សម្រង់​ប្រសាសន៍​​ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធី ពិសារបាយជួបជុំអ្នកសារព័ត៌មានក្នុងស្រុក

កំណត់យក ១៤ មករា រាល់ឆ្នាំ ជួបអ្នកសារព័ត៌មាន

ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានការរីករាយ ដែលបានជួបជុំជាលើកដំបូងជាមួយនឹងអ្នកសារព័ត៌មាន។ ខ្ញុំក៏សូម​បញ្ជាក់​ថា នេះមិនមែនជាសន្និសីទសារព័ត៌មាននោះទេ ហើយនេះក៏មិនមែនជាពិធីជួបជុំដើម្បីអបអរ​សារទរ​គម្រប់​ខួបលើកទី ៣២ នៃការកាន់ដំណែងជានាយករដ្ឋមន្រ្តី ១៤ មេសា ១៩៨៥ – ១៤ មករា ២០១៧ នោះ​ទេ។ ប៉ុន្តែ ការជួបជុំនេះគឺជាការជួបជុំ ដែលគប្បីត្រូវធ្វើប្រចាំឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំនេះ ហើយឆ្នាំក្រោយ យើង​គួរ​ត្រូវធ្វើធំជាងនេះ ហើយយើងគួរត្រូវកំណត់យកថ្ងៃទី ១៤ ខែ មករា ជារៀងរាល់ឆ្នាំ ដើម្បីជួបជុំបែបនេះ។

ឆ្នាំក្រោយ នឹងបង្កើនចំនួនអ្នកសារព័ត៌មាន

ខ្ញុំសូមយកឱកាសនេះជំនួសមុខឲ្យឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សូមអភ័យទោសពីសំណាក់​បងប្អូន​អ្នក​សារ​ព័ត៌មានមួយចំនួន ដែលបានបង្ហាញនូវការមិនសប្បាយចិត្ត ពីការមិនបានចូលរួមនាក្នុងឱកាសនេះ។ ខ្ញុំ​សង្ឃឹម​​ថា អ្នកទាំងអស់នោះនឹងមានការយោគយល់ មិនថាពេលនេះមិនបានចូលរួម យើងរៀបចំនៅដំណាក់​កាល​​ដំបូងប្រមាណជាង ១.០០០ នាក់។ ប៉ុន្តែ ឆ្នាំក្រោយ យើងអាចធ្វើ ៤.០០០ នាក់ នៃពិធីជួបជុំបែបនេះ។ ច្បាស់ណាស់ថា ការជួបជុំនេះ យើងក៏មានសិល្បៈកំដរអារម្មណ៍ផងដែរ ហើយប្រហែលជាអាចមាន​អ្នកដែល​ឡើង​រាំ មានអ្នកចម្រៀង ខៀវ កាញារីទ្ធ ជាដើម។ ប៉ុន្តែ សង្ឃឹមថា មិនដាច់អាជីពអ្នកចម្រៀងនោះទេ យ៉ាងណា​ក៏​ដោយ កុំភ្លេចច្រៀងបទ «មានថ្មី ម្តេចមិនប្រាប់»។

តើកម្ពុជាជាប្រទេសផ្តាច់ការ ឬប្រជាធិបតេយ្យសេរី? អ្នកសារព័ត៌មានអាចចូលរួម ទោះបីទស្សនៈ​មិន​ដូច​គ្នា

ខ្ញុំសូមអរគុណចំពោះការរៀបចំរបស់​ឯកឧត្តម រដ្ឋមន្រ្តី ក៏ដូចជាក្រសួងព័ត៌មាន ក្នុងឋានៈជាក្រសួង​គ្រប់គ្រង​ទាក់​ទងនឹងវិស័យសារព័ត៌មានរបស់កម្ពុជា។ ខ្ញុំកំពុងតែសួរខ្លួនឯងថា តើប្រទេសកម្ពុជាជាប្រទេសផ្តាច់ការ ឬ​ជា​ប្រទេសប្រជាធិបតេយ្យ? បើសម្បូរទៅដោយអ្នកសារព័ត៌មានម្ល៉ឹងៗ។ នេះគ្រាន់តែចូលមក ក្នុងមួយអង្គភាព ត្រឹម​តែ ៣ នាក់ តែប៉ុណ្ណោះ បើសិនជាមកទាំងអស់គ្នា ប្រហែលជាគ្មានកន្លែងទេ ប្រហែលជាត្រូវរៀបចំសួន​ច្បារ​ពីវិមានឯករាជ្យ ទៅទល់មាត់ទន្លេ ទើប(ដាក់អ្នកសារព័ត៌មានខ្មែរ)អស់។ អញ្ចឹង ប្រទេសរបស់យើងគឺ​ស្ថិត​នៅ​​ក្នុងស្ថានភាពជាប្រទេសផ្តាច់ការ ហើយបំបិតមាត់អ្នកដែលកំពុងនិយាយជេរយើង(ឬ)? តើនោះជា​រ​បប​ប្រ​ជា​ធិបតេយ្យសេរី នៃការសិទ្ធិបញ្ចេញមតិដោយទំនើងទៀត ឬក៏ជាប្រទេសប្រជាធិបតេ្យសេរីមួយ? ពិតហើយថា ខ្ញុំ​មិនចង់យកវេទិកានេះ ដើម្បីថ្លែងនូវអ្វីដែលនាំឲ្យមានការប៉ះទង្គិចនោះទេ បើទោះបីមានមនុស្សមួយចំនួនកើត​ទុក្ខ​មិន​សុខចិត្តអំពីការចូលរួម ហើយឆ្នាំក្រោយ ខ្ញុំសូមឲ្យឱកាសដល់សារព័ត៌មានបក្សប្រឆាំង​ចូលរួម​ដោយ​ពេញ​ទីនៅទីនេះ ដើម្បីការជួបជុំមួយ មានអ្នកសារព័ត៌មានដែលមានអាជីពដូចគ្នា ទោះបីថាយើងមាន​ទស្សនៈ​ខុស​គ្នា។ អ្នកនេះគាំទ្ររដ្ឋាភិបាល អ្នកនោះគាំទ្របក្សប្រឆាំង ប៉ុន្តែ យើងកុំភ្លេចថា យើងកំពុងស្ថិតនៅក្រោម​ដំ​បូល​មួយជាមួយគ្នា។ ស្ថានភាពនោះតម្រូវឲ្យអ្នកដែលមានវិជ្ជាជីវៈដូចគ្នា ប៉ុន្តែ មានទស្សនៈមិនស្របគ្នា ក៏អាច​ជួប​ជុំគ្នាក្នុងឋានៈជាជនជាតិខ្មែរដូចគ្នា។

