៅក្នុងរាជធានីភ្នំពេញយើងនេះ។ ក្នុងនោះ មានការរីកចម្រើន​ក្នុង​វិស័យព្រះពុទ្ធសាសនា។

ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់ព្រះតេជព្រះ គុណ ព្រះសង្ឃគ្រប់ជំនាន់ ក្រោយរបប ប៉ុល ពត។ ពីមុនរបបប៉ុល ពត គឺខិតខំមួយហើយ ក៏ប៉ុន្តែ យើង ទាំងអស់​គ្នាបានដឹងហើយថា ទីអារាមទាំងអស់នៅក្នុងប្រទេសកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ មិនមែនគ្រាន់ តែទី​អារាមទេ សូម្បីតែជីវិតមនុស្សក៏មិនគង់ផង។ ដូច្នេះ ៧ មករា មិនមែនគ្រាន់តែរំដោះជីវិតមនុស្សទេ ប៉ុន្តែ រំដោះសាសនា រំដោះគ្រប់យ៉ាង រំដោះទាំងប្រេតទៀតណោះ ព្រោះបើសិនកុំវ៉ៃផ្ដួលរំលំ ប៉ុល ពត តើអ្នក​ណាបោះបាយបិណ្ឌអោយប្រេត? អាហ្នឹងនិយាយអោយពិត សច្ចធម៌វានៅកន្លែងហ្នឹង។

ផ្ដល់ថវិកាដល់វត្តព្រែកប្រា ជាកិច្ចបង្ហើយបុណ្យ

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ហើយការប្រឹងប្រែងរបស់ព្រះតេជព្រះគុណ ព្រះចៅអធិការ ពេញ សុចន្ធី ក៏ដូចជា ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជា ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និងសប្បុរសជននានា បានប្រឹងកសាង។ វត្តនេះ បើយើងពិនិត្យអំពីការសាងសង់ គឺ ៨ ឆ្នាំ នៃការសាងសង់។ នេះជាការធ្វើបនិ្ដចម្ដងៗ ទៅតាមសទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋ។ ថ្ងៃនេះ ខ្ញុំព្រះករុណា​ខ្ញុំ ក៏បានដឹងដែរ ហើយក៏មានការអៀនខ្មាសដែរ សម្រាប់ការដែលមិនបានចូលរួមជាមួយ ប៉ុន្តែ​ ខ្ញុំព្រះករុ​ណា​ខ្ញុំ ក៏បានដឹងថា ការ​សាង​សង់ទាំងអស់ៗ ៥២៨.៤៤០ ដុល្លារ ប៉ុន្តែ នៅជំពាក់គេ ៥៣.០០០ ដុល្លារ។ តាមរយៈ ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ខ្ញុំព្រះ​ករុណាខ្ញុំ​ បានរៀបចំថវិកាប្រគេន ព្រះតេជ​ព្រះ​គុណ​ជា​កិច្ចបង្ហើយបុណ្យថ្ងៃនេះតែម្ដង។ ប្រគេនព្រះតេជព្រះគុណអោយហើយ កុំអោយគេមកទារថ្លៃជាង កើតរឿង​ទៀត។ សង្ឃឹមថា ព្រះតេជព្រះគុណមិនសឹកទេ។ កុំសឹកទៅណាព្រះតេជព្រះគុណ ព្រះជន្មប៉ុន្មាន​ហើយ? ៣១ ព្រះវស្សា។ ប្អូនកូនពៅ ខ្ញុំព្រះករុណាខ្ញុំ ផង។ សុំទោស ប៉ុន្តែ មិនបានសេចក្ដីថា លក្ខខណ្ឌ​សម្រាប់ធ្វើចៅអធិការវត្ត ទាល់តែអាយុ ៧០ វស្សា បានធ្វើបានទេ។ ព្រះតេជព្រះគុណ ខ្ញុំព្រះករុណាខ្ញុំ ធ្វើ​នាយករដ្ឋមន្រ្តីតាំងពីអាយុ ៣២ ឆ្នាំណោះ ហើយធ្វើរដ្ឋមន្រ្តីការបរទេសតាំងពីអាយុ ២៧ ឆ្នាំ។

ផ្តល់ជូនអគារសិក្សា ១ ខ្នង ៣ ជាន់ ១៨ បន្ទប់ ទៅដល់សាលាព្រែកប្រាក្រោម

នៅខាងក្រោយនេះ មានសាលារៀនផង។ អត់មានតម្រូវការសាលារៀនអីទេ? សាលាអីខ្លះហ្នឹង? មាន​បឋម​ផង មានអនុ(វិទ្យាល័យ)ផង។ សាលាអីខ្លះព្រះតេជព្រះគុណ? សាលាបឋមសិក្សាព្រែកប្រាក្រោម ហើយ​កូនសិស្សប៉ុន្មានទៅ? ឯណាអ្នកគ្រូ? មើលមកមុខបន្តិចមើល ចរចាគ្នាបន្តិច។ និយាយដល់ពុទ្ធចក្រ និងអាណាចក្រនៅជិតគ្នាអញ្ចឹង។ ចាងហ្វាងសាលាហើយហ្នឹង? យី! នៅក្មេងតើ! ហើយមានកូនសិស្ស ប៉ុន្មាន? ៧០០ នាក់? រួចឥឡូវយើងមានប៉ុន្មានថ្នាក់? មានតែ ១៤ ថ្នាក់ ហើយអគារនេះធ្វើតំាងពីឆ្នំាណា មក? ១៩៩៧? ម្ភៃឆ្នំាគត់។ ហើយចុះចង់បានអីទៀតឬអត់? កុំព្យូទ័រអីហ្នឹង គឺក្រុម​នឹង​គេ​​បំពាក់អោយ​ពី​រ​បី​គ្រឿង។ ប៉ុន្តែ ខ្ញុំសួរអគារសិក្សាសិន … ព្រះគុណអាចនៅកសាងបានឬ? លេង​​អាធំមួយទៅហី្អ? មាន​ដី​ប្រ​វែង​ប៉ុន្មាន? ព្រះតេជព្រះគុណប្រគល់អោយសាលាធ្វើទៅហី្អ? ដីកន្លែង​ហ្នឹងដីវត្ត មើលចរចាគ្នាម្តង។ ចំណុះជើងវត្ត​ចេះតែ​មក​សុំសីល ចៅអត់សាលា អោយធ្វើម៉េច? ព្រះតេជព្រះគុណគិតយ៉ាងម៉េច​ឥឡូវ​ហ្នឹង? អោយបាន​កសាង​សាលា ហើយ​ព្រះតេជព្រះគុណកាត់ដីហ្នឹង គឺថា បើសិនជាប្លង់មិនច្បាស់ គឺសុំ​កាត់​ប្លង់ហ្នឹងទៅ​អោយខាងសាលា​ទៅ។ ត្រូវ​ហើយដីហ្នឹង តាមពិតដីវត្ត។ ធម្មតា គឺអញ្ចឹង មិនមែនសាលា​កើត​មុនវត្តទេ វត្តកើតមុន។ … សិស្សប៉ុន្មាន? ៧០០ នាក់។ ហើយដីនៅកន្លែង អាចធ្វើបានប៉ុន្មាន? មិន​មែន​ពីរជាន់ទេ ខ្ញុំចង់អាបីជាន់ឯណោះ។

ព្រះតេជព្រះគុណក៏ចង់បានបីជាន់ដែរ ព្រោះឥឡូវដីថ្លៃណាស់។ ឥឡូវដីថ្លៃ​ជាង​​​សាលា … ឥឡូវយើង​ធ្វើ​អញ្ចេះ ខាងក្រោម​យើងអាចធ្វើ​បានប៉ុន្មាន? បាន ៦ បន្ទប់ ជូនមួយខ្នង ១៨ បន្ទប់ រួចហើយចំា​ពិនិត្យទី​ចាត់​ការ​មួយខ្នង ៣ បន្ទប់ ថែមទៀត។ អា(គារចាស់)នេះ​ទុកថ្ងៃក្រោយ។ ត្រូវការដកវាចេញដាក់ ៣ ជាន់​ទៀត។ ព្រះតេជព្រះគុណសហការគ្នាអោយ​វាស្រួល ហើយអំាងវ៉ង់ទែស្អីៗ បញ្ជីសារពើភណ្ឌ កាត់អោយ​ដាច់​ពីគ្នាទៅ។ ការពិតយើង​ត្រូវ​ដឹងគុណលោក។ ប៉ុណ្ណឹងបានហើយ។ ចំារួចកុំព្យូទ័រអីចំានិយាយគ្នាក្រោយ អាហ្នឹងកំប៉ិកកំប៉ុក​ទេ។ អញ្ចឹង ក្រៅពី ៥៣.០០០ ដុល្លារ នេះហើយ គឺនៅមានផ្តល់អាគារមួយខ្នង សម្រាប់​ផ្នែក​សិស្សានុសិស្សចៅៗ។ ចៅ​ហើយនឹងកូនមករៀននៅហ្នឹង ឥឡូវថាសាលាវាបាក់វាបែក … ឥឡូវបាន​ដី​ ​ដោះ​ស្រាយបញ្ហា។ យើងលេងបីជាន់តែម្តង។ ដល់ថ្ងៃក្រោយ អា(អគារ)នេះវិញ យកសិស្សទៅដាក់នៅ​ឯ​ណោះ​​ហើយ លេងអា(អគារ)នេះម្តង ជួនកាលតម្លើងទៅអនុវិទ្យាល័យ ឬវិទ្យាល័យនៅនេះ អោយវា​ស្តង់​ដា។

ជួបសិស្សនិទ្ទេស A

ថ្ងៃនេះ មានកូនសិស្សនិទ្ទេស A មួយមក ឯណា បញ្ញា? ទៅត្រង់ណាហើយ? ខាងប៊ែលធី ​ពួក​ក្រុម​ឡើង​ទៅ​​វិមានសន្តិភាព។ អម្បាញ់មិញជួបនៅនេះ។ មកពីខាងកៀនស្វាយ។ ឥឡូវ រៀននៅសាកលវិទ្យា​ល័យ​ដល់​ទៅ ២ ផងឬ? ប៊ែលធីមួយ និងវិទ្យាស្ថានជាតិគ្រប់គ្រងមួយទៀត។ ប៉ុន្តែ រត់រួចដែរសាលា ដល់ទៅ​ពីរ? ព្រឹករៀន​នៅ​សាលា​​​ប៊ែលធី។ ប្រឹងរៀនណា។ យកបរិញ្ញាបត្រមួយហើយ ឈានទៅយកបរិញ្ញាបត្រ​ជាន់​ខ្ពស់មួយទៀត។ ពួក​និទ្ទេស A នេះ ខ្ញុំស្គាល់ទំាងមុខស្គាល់ទំាងមាត់។ ចៅៗប្រឹងណ៎ា។ ឥឡូវ អ្នក​ចេះ​បានប្រឡងជាប់។ ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ សូមបន្ត ទន្ទឹមនឹងការដោះ​ស្រាយបញ្ហា​ពាក់​ព័ន្ធជាមួយ​វិស័យ​អប់រំអម្បាញ់មិញ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះជាថ្មីម្តងទៀតថ្លែងអំណរគុណ ​ចំពោះ​ព្រះ​តេជគុណព្រះចៅអធិការ តំាងពីព្រះចៅអធិការមុនៗមក អនុញ្ញាតអោយ​មាន​ការ​កសាងសាលារៀននៅ នេះ។ ហើយអម្បាញ់មិញ ព្រះតេជគុណក៏មិនយល់ទាស់ អំពី​ការកសាងអគារ​បីជាន់នៅ​ក្បែរ​ហ្នឹងដែរ ពិតហើយចាស់ៗគាត់ថា ពេលអញស្លាប់ទៅកុំយកអញទៅកប់នៅ​ក្បែរក្មេង ព្រោះវាថ្លង់។ ប៉ុន្តែ បើ​វា​អត់​មានក្មេងទេ វាអត់បាន។ មួយថ្ងៃៗ ខ្ញុំព្រះករុណាខ្ញុំ មានចៅ ១៨ (នាក់) ហើយកំពុងតែប្រហែលជាអាច ប៉ាន់ស្មានទេ ២១ (នាក់) … ក្នុង​ឋានៈជាជីតារបស់គេ គឺបើបាត់ចៅ គឺថា ដូចជាកំសត់ខ្លួន បើបានចៅមក​រក គឺថាដាក់ប៊ិចដាក់អីទុកចោលសិន រួចហើយចាប់ចៅថតរូបជាមួយ …។

