សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកនយោបាយឱ្យបញ្ឈប់ការយកកម្ពុជាធ្វើជាក្របខ័ណ្ឌភូមិសាស្រ្តនយោបាយ ដើម្បីប្រឆាំងចិន

នៅក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធនឹង «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើអ្នកយោបាយមួយចំនួនឱ្យបញ្ឈប់ការយកកម្ពុជាមកធ្វើជាក្របខ័ណ្ឌភូមិសាស្រ្តនយោបាយ ឆ្ពោះទៅរកការប្រឆាំងចិន តាមរយៈការផ្សារភ្ជាប់ព្រែកជីកហ្វូណនតេជោនេះទៅនឹងកង្វល់សន្តិសុខរបស់វៀតណាម ស្របពេលដែលកម្ពុជា-វៀតណាមកំពុងតែមានទំនាក់ទំនងល្អ និងក្នុងពេលដែលវៀតណាម-ចិន កំពុងតែមានទំនាក់ទំនងល្អ។

ជាមួយនឹងការលើកឡើងនេះ សម្ដេចតេជោបានថ្លែងរំលឹកថា មានអ្នកនយោបាយខ្លះបានចោទប្រកាន់ថា នៅពេលព្រែកជីកនេះត្រូវបានជីករួចរាល់ នោះវានឹងក្លាយជាព្រំដែនថ្មីរវាងកម្ពុជា-វៀតណាម។ សម្ដេចបានចោទជាសំណួរថា បើដូច្នោះមែន តើចាំបាច់អីដែលវៀតណាមត្រូវចេញមុខមកជំទាស់នឹងគ្រោងការនេះ?

ទន្ទឹមនេះ ដោយឆ្លើយទៅនឹងសំណួរដែលអ្នកនយោបាយល្ងង់ខ្លៅម្នាក់នោះបានសួរថា ហេតុអ្វីមិនជីកកាលពីពេលកន្លងទៅ ហេតុអ្វីដែលមកធ្វើនៅពេលនេះ សម្ដេចតេជោបានលើកឡើងថា កាលពីពេលមុនកម្ពុជាក្រណាស់ រកតែបាយហូបមិនបានផង។ សម្ដេចតេជោបានគូសរំលេចថា នៅឆ្នាំ២០០២ កម្ពុជានៅទទួលជំនួយអង្ករពីឥណ្ឌានៅឡើយទេ ខណៈពេលដែលបច្ចុប្បន្ននេះ កម្ពុជាមានអតិរេកស្រូវចំនួន៦លានតោនក្នុងមួយឆ្នាំៗ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញការបើកការដា្ឋនសាងសង់ព្រែកជីកហ្វូណនតេជោនេះឱ្យបានឆាប់ ដោយមិនត្រូវរង់ចាំអ្វីទៀតនោះឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