ខ្ញុំមិនទទួលខុសត្រូវជាមួយនឹងសារព័ត៌មានបរទេសទេ …។ ក្រុមអ្នកសារព័ត៌មានបរទេស ដែលធ្វើការឲ្យជន​បរ​ទេស ទៅស៊ីបាយរបស់បរទេសទៅ មិនចាំបាច់មកស៊ីបាយ ឬជួបជុំជាមួយ ហ៊ុន សែន នាំតែគេថា ស៊ីឈ្នួល​នោះ​ទេ។ សង្ឃឹមថា បក្សប្រឆាំងដែលមកទទួលការជប់លៀងជាមួយ ហ៊ុន សែន ឬអ្នកទាំងឡាយដែល​នៅទី​នេះ ក៏មិនមែនសុទ្ធតែសរសេរគាំទ្រ ហ៊ុន សែន នោះទេ។ យ៉ាងណាក៏ដោយ ក្រោមដំបូលនៃលទ្ធិប្រជា​ធិប​តេយ្យ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ យើងគប្បីត្រូវនិយាយជាមួយគ្នា ទោះ​បី​មាន​ទស្សនៈប្លែកគ្នា ក៏ប៉ុន្តែ មួយឆ្នាំជួបជុំគ្នាម្តង ខ្ញុំគិតថា វាមិនលំបាកទេ អ្នកដែលលំបាកជាងគេគឺ​ខ្ញុំ​ឯណេះ​វិញ​ទេ។ កីឡាក៏ត្រូវជួបមួយឆ្នាំម្តង ក្រៅពីកម្មវិធីមួយចំនួនទៀត បងប្អូនគ្រឹស្តត្រូវជួបមួយឆ្នាំម្តង បងប្អូន​ឥស្លាម​ត្រូវជួបដែរ ឥឡូវត្រូវសារព័ត៌មានមួយទៀត ហើយមិនទាន់បានកំណត់ពិធីជួប​ជុំសមាគមជនជាតិចិន​នៅ​ឡើយផង។ អញ្ចឹងហត់បន្តិចក៏វាមិនអីដែរ។

ជាអ្នកដឹកនាំដែលបានជួបអ្នកសារព័ត៌មានច្រើនដងជាងគេ

ប៉ុន្តែ បានតែជួបគ្នាហើយ យើងនិយាយគ្នាបន្តិច។ បន្តិចនេះ ខ្ញុំគិតថា វាក៏អាចផ្តល់ឱកាសមួយឲ្យយើង​ធ្វើកា​រ​រៀបចំ។ រឿងនេះមិនមែនជារឿងថ្មីថ្មោងសម្រាប់យើងទេ យើងឃើញហើយ តុមូល តុជ្រុង នៅ CNC នោះ ថា​តើ ​ហ៊ុន សែន និយាយពីអី។ ច្បាស់ណាស់ បើសិនជាដាក់ប្រធានបទមក ឬក៏ឲ្យខ្ញុំមកសន្និសីទសារព័ត៌មាន ខ្ញុំ​សូម​ជម្រាបជូនអសលោក លោកស្រី នាងកញ្ញា ថា ប្រហែលជានៅលើពិភពលោកនេះគ្មានមេដឹកនាំណា មួយ ដែលជួបអ្នកកាសែតច្រើនជាងខ្ញុំទៀតទេ។ ព្រោះអី? ព្រោះអ្នកទាំងនោះកាន់អំណាចរយៈពេលខ្លីៗ។ ឯខ្ញុំធ្វើ​រដ្ឋ​មន្រ្តី​ការបរទេសតាំងពីឆ្នាំ ១៩៧៩ រហូតមកដល់ពេលនេះ វាជាង ៣៨ ឆ្នាំ។ ជាង ៣៨ ឆ្នាំ​នេះ បើរាប់​តែ​ពី​សន្និ​សីទ​សារព័ត៌មាន តើប៉ុន្មានទៅ? ហើយមិនមែនសន្និសីទសារព័ត៌មាន គ្រាន់តែ(អង្គុយ)នៅធម្មតាទេ ក៏ប៉ុន្តែ អស់​លោក លោកស្រី អាចដឹងហើយថា សន្និសីទសារព័ត៌មានដែលខ្ញុំបានធ្វើនោះ វាមានទាំងនៅ​អង្គការ​សហ​ប្រ​ជាជាតិ វាមាននៅកន្លែងនេះ កន្លែងនោះ ហើយអ្នកដែលខ្លាំងៗ ដែលគេចាត់ទុកថាជើងខ្លាំង ខ្លះត្រូវចាយ ១០ ឬ ២០ ម៉ោង ជួប ហ៊ុន សែន។ សម្រាប់ពួកគាត់ក្នុងម្នាក់ៗ បើ ក្លូពូម៉ុងទី វិញ ណៃយ៉ាន់​ចាន់​ដា ហ្សាក់​បេ​គែ ហើយនិង អេលីហ្សាបែត បេគ័រ ម្នាក់ៗ ប្រហែលជារាប់សិបម៉ោង។ សុទ្ធតែជើងខ្លាំង​ហើយ រាប់ទាំង រ៉ាអ៊ូល ហ្សេ​ណា ឥឡូវគាត់ឈប់ធ្វើអ្នកកាសែត គាត់មកធ្វើជាទីប្រឹក្សាឲ្យរាជរដ្ឋាភិបាលកម្ពុជា។

អ្វីដែលខ្ញុំត្រូវទប់ទល់​នោះ មិនមែនរឿងតូចតាច ត្រូវឆ្លើយដូចថ្ងៃនេះទេ (គឺ)រឿងធំៗណាស់ទាក់ទងនឹង​យុទ្ធ​សាស្រ្ត។ ឧទាហរណ៍ សន្និ​សីទសារព័ត៌មានបន្ទាប់ពីជំនួប សីហនុ-ហ៊ុន សែន រួចហើយ​មិនមែន​ជារឿង​តូច​តាច​ទេ។ មានសន្និសីទ​សារ​ព័ត៌មានខ្លះ ធ្វើនៅម៉ោង ៣ ភ្លឺ។ ខ្ញុំនៅចាំបានថា បន្ទាប់ពីសន្និសីទប៉ារីសទី ១ បរា​ជ័យ​ IMC នេះ វាមាន JIM ដែល JIM នេះ គឺ Jakarta Informal Meeting បានសេចក្តីថា ការប្រជុំក្រៅ​ផ្លូវ​ការ​នៅហ្សាកាតា ក៏ប៉ុន្តែ​ ខ្ញុំហៅវាថា BIM វិញទេ Bogo Informal Meeting អាហ្នឹងបានវាត្រូវជាង ព្រោះមិន​បាន​ប្រជុំនៅ​ហ្សា​កា​តា​ឯ​ណា។ ប្រជុំនោះឯកឧត្តម អៀង ម៉ូលី និង បង ហោ ណាំហុង ដឹងហើយ ប្រជុំនៅ Bogo ហើយនាំគ្នាហៅ JIM JIM1 JIM2 អីអញ្ចឹងទៅវិញ។ IMC យើងប្រជុំរហូតដល់ម៉ោង ២ កន្លះ ម៉ោង ៣ ខ្ញុំ(ធ្វើ)​​សន្និ​សីទ​សារ​ព័ត៌​មាន។ IMC គឺ Informal Meeting on Cambodia អាហ្នឹងអង់គ្លេសខ្ញុំមិន​សូវ​ច្បាស់​ទេ ប៉ុន្តែបានចេះអង់គ្លេសមួយម៉ាត់ ពីរម៉ាត់ហ្នឹងគ្រាន់បើហើយ ព្រោះពួកអង់គ្លេសគ្មានចេះខ្មែរពីអង្កាល់?

