សម្ដេចតេជោ ហ៊ុន សែន ជួបប្រធានាធិបតីស្វីស
នៅរសៀលម៉ោង ៤:៣០ នាទី ថ្ងៃទី ១៩ មករា ឆ្នាំ ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Doris Leuthard ប្រធានាធិបតី នៃសហព័ន្ធស្វីស។ ទំនាក់ទំនងកម្ពុជាស្វីស គឺមានរយៈពេល ៤០ ឆ្នាំមក ហើយ ពេលនេះ គឺកាន់តែជិតស្និទ្ធជាងមុន។ លោកស្រីប្រធានាធិបតីស្វីសរីករាយស្វាគមន៍ សម្តេចតេជោ និងកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា។ លោកស្រីទទួលស្គាល់ អំពីការប្រឹងប្រែងរបស់សម្តេច តេជោ ដែលបានចេញជាលទ្ធផលផ្លែផ្កាល្អមកទល់សព្វថ្ងៃនេះ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី អរគុណរដ្ឋាភិបាលស្វីស ដែលបានជួយ និងផ្តល់ជំនួយដល់កម្ពុជាកន្លងមក រួមទាំងជំនួយផ្នែកដោះមីន សុខាភិបាល និងជំនួយផ្នែកតុលាការកាត់ក្តីខ្មែរក្រហម។ សម្តេចតេជោ បាន ស្នើអោយពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដែលសព្វថ្ងៃមានប្រមាណជាង ៣០ លានដុល្លា អោយមានទំហំធំឡើង។ ក្រុមការងារនៃប្រទេសទាំងពីរនឹងបន្តពិភាក្សាគ្នា ជាពិសេស លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មក្រៅប្រទេស (FTA) នៃប្រទេសទាំងពីរ និងខិតខំជំរុញអោយវិស័យឯកជនចូលរួមអោយបាន ច្រើនឡើង ដូចជាការនាំផលិតផលស្វីស ដែលមានគុណភាពចូលកម្ពុជា និងនាំផលិតផលកម្ពុជា ដូចជា អង្ករចេញមកប្រទេសស្វី។ ទីផ្សារកម្ពុជាមិនមែនតែ ១៥ លាននាក់ទេ គឺសម្រាប់ទីផ្សារអាស៊ាន ដែលមាន ចំនួនប្រជាពលរដ្ឋប្រមាណ ៦០០ លាននាក់។ សព្វថ្ងៃនេះ កម្ពុជាមានទីផ្សារ ដូចជា៖ នៅអឺរ៉ុប, អាមេរិក, ចិន, កូរ៉េខាងត្បូង ។ល។ ដែលសរុបជាទឹកប្រាក់ប្រមាណ ១២ ពាន់លានដុល្លា។
សម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់ និងអរគុណដល់ លោកវេជ្ជបណ្ឌិត Richner ដែលបានចូលរួម យ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេស ក្រោមការគាំទ្រពីលោកស្រី ប្រធានាធិបតី។ នេះជាទឹកចិត្តនៃបេះដូងរបស់ប្រជាពលរដ្ឋស្វីស ចំពោះប្រជាពលរដ្ឋកម្ពុជា។ រាជរដ្ឋា ភិបាលកម្ពុជាបានកាត់ថវិកា ចំនួន $ 2 ក្នុងមួយសំបុត្រចូលទស្សនាអង្គរវត្ត ជួយឧបត្ថម្ភបន្ថែមដល់មន្ទីរ ពេទ្យគន្ឋបុប្ផា។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានអបអរសាទរប្រទេសស្វីស ជាដៃគូសន្ទនាតាមវិស័យ របស់អាស៊ាន (ASEAN Sectoral Dialogue Partner)។ សម្តេចតេជោ ក៏បានសំណូមពរអោយស្វីស បន្តជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាជាបន្តទៀត។
លោកស្រីប្រធានាធិបតីស្វីស បានអរគុណ សម្តេចតេជោ ដែលបានទទួលស្គល់គាំទ្រ និងជួយជាថវិកា ដល់លោក Richner ដែលកំពុងជួយនៅក្នុងមន្ទីរពេទ្យគន្ឋបុប្ផាសព្វថ្ងៃ។ ចំពោះមន្ទីរពេទ្យគន្ឋបុប្ផា គឺរដ្ឋា ភិបាលស្វីស បានជួយប្រមាណ ៤ លានដុល្លារ ជារៀងរាល់ឆ្នាំ និង ២ លានដុល្លា ជួយមន្ទីរពេទ្យគាំពារ ស្រ្តីមាតាបិតា។ លោកស្រីនឹងជំរុញទេសចរណ៍ស្វីសអោយទៅទស្សនាកម្ពុជា អោយបានច្រើនឡើង ថែមទៀត។ ប្រទេសស្វីសនឹងបន្តជួយក្នុងការពង្រឹងសន្តិសុខស្បៀងដល់កសិករ ដោយជំរុញអោយ កសិករខ្មែរដាំដំណាំផ្សេងៗបន្ថែមក្រៅពីស្រូវ។ ទន្ទឹមនឹងនោះដែរ គឺរដ្ឋាភិបាលស្វីសនឹងបន្តជួយពង្រឹង សមត្ថភាពតួនាទីរបស់សភាកម្ពុជាតាមការស្នើសុំ។
នៅក្នុងកិច្ចពិភាក្សាទ្វេភាគីថ្ងៃនេះ ក្នុងនាមព្រះមហាក្សត្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ លោកស្រីប្រធានាធិបតីស្វីសមកទស្សនៈកិច្ចកម្ពុជា នៅពេលវេលាដ៏សមរម្យមួយ និងស្នើអោយលោកស្រី ជួយជំរុញអ្នកវិនិយោគទុនស្វីស មកចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ដែលនឹងធ្វើ នៅកម្ពុជា នៅខែ ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះផងដែរ។ កិច្ចពិភាក្សាថ្ងៃនេះ រវាង សម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោកស្រីប្រធានាធិបតីស្វីស គឺបានពង្រឹងនូវចំណងមិត្តភាព និងសហប្រតិបត្តិការល្អ ប្រសើរទ្វេឡើង ដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិ នៃប្រទេសទាំងពីរ៕
សារសម្តេចតេជោ តាមហ្វេសប៊ុក ថ្ងៃ ១៩ មករា ២០១៧ ស្តីអំពី “ក្នុងជំនួបទ្វេភាគីជាមួយ លោកស្រី Doris Leuthard ប្រធានាធិបតី នៃសហព័ន្ធស្វីស សម្តេចតេជោ អរគុណរដ្ឋាភិបាលស្វីស ដែល បានជួយ និងផ្តល់ជំនួយដល់កម្ពុជាកន្លងមក និងស្នើអោយពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ”
ពត៌មានផ្សេងៗ
ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ី៖ កម្ពុជាជាប្រទេសតូច តែមានសក្ដា...
នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC)