សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំសភាដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ត្រង់មាត្រាទី ៤៨ ថ្មី

CNV: 31 ខែ​មករា, 2017

សម្តេចប្រធាន ឯកឧត្តមអនុប្រធាន សម្តេច ឯកឧត្តម លោកជំទាវ!

ធ្វើវិសោធនកម្ម មាត្រា ៤៨ ថ្មី ដោយគ្មានបក្សប្រឆាំងចូលរួម, ​កង្វះទំនួលខុសត្រូវ​ក្នុងនាម​ជា​តំណាង​រាស្រ្ត

ដំបូងខ្ញុំសុំអបអរសាទរ ចំពោះគណបក្សប្រឆាំង ដែលសម្រេចមិនចូលរួមការប្រជុំព្រឹកនេះ ដែលអនុញ្ញាតឲ្យខ្ញុំ​មាន​ឱកាសពន្យល់ ហើយក៏បង្ហាញប្រជាពលរដ្ឋអំពីទង្វើបែបនេះ(ហើយ) បានជាគណបក្សប្រជាជនសម្រេច​ធ្វើ​​វិ​សោធនកម្ម និងកិច្ចការមួយចំនួនទៀត។ (គឺ)ដោយសារតែទង្វើខ្វះការទទួលខុស​ត្រូវ ក្នុងឋានៈ​ជាអ្នក​តំ​ណាងរាស្ត្រនៅក្នុងសភា(នេះឯង)។ ចេញក៏ស្រេចតែនឹងចិត្ត ចូលក៏ស្រេចតែនឹងចិត្ត។ ពេលព្រះ​មហាក្សត្រ​ដឹក​នាំ​ការប្រជុំ មិនព្រមចូលមកស្បថទេ ទៅស្បថនៅសៀមរាប រួចហើយថាសភាទឹកកន្លះក្អម ដល់ពេល​ខ្លួន​ឯង​ចូលថា(ទឹក)វាពេញ។ ថ្ងៃនេះ កុំនិយាយថាទឹកកន្លះក្អម។ ប្រយ័ត្នអស់ប្រាក់ខែ។ អាហ្នឹង​និយាយ​គ្នាឲ្យ​ច្បាស់។ … រួចហើយលឺថាម៉ោង ៩ ឯកឧត្តម ស៊ុនឆ័យ (នឹងធ្វើ)សន្និសីទកាសែតផង។ អញ្ចឹងទេ ចាំស្តាប់ ស្តាប់​ឲ្យច្បាស់ ហើយនិយាយ​ឲ្យ​ត្រូវ។

សារបានចម្រូងចម្រាស លើមាត្រា ៤៨ ថ្មី៖ ប្រធានក្រុមតំណាងរាស្រ្ត និងប្រធានក្រុមភាគ​តិចជា​មនុស្ស​តែ​ម្នាក់

ប្រហែលជា សម្តេច/ឯកឧត្តម/លោកជំទាវ បានដឹងហើយថា សេចក្តីស្នើនេះផ្តើមចេញពី(ការដែល)​ខ្ញុំប្រ​កាស​នៅ​ទីក្រុង Zurich ប្រទេសស្វ៊ីស។ តើមូលហេតុអ្វីទៅ ដែលខ្ញុំចាប់ផ្តើមគិតគូរលើរឿងនេះ? មិនមែនមួយថ្ងៃ​(ឬ)​ពីរ​ថ្ងៃទេ ដែលយោងទៅលើអ្វីដែលជាសារឆ្លងឆ្លើយ រវាងខ្ញុំជាមួយ ឯកឧត្តម កឹម សុខា (គឺតាំងពី)នៅថ្ងៃទី ០៧ ខែ ធ្នូ (២០១៦)។ យប់មិញនេះ ខ្ញុំបានវ៉ៃទៅតាមក្រុមឲ្យបានមើលឲ្យបានច្បាស់អំពីបញ្ហានេះ។

នៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង ០៧៖៣៤ នាទី … បន្ទាប់ពីសម្តេចប្រធានបានធ្វើសេចក្តី​សម្រេច​ទាក់​ទង​នឹង​ការ​តែង​តាំងប្រធានក្រុមតំណាងរាស្ត្រ និងប្រធានក្រុមភាគតិច … ខ្ញុំបានវ៉ៃ(សារ និងបញ្ជូនតាម)​WhatsApp មួយជូន​ទៅ ឯកឧត្តម កឹម សុខា ដែលមានន័យដូច្នេះថា “ព្រឹកនេះ ខ្ញុំបាន​អាន​ព័ត៌មាន ឃើញ​មាន​មនុស្សមួយចំនួន​ មិន​យល់​ព្រមលើការតែងតាំងឯកឧត្តមជាប្រធានក្រុមតំណាងរាស្ត្រផង ប្រធានក្រុម​ភាគ​​តិច​ផង ដោយទុកឲ្យ សម រង្ស៊ីធ្វើជាប្រធានក្រុមសម្លេងភាគតិច ឯសម្រាប់ឯកឧត្តម​ធ្វើ​ប្រធានក្រុម​តំ​ណាង​រាស្ត្រ។ មាត្រា ៤៨ ថ្មី គឺ​សម្រាប់​តែមនុស្សម្នាក់ទេធ្វើតំណែងទាំងពីរ ​មិនមែន​មនុស្សពីរ​នាក់ទេ។ ក្នុង​ករណី​ខាងឯកឧត្តមទទួលយក​ការ​ចាត់​តាំង​នេះ​មិនបានទេ ព្រឹកនេះ ខ្ញុំសុំធ្វើវិសោធនកម្ម មាត្រា ៤៨ នៃបទ​បញ្ជា​ផ្ទៃក្នុង ដោយលុបចោលតំ​ណែង​ទាំងអស់តែម្តង​”។

