សុន្ទរកថា និងសម្រង់សេចក្តីអធិប្បាយ សម្តេចតតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥

CNV: សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃ រាជរដ្ឋាភិបាល

ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ជាទីមេត្រី

ខ្ញុំពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវឯកសារ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» នាថ្ងៃ នេះ។ ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់សម្តេច ឯកឧត្តម លោក  ជំទាវ លោក លោកស្រី ទាំងអស់គ្នានៅក្នុងកម្មវិធីថ្ងៃនេះ។ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រី ជំ នាញដែលមានការពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌ នៃក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាល ដែលបាន  ខិតខំធ្វើការយ៉ាងស្វិតស្វាញ ដើម្បីតាក់តែងឯកសារក្របខ័ណ្ឌគោលនយោបាយដ៏មានសារៈសំខាន់នេះ ឡើង សំដៅធ្វើសមាហរណកម្ម និងអភិវឌ្ឍនូវប្រព័ន្ធគាំពារសង្គម នៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយ សង្គតិភាព និងប្រសិទ្ធភាពស្របតាមការកំណត់នៃ «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣»  របស់ រាជរដ្ឋាភិបាល។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមផ្តល់វិភាគទាន និងការគាំទ្រយ៉ាងសកម្មនៅក្នុង  ដំណើរការរៀប​ចំឯកសារនេះ។

កម្មវិធីដ៏មហោឡារឹកថ្ងៃនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋកម្ពុជាគ្រប់រូប នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាង ឆាប់​រហ័ស និងប្រកបដោយជវភាព នៃស្ថានភាពសេដ្ឋកិច្ចជាតិ និងស្ថានភាពប្រជាសាស្ត្ររបស់កម្ពុជា ក្នុង​រយៈពេលជាងពីរទសវត្សរ៍កន្លងមក និងសម្រាប់រយៈពេល ២-៣ ទសវត្សរ៍ទៅមុខទៀត ។ ក្នុងន័យនេះ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» គឺជាផែនទីមគ្គុទ្ទេសក៍​ រយៈពេលវែង​សម្រាប់​ការកែទម្រង់ និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា តាមរយៈការកំណត់ដាក់ចេញនូវផែន​ការយុទ្ធសាស្ត្រ សំដៅធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូលកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុរបស់ប្រជាជនព្រមទាំងលើកកម្ពស់សុខុមាលភាព សមធម៌ សាមគ្គីភាព និងភាពសុខដុម​រមនា​នៅក្នុងសង្គមជាតិ។

ជាការពិត ដោយសារគុណូបការៈនៃ «នយោបាយឈ្នះ-ឈ្នះ» ដែលជាឱសថទិព្វ​ជួយព្យាបាលឱ្យ​កម្ពុជា​បាន​ជាសះទាំងស្រុងពីជំងឺ នៃសង្គ្រាមដ៏រ៉ាំរ៉ៃអស់រយៈពេលរាប់សិបឆ្នាំ កម្ពុជាទទួលបានយ៉ាងពេញលេញ​នូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាបុរេលក្ខ​ខណ្ឌ​ដ៏ចាំបាច់មិនឤចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។​ លើមូលដ្ឋាននេះ​ ក្នុងអំឡុង​ពេល​ប្រមាណ ២ ទស្សវត្សរ៍កន្លងទៅ សេដ្ឋកិច្ចកម្ពុជា សម្រេចបាននូវកំណើនក្នុងអត្រាជាមធ្យម ប្រមាណ ៧,៧%។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយពីប្រមាណ ៥៣% នៅឆ្នាំ ២០០៤ មកប្រមាណ ១៣,៥% នៅឆ្នាំ ២០១៤។​ លើសពីនេះ ​ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចក៏ត្រូវបានបែងចែកក្នុងលក្ខណៈ​កាន់តែមានសម​ធម៌ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការថយចុះនៃមេគុណវិសមភាពនៃការប្រើប្រាស់ ពី ០,៤១ នៅឆ្នាំ ២០០៧ មកនៅត្រឹម ០,២៩ នៅឆ្នាំ ២០១២ ជាមួយនឹងការរំពឹងថា តួលេខនេះនឹងបន្តថយចុះ​ថែម​ទៀត​ក្នុងឆ្នាំបន្តបន្ទាប់។

សមិទ្ធផលទាំងនេះ គឺជាការពិត ដែលមិនឤចបដិសេធបាន និងជាមោទនភាពដ៏ខ្ពង់​ខ្ពស់​នៃការខិតខំ​ផ្ទាល់​​របស់ប្រជាជនកម្ពុជាទាំងអស់គ្នានៅក្នុងការស្តារ និងកសាងជាតិឡើងវិញ​ពីគំនរ​ផេះ​ផង់នៅឆ្នាំ ១៩៧៩ ក្រោយពីប្រទេសត្រូវបានរំដោះពីក្រញាំដៃនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដោយសម្លឹង​ឆ្ពោះ​ទៅមុខ រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការប្រែក្លាយឋានៈរបស់កម្ពុជា ពីប្រទេស​មាន​ចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