អ្នកខ្លះបង្អាប់ថា ខ្ញុំនិយាយមិនច្បាស់ទេ។ អាហ្នឹងមិនមែនភាសាជាតិខ្ញុំផង ខ្ញុំគ្រាន់បើជាង អូបាម៉ា ព្រោះ អូបា​ម៉ា អត់មានចេះខ្មែរផងហ្នឹង។ ខ្ញុំនិយាយភាសាអង់គ្លេសជាមួយ អូបាម៉ា។ បារាំង​ ក៏ខ្ញុំចេះតិចតួច ត្រឹមតែដោះ​ទាល់។ ប៉ុន្តែ បារាំងខ្លះ អត់ចេះខ្មែរមួយម៉ាត់ផង។ អាហ្នឹងខ្ញុំនិយាយលេងតិចទៅចុះ។ តែបើបានចេះក៏ល្អ។​ឥឡូវ​នេះ ខ្ញុំចង់​និយាយអញ្ចេះ ដំបូង ខ្ញុំចង់ចាប់ផ្តើមពីស្ថាប័នរដ្ឋសិន។ ស្ថាប័នដែលវ័យឆ្លាត គឺស្ថាប័ន​ដែល​រៀប​ចំបណ្តាញសារព័ត៌មានបានល្អ ឬក៏អ្នកគ្រប់គ្រងខាងព័ត៌មានដែលល្អ ទាំងស្ថាប័នរដ្ឋនៅថ្នាក់ជាតិ ទាំង​ស្ថា​ប័ន​ថ្នាក់ក្រោមជាតិ។ តើគួររៀបចំអ្វី? ខ្ញុំសូមឲ្យមតិ ព្រោះកន្លងទៅឲ្យធ្វើហើយ តែហាក់ដូចជា​យន្ត​​ការ​ហ្នឹង​វា​មិនដើរ។

យកមន្ទីរព័ត៌មានធ្វើសេនាធិការរៀបចំអំពីគេហទំព័រ និងក្រុមហ្វេសប៊ុក

វាដើរដែរ ប៉ុន្តែវាដើរមានកម្រិត។ កន្លែងខ្លះដើរលឿន កន្លែងខ្លះក៏ដើរយឺត ជាពិសេសគឺ​បណ្តាញ​អ្នកនាំ​ពាក្យ​តែ​ម្តង។ ឥឡូវ ដោយសារថ្ងៃនេះ ក៏មានថ្នាក់ខេត្តមកជាមួយដែរ ខ្ញុំសុំផ្តល់មតិបណ្តាញរបស់ក្រសួងព័ត៌មាន មាន​មន្ទីរព័ត៌មានរបស់ខេត្ត អញ្ចឹងទេ ឲ្យប្រធានមន្ទីរព័ត៌មានហ្នឹង គាត់ធ្វើជាអ្នកនាំពាក្យតែម្តងទៅ ក្រោមការត្រួត​ពិនិត្យ​មើលរបស់អភិបាលរងម្នាក់។ យកមន្ទីរព័ត៌មានហ្នឹងធ្វើសេនាធិការឲ្យរដ្ឋបាលខេត្តតែម្តង។ នេះគឺជារឿង​ដែល​មិន​ចាំ​បាច់​ប្រើក្របខណ្ឌអ្វីច្រើនទេ ជំនាញនៅទីនោះស្រាប់ហើយ។ ប៉ុន្តែ យើងវាអត់ធ្វើ។ អញ្ចឹង​គ្នា​​រក​កន្លែង​វាមិនឃើញ បានអ្នកសារព័ត៌មានទៅឆាឆៅអ្នកនេះ ទៅឆាឆៅអ្នកនោះ។ ឥឡូវចង្អុលឲ្យវាចំតែម្តងទៅ ប្រ​ធាន​មន្ទីរព័ត៌មានហ្នឹង។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ត្រូវធ្វើការជាមួយអភិបាលខេត្ត តែងតាំងធ្វើអ្នកនាំពាក្យ គឺប្រ​ធាន​មន្ទីរព័ត៌មាន ធ្វើអ្នកព័ត៌មានហ្នឹងទៅ ហើយរដ្ឋបាលខេត្តឲ្យក្រុមហ្នឹងធ្វើសេនាធិការ រៀបចំឲ្យល្អអំពី​គេហ​ទំ​ព័រ ហើយនិងក្រុមហ្វេសប៊ុក។

ខ្ញុំសុំនិយាយរឿងហ្នឹងបន្តិច។ ខ្ញុំ(ជា)មនុស្សរពិស … រឿងបញ្ហាឆែកមើលព័ត៌មាននេះឯង។ ខ្ញុំសុំបង្ហាញអំពី​គេហ​ទំព័របន្តិចទៅចុះ។ ខ្ញុំមានគេហទំព័រដល់ទៅពីរ ដើម្បីយកមកបញ្ចូល ហើយយកផ្ទៀងគ្នា មួយយកពី របស់ គង់ ប៊ុនអាន ដែលគេដាក់ government នេះ អានេះមួយផ្នែកទៅ ព្រោះខ្ញុំមាន website របស់ខ្ញុំ។ ខ្ញុំ​មាន​​ wifi pocket  របស់ខ្ញុំ។ គ្រាន់តែរំលឹកថាមេព័ត៌មាននោះ ដោយរាប់ត្រឹម អ៊ុក គឹមសេង ឡើងទៅ CNC យប់​មិញ​ តើមានបានមើល website របស់ក្រសួងព័ត៌មាន ឬអត់? Website របស់ក្រសួង​ព័ត៌​មាន​អស់​ត្រឹម​ថ្ងៃ ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ … បានខ្ញុំថា បើមុននឹងទៅលាងគូទឲ្យគេ វាលាងគូទខ្លួនឯងឲ្យវាស្អាតសិន។​អញ្ចឹងបានខ្ញុំចេះតែត្អូញត្អែរ ខេត្តខ្លះមាន ក៏ប៉ុន្តែមានតែឈ្មោះ តែវាអត់មានព័ត៌មាន។ អញ្ចឹងបានជាអ្នកក្រសួង ស្ថា​ប័ន ដែលនៅទីនេះ រាប់ទាំងខេត្ត និងស្ថាប័នរដ្ឋ បើខ្លួនចង់កុំឲ្យអ្នកសារព័ត៌មានរំខានខ្លួន បញ្ចេញ​ព័ត៌មាន ដាក់​ទៅ Website របស់ខ្លួន។ បើគេមិនស្គាល់ទេ ខ្ចីទូរទស្សន៍គេរត់អា Website ក្រសួងនេះទៅ …។

ក្រសួងនានាគួរផ្សារភ្ជាប់ជាមួយនឹងសារព័ត៌មាន តាមរយៈការបញ្ចេញព័ត៌មាន​តាមគេហទំព័រ

ខ្ញុំមិនចង្អុលទៅក្រសួងណាទេ គ្រាន់តែចង្អុលក្រសួងព័ត៌មាន ជាក្រសួងដែលគ្រប់គ្រងព័ត៌មាន ក៏ប៉ុន្តែ វាអត់​ព័ត៌​មាន។… ម្សិលមិញ ខ្ញុំបើកមើល។ ថ្ងៃនេះ ពុយ គា បានបញ្ជូនព័ត៌មាន អំពីអ្នកសារព័ត៌មានរបស់យើង ខក​ចិត្ត ដែលមិនបានមកចូលរួម ឲ្យខ្ញុំតាម WhatsApp។ ខ្ញុំ​អត់​ឆ្លើយទៅ ពុយ គា វិញទេ។ មូលហេតុ ពុយ គា បាន​ទទួលក្រោយខ្ញុំមួយថ្ងៃ។ … ដោយសារខ្ញុំត្រូវដឹកនាំប្រតិភូទៅ វេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេស ស្វ៊ីស ហើយថ្ងៃហ្នឹងខ្ញុំធ្វើការដល់យប់ (ក៏មាន) comment ចូលមកហើយក៏មានចំនុចហ្នឹង។ ដល់មានចំនុច​ហ្នឹង ត្រឡប់មកវិញ ខ្ញុំក៏បើកមើលក្នុង website របស់ក្រសួងព័ត៌មាន។ ពេលដែលបើកមើលក្នុង website របស់​ក្រសួងព័ត៌មាន អត់មានការពន្យល់អីបន្តិច។ អញ្ចឹងខ្ញុំក៏ទូរស័ព្ទទៅសួរ កាញារីទ្ធ …។

ក្រសួងខ្លះ ដូចជាក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួងកសិកម្ម ក្រសួងសាធារណការ ក្រសួងពាណិជ្ជកម្ម (វ៉ែប​សាយត៍)គេដើរលឿន ហើយដើរលឿនជាងគេ គឺនគរបាល អាវុធហត្ថ។ ខ្ញុំថាព័ត៌មានតាមទូរទស្សន៍ជាតិ​​វាផ្អូម​… យ៉ាងណាក៏ដោយ ខ្ញុំមិនស្តីបន្ទោសទេ។ ខ្ញុំគ្រាន់តែឲ្យអនុសាសន៍ទៅអស់លោក។ អស់លោកអត់ផ្សារ​ភ្ជាប់​ជា​មួយនឹងសារព័ត៌មាន តាមរយៈការបញ្ចេញព័ត៌មានតាមគេហទំព័រ។ ខ្ញុំមិនថាឲ្យអស់លោកតាម Facebook ទេ លេងតាមគេហទំព័រ ទើបវាច្បាស់។ គេហទំព័រផ្លូវការ ហើយ Email ក៏គួរប្រើ Email ផ្លូវការ ប្រយ័ត្នគេប្តឹង …

ខ្ញុំ​​សុំស្នើ​ឲ្យបណ្តាស្ថាប័ន ជាពិសេសខេត្ត (ហើយសុំ)ឲ្យ កាញារីទ្ធ ធ្វើការជាមួយអភិបាលខេត្ត ដើម្បីឲ្យ​មាន​អ្នក​នាំ​ពាក្យពិតប្រាកដ។ អភិបាលរងខេត្តមួយ ទទួលខុសត្រូវ មើលពីលើ។ ប៉ុន្តែ វាពាក់ព័ន្ធមិនគ្រាន់​តែ​អ្នក​នាំ​ពាក្យ​ទេ តែពាក់ព័ន្ធជាមួយនឹងការរៀបចំឲ្យដំណើរការ ដូចជា គេហទំព័រ និងក្រុម Facebook។ បើនិយាយពី Facebook (របស់)ខ្ញុំ បច្ចុប្បន្ននេះ (បាន)ក្លាយទៅជាវេទិកាសាធារណថ្នាក់ជាតិមួយដ៏ធំ ស្អីក៏ចូល​មក​ក្នុង​ហ្នឹង​ដែរ។ ប៉ុន្តែមានអ្នកខ្លះ ក៏ខ្ញុំសុំបញ្ជូនសារត្រឡប់ទៅវិញ។ កុំលេងក្បួនដាក់មកអត់មាន Profile ច្បាស់​លាស់​។ ដាក់ “អ្នកការពារ” រូប ចាន់ ចាវ រួចហើយប្រាប់ថា “នាងខ្ញុំបានវាយចូល inbox របស់សម្តេច” ហើយ ខ្ញុំ​ក៏​បើកមើលក្នុង Inbox … (គាត់)លេងចៅហ្វាយខេត្តមួយ។ ដល់អញ្ចឹងខ្ញុំវាយបកទៅ វិញថាតើមាន​រឿងអ្វី​ខ្លះ​ក្រៅ​ពីហ្នឹង សុំឲ្យលេខអាសយដ្ឋានខ្ញុំបានទេ? អត់បើករហូតដល់ឥឡូវ។  បានសេចក្តីថា ម្នាក់នេះ មានចេតនា​អា​ក្រក់។

… ខ្ញុំក៏គួរតែនិយាយថាផ្នែកទូរទស្សន៍ ឬវិទ្យុនានាក៏គួរតែមាន Website មានគេហទំព័រ មាន Facebook របស់​ខ្លួន ព្រោះពេលខ្លះយើងអត់បានមើលក្នុងពេលដែលគេបញ្ចាំងទេ ប៉ុន្តែ យើងផ្អែកទៅលើការបើកមើល​តាម​រយៈ Facebook page របស់ទូរទស្សន៍ ឬវិទ្យុនោះឯង។ នេះជាការផ្តល់មតិទៅលើវិស័យផ្នែក​សារ​ព័ត៌​មាន។ ខ្ញុំសុំកោតសរសើរចំពោះគេហទំព័ររបស់កោះសន្តិភាព ដែលវាមានល្បឿនលឿន ហើយ Update ជាប់​។ ខ្ញុំតាមមើលដែរ។ ខ្ញុំក៏(ជា)មនុស្សចូលចិត្តអាន។ ខ្ញុំទៅណា ក៏មានកាសែតទៅទាំងកងៗ ហ្នឹង។ ខ្ញុំចង់​ជម្រុញ​ឲ្យមនុស្សអានឲ្យបានច្រើន។ បើខ្ញុំមិនបានអានអាហ្នឹងទេ ខ្ញុំក៏មានទូរស័ព្ទសម្រាប់អានដែរ។ (រឿង)ហ្នឹងទាក់​ទិន​នឹងអំពាវនាវឲ្យស្ថាប័នរដ្ឋធ្វើការជាមួយគ្នា។ យើងគួរយករបៀបក្រសួងបរិស្ថាន។ យ៉ាងម៉េចទៅដែលហៅ ថា​របៀបក្រសួងបរិស្ថាន? ក្រសួងបរិស្ថានបានរៀបចំវេទិការវាងអ្នកការពារបរិស្ថាន​ និង​ធនធានធម្មជាតិជា មួយ​នឹងរាជរដ្ឋាភិបាលមួយឆ្នាំម្តងដែរ។ យើងជជែកការងារ (ហើយ)សេចក្តីសម្រេចរបស់​វេទិកា​នោះ​​ មាន​តម្លៃ​ស្មើសេច​ក្តីសម្រេចនៃអង្គប្រជុំគណៈរដ្ឋមន្ត្រី ដូចជាវេទិការវាងរាជរដ្ឋាភិបាល និងឯកជនផង​ដែរ​។ ជួប​ជុំមួយឆ្នាំ​ម្តង យើងក៏មិនអាចដោះស្រាយរាល់សំណួរ ដែលបើកឲ្យមានការសួរដេញដោល​គ្នា ​ដោះស្រាយបញ្ហានេះ​ដែរ។ ប៉ុន្តែ នៅក្នុងចន្លោះពេលនៃការជួបជុំគ្នាមួយទៅការជួបជុំគ្នាមួយ ​រដ្ឋ​មន្ត្រីក្រសួងព័ត៌មានហ្នឹងឯង​ដែល​ត្រូវ​ធ្វើ​ការ​ជាមួយសហព័ន្ធសារព័ត៌មាន​ មានប្រមាណជាសាមសិបប៉ុន្មាន​សហព័ន្ធ ធ្វើការដោះស្រាយបញ្ហា​នានា​ដែលលេចឡើង។