រួចហើយខ្ញុំក៏បានវ៉ៃ(សរសេរ)នូវសេចក្តីសម្រេច​របស់សម្តេចប្រធានសភា ទៅឲ្យ ឯកឧត្តម កឹម សុខា។ លុះ​ដល់​​ម៉ោង ០៧៖៥៧ នាទី ឯកឧត្តម កឹម សុខាបានឆ្លើយតបមកខ្ញុំវិញថា “មិនអីទេសម្តេច ទុកអញ្ចឹង​ដដែល​ចុះ”។ នេះគឺសារបានរបស់វា។ ថ្ងៃនោះ … មុនចូលមកដល់ គឺឯកឧត្តម អេង ឆៃអ៊ាង នៅខាងក្រៅ សួរថា ម៉េច​ឮ​ខាងឯកឧត្តមមិនព្រម? ព្រោះនៅក្នុងវ៉ែបសាយត៍របស់ សម រង្ស៊ី ក៏ដូចជា វ៉ែបសាយត៍របស់ យឹម សុវណ្ណ … តាម​ដែលខ្ញុំដឹង គឺម៉ោងជាង ១១ យប់​ទៅហើយ នៅតែឆ្លើយថា ប្រធានសម្លេងភាគតិច ដែលមានឋានៈ​ស្មើនា​យក​រដ្ឋមន្ត្រី គឺរបស់ឯកឧត្តម សម រង្ស៊ី​។ ដូច្នេះ រឿងនេះមិនមែនសារបានទើបនឹងថ្ងៃនេះទេ ហើយនៅ​ចាំ​បាន​ទេ ល្ងាចថ្ងៃទី ០៧ នៅ​ពេលដែលយើងបានប្រជុំសភាហើយនោះ វ៉ែបសាយត៍របស់ទណ្ឌិត សម រង្ស៊ី នេះតែ​ម្តង​បាននិយាយថា “តំណែងមិនសំខាន់ទេ” រួចហើយបានចោទថា យើងបកស្រាយដោយបំពាន។

… ដំណាក់កាលចុងក្រោយ នៅថ្ងៃការកូនរបស់ឯកឧត្តម ជា ចាន់តូ ខ្ញុំ, សម្តេច សាយ ឈុំ, សម្តេច ក្រឡា​ហោម (យើង)បានអង្គុយជាមួយគ្នា … សម្តេច ក្រឡាហោមត្រូវទៅ​ទស្សន​កិច្ចនៅប្រទេសវៀតណាម (យើង​ប្រាប់)​ប្រាប់ថា ​ចាំ​ក្រោយថ្ងៃ(ទី) ១១។ … ខ្ញុំបានណែនាំថា មើលទៅមាត្រាទី ៤៨ ហ្នឹងប្រហែល​ជា​លំ​បាក​ហើយ … យើងបានឃើញនូវអត្ថន័យគ្របដណ្តប់។ ច្បាប់ដែលមិនទាន់ទាំងបានអនុម័តផង បបួលគ្នាធ្វើ វិសោ​ធន​កម្ម។ ដើម្បីអី? ដើម្បីចំណេញខាងនយោបាយទាក់ទិននឹងពលរដ្ឋខ្មែរដែលរស់នៅបរទេសតែប៉ុណ្ណោះ​គ្មានអ្វីលើសហ្នឹងទេ។ ឯកឧត្តម ប៉ែន បញ្ញាបានធ្វើរបាយការណ៍ជូនអង្គប្រជុំអម្បាញ់មិញរួចហើយ។ បន្ទាប់​ទៅ​បង្កប់ន័យ (ថាដើម្បី)សម្រួលសភាពការណ៍នយោបាយឲ្យបានស្រួល។ ន័យនោះ គឺន័យតែមួយគត់ គឺ​ដោះ​លែង​អ្នកទោស​ព្រហ្មទណ្ឌ។ ខ្ញុំសុំប្រកាសជាថ្មីម្តងទៀតថា កម្ពុជាអត់មានអ្នកទោសនយោបាយទេ មាន​តែអ្នកនយោបាយប្រព្រឹត្តិនូវបទល្មើសព្រហ្មទណ្ឌ ហើយជាប់ទោស។ មិនអាចយកមក​ឡូកឡំគ្នា​បាន​ទេ។

មូលហេតុ ៥ ក្នុងការធ្វើវិសោធនកម្ម មាត្រា ៤៨ ថ្មី

… មុនពេលឡើងយន្តហោះ (ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក) សម្តេច ក្រឡាហោម បានរាយការណ៍ឲ្យ​ខ្ញុំ​អំ​ពីការឆ្លើយតបរបស់ខាងនោះ។ បើសិនជា​នៅលើយន្តហោះមានអាំងទែរណែត ប្រហែលជាសំណើនេះស្នើ​ពី​លើ​អាកាសមកវិញទេ។ ទៅដល់ហុងកុងខ្ញុំក៏ត្រូវមានភារកិច្ចធ្វើកិច្ចការងារផ្សេង ហើយនៅលើយន្តហោះខ្ញុំ​គិត​ស្មានថា កាថៃប៉ាស៊ីហ្វិច មានអាំងទែរណែត ប៉ុន្តែវាអត់មានអាំងទែរណែត​ដូចយន្តហោះដទៃ​ … ប៉ុន្តែ ខ្ញុំ​បាន​ត្រៀមរៀបចំហើយអស់ នៅមុនពេលយន្តហោះចុះចតក្នុងរង្វង់ប្រហែលជា ២ ម៉ោង ដើម្បីបញ្ជូន​សារ​ចូល​មកក្នុងបណ្តាញរបស់គណៈអចិន្ត្រៃយ៍ ឲ្យពិភាក្សាគ្នា ហើយឲ្យកោះប្រជុំជាបន្ទាន់ដើម្បីសុំធ្វើ​វិសោធនកម្ម​នេះ។ ឥឡូវ ខ្ញុំសុំលើកយកមូលហេតុ ៥ ដើម្បីយកមកបញ្ជាក់ អម្បាញ់មិញ គឺឯកឧត្តម ប៉ែន បញ្ញា បានលើកចំ​មួយ​មូល​ហេតុហើយ។ ប៉ុន្តែ ខ្ញុំមានមូលហេតុ ៥ ដើម្បីនឹងផ្តួចផ្តើមគំនិតឲ្យស្នើតាមរយៈ​សមា​ជិកសភានៃគណ​បក្ស​ប្រជាជនដើម្បីធ្វើវិសោធនកម្ម។

