ឯកឧត្តមបណ្ឌិត អ៊ុន ឃាង បំពេញទស្សនកិច្ចផ្លូវការនៅសាកលវិទ្យាល័យ MGIMO នៃក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី

ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបំពេញទស្សនកិច្ចផ្លូវការនៅសាកលវិទ្យាល័យ MGIMO នៃក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងពេលដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត បានជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ MGIMO ដឹកនាំដោយលោកបណ្ឌិត Andrey Baykov សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ MGIMO ទទួលបន្ទុកកិច្ចការស្រាវជ្រាវ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន NIDIR និង MGIMO លើការបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់អ្នកការទូតកម្ពុជា ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ/សាស្ត្រាចារ្យ និងការផ្តល់បាឋកថាដោយមន្រ្តីការទូត និងបញ្ញាវន្តរុស្ស៊ីនៅ NIDIR។ ភាគីទាំងពីរក៏បានពិភាក្សាអំពីអាហារូបករណ៍ដែលមានសម្រាប់និស្សិតកម្ពុជាទៅសិក្សានៅ MGIMO។

ឯកឧត្តមបណ្ឌិត ក៏បានចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយសជូនដល់ ឯកឧត្តមបណ្ឌិត Antatoly Torkunov សាកលវិទ្យាធិការ MGIMO សម្រាប់ការរួមចំណែកអស់ជាច្រើនទសវត្សរ៍របស់ឯកឧត្តមក្នុងវិស័យអប់រំនៃព្រះរាជាណាចក្រកម្ពុជា។ គ្រឿងឥស្សរិយសនេះត្រូវបានបំពាក់ដោយ ឯកឧត្តម ពេជ្រឃុនបញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ក៏បានផ្លាស់ប្តូរទស្សនៈជាមួយ ឯកឧត្តមបណ្ឌិត Antatoly Torkunov លើបញ្ហាជាច្រើន រាប់ចាប់ពីការរួមចំណែករបស់ MGIMO ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ផែនការសកម្មភាពសម្រាប់ចក្ខុវិស័យដែលបានកំណត់ក្នុងអនុស្សរណៈយោគយល់គ្នារវាង NIDIR និង MGIMO និងចំណាប់អារម្មណ៍របស់ឯកឧត្តមបណ្ឌិត Torkunov ក្នុងការធ្វើទស្សនកិច្ចមកកាន់ NIDIR នាពេលអនាគត។

ឯកឧត្តមបណ្ឌិត អ៊ុន ឃាង ក៏បានចូលរួមក្នុងកម្មវិធីចំនួនពីរផ្សេងទៀត។ ទីមួយ ការចូលរួមក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាង NIDIR និង MGIMO ។ ទីពីរ ឯកឧត្តមបណ្ឌិត បានថ្លែងសុន្ទរកថាគន្លឹះ ក្រោមប្រធានបទ «តួនាទីរបស់កម្ពុជាក្នុងអាស៊ាន» នៅក្នុងកម្មវិធីបើក The ASEAN and EAS Model ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ាននៃសាកលវិទ្យាល័យ MGIMO។ បាឋកថានេះមានការចូលរួមពីឯកអគ្គរដ្ឋ/រាជទូត និងអ្នកការទូតនៃបេសកកម្មរបស់ប្រទេសសមាជិកអាស៊ានប្រចាំសហព័ន្ធរុស្ស៊ី និងនិស្សិត និងសាស្រ្តាចារ្យ MGIMO ព្រមទាំងអ្នកចូលរួមជាច្រើនរូបទៀត។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