ទី ១ ជាម៉ែត្រវាស់ស្ទង់បាន នូវក្រប​ខណ្ឌនយោបាយរបស់បក្សកាន់អំណាច

ឥឡូវនេះ ​ខ្ញុំព្រះករុណាខ្ញុំ បកមកបញ្ហាទាក់ទិននឹងបញ្ហាការរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនា ឬសាស នា តើវាចាប់ផ្តើមពីអ្វី? ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីធ្វើការកត់សម្គាល់មួយចំនួន ពាក់ព័ន្ធជា មួយនឹង​ការ​រីក​ចម្រើននេះ តើយើងអាចមានអ្វី? វាអាចទៅជាម៉ែត្រវាស់ទៅលើបញ្ហាអ្វីខ្លះ? ខ្ញុំព្រះករុណាខ្ញុំ យល់​ថា ​មាន​ការរីក​ចម្រើននៅក្នុងវិស័យពុទ្ធចក្រ ឬអាចនិយាយដោយទូលំទូលាយជាងនេះ គឺវិស័យ សាសនា និយាយ​ជា​រួម ដែលរួមមានសាសនា ទាំងព្រះពុទ្ធ ទាំងមូស្លីម ទាំងគ្រឹស្ត និងសាសនាផ្សេងៗ ទៀត តើចាប់ផ្តើមពីអ្វីទៅ? វា​អាចវាស់បាននៅចំណុចមិនតិចជាង ៤ ទេ។ ទី ១. វាអាចវាស់ស្ទង់បាននូវ​ ក្របខណ្ឌនយោបាយរបស់បក្សកាន់អំណាចនោះឯង តើបក្សកាន់អំណាចបើកទូលាយនូវសេរីភាពប៉ ណាសម្រាប់ប្រជាពលរដ្ឋក្នុងការជំនឿលើសាសនានេះ? ជាបញ្ហាសំខាន់ណាស់ ដែលត្រូវយល់ដឹងឲ្យ បានច្បាស់លាស់ អំពីបញ្ហាទាក់ទងជាមួយនឹងក្របខណ្ឌនយោបាយរបស់រដ្ឋ។  យើងមានឧទាហរណ៍​ច្បាស់លាស់ហើយ គឺកាលពីសម័យសង្គមរាស្រ្តនិយម ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះបរម​រតនកោដ្ឋ ព្រះអង្គបានផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋយើងជឿសាសនាណាក៏បាន។ ប៉ុន្តែ ចាប់ពីរដ្ឋប្រ​ហារ ឆ្នាំ ១៩៧០ មក ទីអារាមមួយចំនួនក្លាយទៅជាបន្ទាយទាហាន ទីកន្លែងមួយចំនួនក៏ក្លាយទៅជា​កន្លែង​គោលដៅ នៃការវាយប្រហារដោយគ្រាប់បែករបស់អាមេរិកាំង ឬគ្រាប់បែករបស់វៀតណាមខាងត្បូង និងគ្រាប់បែករបស់ពួក លន់ នល់ ដែរ។

ព្រះពុទ្ធ​សាស​នា ស្ថិតស្ថេរដល់មនុស្សឈប់ជឿ

បន្ទាប់មករបប ប៉ុល ពត តើគេផ្តល់លទ្ធភាពឲ្យប្រជាជនបានជឿទេ? ចំណុចនេះត្រូវមើលឲ្យឃើញមុនគេ អំពីក្របខណ្ឌគោលនយោបាយរបស់រដ្ឋ ជាពិសេស គឺបក្សរដ្ឋនៅក្នុងក្របខណ្ឌនៃការដំណើរការប្រជាធិប​តេយ្យ។ បក្សនយោបាយនោះគេបើកប៉ុនណា? រឿងនេះសំខាន់ណាស់។ ព្រះតេជព្រះគុណ ត្រូវមើលឲ្យ​ឃើញ​ឲ្យហើយ។ ធម្មតាទេ ស្រមោលវាតែងធំជាងរូបភាពពិត … ប៉ុន្តែ ក្របខណ្ឌនយោបាយគណបក្ស​ប្រ​ជា​ជន មិនមែនជាស្រមោលទេ។ គឺជារឿងពិតនៃប្រវត្តិ ៣៨ ឆ្នាំ បន្ទាប់ពីរំដោះប្រទេស។ នៅពេលមួយ ខ្ញុំព្រះករុណាខ្ញុំ នៅចាំ សម្តេច ជា ស៊ីម ក្នុងនាមគាត់ជាប្រធានរណសិរ្ស សម្តេច ហេង សំរិន ក្នុងនាមជា​ប្រ​ធាន​រដ្ឋ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមជានាយករដ្ឋមន្រ្តី ៣ នាក់ អង្គុយជាមួយគ្នា តើយើងឆ្លើយតបជាមួយ នឹង​ការ​មួល​បង្កាច់បែបណា ព្រោះគេថា “របប ហេង សំរិននេះជារបបយកសាសនាធ្វើជាខែលទេ។ នៅ​ពេល​ណាមួយនឹងកំចាត់ចោលសាសនានោះឯង”។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបាន សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន និងខ្ញុំព្រះករុណាខ្ញុំ ក៏បានលើកមតិថា ចម្លើយដែលល្អជាងគេ គឺចម្លើយថា ព្រះ​ពុទ្ធ​សាស​នា ស្ថិតស្ថេរដល់មនុស្សឈប់ជឿ។ នេះជាចម្លើយដែល logic បំផុតហើយ។ ឥឡូវ លើការជាក់​ស្តែង សាសនាណាក៏ដោយ បើប្រជាជននៅតែជឿ គឺនៅតែគង់វង្ស …។

ត្រឡប់មកបញ្ហាទាក់ទងនឹងការរីកចម្រើនរបស់សាសនា។ ដំបូង ត្រូវពិនិត្យមើលក្របខណ្ឌនយោបាយ​របស់​​រដ្ឋសិន តើរដ្ឋផ្តល់លទ្ធភាពឲ្យប៉ុនណា? បក្សនយោបាយដែលដឹកនាំរដ្ឋផ្តល់លទ្ធភាពឲ្យប៉ុនណា សម្រាប់​​ប្រជាជន? គណបក្សប្រជាជន មិនមែនជាគណបក្សនិយាយខ្យល់ទេ ប៉ុន្តែ ជាគណបក្សដែល​បាន​រួម​សុខរួមទុក្ខជាមួយនឹងប្រជាពលរដ្ឋ តាំងពីបាតដៃទទេរហូតមកបានសាងសង់សំណង់នានា ដែលមាន​ការ​រីក​ចម្រើនមកដល់ពេលនេះ … ព្រះសង្ឃចាប់ផ្តើមពីបួសមួយអង្គ ធ្វើរណសិរ្សបន្ទាប់ទៅ ឥឡូវឡើងដល់​ជាង ៤ ពាន់វត្ត និង ៥ ម៉ឺនអង្គ។ ក្រៅពីនោះនៅមានឥស្លាមសាសនា គ្រឹស្តសាសនា និងអ្នកដែល​អត់​ជឿ​អី អាហ្នឹងជាសេរីភាពរបស់ប្រជាពលរដ្ឋ។ អញ្ចឹង នេះជាម៉ែត្រវាស់មួយ សម្រាប់ពិនិត្យទៅលើក្រប​ខណ្ឌ​គោល​នយោបាយរបស់បក្សកាន់អំណាច។ បានបញ្ជាក់រួចមកហើយ ថាដំណើរវិវឌ្ឍន៍ពីបាតដៃទទេរហូត​មក​ដល់​ពេលនេះ គណបក្សប្រជាជនបានដឹកនាំ និងរួមចំណែកផ្ទាល់ជាមួយនឹងពុទ្ធបរិស័ទ ដើម្បីកសាង​នូវទី​អារាម ក៏ដូចជា ចំណែកនៃព្រះពុទ្ធសាសនារបស់ជាតិ នេះជាម៉ែត្រវាស់ទី ១។

ម៉ែត្រវាស់ទី ២ គឺជំនឿរបស់ប្រជាពលរដ្ឋទៅលើវិស័យសាសនា

ម៉ែត្រវាស់ទី ២ គឺបញ្ជាក់អំពីជំនឿរបស់ប្រជាពលរដ្ឋទៅលើវិស័យសាសនា ក្នុងហ្នឹងព្រះពុទ្ធសាសនា តើប្រជាពលរដ្ឋនៅជឿទៀតឬអត់? តាមរយៈការកសាងទីអារាមនេះឯង តាមរយៈការចូលរួមធ្វើបុណ្យធ្វើទាននេះឯង។ ប្រទេសមួយចំនួននៅលើពិភពលោកនេះ ប្រទេសខ្លះ ប្រជាជនភាគច្រើនអត់ជឿសាសនាណា​ទាំង​អស់។ មានប្រទេសមួយចំនួន ដែលខ្ញុំព្រះករុណាខ្ញុំមិនចាំបាច់ចេញឈ្មោះប្រទេសរបស់គេទេ គឺ​សាសនា​អី​ក៏​គេមិនជឿដែរ គេជឿតែរឿងមួយទេ ដាច់ឆ្នាំអញចូលឆ្នាំនឹងគេទៅ ហើយចូលឆ្នាំ គេមិនខ្ចីធ្វើ​អី។ នៅ​ប្រ​ទេសរបស់យើង ឆ្នាំនេះ ទទួលទេវតាចុះម៉ោង ៣ ភ្លឺអញ្ចឹងទៅ។ ព្រះតេជព្រះគុណអើយម៉ោង ៣ កំ​ពុង​លក់​ឆ្ងាញ់​ណាស់។ ព្រោះឆ្នាំហ្នឹងមិនទៅអង្គរសង្គ្រានទៀត ព្រោះឆ្នាំទៅៗ ទទួលទេវតានៅអង្គរវត្ត ហើយឆ្នាំ​ហ្នឹង​យើងទៅអង្គរវត្តទៀត។ អញ្ចឹង ជាការវាស់នូវជំនឿរបស់ប្រជាជនចំពោះព្រះពុទ្ធសាសនា ហើយចំពោះ​​ផង​ដែរទៅលើទីអារាមណាខ្លះ។ ចំណុចនេះ ក៏សូមព្រះតេជព្រះគុណ សម្តេចព្រះសង្ឃនាយក សម្តេចព្រះ​សង្ឃ​នាយករង ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ក៏ត្រូវពិនិត្យផង ជួនកាលវត្តក្បែរគ្នា តែវត្តនោះ​សម្បូរ​ចង្ហាន់ជាង វត្តនេះអត់ចង្ហាន់។ មូលហេតុមកពីអី? មកពីគេអត់ជឿ។ អញ្ចឹងបាន​បញ្ហា​ធំណាស់ រឿង​បញ្ហាទាក់ទិនជាមួយនឹង​ការកសាងជាមួយនឹងជំនឿពីសំណាក់ព្រះពុទ្ធសាសនា ពីសំណាក់​ទី​អារាម​នា​នា ចំពោះពុទ្ធបរិស័ទដែលជាអ្នកគាំទ្ររបស់ខ្លួន។

ម៉ែត្រវាស់ទី ៣ គឺការរីកចម្រើន នៃជីវភាពប្រជាពលរដ្ឋ

ម៉ែត្រវាស់ទី ៣ ក៏វាជាម៉ែត្រវាស់បង្ហាញអំពីការរីកចម្រើន នៃជីវភាពប្រជាពលរដ្ឋ ទើបយើងកសាងបាននូវ ទីអារាម និងវិហារសាសនាដទៃផ្សេងៗទៀត។ខ្ញុំព្រះករុណាខ្ញុំ សុំនិយាយត្រឹមតែក្របខណ្ឌនៃព្រះពុទ្ធ​សាស​នា ដែលទាក់ទងទៅនឹងការកសាងព្រះវិហារ និងសេនាសនៈ ជាទីសក្ការៈបូជាដទៃទៀត សម្រាប់ប្រ​ជា​ពលរដ្ឋតែប៉ុណ្ណោះ។ បើគ្មានការរីកចម្រើន នៃជីវភាពរបស់ប្រជាពលរដ្ឋទេ ព្រះសង្ឃដាច់ចង្ហាន់ហើយ … សាកល្បងលមើល។ នៅពេលដែលប្រជាជនជួបការលំបាក ជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ពេលនោះ​ហើយ​ដែល​ចង្ហាន់របស់ព្រះតេជព្រះគុណ ក៏តិចតួចទៅតាមហ្នឹងដែរ ព្រោះប្រជាពលរដ្ឋរកតែបាយ​ហូបខ្លួន​ឯង​មិនបាន មានបាយឯណាទៅដាក់(ប្រគេន)ឲ្យព្រះសង្ឃ?​ ដាក់​ត្រឹមតែត្រសក់ត្រាំហ្នឹង វាល្អពេកហើយ។ ប៉ុន្តែ នៅពេលដែលប្រជាជនរកស៊ីមានបាន មិនគ្រាន់តែមានចង្ហាន់ឆ្ងាញ់នោះទេ ក៏ប៉ុន្តែ នៅមានការចូល​រួម​កសាងនូវសមិទ្ធផលនានានៅក្នុងទីអារាមនោះផង។ នេះក៏បង្ហាញឲ្យឃើញថា ប្រទេសរបស់យើងបានចេញ​​​ពីស្ថានភាពលំបាកលំបិន មកកាន់ស្ថានភាពមួយ ដែលល្អប្រសើរជាង បានជាប្រជាពលរដ្ឋមានកាសមកធ្វើបុណ្យធ្វើទាន ជាភ័ព្វសំណាងហើយ ដែលប្រជាពលរដ្ឋយើងបានធ្វើបុណ្យធ្វើទាន ដោយ​សារ​ប្រទេសយើងមានសន្តិភាព។

កាលពីប្រទេសមានសង្រ្គាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រះ​សង្ឃ​ជួយតែខ្លួនឯងមិនបានផង។ ឥឡូវ យើងពិនិត្យមើលជំនាន់ ប៉ុល ពតព្រះសង្ឃមួយចំនួនត្រូវចាប់ផ្សឹក ហើយក៏បានរែកដី​ដូចគេដូច​ឯង​ដែរ។ ព្រះសង្ឃជួយខ្លួនឯងមិនបានឯណា? កុំថាឡើយទៅសូត្រមន្តឲ្យគេ (ឯ)ព្រះសង្ឃមួយចំនួន​ត្រូវបាន​គេ​ធ្វើគត់។ ពេលមានការទម្លាក់គ្រាប់បែក ខ្ញុំព្រះករុណាខ្ញុំ ឧស្សាហ៍និយាយរឿងហ្នឹងណាស់ គ្រាប់បែក​ទម្លាក់​មក លោក(សង្ឃរត់)លឿនជាងប្រជាជនទៀតចូលត្រង់សេ។ ប្រជាជនស្រែកថា លោកអើយជួយ​ផង។ ទេ! អាត្មាជួយខ្លួនឯងមិនបាន។ ប្រុចចូលត្រង់សេ …។ អញ្ចឹងទេ ដែលយើងបានចាប់ផ្តើម​រួម​គ្នា​ពី​បាត​ដៃទទេ (ឥឡូវ)មកចាប់ផ្តើមមានការធ្វើបុណ្យធ្វើទាន ហើយខែនេះខែបញ្ចុះសីមាហើយ សប្បាយ​ណាស់​នៅជនបទ។ នៅទីនេះប្រហែលជាមិនមានសិល្បៈអីមកលេងទេ ព្រោះទូរទស្សន៍​ក្បែរៗ​ហ្នឹង។ បើជនបទវិញ ខែនេះគឺថាបញ្ចុះសីមាតាមជនបទ ល្ខោនបាសាក់ស្អីៗហ្នឹងពេញទឹកពេញដីទាំងអស់ …។