ទី ១ បញ្ចប់ការបកស្រាយខុសគ្នា

មូលហេតុទី ១៖ ដើម្បីបញ្ចប់ការបកស្រាយខុសគ្នា រហូតមានអ្នកខ្លះចោទថាយើងបកស្រាយដោយបំពាន ក្នុង​ពេល​ដែលមាត្រា ៤៨ ថ្មី ៣ សម្រាប់តែមនុស្ស​ម្នាក់ គេប្រឹងចែកឲ្យបានមនុស្សពីរនាក់។ គណបក្សសង្រ្គោះ​ជាតិ​ខ្លួនឯង​ក៏បកស្រាយខុសគ្នាដែរ។ នៅពេលចាប់ផ្តើមស្នើ គេបង្ហោះតាម​ website របស់ទណ្ឌិត សម រង្ស៊ី​និងរបស់ខាង យឹម​ សុវណ្ណ​ អំពីតំណែង។ អញ្ចឹងទេសូម្បី​តែផ្ទៃក្នុង​យើង​នេះ ក៏មានការយល់ខុសដែរ។ ចំណុច​នេះ ត្រូវអានឲ្យច្បាស់នូវចំណុចត្រង់ថា​ “ប្រធានក្រុម​តំណាងរាស្រ្តនៃគណបក្សក្រៅរាជរដ្ឋាភិបាល ដែលមាន​អា​សនៈក្នុងរដ្ឋសភាចាប់ពី ២៥​ ភាគរយឡើងទៅ មានឈ្មោះថាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។ ប្រ​ធាន​ក្រុម​មតិភាគតិចជាគូសន្ទនាជាមួយ​រាជរដ្ឋា​ភិ​បាល ទាក់ទងនឹងបញ្ហាប្រទេសជាតិ ប្រធានក្រុមភាគតិច​មាន​ឋានៈ​ស្មើនាយករដ្ឋមន្ត្រី”។ អញ្ចឹងបានសេចក្តីថា​សម្រាប់មនុស្សតែម្នាក់ទេ។

កឹម សុខា ទទួលស្គាល់ថា​ សម រង្ស៊ី ខុសពីរចំណុច

… ខ្ញុំសុំបញ្ជាក់។​ ឯកឧត្តម​ កឹម សុខា កុំគេចវេះ។ ចូលទៅ​បន្ទប់ជាមួយ​ខ្ញុំ ឯកឧត្តម បាននិយាយ​ជាមួយខ្ញុំ​យ៉ាង​ច្បាស់ដូច្នេះថា “គាត់(សម រង្ស៊ី)ខុសដល់ទៅ ២ ខុសទី ១​ ខ្លួនឯង​មិន​មែនជាតំណាងរាស្រ្តទៀតទេ”។​ អញ្ចឹង​បានសេចក្តីថា​ ឯកឧត្តម កឹម សុខា បានទទួលស្គាល់រួចស្រេច​ទៅ​ហើយថា សម រង្ស៊ី មិនមែន​ជាតំ​ណាង​រាស្រ្តទៀតទេ ដូច្នេះគ្មានសិទ្ធិមកធ្វើការងារកន្លែងហ្នឹងទេ។ ហ្នឹង កឹម សុខា គាត់និយាយ។ ខ្ញុំមិនបបួល​គាត់​និយាយរឿងហ្នឹងទេ តែគាត់បាននិយាយប្រាប់ខ្ញុំ។ ទី ២ គាត់បាននិយាយថា វា​”ត្រូវតែ​តែង​តាំងធ្វើប្រ​ធាន​ក្រុម​តំណាងរាស្រ្តសិន ទើបជាស្វ័យប្រវត្តិធ្វើប្រធាន​ក្រុមភាគ​តិច”។ ឯកឧត្តម កឹម សុខា​​ និយាយ​ត្រឹម​ត្រូវ​របស់​គាត់ តែគាត់ច្បាស់ជាមិនហ៊ាននិយាយប្រាប់គេប្រាប់​ឯង​ទេ។ តែ​(សូមជំរាប)ឯកឧត្តម បើសិនជា​បញ្ចេញ​បញ្ចេញឲ្យអស់។ បញ្ចេញមិនអស់ប្រយ័ត្ននៅក្នុងអានេះ(ទូរស័ព្ទ)។ ឯក​ឧត្តមបញ្ចេញតែអាណា ដែលមាន​ប្រ​យោជន៍​ទេ។ ប្រយ័ត្នតែខ្ញុំបញ្ចេញឲ្យផ្សាយទាំងស្រុង គឺឯកឧត្តមត្រូវ​ទទួល​ខុសត្រូវបញ្ហាហ្នឹង …។

អញ្ចឹង សូម្បីតែ CNRP ខ្លួនឯងក៏បកស្រាយមិនត្រូវគ្នា ទម្រាំដល់រវាងគណបក្ស​ប្រជាជន និងគណបក្ស​សង្រ្គោះ​ជាតិ បកស្រាយវា(អាច)មិនត្រូវគ្នា(ហើយ)។​ បើដូច្នោះ មូលហេតុទី ១ នោះហើយ ​ដែល​យើង​ចាំបាច់​(ត្រូវធ្វើវិសោធនកម្ម)។ រឿងនេះ មិនមែនធ្វើសម្រាប់តែអាណត្តិរបស់យើងនេះទេ។ វាតជំនាន់មនុស្ស … ​រឿង​នេះមិនអាចទទួលយកបាន។ វិធីដែលងាយស្រួលបំផុត គឺលុបវាចោល។ (មុខតំណែង)ហ្នឹងខ្ញុំ​ជាអ្នក​ស្នើ​បង្កើត​តើ។ ឯកឧត្តម បានឃើញហើយ សម​ រង្ស៊ី​ អង្គុយត្រង់នោះ ខ្ញុំអង្គុយត្រង់នេះ អង្គុយទន្ទឹមៗគ្នា ប្រជុំគ្នា (ហើយ)ចុងក្រោយទៅសម្រេចនៅបន្ទប់ខ្ញុំខាងក្នុង។ ប្រហែលជា​តំណាង​រាស្រ្តរបស់គណបក្សសង្គ្រោះជាតិ​នៅ​ចាំបាន មានឯកឧត្តម អេង​ ឆៃអ៊ាង មានទាំងមនុស្សមួយចំនួនទៀត ដែលនៅក្នុងប​​ន្ទប់​ជាមួយខ្ញុំហ្នឹង។ ខាង​ខ្ញុំមានឯកឧត្តម កើត រិទ្ធ មានប៉ុន្មាននាក់ផ្សេងទៀត។