សារព័ត៌មានដែលគេជឿ ជាសារព័ត៌មាននិយាយការពិត និងទាន់ហេតុការណ៍

ខ្ញុំចង់និយាយពីផ្នែកខាងអ្នកព័ត៌មានយើងវិញម្តង។ … ខ្ញុំនិយាយត្រង់។ ចុះបើនិយាយ​មិនត្រង់ធ្វើ​នាយក​រដ្ឋ​មន្ត្រី​ធ្វើអី។ ដោយសារតែនិយាយត្រង់ហ្នឹងហើយដែលអាចធ្វើនាយករដ្ឋមន្ត្រីបានដល់ ៣២ ឆ្នាំ ហើយកុំ​មក​ចង់​ផ្តួល​លេងៗ … កុំចង់បដិវត្ដពណ៌។ បដិវត្ដពណ៌កំពុងងាប់។ ឥឡូវដូចជាស្ងាត់ … ខ្ញុំនិយាយពី​សារព័ត៌មាន ដែល​គេជឿ ដែលឆ្លាត តើជាសារព័ត៌មាន​ប្រភេទណា? គឺជាសារព័ត៌មាននិយាយការពិត និងទាន់ហេតុ​​ការណ៍។ បើអ្នកឯងនិយាយមិនពិត​ម្តង​ជាពីរដង អាហ្នឹងគេធីបអ្នកឯងនៅកៀនជញ្ជាំងហើយ។ ហ្នឹងទី ១។ ទី​២ បើសិនវាផ្អូម គ្មានអ្នកណាគេបើ​ក​មើលទៀតទេ ហើយគ្មានអ្នកណាអានព័ត៌មានហ្នឹងដែរ ព្រោះព័ត៌មាន​វា​មិន​មែនមានតែមួយឯណា ព័ត៌មាន(មានពី)ច្រើន(ប្រភព)។ អនឡាញវាច្រើនណាស់។ ​វែប​សាយត៍​វាច្រើន​ណាស់។ អញ្ចឹងសុំព័ត៌​មានឲ្យវាច្បាស់។ ខ្ញុំតែងតែទូន្មាន ខ្ញុំចង់ឲ្យអ្នកល្អ។ ខ្ញុំនិយាយពីគោ ដល់យកទៅ​សរ​សេរ​ពីក្របី តើអ្នកណា​គេជឿ? បើលោក ហ៊ុន សែន កំពុងថ្លែងអញ្ចឹង ប៉ុន្តែមិនដឹងហ្វេសប៊ុករបស់ខ្ញុំផ្សាយឬអត់ ប៉ុន្តែ​ Fresh News កំពុង​ផ្សាយផ្ទាល់ … ដូចនេះគេស្តាប់ គេឃើញ គេលឺ ហើយខ្លួនឯងយកទៅសរសេរ ទៅ​បក​ស្រាយ​ខុស តើអ្នកណាគេជឿទៀត?

អញ្ចឹង ចំណុចដែលគួរត្រូវធ្វើគឺព័ត៌មានពិត និងទាន់ហេតុការណ៍។ ចំណុចពីរហ្នឹង​គឺសំខាន់ បើអ្នកឯងនិយាយ​ពិត ប៉ុន្តែអត់ទាន់ហេតុការណ៍ ក៏គេមិនមើល ព្រោះគេបានមើលមុនហើយ​។ ព័ត៌មានបច្ចុប្បន្ននេះ​ គឺប្រកួតប្រ​ជែង​គ្នាអំពីល្បឿនទៅវិញ។ ហើយអ្នកនយោបាយ អ្នករកស៊ីជាពិសេស បើនិយាយពីរឿងសេដ្ឋកិច្ចវិញ​ អ្នករក​ស៊ី​គេ​ត្រូវការល្បឿនលឿនខ្លាំងណាស់ … ខ្ញុំមិនមែនអ្នកទាយភាគហ៊ុនទេ តែខ្ញុំទាយពីលទ្ធផលបោះឆ្នោតរបស់​ត្រាំម៍ ត្រូវ។ អ្នកខ្លះ ៩៩ ចាក់យក ហ៊ីឡារី គ្លីនតុន។ ខ្ញុំចាក់យក ដូណាល់ ត្រាំម៍។ ចាំពេលណាមួយ ខ្ញុំប្រាប់​គន្លឹះ យ៉ាងម៉េចទៅបានហ៊ានដល់ទៅប៉ុណ្ណឹង។ ថ្ងៃនេះទី ១៤ ហើយ សល់តែ ៦ ថ្ងៃទៀតទេ … គេចង់​វាយ​ក្បាល​ខ្ញុំ ប៉ុន្តែមិនត្រូវខ្ញុំ ទៅត្រូវ ដូណាល់ ត្រាំម៍។ … អញ្ចឹង ចំណុចទីមួយដែលខ្ញុំចង់បញ្ជាក់​គឺ ​សារព័ត៌​មាន​ល្បី ដែលគេចូលចិត្តមើល គឺសារព័ត៌មាននិយាយការពិត ទាន់ហេតុការណ៍ សូមអស់លោក​អ្នក​សារព័ត៌មាន​យក​​ទៅច្នៃខ្លួនឯងទៅ។

សូមអ្នកសារព័ត៌មានកុំធ្វើខ្លួនជាអ្នកអត្ថាធិប្បាយផង ធ្វើអ្នកការពារក្តីផង និងធ្វើចៅក្រម

ទី ២ ខ្ញុំសុំស្នើអស់លោកទាំងកាសែតក្តី ទាំងវិទ្យុក្តី តាមទូរទស្សន៍ក្តី ជាពិសេសអស់លោក អ្នកតាមទូរទស្សន៍​ និងវិទ្យុ កុំធ្វើជាអ្នកអត្ថាធិប្បាយផង ធ្វើអ្នកការពារក្តីផង និងធ្វើចៅក្រមផង។ ប្រហែលអ្នកធ្វើអត្ថាធិប្បាយតាម​វិទ្យុមួយចំនួន ទូរទស្សន៍មួយចំនួន កំពុងដើរហួសពីតួនាទីរបស់ខ្លួនហើយ ដែលអាចមានពេលខ្លះជះឥទ្ធិពល​ទៅលើសាធារណៈមតិ និងរហូតជះឥទ្ធិពលទៅដល់បញ្ហាតុលាការទៀត។ សូមឲ្យយកចិត្តទុកដាក់។ យើង​(ធ្វើ)​ត្រឹម​​តែជាអ្នកផ្តល់ព័ត៌មាន​ពិត តែកុំសន្និដ្ឋាន ហើយកុំធ្វើចៅក្រម។ ខ្ញុំគិតថា អ្នកដែលបានធ្វើរឿងនេះ ពិត​ជា​​យល់ថា ខ្លួនឯងបានធ្វើអី ខ្ញុំមិនចាំបាច់ប្រាប់ឈ្មោះទេ។ មានពេលខ្លះដើរតួនាទីនយោបាយថាបក្សនេះគួរតែ​ធ្វើ​អញ្ចេះៗ។ កុំធ្វើអាហ្នឹង មិនមែនជាតួនាទីរបស់ខ្លួនទេ តួនាទីរបស់ខ្លួនត្រឹមបញ្ចេញការពិត ប្រាប់ថាខាងនេះ​ គេ​និយាយអញ្ចេះៗ (ហើយ)សន្និដា្ឋនបែបណាទុកឲ្យ។ យើងម្នាក់ឯងគ្រាន់តែអ្នកធ្វើអត្ថាធិប្បាយតែប៉ុណ្ណោះ មិន​មែនជា​ចៅក្រម ហើយមិនមែនជាចៅក្រមស៊ើបអង្កេត ចៅក្រមកាត់ក្តី ហើយក៏មិនមែនជាព្រះរាជអាជ្ញាដែល​​អាច​ធ្វើ​ការចោទប្រកា​ន់បាននោះទេ។ ខ្ញុំឃើញមានពេលខ្លះ ហាក់ដូចជាជ្រុល … យើងជាអ្នកសារព័ត៌​មាន​មាន​​តួនាទីជាកញ្ចក់​ឆ្លុះបញ្ចាំង​បញ្ហាដែល​លេចឡើង …។

ដើរតួជាអ្នកសារព័ត៌មាន​ដើម្បីជួយរួមចំណែក​កសាង​សង្គម បើមិនដូច្នោះតើអោយមេដឹកនាំវិនិច្ឆ័យ​បែបណា បើរឿងសទៅជាខ្មៅ ខ្មៅទៅជាស។ នេះជាបញ្ហាដែល ខ្ញុំ​គួរ​តែនិយាយ។ យើងទទួលហើយ មតិពី​ប្រជា​ពលរដ្ឋ ក៏ប៉ុន្តែយើងអានមតិហ្នឹង ហើយទុកលទ្ធភាព​ឲ្យគេ​តវ៉ា​ផង … កុំធ្វើការសន្និដ្ឋានដោយបិទផ្លូវ​។ ​យ៉ាងម៉េចទៅ​សន្និ​ដ្ឋាន ដោយបិទផ្លូវ? (គឺ)ដូចខ្ញុំនិយាយអម្បាញ់ម៉ិញ ដើរតួជាចៅក្រមធ្វើការសន្និដ្ឋានដោយបិទផ្លូវ អញ្ចឹងទេ យើងគ្រាន់តែថានេះជាព័ត៌មានដែលមិនទាន់បានសួរបញ្ជាក់ទៅភាគីខាងណេះ ដោយទូរស័ព្ទមិន​លើក​(ឧទា​ហរណ៍) ប៉ុណ្ណឹងទៅ វាចប់ហើយ។ ប៉ុន្តែ បើយើងសន្និដ្ឋានថា រឿងនេះ វាខុសអញ្ចេះ បើអ្នកឯង​ចង្អុល​ថា​ខុស​ហើយ អាហ្នឹង​ វាមិន​បិទផ្លូវបាត់ហើយ។ … សម្តីខ្លះ ពេលខ្លះនាយករដ្ឋមន្ត្រីមិនហ៊ាននិយាយទេ អ្នកធ្វើអត្ថា​ធិប្បាយ​ហ៊ាននិយាយ … បានក្បាលមេក្រូមុខទូរទស្សន៍ផង ទៅបណ្តោយ …  ធ្វើអ្នកសារព័ត៌មានកុំជោរ​ …។

សូមកុំធ្វើការដោះដូរលុយកាក់ ដើម្បីបំបិទព័ត៌មាន

ខ្ញុំនៅចំាលោក ប៉ែន សាមិទ្ធិ នៅពេលដែលមាន​ការ​សម្ភាសន៍​មួយ ខ្ញុំមើលគាត់និយាយត្រូវ។ គាត់ថា​អ្នក​សារ​ព័ត៌​មានកុំជោរ។ ជាអកុសលគាត់​ទទួលមរណកាលទៅហើយ។ មួយទៀត ខ្ញុំគួរតែប្រាប់ថា បើសរសេរត្រឹមត្រូវ​កុំ​ខ្លាចគេប្តឹង។ បើយើងមានហេតុមានផល មានមូលដ្ឋានត្រឹមត្រូវ កុំខ្លាចគេប្តឹង។ អ្វីដែលគួរអោយខ្លាច ខ្ញុំសុំ​ជម្រាបថា សូមកុំធ្វើការដោះដូរ រវាងផលប្រយោជន៍លុយកាក់ និងការបំបិទព័ត៌មាន។ នេះជារឿងដែលខ្ញុំ​ធ្លាប់​លឺ ហើយរឿងនេះ រឿងពិត មិនមែនរឿងមិនពិតទេ។ មានអ្នកមានប្រាក់កាស មានអំណាចខ្លះ ធ្វើខុស ហើយ​សារ​ព័ត៌មានចាប់បាន។ អញ្ចឹង ដើម្បីទិញសារព័ត៌មាននោះកុំអោយផ្សាយ ឬផ្សាយបំភ្លៃ ដោះដូរជាមួយ​លុយ​កាក់។ សារព័ត៌មានបែបនេះ មិនអាចបម្រើសង្គមបានទេ មានតែជម្រុញអោយ​សង្គម​ប្រព្រឹត្តអំពើពុក​រលួយ​តែ​ប៉ុណ្ណោះ។ មានអ្នកខ្លះ ចាប់បានរឿងដឹកឈើរឿងស្អីៗហ្នឹង អត់ទេ(ទទួលការ)សូកប៉ាន់លុយ ទីមួយមិនផ្សាយ ហើយ​បើផ្សាយ ក៏ផ្សាយបំភ្លៃ។ ទោសដែលត្រូវជាប់គុក ទៅជាមានគុណសម្បត្តិ​ទៀត។  តែមិនស្រួលមក​ស្នើ​សុំ​រាជរដ្ឋាភិបាលបំពាក់មេដាយអោយទៀត។ ខ្ញុំចង់បានការពិតមួយដែល​បង្ហាញ​អោយច្បាស់ កុំមួលបង្កាច់ ហើយក្នុងករណីដែលយើងមានការថ្លោះធ្លោយ កុំខ្លាចនឹង​ធ្វើការ​កែតម្រូវអោយគេ។ ហ្នឹងបានគេហៅថា យើងហ៊ានទទួលខុស និងត្រូវ …។ ខ្ញុំសូមអរគុណ​ឯកឧត្តមអនាគតប្រធានាធិបតីអាមេរិក ដូណាល់ ត្រំាម៍ ដែល​និយាយត្រង់ៗ ទៅ​លើ​សារ​ព័ត៌មាន​ដ៏ស្មោកគ្រោករបស់ពួក​អាមេរិក។ ខ្ញុំមិនចង់អោយសារព័ត៌មាននៅ​កម្ពុជា ស្មោកគ្រោកដូច​សារព័ត៌មាននៅ​អាមេរិកទេ។ ពេលខ្លះខ្ញុំនិយាយទៅកាន់អស់លោក ខ្ញុំចង់អោយ​គេ​ជឿ​កា​សែតអស់លោក មិនមែនស្តីបន្ទោសអោយអស់លោកទេ …។

អ្វីដែលកើតនៅកម្ពុជា ឥឡូវវាក៏កើតនៅអាមេរិកដែរ

… ពិភពលោកច្របូកច្របល់​អស់ហើយ។ អ្នកដែលមានបច្ចេកវិទ្យាជាន់ខ្ពស់ មិនមែន​អាមេរិក​ទេ។ បើ ប៉ារ៉ាក់ អូ​បាម៉ា គាត់ថា រុស្ស៊ី hack ប្រព័ន្ធព័ត៌មាន(ពាក់ព័ន្ធនឹងការបោះឆ្នោត)។ អញ្ចឹង ​បាន​​សេចក្តីថា រុស្ស៊ីខ្លំាង​ជាង​អា​មេរិក។ ប៉ុន្មានថ្ងៃនេះ ប្រធានាធិបតី ប៉ារ៉ាក់ អូបាម៉ា ថា ចិន និងរុស្ស៊ីមិន​អាចតាមទាន់ទេ ប៉ុន្តែប៉ុន្មាន​ថ្ងៃ​មុន​ប្រ​កាស​ថា រុស្ស៊ីចូល hack … មានអ្នកណាខ្ពស់ជាងអ្នក​ណាឥឡូវហ្នឹង។ ពិបាកយល់ដែរពិភពលោក។ ប៉ុន្តែ​ណ្ហើយ រឿងអ្នកដទៃ … អ្វីដែលមាននៅកម្ពុជាប៉ុន្មាន ទៅវិញ​អស់​រលីង។ បោះឆ្នោតរួចហើយធ្វើបាតុកម្ម ក៏ទៅ​កើត​​នៅ​អាមេរិកវិញ បោះឆ្នោតរួចហើយទាមទារ​អោយ​រាប់សន្លឹកឆ្នោតឡើងវិញ ក៏ទៅកើតនៅអាមេរិក​វិញ បោះ​ឆ្នោត​រួចហើយថា មានការបន្លំសន្លឹក​ឆ្នោត​​ក៏ទៅកើតនៅអាមេរិកវិញ … (នេះ)បានបង្ហាញ​ថា អ្វីដែលអាមេរិក​បាន​បង្កើតនៅកម្ពុជា ឥឡូវ​អាមេរិក​បាននំាទៅអាមេរិកវិញហើយ …។ ខ្ញុំសូមអំពាវនាវចំពោះស្ថាប័នសារ​ព័ត៌​មាន និងបុគ្គលសារព័ត៌មាន កុំប្តូរផល​ប្រយោជន៍ព័ត៌មានជាមួយនឹងលុយកាក់ ដែលធ្វើអោយគេទិញបាន ក្នុង​ពេល​ដែលស្ថាប័នព័ត៌មាន​កំពុងតែទាមទារ នៅក្លាយទៅជាអំណាចទី ៤។ ខ្ញុំធ្លាប់ទៅចូលរួមហើយ ៨ ឧសភា​នោះ មិនដឹង​ជា​ប៉ុន្មាន​ឆ្នំាទេ នៅទសវត្សរ៍ ៩០។ ពេលហ្នឹងទារអំណាច ក្លាយជាអំណាចទី ៤ តែអំណាចទី ៤ យ៉ាងម៉េច បើមួយថ្ងៃៗ ជេរគ្នា។ គេមិនអោយធ្វើអំណាចទី ៤ ទេ អំណាច ៣ នឹង វាគ្រប់​ហើយ និតិបញ្ញាតិ្ត និតិប្រតិបត្តិ និងតុលាការ។ ដល់អំណាចសារព័ត៌មានក្លាយជាអំណាចទី ៤ ទៀត … ដូណាល់ ត្រំាម៍ ជេរ CNN ជាងគេ …។

… មាន​កា​សែតបរទេសខ្លះនៅកម្ពុជា បើតែសរសេរខុស មិនដែលកែតម្រូវអោយគេទេ រួចហើយថាវាស្តង់ដា។ ខ្ញុំ​សុំជម្រាបជូនស្តង់ដាអន្តរជាតិ ប្រើបានតែប៉ុន្មានចំណុចទេ។ ស្តង់ដាអន្តរជាតិ ទីមួយ ប្រើបានតែវិស័យកីឡា ទីពីរ ប្រើបានក្នុង​វិស័យមួយចំនួនដែលទាក់ទងជាមួយ ISO អំពីសុវត្ថិភាពចំណីអាហារ ឬក៏​គុណភាព​ស្អីៗ​នោះតែប៉ុណ្ណឹងទេ។ អារឿងនយោបាយ កុំនិយាយស្តង់ដាអន្តរជាតិខ្មោចអី។ ​សូម្បី​តែអាមេរិក​ច្របូក​ច្រ​បល់​​មិន​ដឹង​ជាស្អីៗ ហើយមិនដឹងថា ថ្ងៃទី ២០ ឡើងកាន់តំណែងមាន​មនុស្ស​​ប៉ុន្មាននាក់ធ្វើបាតុកម្ម​ប្រឆំាង ត្រំាម៍ នៅ​… ខ្ញុំមិនមានពិសោធន៍ច្រើនទេ ក៏ប៉ុន្តែខ្ញុំក៏អាច​និយាយបានថា ក្នុងចំណោមប្រធានាធិបតីនៃប្រទេសជាច្រើន នា​យករដ្ឋមន្ត្រីនៃប្រទេសជាច្រើន ខ្ញុំធ្វើ​ការ​ជាមួយពួកគេ។ ខ្ញុំមិននិយាយថា លោក ហ្វ្រង់ស័រ ហូឡង់ ឬ​ ម៉ាក់ អេរ៉ូ ​ជាអ្នកឈ្នះនោះទេ។ ខ្ញុំខ្សឹបខ្សៀវរួចទៅហើយ តែខ្ញុំមិននិយាយជាសាធារណៈ។ មិនមែនបានសេចក្តីថា កម្ពុជាចូលទៅ hack លទ្ធផលទេណា។ កាលពីមុនខ្ញុំហ៊ាននិយាយថា ត្រំាម៍ ឈ្នះ បើអញ្ចឹងកម្ពុជាវា​ខ្លំាង​ណាស់​ទៅហើយ ថ្នាក់ចូលទៅដូរលទ្ធផលបោះឆ្នោតនៅប្រទេសគេបាននោះ … ប៉ុន្តែខ្ញុំមិនមែន​គ្រូទាយទេ ប៉ុន្តែ​ខ្ញុំជាមនុស្សម្នាក់ដែលកាន់ការរដ្ឋ បូកតំាងពីថ្នាក់រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីរហូត​ទៅដល់​ជិត ៤០ ឆ្នំាទៅហើយ ៣៨ ឆ្នំាជាង។

ការដាក់កុងត្រូលយកលុយរបស់អ្នកកាសែត ត្រូវចាប់ដាក់ទោសភ្លាម

មួយទៀត ខ្ញុំសូមផ្តល់​មតិ​អោយ​អ្នក​សារ​ព័ត៌មាន ប្រយ័ត្នប្រយែង។ ថ្ងៃប្រជុំគណបក្សប្រជាជន បែរជា​អភិបាល​ស្រុក​ស្នួល​លើក​សំណូម​ពរថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមមេត្តា (មើល ព្រោះ) ពួកសារព័ត៌​មាន​ទៅ​ដាក់​កុងត្រូលយកលុយ។ បានដល់គាត់និយាយចប់ ខ្ញុំថាអត់ទេណា​​ គ្មានរឿងអភ័យឯកសិទ្ធិអីទេ។ ចាប់វាយ​ខ្នោះ​ភ្លាម។ កាញារីទ្ធ បានអាហ្នឹងបង្ហោះភ្លាម។ កុំថាលោកឯងត្រឹមសារព័ត៌មាន លោកឯងជាតំណាង​រាស្ត្រ​ក៏​ដោយ ព្រឹទ្ធសភាក៏ដោយ ទៅធ្វើបទល្មើសជាក់ស្តែង (ត្រូវ)ចាប់ខ្លួននៅកន្លែង។ កុំឲ្យសោះ។ ឥឡូវ​សូម​ប្រាប់​បណ្តា​ខេត្តទាំងអស់ ចង្អុលឲ្យហើយ បើឃើញអ្នកសារព័ត៌មាន កុំថាអ្នកសារព័ត៌មាន អ្នកណាក៏ដោយ ដាក់​កុង​ត្រូលជជុះយកលុយ (ត្រូវ)ចាប់ទាំងអស់។ ឃើញក្នុងសេចក្តីសម្រេចរបស់គណបក្សប្រជាជនទេ ប្រយុទ្ធ​ប្រ​ឆាំង​ជាមួយគ្រឿងញៀន ចោរកម្ម ឃាតកម្ម ការកាប់ឈើខុសច្បាប់ ការទន្ទ្រានយកដីខុសច្បាប់ បទល្មើស​នេ​សាទខុសច្បាប់ និងដាក់កុងត្រូលយកលុយខុសច្បាប់។ សូម្បីតែ ប៉េអឹម និងប៉ូលីស ក៏ត្រូវចាប់ដែរ កុំថាត្រឹម​អ្នក​សារព័ត៌មាន។ សូមកុំអាងស្លាកសារព័ត៌មាន។ មិនមែនអភ័យឯកសិទ្ធិការពារខ្លួន ដើម្បីនឹងប្រព្រឹត្ត​អំពើ​ផ្តេស​ផ្តាសទេ។

អ្នកសារព័ត៌មានត្រូវរៀបពីរបៀបរាប់ពាក្យសួរ

បណ្តាំមួយទៀត សូមអ្នកព័ត៌មានទាំងឡាយ រៀនពីរបៀបប្រើពាក្យសួរគេឲ្យបានស្រួល។ អ្នកសារព័ត៌មានខ្លះ​ដែល​ខ្ញុំមិនឆ្លើយ។ យើងមាន(អ្នកត្រូវសួរ)មួយគគោក ហើយអ្នកសួរសំណួរវែងលើសពីឯងត្រូវឆ្លើយទៅទៀត។ ហ្នឹងមិនចេះសួរទេ រៀនសួរធ្វើម៉េចឲ្យវាឆាប់ចេញ។ បើយើងចេះធ្វើអ្នកសារព័ត៌មាន ត្រូវរៀនរបៀបសួរ។

ពង្រឹងសមត្ថភាពធនធានមនុស្សខាងផ្នែកព័ត៌មាន

ចុងក្រោយ ការពង្រឹងសមត្ថភាពធនធានមនុស្សខាងផ្នែកព័ត៌មាន។ រឿងនេះយើងត្រូវបន្តធ្វើ បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន។ ឥឡូវនៅសាកលវិទ្យាល័យភ្នំពេញ ក៏មានផ្នែកសារគមនាគមន៍ ដែលបានថ្នាក់បរិញ្ញា ប៉ុន្តែ​ក្រ​សួងព័ត៌មានគួរតែគិតគូរអំពីការធ្វើវិក្រិត្យការសម្រាប់អ្នកសារព័ត៌មាន ហើយការធ្វើនោះ បើអាចធ្វើទៅបាន ខ្ញុំ​ថាគួរដូរវេន។ ខ្ញុំថាយើងធ្វើវគ្គខ្លីៗ ដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មានរបស់យើង។ រួចហើយម្តងប្រ​គល់​ឲ្យ​រ៉ូយ៉ាល់គ្រុបធ្វើទៅ ដែលមាន CNC CTN MYTV ធ្វើជាម្ចាស់ទៅ ចេញលុយម្តងទៅ។ បន្ទាប់ពីហ្នឹង ទៅ ចាងហ្វាងខាងបាយ័ន BTV ETV ធ្វើម្ចាស់ម្តងទៅ។ រួចបន្តមកទៀត PNN ធ្វើម្ចាស់ម្តងទៅ។ បន្ទាប់ទៅ កៅ​គឹម​ហ៊ួន ធ្វើទៅ។ រួចអ្នកណាទៀត ហង្សមាស។ កុំយកអ្នកខាត។ ខ្ញុំដឹងថា ទូរទស្សន៍ប៉ុន្មាននោះខាតហើយ ចុះ​បើធុនហ្នឹង ធ្វើម៉េចវាមិនខាត។ អប្សរាក៏ខាត ប៉ុស្តិ៍លេខ ៣ ក៏ខាត លេខ ៥ ក៏ខាត លេខ ៩ ក៏ខាត។ ខ្ញុំ​សូម​ឲ្យ​យោបល់អញ្ចេះ រាប់ទាំងទូរទស្សន៍ជាតិ​ បើមិនកើតទេ ខ្ញុំឲ្យលុយខ្ញុំ មិនបាច់ទៅសុំពីក្រសួងសេដ្ឋកិច្ច ហិរញ្ញ​វត្ថុទេ គ្រាន់តែកូនម៉ាស៊ីនមួយតូច។ ពេលដែលយើងឈប់ផ្សាយម៉ោងរួម​ ម៉ោងធំ យើងផ្សាយកូនម៉ាស៊ីនមួយ សញ្ញារបស់យើងអត់ដាច់ទាំងអស់ ជាពិសេសប្រទេសយើង មិនមែនមើល(ការផ្សាយ)តាមអង់​តែន​ច្រើនទេ មើលតាមខ្សែកាបច្រើន។ … គ្មានអស់លុយប៉ុន្មានទេ។ ដល់ពេលយប់ ជួនកាលចាក់ធម៌អារ្យអីទេ។ អាហ្នឹង​មានទៅអស់លុយប៉ុន្មាន ហើយគ្មានចាំបាច់មនុស្សទៅចាំអីណា។ អាហ្នឹង program វាមានស្រាប់ ផុតពីអា​នេះ​ដល់អានោះ ផុតពីអានោះដល់អានេះ យ៉ាងច្រើនតែមនុស្សម្នាក់នៅចាំ អត់អស់លុយច្រើនប៉ុន្មានទេ។

មើល អ៊ុក គឹមសេង​ បញ្ចេញព័ត៌មានមួយតាមវ៉ែបសាយត៍ ក្នុងឋានៈខ្លួនជាទីប្រឹក្សា ឡើងតុមូលពី​ម្សិល។ ឥឡូវ​ វ៉ែបសាយត៍​របស់យើងកំពុងតែអត់មានព័ត៌មាន ប្រាប់ថាថ្ងៃនេះនាយករដ្ឋមន្ត្រីបានណែនាំក្រសួងព័ត៌ មានថា សូមឲ្យ update វ៉ែបសាយត៍ខ្លួនឯង។ ប៉ុន្តែយ៉ាងណាក៏ដោយ ការនិយាយរបស់ខ្ញុំ នេះជាបំណងល្អ ហើយដែលយើងចង់ទៅជាគ្រួសារតែមួយ ដែលកំពុងជិះទូកជាមួយគ្នា។ វត្តមានខ្ញុំថ្ងៃនេះ គឺដើម្បីពង្រឹងនូវតួ នាទីនៃស្ថាប័នព័ត៌មាន ក៏ដូចជាពង្រឹង និងការលើកទឹកចិត្តអ្នកសារព័ត៌មាន បន្ថែមសិទ្ធិឲ្យទៅវិញ មិនមែនជា​ការមកបិទសិទ្ធិអ្នកទាំងឡាយទេ  … សង្ឃឹមថា ឆ្នាំក្រោយបងប្អូនដែលមិនបានចូលរួម អញ្ជើញមកចូលរួម។ ជូន​ពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...