ម៉ែត្រវាស់ទី ៤ គឺការរីកចម្រើនទំនាក់ទំនង រវាងពុទ្ធចក្រ និងអាណាចក្រ

ម៉ែត្រវាស់ទី ៤ ក៏អាចឲ្យដឹងអំពីទំនាក់ទំនងការរីកចម្រើន រវាងខាងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ។ បើគ្មានការរីកចម្រើន នៃវិស័យអាណាចក្រទេ ពុទ្ធចក្រ គ្មានផ្លូវរស់រានបានទេ ជាពិសេស ដូចជាយើងមើល មិនមែនថាពួក លន់ នល់ មិនជឿសាសនាទេ។ លន់ នល់ ហ្នឹងមានអបិយជំនឿច្រើនទៀតផង។ ប្រ​ទេស​មាន​សង្រ្គាម តើទៅធ្វើស្អីទៅ? ជួនកាលនៅពេលសង្គ្រាម គេចូលដុតបំផ្លាញវត្តអារាមផង។ ប៉ុន្តែវិស័យ​អា​ណា​ចក្រ យើងបានពន្លត់ភ្លើងសង្គ្រាមនៅក្នុងក្របខណ្ឌទូទាំងប្រទេស បន្ថែមទៅដោយការកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់ ទៅកាន់ទីអារាមដែលនៅឆ្ងាយៗ។ មុននេះ យើងមានទីអារាមតិច។ ទីអារាមមួយ​ចំនួន​ដែល​យើងទៅមិនដល់។ តែមកដល់ពេលនេះ យើងទៅដល់អស់ហើយ។ ​អញ្ចឹង វាបញ្ជាក់អំពីការរីក​ចម្រើន​ផ្នែក​អាណាចក្រ រុញឲ្យមានការរីកចម្រើនផ្នែកពុទ្ធចក្រ។ ចំណុចនេះ គឺជាចំណុចដែលត្រូវមើលឲ្យ​ឃើញ។ របស់ដែលក្តាប់ជាប់ក្នុងដៃហើយ កុំឲ្យវារបូតតាមរយៈការសន្យាខ្យល់ណាមួយ​របស់ជំពូកជន​ណា​មួយនោះ។ ខ្ញុំបាននិយាយអម្បាញ់មិញថា ធម្មតាស្រមោលវាតែងធំជាងរបស់ពិត ប៉ុណ្ណេះលាន ប៉ុណ្ណោះ​លាន … (ដែល)និយាយហ្នឹងវាអត់អស់ថ្មទេ …។

កម្ពុជាមានសុខដុមភាវូបនីយកម្មជាតិសាសន៍ និងសាសនា

…​ ខ្ញុំព្រះករុណាខ្ញុំ មិនបានទៅចូលរួមអនុសង្ឃវច្ចរៈក្នុងមួយឆ្នាំម្តងនោះទេ (ខ្ញុំ)ឲ្យតំណាងលោកជំទាវ ម៉ែន សំអន ទៅ តែថ្ងៃនេះ និយាយសរុបបន្តិចទៅចុះ បើកឆាកកាត់ឫសសីមាឆ្នាំថ្មី។ អញ្ចឹង ៤ ចំណុច​នេះ​អាច​ធ្វើជាម៉ែត្រវាស់សម្រាប់​តើការរីកចម្រើនផ្តើមពីអ្វី? ទី ១. ​ត្រូវពិនិត្យពីក្របខណ្ឌគោលនយោបាយរបស់បក្សកាន់អំណាច តើគេបើកទូលាយឲ្យជឿឬមិនឲ្យ? ទី ២. ជំនឿរបស់ប្រជាពលរដ្ឋនៅជឿឬអត់? ជឿលើសាសនាណាប៉ុន្មាន? ហើយជឿលើវត្តណាប៉ុន្មាន?  ទី ៣. ជា ម៉ែត្រវាស់ នៃការរីកចម្រើន នៃជីវភាពរបស់ប្រជាពលរដ្ឋ ដែលមុននេះបាតដៃទទេ តែឥឡូវនេះ យើងមានមធ្យោបាយដើម្បីធ្វើបុណ្យធ្វើទាន និងទី ៤ ជាម៉ែត្រ នៃការរីចម្រើនក្នុងវិស័យផ្នែកអាណាចក្រ ការគ្រប់គ្រងរដ្ឋ ជាមួយនឹងការរីកចម្រើនខាងផ្នែកសាសនា ក្នុងនោះ ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ប្រទេសរបស់យើង ទោះបីយ៉ាងណាក៏ដោយសុខដុមភាវូបនីយកម្មលើបញ្ហាជនជាតិ និងសាសនាល្អណាស់ ទាំងព្រះពុទ្ធ ទាំងឥស្លាម ទាំងគ្រិស្ត រស់នៅទាំងអស់គ្នា។ ខាងនោះដូចជាមានបងប្អូនឥស្លាមមកចូលរួម? ហ្នឹងឃើញទេមានទៅទាស់​គ្នាពី​អង្កាល់​អរ​គុណ​ណាស់។ ថ្ងៃនេះ មានសាសនិកឥស្លាមមកចូលរួម មិនមែនបានសេចក្តីថា គាត់មកប្តូរសាសនា​នៅ​ក្នុង​ហ្នឹងទេ ក៏ប៉ុន្តែ នេះជាការរួមសាមគ្គី ហើយមកទទួលខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្ត្រី​របស់​ប្រ​ទេសផង។ ពេលដែលព្រះសង្ឃជយន្តតោ គាត់អត់លើកដៃសំពះទៅវាចប់ហើយ គាត់នៅតែនឹក​ព្រះ​អា​ឡោះ​ទៅ។នេះជាឧទាហរណ៍ជាក់ស្តែងមួយ ដែលគណបក្សប្រជាជនដឹកនាំធ្វើសុខដុមភាវូប​នីយ​កម្ម​ជន​ជាតិ និង​សាសនា ដែលអាចរស់នៅជាមួយគ្នា ​រហូតដល់កន្លែងទីអារាមរបស់ព្រះពុទ្ធ មានព្រះ​សង្ឃ ហើយក៏​អាច​មាន​ឥស្លាម ហើយក៏អាចមានគ្រឹស្តខ្លះមកចូលរួមនៅទីនេះ។ ដល់ពេលទៅសម្ពោធ​វិហារឥស្លាម ក៏​មាន​អ្នក​កាន់​(សាសនា)ព្រះពុទ្ធទៅទីនោះដែរ។ នោះហើយជាចំណុចល្អ​នៃប្រទេសរបស់​យើង ក្នុងពេលដែលប្រ​ទេស​នៅ​ក្នុងតំបន់ និងនៅលើពិភពលោកកំពុងមានសង្គ្រាមហែកហួរ និងសង្គ្រាម​សាសនាកើតឡើង …។

អំពាវនាវប្រជាពលរដ្ឋ ព្រះសង្ឃ ចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន

អនុញ្ញាតឲ្យ ខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីអំពាវនាវទៅ លើចំណុចពីរ។ ទី ១. រាជរដ្ឋាភិបាលកំពុង​តែ​បន្តនូវ​យុទ្ធនាការនៃការបង្រ្កាបការប្រើប្រាស់គ្រឿងញៀន។ សូមព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ​នៅ​តាមទីអារាមនានា ក៏ដូចជា បងប្អូនជនរួមជាតិ មេត្តាចូល​រួមគ្រប់ៗគ្នា។ ចំណុចនៅទីនេះ​ តើត្រូវទុកឲ្យ​កូន ឲ្យចៅរបស់ខ្លួនចូលទៅនៅក្នុងពន្ធនាគារ ឬក៏ត្រូវអប់រំកូនចៅរបស់ខ្លួនកុំឲ្យប្រព្រឹត្តគ្រឿងញៀន? នៅប្រ​ទេស​ហ្វីលីពីន និងប្រទេសដទៃ គឺគេឲ្យសម្លាប់នៅនឹងកន្លែងតែម្តង។ សង្គ្រាមប្រឆាំងគ្រឿងញៀននៅ​ប្រទេស​ហ្វីលីពីន ស្លាប់ប្រមាណជាង ៦-៧ ពាន់នាក់ទៅហើយ។ នៅកម្ពុជាយើង​មិនអនុញ្ញាត​ឲ្យធ្វើបែប​នោះ​ទេ។ នៅប្រទេសម៉ិចស៊ិច នៅបណ្តាប្រទេសនៅអាមេរិកឡាទីន សង្គ្រាមគ្រឿងញៀន​ គឺខ្លាំងណាស់។ រាជរដ្ឋាភិបាល កំពុងដាក់ចេញនូវយុទ្ធនាការ ដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង  មួយថ្ងៃៗ ចាប់​មិន​តិចទេ។ ក៏ប៉ុន្តែ ជម្រើសដ៏ល្អគឺមាតាបិតា អាណាព្យាបាល គ្រប់គ្រងចូលចៅ ជួយដល់កូន​ចៅ។

មានមួយចំនួនបានបន្ទោសមករាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ ទទួលស្គាល់នូវកំហុសទាក់ទង​ជា​មួយ​នឹង​ការ​គ្រប់គ្រង ក៏ប៉ុន្តែ យើងលើកជាសំណួរមើល ខ្ញុំព្រះករុណាខ្ញុំ គ្រប់គ្រងមនុស្ស​ ១៥ លាននាក់ តើលំបា​ក​ប៉ុនណា? ក្នុងពេលដែល បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី គ្រប់គ្រងកូនតែពីរនាក់ គ្រប់គ្រង​មិន​បាន។ ឥឡូវធ្វើម៉េច? … ត្រូវមានការចូលរួមទាំងអស់គ្នា។ អាជ្ញាធរធ្វើការអប់រំ ប៉ុន្តែ ចូលទៅដល់​កម្រិត​មួយ អាជ្ញា​ធរ​(ធ្វើការ)ចាប់ខ្លួន មិនមែនអប់រំទៀតទេ។ អំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ ទាំងព្រះសង្ឃ​ គ្រហស្ថ មេត្តាចូលរួម ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀន ដើម្បី​អនា​គតកូនចៅ​យើង យុវជន និងកុមាររបស់យើង។ សូមមេត្តាចូលរួមជាមួយនឹងយុទ្ធនាការនេះ។ ខ្ញុំព្រះករុ​ណាខ្ញុំ សង្ឃឹម​ថា ការដែលពួកគេនៅផ្ទះ និងបន្សាបគ្រឿងញៀននៅផ្ទះ វាប្រសើរជាងបណ្តោយឲ្យពួកគេ​ចេញធ្វើសកម្ម​ភាព​ទៅបំពានគ្រឿងញៀននៅខាងក្រៅ ហើយអាជ្ញាធរចាប់។ ក្នុងកាលៈទេសៈ នៃយុទ្ធនា​ការដូចភ្លៀង​រលឹម ហើយមិនដកថយនេះ គឺសុំឲ្យឪពុកម្តាយ ក្រុមគ្រួសារអប់រំកូន ឲ្យកូននៅផ្ទះ  … ហើយ​ព្រះតេជ​ព្រះ​គុណ ពេលទេសនាតាមវេទិកា កុំភ្លេចណែនាំ កុំប្រើប្រាស់គ្រឿងញៀន ហើយគោរពច្បាប់​ចរា​ចរណ៍។ សុំ​ជួយ​អាហ្នឹងផង …។

អំពាវនាវ ប្រជាពលរដ្ឋឈប់មានការយល់ច្រឡំថា គ្រឹះស្ថានមេក្រូហិរញ្ញវត្ថុជាគ្រឹះស្ថានរបស់រដ្ឋ

ទី ២. ខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ​ដើម្បីបញ្ជាក់សារជាថ្មី​ ចំពោះបងប្អូនជនរួមជាតិ សុំមេត្តាយល់ថា មីក្រូហិរញ្ញវត្ថុ ទោះបីឈ្មោះអ្វីក៏ដោយ មិនមែនជារបស់រដ្ឋទេ កន្លងទៅមានការភ័ណ្ឌច្រឡំធំណាស់ ថាមីក្រូ ហិរញ្ញវត្ថុឈ្មោះនេះ ឈ្មោះនោះ គឺជារបស់រដ្ឋ។ រដ្ឋតែងតែទៅទារការប្រាក់ រដ្ឋតែងតែរឹបអូសផ្ទះ រឹបអូសដីធ្លី ហើយដោយសារពួកអគតិ និងពួកបោកប្រាស់ ទៅឃោសនាថែមទៀតថា បើគេឈ្នះ(ការបោះឆ្នោត)គេនឹង លុបបំណុលឲ្យ។ សុំកុំសង្ឃឹម នេះជារបស់ឯកជន មិនមែនរបស់រដ្ឋទេ។​ បើចង់លុបបំណុលនេះចោល ទាល់តែធ្វើបដិវត្តន៍មួយ គឺរំលាយចោលរបបរាជានិយម ហើយបង្កើតរបបមួយថ្មី និងលុបចោលអ្វីៗទាំង អស់ ហ្នឹងបានទៅរួច។ បើដូច្នោះ ប្រទេសនឹងក្រឡាប់ចាក់ដូចជំនាន់ ប៉ុល ពត ទៀតហើយ។ អញ្ចឹង ខ្ញុំព្រះ​ករុណាខ្ញុំ អំពាវនាវចំពោះប្រជាពលរដ្ឋ​ សុំឲ្យយល់ពីបញ្ហានេះ ហើយសុំឲ្យប្រុងប្រយ័ត្ន ចំពោះការខ្ចីបុល​ណា សម្រាប់យកទៅប្រើប្រាស់។​ បើសិនជាយើងគ្មានសមត្ថភាពសងទេ កុំខ្ចីគេ។ អ្នកខ្លះខ្ចីគេយកទៅ​ទិញ​​ម៉ូតូជិះលេងទៅ ដល់អត់មានសមត្ថភាពសងការប្រាក់ ចាប់ផ្តើមគេប្តឹង រឹបអូសដីធ្លី រឹបអូសផ្ទះ ហើយ​ចេះ​តែមកចោទគណបក្សកាន់អំណាច គណបក្ស(កាន់)រដ្ឋាភិបាល។