បើខ្ញុំអ្នកស្នើ​(អោយមាន) ខ្ញុំស្នើ(អោយលុប)វិញទៅ វាមានទាស់ខុសអី។ វាស៊ីសងលើសភាគាំទ្រ ឬមិនគាំទ្រ​ទេ។ ថ្ងៃនេះ មិនចាំបាច់អស់លោកមិនចូលទេ។ បើអស់លោកមិនចូលដល់ថ្ងៃបោះឆ្នោតឆ្នាំ ២០១៨ ក៏វាមិន​អី​ដែរ ព្រោះ​សម្លេងអនុម័តវានៅបាន។ អង្កាល់យើងបង្កើតរាជរដ្ឋាភិបាលដំបូង អនុម័តច្បាប់រាប់សិប មានចាំ​ពួក​ហ្នឹង​​ចូល​មកឯណា …។

មូលហេតុទី ២៖ បញ្ចប់ការបំពានអំណាច តាមរយៈការប្រើយន្តការនេះ ពិភាក្សាកិច្ចការជាសមត្ថ​កិច្ច​តុលាការ ឬសមត្ថកិច្ចរាជរដ្ឋាភិបាល

អញ្ចឹងទេ កឹម សុខា គឺគាត់ថា (សម រង្ស៊ី)ខុសពីរ ទី ១ គាត់មិនមែនតំណាងរាស្រ្តទៀតទេ ទី ២ ត្រូវតែង​តាំងជាប្រធានក្រុមតំណាងរាស្រ្តសិន ទើបធ្វើប្រធានក្រុមភាគតិចបាន។ មូលហេតុទី ១ គឺបញ្ចប់​ការបក​ស្រាយ​ខុសគ្នានៃមាត្រា ៤៨ ថ្មី។ ទី ២ ដើម្បីបញ្ចប់ការបំពានអំណាចតាមរយៈការប្រើយន្តការនេះ ពិភាក្សាកិច្ច​ការ​ដែលជាសមត្ថកិច្ចតុលាការ ឬសមត្ថកិច្ចរាជរដ្ឋាភិបាល។ អម្បាញ់មិញ ឯកឧត្តម ប៉ែន បញ្ញា បាន​សង្កត់​ធ្ងន់​លើ​បញ្ហាហ្នឹង ហើយសុំបញ្ជាក់រឿងហ្នឹងបន្តិច។ សូម្បីតែចូលទៅក្នុងបន្ទប់ គាត់និយាយរឿងនេះរឿងនោះ តែ​រឿងធំជាងគេ គាត់បំពានអំណាចតុលាការតែម្តង។ ខ្ញុំនិយាយ​ដើម្បីឲ្យវាច្បាស់។ គាត់បានសន្យាជាមួយអ្នក​ទោស​ក្នុងពន្ធធនាគារ រហូតដល់មានអ្នកទោស ២ នាក់ សុំ​ស្នើទិញសំបុត្រយន្តហោះសម្រាប់​ទៅអាមេរិក​ពាក់​កណ្តាល​ ខែ មករា។

ពេលហ្នឹង ខ្ញុំប្រាប់ ឯកឧត្តម កឹម សុខា ថាយើងត្រូវគោរពវិធានរបស់តុលាការ បញ្ហាសំណុំរឿងនៅទីនេះ វាមាន ៣ រឿងខុសគ្នា។ រឿងទី ១ ទាក់ទង​ជាមួយនឹងបុគ្គលនៃអង្គការក្រៅរដ្ឋាភិបាល គឺពួកអាដហុក (ADHOC) និង​បុគ្គលម្នាក់ទៀត គឺ នី ចរិយា។ ប្រសិនបើតុលាការបិទការស៊ើបអង្កេត បិទការស៊ើបសួរ ហើយ​ដំណើរ​ការ​ក្តី​ដោយ​ធ្វើការកាត់ទោស យើងក៏អាចប្រើវិធីដូចគ្នាជាមួយនឹងមេឃុំ ចែត្រ … ឯកឧត្តម កឹម សុខា នៅជំពាក់​អ្វី​ខ្លះ​(ចំពោះ)ខ្ញុំ។ សន្យា ៣ ថ្ងៃក្រោយមកឯកឧត្តមនឹងធ្វើ តែឯកឧត្តមអត់​ធ្វើ។ ខ្ញុំបានមក​ខ្សឹប​ជាមួយសម្តេច ក្រ​​ឡាហោម នៅហ្នឹងថា ​លទ្ធ​ភាព(គឺ)បើសិនតុលាការគេបិទការស៊ើបសួរ ហើយគេកាត់ក្តី យើង​អាចធ្វើករណី​ដូច ឯកឧត្តម កឹម សុខា ខ្លួនឯង និងដូចមេឃុំ ចែត្រ។ បានសេចក្តីថា បើរង់ចាំ​ឲ្យសាល​ក្រម​ចូល​សា​លា​ឧទ្ធរណ៍តាមផ្លូវការតែម្តង គឺត្រូវរង់ចាំ ២ ខែសិន។ រយៈពេលប្តឹងឧទ្ធរណ៍ មិនអាចសុំលើក​លែងទោសបានទេ​ ព្រោះសាលក្រម​អត់ទាន់​ចូល​ស្ថា​​​ពរទេ។ បើទុកឲ្យសាលក្រមចូលស្ថាពរដោយ​សម្រួល គឺ​ទាល់តែផុតពេល​នៃ​ការ​​ប្តឹងឧទ្ធរណ៍ … ដូច្នេះ យើងមិនអាចបំពានលើនីតិវិធីទេ។ ហ្នឹងគឺសំណុំរឿងទី ១។