[ចាប់ផ្តើមអត្ថាធិប្បាយ]

(ការដាច់ចរន្តអគ្គិសនី)នេះវាដាស់តឿនយើងថា ត្រូវកសាងអគ្គិសនី ហើយការផ្គត់ផ្គង់អគ្គិសនីកាន់តែ​មាន​ប្រសិទ្ធិភាព និង​សុវត្ថិ​ភាព។ វាដាស់តឿនយើងនៅកន្លែងហ្នឹងតែម្តងថា លោក ហ៊ុន សែន និងអ្នក​ដទៃ​ទៀត កុំនៅតែកន្លែងដែលមានភ្លើងល្អ …។

[បញ្ចប់សេចក្តីអត្ថាធិប្បាយ]

ច្បាស់ណាស់ថា នៅក្នុងដំណើរនៃការអភិវឌ្ឍឈានឡើងនេះ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាកត្តាដ៏​ចាំ​បាច់​មិនឤចខ្វះបាន ដើម្បីធានាបាននូវ «កំណើនសេដ្ឋកិច្ចប្រកបដោយ សមធម៌ និង ​បរិយាប័ន្ន»។​ ឤ​ស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យរយៈពេលវែង សម្រាប់ការអភិវឌ្ឍប្រព័ន្ធ​គាំ​ពារ​សង្គមកម្ពុជា ដោយផ្តោតទៅលើ «ការកសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាប័ន្ន ប្រសិទ្ធ​ភាព និងចិរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយ​រង​គ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ ក៏​ដូច​ជា​រួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាពក្នុងរយៈពេលវែងខាងមុខ»។

កន្លងមក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញអនុវត្ត គោលនយោបាយ និងបានដាក់ឱ្យដំណើរការ​​នូវគម្រោងក្នុងវិស័យសង្គមកិច្ចជាច្រើន ដែលតាមរយៈនេះប្រជាជនកម្ពុជា ជាពិសេស ប្រជាជនក្រីក្រ និង​ក្រុមជនងាយរងគ្រោះ ទទួលបាននូវការគាំពារ ក្រោមរូបភាពផ្សេងៗ ដូចជាការបង្កើតមជ្ឈមណ្ឌលកុមារ​កំ​ញ្រ មជ្ឈមណ្ឌលជនពិការ មជ្ឈមណ្ឌលគាំពារសុខភាពមាតា និងទារក​ ការឧបត្ថម្ភចំពោះប្រជាជនក្រីក្រ​ដែល​មកសម្រាកព្យាបាល ឬសម្រាលកូន និងការផ្តល់ការអប់រំតាំងពីកម្រិតបឋមដល់កម្រិតឧត្តមសិក្សា​ដោយ​ឥតបង់ថ្លៃជាដើម។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានបង្កើតបេឡាជាតិសន្តិសុខសង្គម សម្រាប់​​មន្ត្រី​​​រាជការស៊ីវិល បេឡាជាតិរបបសន្តិសុខសង្គម បេឡាជាតិអតីតយុទ្ធជន ​និងមូលនិធិជនពិការ ​ដើម្បី​ផ្តល់​ការ​ធានាសន្តិសុខប្រាក់ចំណូលសម្រាប់ប្រជាជន តាមមុខសញ្ញាពាក់ព័ន្ធនានា មានជាឤទិ៍ ការផ្តល់​តាវ​កា​លិក​​សោធន ថែទាំសុខភាព ហានិភ័យការងារ ពិការភាព និងតាវកាលិកផ្សេងៗទៀត។

យ៉ាងណាក៏ដោយ ទន្ទឹមនឹងសមិទ្ធផលខាងលើរាជរដ្ឋាភិបាល ក៏ទទួលស្គាល់អំពីបញ្ហាប្រឈម និងភាព​ខ្វះ​ចន្លោះមួយចំនួននៅក្នុងដំណើរការអភិវឌ្ឍប្រព័ន្ធគាំញរសង្គមនៅកម្ពុជា ពិសេសគឺភាពនៅចង្អៀត​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ ក៏ដូចជាភាពរាយប៉ាយ ដាច់ដោយដុំដោយដុំ រវាងសមាសភាគផ្សេងៗ​ដែលត្រូវ​បាន​បង្កើត​រួចហើយ និងភាពខ្វះខាតនូវឧបករណ៍ហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ព្រមទាំង​សមត្ថ​ភាពស្ថាប័ននៅមានកម្រិត ដែលទាមទារឱ្យមានដំណោះស្រាយ និងការកែទម្រង់សំដៅធានាដល់​ការ​​អភិវឌ្ឍ​ប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យមានលក្ខណៈពេញលេញស្របតាមឧត្តមានុវត្តតំបន់ និងអន្តរជាតិ ហើយឤចឆ្លើយបាន ប្រកបដោយប្រសិទ្ធភាពទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍកម្ពុជា​ក្នុងរយៈពេលវែងទៅ​មុខ។​

លើមូលដ្ឋាននេះ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥»​​ ត្រូវបានរៀបចំ​ឡើង​ជាមួយនