សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម តាមស្រាវជ្រាវរកសមាសភាពនៃជនដែលចូលជេរសម្តេចលើ Tiktok

សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញ Facebook របស់សម្តេចនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានបង្ហោះសារ ដោយស្នើឲ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម ស្រាវជ្រាវវែកមុខរកសមាសភាពនៃជនដែលចូលជេរសម្តេចលើ Tiktok ក្រោយសម្តេចបង្ហោះ រឿងព្រែកជីកហ្វូណនតេជោ។

ខាងក្រោមនេះជាខ្លឹមសារដែលសម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើបណ្តាញ សង្គម Facebook ផ្លូវការរបស់សម្តេច៖

ខ្ញុំពិតជាមានភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុង តិកតុក ដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះ ឃើញរាប់សឹបនាក់ចូលមកជេរ។ កាលឆ្នាំ២០១៦.២០១៧មានជាង ២០០០នាក់ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុងរៀង បែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង។

ពេលនេះពួកគេចូលមកជេរតាម Tik tok ម្តងប្រហែលជាក្រោយ ខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។ ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា?វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេស ដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាមនៅកម្ពុជាឬបងប្អូន ខ្មែរក្រោមដែលមានគណនី តិកតុក និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង។

ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះគឺមាន តែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។ ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា?។

ខ្ញុំមិនចោទប្រកាន់ ថ្នាក់ដឹកនាំវៀតណាមថា ប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេ ដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