សំណុំរឿងទី ២ គឺសំណុំរឿងអ្នកជាប់ទោសនៅបឹងកក់ដែលមានចរិតកុបកម្ម។ ការកាត់ទោសបានធ្វើហើយ ខ្ញុំ​មាន​ពិនិត្យករណីអ្នកណាខ្លះ ដែលអាចនឹងទទួលបាននូវការសុំលើកលែងទោស។ ខ្ញុំបាននិយាយបែបនេះ ខ្ញុំ​នឹង​ពិនិត្យមើលនៅក្នុងចំនួននោះ តើមានអ្នកណាខ្លះទោសស្រាលជាងគេ។​ ខ្ញុំនឹងអាចប្រើសិទ្ធិ​អំណាច​របស់​ខ្ញុំ ក្នុងនាមជានាយករដ្ឋមន្រ្តីតាមច្បាប់ពន្ធធនាគារ ដើម្បីសុំលើកលែងទោស។

ទី ៣ គឺករណី ហុង សុខហួរ និង អ៊ុំ សំអាន។ ករណីនេះ មិនអាចប៉ះពាល់បានទេ ព្រោះវាធ្ងន់ធ្ងរពេក ទាក់​ទង​នឹង​ការក្លែងបន្លំឯកសារ និងប្រើឯកសារក្លែង។ទោសនេះជាទោសធំ។ អញ្ចឹងឯកឧត្តម កឹម សុខា បានឆ្លើយ​ថា ពួកហ្នឹងគ្នាគាត់ គាត់ប្រើឲ្យធ្វើ។ បានសេចក្តីថា គាត់វាយ សម រង្ស៊ី មួយផូងនៅនឹងមុខខ្ញុំហ្នឹង។ (គាត់​ថា) “ពួក​​ខាងខ្ញុំ មិនសូវមានជំនាញហ្នឹងទេ” គាត់វាយគ្នាគាត់។ ខ្ញុំផ្តាំទៅឯកឧត្តម សម រង្ស៊ី មើលទៅ កុំថាគេ​បំបែក។ នេះ​រឿងជាក់ស្តែង។ (ឯកឧត្តម) កឹម សុខាប្រយ័ត្នរន្ទះបាញ់ណា ព្រោះឯកឧត្តមនិយាយ​ជាមួយ​ខ្ញុំ​អញ្ចឹង។ រឿង​នេះប៉ះពាល់មិនបានទេ។ វាជារឿងធ្ងន់ពេក (ដែលក្លែងបន្លំថា)ប្រធានក្រុមប្រឹក្សារដ្ឋ ហេង សំរិនទៅចុះ​ហត្ថ​លេខារំលាយចោលព្រំដែន ទាំងខ្ញុំជារដ្ឋមន្រ្តីការបរទេសអត់ដឹងផង … ប៉ុន្តែ(ឯកឧត្តម) កឹម សុខា គាត់​ថា “ខ្ញុំយល់ ខ្ញុំអត់ប៉ះពាល់ទេ។ ប៉ុន្តែ ពេលនិយាយខាងក្រៅ អនុញ្ញាតឲ្យខ្ញុំចេះតែ​និយាយ​អញ្ចឹង​ទៅ។ សម្តេច​ទុកពេលឲ្យខ្ញុំធ្វើការ”។ គាត់ថា គាត់សុំសិទ្ធិនិយាយនៅខាងក្រៅថា … ចង់និយាយ​ក៏និយាយ​ទៅ ជា​នយោ​បាយយើងនិយាយអញ្ចឹងទៅ (តែ)ដល់ទៅមែនទែន យើងកុំធ្វើទៅ (ព្រោះ)ធ្វើវា​មិនកើត …។

អញ្ចឹងទេ ការបំពានអំណាចតាមរយៈការប្រើយន្តការនេះ មានជាបន្ត។ ដូច្នេះ ត្រូវតែកែអាហ្នឹង​ទៅ បានវាឆាប់​ចប់។ គ្រាន់តែរបៀបវារៈ​ដាក់ទៅ(សូមជួប) បើសិនជាខ្ញុំវិញ ខ្ញុំប្រាប់ទៅ ឯកឧត្តមអើយ! មិនបាច់ទៅលើក​របៀប​វារៈអី បើខាងនេះគេដាក់របៀបវារៈទៅហើយ ខាងនោះមិនបាច់ដាក់ទេ ឯកភាពមក ចូលមកដល់​កន្លែង​និ​យាយតែម្តងទៅ។ ខ្ញុំប្រាប់ល្បិចចរចា ព្រោះខ្ញុំចរចាហ្នឹងច្រើនជាង(ឯកឧត្តម) (ប្រៀបបានថា)បើនិយាយ​ពី​ផឹក​ទឹកត្រីវិញ ច្រើន​ជាងឯកឧត្តមផឹកទឹក … កុំចាំបាច់​ដាក់របៀបវារៈអីមកនាំរញ៉េរញ៉ៃ។ ទៅដល់ចរចា ចាំនិ​យាយ​គ្នាតែម្តង។ ចុះមាននរណាគេបិទមាត់យើងពេលហ្នឹង។ ទោះបីយ៉ាងម៉េច ក៏យើងបាននិយាយដែរ …។

ថ្ងៃនេះ ខ្ញុំបានមើល ខេមបូឌៀដេលី ក៏ផ្សាយអញ្ចឹង ភ្នំពេញប៉ុស្តិ៍ ក៏ផ្សាយអញ្ចឹង ​គេថា ថ្ងៃ​មួយ​ គេដកដំណែង​របស់ កឹម សុខា ឬដកដំណែងខាងសង្គ្រោះជាតិ។ ខ្ញុំសូមបញ្ជាក់ រឿងមាត្រានេះ វាទាក់​ទិនទាំងសម្លេង​ទាំង​អស់ ដែលមានទាំងអ្នកមានអាសនៈនៅក្នុងសភាទាំងប៉ុន្មាន គឺនឹងត្រូវមានប្រធានក្រុម​តំណាងរាស្រ្តទាំងអស់ រាប់ទាំងថ្ងៃនេះ គឺសម្លេងភាគច្រើន គឺសម្តេច ក្រឡាហោម អនុប្រធាន គាត ឈន់ អនុ​ប្រធាន ម៉ែន សំអន។ ចេញ(អត្ថបទ)មកទៅឆ្កុយទៅ។ បើអ្នកនយោបាយឡប់ កាសែតកុំឡប់បានទេ? នៅមានបណ្ឌិតឡប់ទៀត ចាំ​ខ្ញុំ​និយាយរឿងបណ្ឌិតឡប់ បានអាស៊ីសេរីមួយគ្រាន់នឹងសម្ភាសន៍ ដូច​ឆ្កែបានជិះរទេះអញ្ចឹង។ ចាំខ្ញុំនិយាយ​រឿង​ហ្នឹង …។

… មិនអាចប្រើយន្តការនេះទៅបំពានអំណាច ជាពិសេសសមត្ថកិច្ចរបស់តុលាការតែម្តង។ អាចមានការ​ផ្តល់​យោ​​បល់ អំពីបញ្ហានេះ បញ្ហានោះ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ឲ្យហើយ វប្បធម៌សន្ទនានៅតែ​មាន ប៉ុន្តែមានតាមណា? មាន​តាមគណៈអចិន្ត្រៃយ៍សភានោះ។ ទៅនិយាយគ្នាទៅ។ ​គណៈអចិន្ត្រៃយ៍សភាមាន​ទេតើ តែអស់​លោកមិន​ដែលមក។ យើងនៅតែនិយាយ ឲ្យតែ​គេមក។ តែឥឡូវនិយាយជាមួយអ្នកណា បើគេអត់នៅផង។ យន្ត​ការ​សភាវាគ្រប់គ្រាន់ហើយមិនចាំបាច់ធ្វើអី​ច្រើនទេ។ ថ្ងៃមុន ឯកឧត្តម កឹម សុខា វាយសារ​មក​ជូន​ពរ​​ខ្ញុំ អំពី​ការ​ដែលខ្ញុំទទួលពានរង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ ខ្ញុំអរគុណទេតើ។ WhatsApp យើង​មាន​ទេ​តើ។ វាយតគ្នាទៅបានតើ។ ​តជាមួយសម្តេច ក្រឡាហោម ទាក់ទងនឹងបញ្ហា​ច្បាប់​អីទៅ​វិញ​ទៅ​មកបានតើ …។

មូលហេតុទី ៣៖ បញ្ចប់វប្បធម៌សម្លេងភាគតិចចាប់សម្លេងភាគច្រើនជាចំណាប់ខ្មាំងនយោបាយ

ទី ៣ ដើម្បីបញ្ចប់នូវវប្បធម៌សម្លេងភាគតិចចាប់សម្លេងភាគច្រើនជាចំណាប់ខ្មាំងនយោបាយ ដែលទាមទារ​មិនចេះចប់ឲ្យដោះស្រាយតាមផ្លូវនយោបាយ នូវពួកជាប់ទោសព្រហ្មទណ្ឌ។ អញ្ចឹងស្អីក៏នយោបាយ ស្អីក៏​នយោ​បាយ។ ឥឡូវអ្នកនយោបាយស្រុកខ្មែរវាច្រើនណាស់ ម៉េចក៏គេមិនជាប់គុក វាគុកអីតែម្នាក់ដែល​រត់ទៅ​ក្រៅ​ប្រទេស។ ហើយថ្ងៃណាថ្លែងការណ៍(ដែរ) … បើមួយចរចា មួយជាន់ជើង មិនបាច់តែម្តងទៅ។ សូមអ្នកឯ​ង​កុំ​ភាន់​ច្រឡំ ខ្ញុំរង់ចាំតែឲ្យសាល​ក្រមចូលស្ថាពរទេ។ លើកនេះខ្ញុំយកហើយលុយ … ខ្ញុំទារ ១ លានដុល្លារ។ ប៉ុន្តែ សាលក្រមមុនគេ គឺសាលក្រមបង ហេង សំរិន បើកាលណាសាលក្រមនេះហើយ ប្រកាសទ្រព្យសម្បត្តិ សុំ​ដី​កា​ការពារទ្រព្យសម្បត្តិ លក់ទ្រព្យសម្បត្តិពេលនោះចោលទាំងអស់តែម្តង។ លឺថាស្នាក់ការ​គណបក្សដាក់​ឈ្មោះ សម រង្ស៊ី។ អញ្ចឹងទេ លក់ស្នាក់ការគណបក្សនេះ។ លក់ឡៃឡុង។ អ្នកឯងអាងរួចខ្លួនឬ? … ប៉ុន្តែ ឲ្យ​សាល​ក្រមចូលស្ថាពរសិន … បង ហេង សំរិន ទារដូចជា ២៥០ លាន(រៀល) បើអញ្ចឹងមែន ល្មមសុំដីកា​ការ​ពារ​ហើយ … ហើយបង ហោ ណាំហុង ត្រូវគេជំពាក់ប៉ុន្មាន? បង​ឯងក៏ត្រូវ​មានចំណែកដែរ។ សូមមេត្តាការពារ ព្រោះ​អាហ្នឹងត្រូវបងឯងស្នើសុំ ហើយមេធាវីចាត់ការដើម្បីសុំដីកាការពារ​ទ្រព្យសម្បត្តិ ព្រោះក្រែងលោវាអត់ ព្រោះ​មិនអញ្ចឹងដូរឈ្មោះដូរអីអស់រលីង។ ឥឡូវ សុំអំពាវនាវចំពោះរដ្ឋ​អំណាច កុំឲ្យដូរឈ្មោះ ដូរអីលឿនពេក ក្នុង​ពេលដែលមានក្តីក្តាំងហ្នឹង ពិតមែនតែមិនទាន់មានដីកាការពារ តែ​សុំអាជ្ញាធរដែលពាក់ព័ន្ធនឹង​ការផ្ទេរ​កម្ម​សិទ្ធិ។ កុំធ្វើលឿនពេក …។

