សម្តេចតេជោ ហ៊ុន សែន៖ ក្តីកង្វល់ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺជារឿងមិនចាំបាច់នោះទេ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា ថ្មីៗនេះ ទន្ទឹមនឹងការរកឃើញប្រហាក់ប្រហែលគ្នារវាងអ្នកវិទ្យាសាស្ត្រវៀតណាមនិងកម្ពុជា ទាក់ទិននឹងទំហំទឹកដែលនឹងត្រូវបង្វែរទៅកាន់ព្រែកជីកហ្វូណនតេជោថានឹងមានទំហំតិចតួចក៏ដោយ ក៏នៅមានអ្នកសារព័ត៌មានខ្លះ រាប់ទាំងជនជាតិវៀតណាមខ្លះផង នៅតែបង្ហាញក្ដីកង្វល់ តាមរយៈការសរសេរអត្ថបទយកទៅចុះផ្សាយជាមួយកាសែតបរទេសនានាដដែល។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ពិតណាស់ ក្តីកង្វល់វាជារឿងត្រឹមត្រូវ ប៉ុន្តែក្ដីកង្វល់ជាមួយគម្រោងព្រែកជីកហ្វូណនតេជោ គឺជារឿងមិនចាំបាច់នោះទេ។

សម្ដេចតេជោបានគូសបញ្ជាក់ថា កម្ពុជាបានបំពេញកាតព្វកិច្ចរបស់ខ្លួនរួចហើយ តាមរយៈការជូនដំណឹងទៅកាន់គណៈកម្មាធិការទន្លេមេគង្គ (MRC) ដែលអនុលោមទៅតាមមាត្រាទី៥ នៃកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ដែលកម្ពុជាមានជាមួយគណៈកម្មាធិការនេះ។ ជាមួយគ្នានេះ វាមិនមានភាពចាំបាច់នោះទេក្នុងការទៅពិគ្រោះយោបល់ជាមួយភាគីដទៃ។

សម្ដេចតេជោបានបន្តគូសបញ្ជាក់ថា យើងគ្មានសិទ្ធិអ្វីទៅទប់ស្កាត់ក្ដីកង្វល់ណាមួយនោះទេ ក៏ប៉ុន្តែយើងមានសិទ្ធិក្នុងការពន្យល់ត្រលប់ទៅវិញ ជាពិសេសគឺពន្យល់ប្រជាជនកម្ពុជា អំពីអ្វីដែលយើងចាំបាច់ត្រូវធ្វើ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនរបស់យើង។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្ដេចថ្លែងសារពិសេសពាក់ព័ន្ធនឹង «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