ធនាគារជាតិ ត្រូវតែបញ្ជាក់អត្តសញ្ញាណថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់មិនមែនជារបស់រដ្ឋ

 និយាយឲ្យចំអ្នកនយោបាយខ្លះ ថាបើគេឈ្នះ(ការបោះឆ្នោត)​គេលុបចោលបំណុលទាំងអស់។ អត់ផ្លូវ​ទេ។ លើកលែងតែអ្នកឯងរំលាយចោលរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ​​។ របបសព្វថ្ងៃមិនមែន​របប ខ្ញុំព្រះករុណាខ្ញុំទេ។ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល, នាយករដ្ឋមន្ត្រី នៃព្រះ​រា​ជា​ណា​ចក្រកម្ពុជា។ ប៉ុន្តែ របបនេះជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ទាល់តែលុបចោលរបបហ្នឹង បង្កើតរបបរដ្ឋមួយថ្មី ធ្វើដូច ប៉ុល ពត អញ្ចឹង អាហ្នឹងទៅរួច។ មុនខ្ចីគេ តើខ្ចីយកទៅធ្វើអី? បើខ្ចីគ្រាន់​ជិះម៉ូតូ​សង្ហារ​ទេ អាហ្នឹងអត់មានលទ្ធភាពសងទេ ហើយត្រូវគេរឹបអូស(ផ្ទះ, ដីធ្លី)។ ម្យ៉ាងទៀត ខ្ញុំព្រះករុណាខ្ញុំ អំពាវ​នាវចំពោះមីក្រូហិរញ្ញវត្ថុទាំង​អស់ ត្រូវតែបញ្ជាក់ពីអត្តសញ្ញាណខ្លួនឯង ថាខ្ញុំជាឯកជន។ ធនាគារ​ជាតិនៃកម្ពុជា ត្រូវតែធ្វើកិច្ចការងារហ្នឹងឲ្យច្បាស់។ មីក្រូហិរញ្ញវត្ថុទាំងអស់ដាក់ថា​ គ្រឹះស្ថានឯកជន បិទ​ស្លាក​ធំៗ ឲ្យគាត់ធ្វើ បើមិនឲ្យគាត់ធ្វើ គាត់នៅតែភ័ណ្ឌច្រឡំ។ នៅតែជា​របស់រដ្ឋ។ អញ្ចឹងទេ ឥឡូវ ត្រូវធ្វើ​ទាំង​ពីរទិស មួយអប់រំប្រជាពលរដ្ឋឲ្យយល់ ប៉ុន្តែ អ្នកដែលអប់រំប្រជាពល​រដ្ឋសំខាន់ជាងគេ គឺមីក្រូហិរ​ញ្ញ​វត្ថុ​ខ្លួន​ឯង ប្រាប់ថា មកខ្ចី(ប្រាក់ពីគ្រឹះស្ថាន) មិនមែនលុយរដ្ឋទេ ជាលុយឯកជន។ ឲ្យគាត់និយាយគ្រប់ៗ គ្នា។ បើគាត់មិនធ្វើអាហ្នឹង បិទកុំឲ្យគាត់ធ្វើទៀត។ តាមគ្រឹះស្ថានទាំងអស់ ទាំងទីស្នាក់ការធំរបស់គាត់ ក៏​ត្រូវ​​ដាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈ្មោះ “ក” ជាគ្រឹះស្ថានឯកជនមិនមែនរបស់រដ្ឋ។ តាមសាខាទាំង​អស់​ដាក់​ រួចហើយអប់រំបុគ្គលិកតាមមីក្រូហិរញ្ញវត្ថុ ឲ្យនិយាយមុនគេថា នេះជាផ្នែកឯកជន មិនមែនរបស់រដ្ឋ។ បើមិនអញ្ចឹង ចាប់បង្ខំត្រូវបិទ។ ត្រូវដាក់ជាស្តង់ដា។ បោះចេញជាសៀវភៅតែម្តង។ បើមិនដូច្នោះទេ គឺប្រជា​ពល​រដ្ឋនៅតែយល់ច្រឡំថា អាហ្នឹងរបស់រដ្ឋ។ ជំពាក់លុយរដ្ឋ។ រដ្ឋអត់មានសិទ្ធិឲ្យប្រជាពលរដ្ឋខ្ចីទេ បើ​សិន​ជាឲ្យខ្ចី មានតែរាជរដ្ឋាភិបាលទេទៅខ្ចីលុយធនាគារជាតិ ប៉ុន្តែ ប្រជាពលរដ្ឋអត់ទៅខ្ចីធនាគារជាតិ​បាន​ទេ។ ធនាគារទាំងអស់ដែលរកស៊ីឲ្យខ្ចី និងទទួលប្រាក់បញ្ញើ គឺធនាគាររបស់ឯកជន តាំងពីធនាគារ​រហូត​ទៅ​ដល់មីក្រូហិរញ្ញវត្ថុ ដែលធ្វើប្រតិបត្តិការតាមបណ្តាភូមិ/ឃុំរបស់បងប្អូន។

សិក្សាផ្លូវច្បាប់ ដើម្បីដាក់ទោសទៅលើអ្នកដើរជម្រុញឲ្យពលរដ្ឋទៅខ្ចីលុយធនាគារ

ត្រូវយល់គ្នារឿងនេះឲ្យច្បាស់ ហើយបក្សនយោបាយនានាកុំប្រើរឿងនេះ។ ខ្ញុំថា ទាល់តែលេងដែរ អារឿង ដែលគេដើរខ្សឹបនេះ បើថាមានបទល្មើសជាក់ស្តែង គឺចាប់នៅនឹងកន្លែងតែម្តង។ ដើរបោកប្រាស់រាល់ថ្ងៃ ថា​បោះ​ឲ្យខ្ញុំទៅ ខ្ញុំឈ្នះ(ការបោះឆ្នោត)លុបចោលបំណុលហ្នឹង។​ អញ្ចឹង យើងលេងអាហ្នឹងឲ្យធ្ងន់មើល តាម​មូល​ដ្ឋានចាប់ចងស្លាបសេកនៅហ្នឹង បញ្ជូនទៅឲ្យតុលាការកាត់ទោស ព្រោះអានេះដើរបោក។ មើលសិក្សា​ខាង​ផ្លូវច្បាប់មើល តើអាចដោះស្រាយរឿងហ្នឹងបានទេ? ព្រោះហ្នឹងជាការជម្រុញមួយឲ្យប្រជាជនទៅ​ខ្ចី​បន្ថែម​ទៀត ហើយដូចជាសម្លាប់ប្រជាជនអញ្ចឹង ដើម្បីតែសន្លឹកឆ្នោត។ អញ្ចឹង ខ្ញុំព្រះករុណាខ្ញុំ សុំអំពាវនាវ​ចំពោះ​ប្រ​ជាពលរដ្ឋ មុននឹងទៅខ្ចីគេ ត្រូវគិតតើយកមកធ្វើអី? ជាធម្មតា អ្នកឲ្យខ្ចីត្រូវគិតថា អ្នកនេះមាន​សមត្ថ​ភាព​សងឬអត់? មីក្រូហិរញ្ញវត្ថុខ្លះចង់បានផ្ទះគេ មានរហូតទៅដល់គ្រាន់តែប៉ុន្មានម៉ោង ខុសត្រូវ​ប៉ុន្មាន​ម៉ោង មិនទាន់ទាំងដល់ម៉ោងផង ទៅរឹបអូសយកផ្ទះទៅហើយ។ មានករណីអាធុនហ្នឹងប៉ុន្មានកន្លែង ដែល​ធ្វើអន្តរាគមន៍ទាន់ពេល។ លុយដែលត្រូវសងថ្ងៃហ្នឹង តែថ្ងៃហ្នឹងអត់ទាន់ដល់ម៉ោងផង គាត់ទៅយក​ផ្ទះគេ​ថ្ងៃហ្នឹងហើយ … ធុនហ្នឹងក៏ត្រូវមានវិធានការចំពោះមីក្រូហិរញ្ញវត្ថុ …។

អំពាវនាវ មីក្រូហិរញ្ញវត្ថុ ពន្យាការសងដោយមិនយកការប្រាក់ ចំពោះប្រជាជនដែលជួបការលំបាក

ការពិតមីក្រូហិរញ្ញវត្ថុដើរតួនាទីសំខាន់ ក្នុងការផ្តល់ឥណទានសម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំក៏អំពាវ​នាវ ចំពោះ​​មី​ក្រូ​ហិរញ្ញវត្ថុទាំងអស់ សុំផ្តល់ការយោគយល់ ចំពោះប្រជាជនដែលជួបការលំបាក ដូចជា៖ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ដែលពុំមានលទ្ធភាពសងការប្រាក់ ឬសងទាំងការទាំងដើម។ សុំមេត្តាយោគយល់ អធ្យា​ស្រ័យ​ពន្យាការសង ឬក្នុងដំណាក់កាលនៃការលំបាកនេះ ពន្យាការសងដោយមិនយកការប្រាក់ ក្នុងដំ​​ណាក់​កាលនេះ។ ឧទាហរណ៍៖ ការបន្ធូរបន្ថយនេះ ​វាមានទៅមានមក។ សុំអំពាវនាវ ធ្វើម៉េចកុំឲ្យ​ប្រើ​ប្រាស់​ថវិកាខ្ចីនេះ​ យកទៅដើម្បីភាពសង្ហារ ធ្វើឲ្យខ្លួនក្លាយទៅជាអ្នកជាប់បំណុល។​ សុំមេត្តាយល់ឲ្យច្បាស់ មីក្រូ​ហិរញ្ញវត្ថុជារបស់ឯកជន មិនមែនរបស់រដ្ឋទេ។ ការជំពាក់នោះ គឺជំពាក់ឯកជន មិនមែនជំពាក់រដ្ឋទេ រដ្ឋអត់​ទទួល​ខុសត្រូវទេ។ អញ្ចឹងទេ សុំ ឯកឧត្តម ជា ចាន់តូធ្វើរឿងហ្នឹងឲ្យច្បាស់។ រដូវឃោសនាបោះឆ្នោត … គេដើរឃោសនា គេ​ដើរ​ខ្សឹបខ្សៀវ។​ បើមានភស្តុតាងច្បាស់ហើយ ដាក់មួយ(ឬ)ពីរទៅមើល បញ្ជូលទៅ​ឲ្យ​តុលា​ការកាត់ទោស ព្រោះអ្នកឯងដើរបោកប្រជាជន។​ មាត្រាណានៅក្នុងខាងផ្នែកច្បាប់ មើលឲ្យ​ច្បាស់​ ដើម្បីលេងពួកអាដើរបោក។ (ភរគេឯង)ថា បោះឲ្យគេទៅ បើគេឈ្នះគេឈប់ឲ្យសង។ អញ្ចឹង អ្នកឯងចង់​ផ្តួល​រំលំអី? ថ្ងៃក្រោយទៅអ្នកឯងប្តូររបប ទើបអាចវារួចខ្លួន ដូចជារបប ប៉ុល ពត មានអ្នកណាសង។

សុំឲ្យរដ្ឋាភិបាលថ្មី ប្រធានាធិបតី ដូណាល់ ត្រាំ លុបបំណុលដែលកម្ពុជាជំពាក់

… ចង់និយាយថែមមួយរឿងទៀត ថែមអាមេរិកកាំងកុំទារលុយខ្មែរ។ ឥឡូវ​រកកាន់តែឃើញហើយ មិនមែន​ត្រឹម​គ្រាប់បែកចង្កោមទេ អាវុធគីមីទៀតឥឡូវនេះ។ អាហ្នឹងហើយ ទម្លាក់ធ្លាក់ជ្រុះអស់ស្លឹកឈើ។ អាមេរិក​កាំង​អើយអាមេរិកកាំង វ៉ៃយើងហើយទារលុយយើង។ វាមិនយល់អាកន្លែងហ្នឹង។ ឥឡូវហ្នឹងមានចលនា ប្រ​ជាពលរដ្ឋច្រើនកន្លែង បានគាំទ្រឲ្យលុបបំណុល។ សង្ឃឹមថា បក្សនយោបាយនានានៅកម្ពុជា ក៏គាំទ្រ អោយលុបបំណុលដែរ។ តែបក្សប្រឆាំងជឿជាក់ថា មិនទាមទារទេ ព្រោះកូនចៅអាមេរិក។ ប៉ុន្តែ គាត់ដៀល ដូណាល់ ត្រាំម៍ ថាជាមនុស្សផ្តាច់ការ។ ឥឡូវ ឯណោះកំពុងតែវង្វេងហើយ។ អំណាចរបស់ប្រធានាធិបតី ទាស់ជាមួយអំណាចរបស់តុលាការ ចាំមើលពីរនាក់ហ្នឹងអ្នកណាគេឈ្នះ? ច្របូកច្របល់ពេញអាមេរិក​ហើយ។ បាតុកម្មដូចមិនទាន់ឈប់ផងទេ? អត់អីទេ អាហ្នឹងក្បូនហ្នឹងវាត្រូវតែអញ្ចឹង មិនដឹងធ្វើម៉េច?./.

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...