… អត់មានចាប់គណបក្សសម្លេងភាគច្រើនធ្វើជាចំណាប់ខ្មាំងទៀតទេ។ យើងបានបណ្តែតបណ្តោយ​ពួក​គេ​ច្រើន​​លើកហើយ។ តែលើកនេះ អត់ទេ។ (បើ)ចាំបាច់(ត្រូវ)ធ្វើវិសោធនកម្មច្បាប់ស្តីពី​បក្សនយោបាយ ក៏ត្រូវតែ​ធ្វើ​ … ដាក់ថា អ្នកដែលមានទោសអត់មានសិទ្ធិធ្វើប្រធានបក្ស​នយោបាយ។ ដាក់ទៅ ខ្ញុំមានសំណូមពរ​ស្នើ​ដកចំណុចហ្នឹង ដើម្បីឲ្យអស់សិទ្ធិតែម្តងទៅ … អ្នកមានទោសគឺអត់មានសិទ្ធិធ្វើប្រធាន ឬអនុប្រធានបក្ស​នយោ​បាយ។ ពេលអ្នកឯង​កំពុងជាប់ទោស មកធ្វើបក្សអី (បើសូម្បី)តែសិទ្ធិបោះឆ្នោត អត់មានផង។ ឥឡូវ​លឺថា គេ​ចេញ​អីឯណា។ ចូលឲ្យស្រូតមក។ តែកុំភ្លេចថាវាយខ្នោះ គឺវាយទាល់តែបាន។ សូមបញ្ជាក់។ ហើយ​ខ្លះគេថា ដាក់​ទោសក៏វា លើកលែងទោសក៏វា។ ទើបដឹងទេអី ក្រែងរដ្ឋធម្មនុញ្ញគេឲ្យអំណាចអញ្ចឹង … អំណាច​របស់​នា​យក​រដ្ឋមន្ត្រីក្នុងរបបហ្នឹងគឺអញ្ចឹង។ ព្រះមហាក្សត្រ​គ្រងរាជ្យ តែទ្រង់មិនកាន់អំណាច ប្រធានសភាដឹក​នាំសភា​អត់​អាចទៅបញ្ជារដ្ឋមន្ត្រីការពារជាតិបានទេ ប្រធាន​ព្រឹទ្ធសភាគឺដឹកនាំព្រឹទ្ធសភាទៅ អត់អាចមក​បញ្ជា​រដ្ឋមន្ត្រី​មហា​ផ្ទៃបានទេ។ តែសភាហៅសួរបាន។ ព្រឹទ្ធសភាអត់អាចហៅទៅសួរទេ …។

មូលហេតុទី ៤ ៖ បញ្ចប់ការចោទប្រកាន់គ្នាថា យើងមិនចង់ចរចា, បញ្ចប់ការលំបាក​លើការរៀបចំ​របៀប​វារៈ​ចរចា

ទី ៤៖ បញ្ចប់ការចោទប្រកាន់គ្នាថា យើងមិនចង់ចរចា និងបញ្ចប់ការលំបាកលើការរៀបចំរបៀបវារៈចរចា ដែល​នាំ​ទៅដល់ទំនាស់ពាក្យសំដីតាមប្រព័ន្ធផ្សព្វផ្សាយ។ គ្រាន់តែប៉ុណ្ណេះ យើងមានការចាំបាច់ ប្រធាន​សម្លេង​ភាគ​ច្រើន​របស់របស់គណបក្សប្រជាជន គឺសម្តេចក្រឡាហោម រវល់ខ្លាំងណាស់ … គ្រាន់តែគ្នា​សុំឲ្យ​ក្រោយថ្ងៃ ១៤ មករា ក៏វេទនាដែរ។ សុទ្ធតែគេមិនឆ្លើយ មិនស្អី។ កេងចំណេញ​នយោបាយរហូត។ បើអញ្ចឹង​លុបចំណុចហ្នឹង​ចោល​​ទៅ។ សូម្បីតែរបៀបវារៈ រកដាក់ទៅ រកដាក់មក ថ្ងៃណាវា​បញ្ចប់ អង្គុយតែ​សរសេរ​សំបុត្រហ្នឹង។ យើង​មានការងារច្រើន …។

មូលហេតុទី ៥៖ មិនចាំបាច់ចំណាយលុយទិញឡាន រៀបចំកន្លែងធ្វើការ តែងតាំងជំនួយការ និងពិធីការ

ទី ៥៖ មិនចាំបាច់ចំណាយលុយទិញឡាន រៀបចំកន្លែងធ្វើការ និងតែងតាំងជំនួយការ និងកុំឲ្យពិបាករៀបចំ ផ្នែក​ពិធីការសម្រាប់កន្លែងអង្គុយដល់អ្នក ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី ដែលជាតំណែងខ្យល់។ ថ្ងៃមុន បង អេង គឹមប៊ុន ជាអ្នកស្នើសុំទិញឡានមួយគូ។ បានខ្ញុំចារថា មុន្នីរត្ន័ ទិញក៏ទិញទៅ ប៉ុន្តែទិញលុយ​ក្នុង​សភា។ ចាយឲ្យដាច់ពីគ្នា។ សុំទោសសូមនិយាយរឿងហ្នឹងបន្តិច។ សភាឆ្លាតណាស់ ឆ្លាតត្រង់រឿងខ្លួន​ឯង​មានលុយ ដល់ពេលត្រូវការចាយ ទៅសុំលុយរដ្ឋាភិបាលទៀត។ អត់ទេ ពីថ្ងៃនេះទៅ ខ្ទង់របស់អ្នកណា គឺអ្នក​ហ្នឹងត្រូវ​ចាយ ព្រោះបានអនុម័តនៅកន្លែងហ្នឹងថា សភាត្រូវចាយប៉ុណ្ណេះ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវចាយប៉ុណ្ណេះ … មិន​ដឹង​មួយណាទេ គាត់ថាយើងគេដកអស់ហើយ បន្ទប់ស្អីៗហ្នឹង សល់តែបន្ទប់ខាងក្រោម។ ឃើញគេ​បង្ហោះ​សារ​ថា អ្នកណា(ប្រព្រឹត្ត)សាហាយគ្នានៅក្នុងបន្ទប់ហ្នឹង … អញ្ចឹងទេ មិនចាំបាច់ចំណាយលុយកាក់ទេ ហើយ​កុំ​ខ្វល់​រឿងតែងតាំងជំនួយការស្អីៗ…។

ផ្តាំអោយអ្នកវិភាគថា គណបក្សប្រជាជនដូចជាមានសញ្ញាប្រេះស្រាំ មើលមាត្រា ១២៥ ថ្មី ឲ្យច្បាស់

… ខ្ញុំសូមផ្តាំទៅលោកបណ្ឌិតដែលឡើងវិភាគ ខ្ញុំមិនចាំបាច់ថាបណ្ឌិតរូបណាទេ ថាហាក់ដូចជាមាន​សញ្ញា​ប្រេះ​ស្រាំនៅក្នុងគណបក្សប្រជាជន ព្រោះនៅពេល​ដែលលោក​ ហ៊ុន សែន ចាកចេញ សម្តេច ក្រឡាហោម ជា​នាយ​ក​រដ្ឋ​មន្ត្រីស្តីទី។ ប៉ុន្តែខ្ញុំផ្តាំទៅលោក បើអត់មាន​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ក៏អត់មាន​នាយករដ្ឋ​មន្ត្រី​ស្តីទី ស ខេង ដែរ។ លោកត្រូវមើលមាត្រាទី ១២៥ ថ្មី ដែលជា​មាត្រា ១០៦ ចាស់ នៃរដ្ឋធម្មនុញ្ញ ចាំលោកធ្វើ​បណ្ឌិត។ បើតែរបៀបហ្នឹង គឺលោកមានឈ្មោះ​បណ្ឌិត​មិន​សក្តិសម។ នៅក្នុងមាត្រា ១២៥ គេបានចែងអញ្ចេះ បើតំណែង​​នា​​យករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតាំង​គណៈរដ្ឋមន្ត្រីមួយជាថ្មី ក្នុងលក្ខខណ្ឌដែលមានចែង​ក្នុងរដ្ឋ​​ធម្ម​នុញ្ញ​នេះ បើការទំនេរនេះជាការទំនេរមួយគ្រា ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្តីទីជាបណ្តោះអាសន្ន។ ហើយ(នា​យក​រដ្ឋ​មន្ត្រី)ស្តីទី​ហ្នឹង អ្នកណាអ្នកចាត់តាំង ក្រែងនាយក​រដ្ឋ​មន្ត្រី​ពិត ហ៊ុន សែន អ្នកតែងតាំង។ អញ្ចឹង ឲ្យ ហ៊ុន សែន ទៅប្រជុំ បានសេចក្តីថាអស់សិទ្ធិ? ហ៊ុន សែន នៅសល់​សិទ្ធិគ្រប់ទាំងអស់។ សូម​ពិនិត្យមើល សង្កេតមើល តើសម្តេច ក្រឡាហោម បានធ្វើនាយករដ្ឋមន្ត្រីស្តីទី​តាំងពីឆ្នាំ ១៩៩៩ រហូតមក​ដល់​បច្ចុប្បន្ន ជិត ២០ ឆ្នាំហើយ តើគាត់មានដែល​ចុះហត្ថលេខា​លើអនុក្រឹត្យ​ណា​មួយទេ? អត់ទាល់តែសោះ។ តើ​គាត់មានដែល​ធ្វើ​លិខិត​មកសភា ក្នុងនាមនាយករដ្ឋមន្ត្រីស្តីទី(ទេ) គឺអត់ទេ។ តើគាត់​មានដែលធ្វើ​របាយ​ការណ៍ថ្វាយព្រះ​មហា​ក្សត្រ​ជំនួសឲ្យនាយករដ្ឋមន្ត្រីផ្លូវការ(ទេ) អត់ទេ។

… អ្នកខ្លះថា ហ៊ុន សែន មកត្រួតអីដល់សភា? លោកឯងមើលប្រព័ន្ធ​បោះឆ្នោតរបស់កម្ពុជា​ឲ្យច្បាស់​ទៅវិញ​មើល។ ប្រព័ន្ធបោះ​ឆ្នោតនៅកម្ពុជាគឺប្រព័ន្ធសមាមាត្រ ហើយបោះតាមគណបក្ស បើសិនជាប្រធានគណបក្ស ឬ​អនុប្រធាន​គណ​បក្សគ្រប់គ្រងសមាជិកបក្ស ដែលជាសមាជិកសភាខ្លួនឯងមិនបានទេ តើចាំបាច់ធ្វើប្រធាន​បក្ស​ធ្វើ​ខ្មោចអី? ឲ្យស្គាល់ប្រព័ន្ធផងមើល។ ច្បាស់ណាស់ថា ខ្ញុំចង់និយាយសំដៅបណ្ឌិតណាហើយ ទើប​ឡើង​វិទ្យុអាស៊ីសេរី ពេលខ្ញុំនៅ ដាវ៉ូស ត្រឡប់មកវិញខ្ញុំមើលតើ ខ្មែរញ៉ូវ អេភីភី (Khmer News app) ហើយ​គេ​មាន​ដាក់​ថាបណ្តុំគេហទំព័រ មានទាំងគេហទំព័ររបស់រដ្ឋ និងគេហទំព័របណ្តាសារព័ត៌មានផេ្សងទៀត ដោន​ឡូត​​ចេញ​មក។ សំលេងដើម។ ចង់មើលទូរទស្សន៍ផ្សាយផ្ទាល់ ឲ្យតែមានអាំងទែរណែតមើលបាន មានវិទ្យុ មាន​ស្អី​នៅ​ក្នុងហ្នឹងទៀត​ … ស៊ុនឆ័យ ដល់ម៉ោងប្រជុំក៏ប្រជុំទៅ។ ច្បាស់ជាបើកមើលហើយ មូលហេតុ ៥ យ៉ាង។ ឲ្យ កឹម សុខា ចេញ​​មក​ឆ្លើយទៅ តើខ្លួននិយាយមែន ឬមិនមែន? … រឿងអ្នកដែល កឹម សុខា សន្យា ថា​រួចពីគុក ទៅទារពីកឹម សុខា ទៅ កុំទារពី ហ៊ុន សែន។ អ្នកឯង​បាន​សន្យាជាមួយខ្ញុំថា ៣ ថ្ងៃ​ក្រោយ​អ្នក​ឯង​នឹង​ធ្វើ។ អ្នកឯងអត់បានធ្វើតាមការសន្យា។ ខ្ញុំក៏អត់ធ្វើស្អីទាំងអស់។ ជាប់គុកទាល់តែ ២ ភាគ ៣ ហើយ ទើបមានសិទ្ធិពិនិត្យ។ ខ្ញុំមិនប្រើច្បាប់ពន្ធធនាគារ​ដើម្បីសុំការ​លើក​​លែងទោសអោយអ្នកណាទាំងអស់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...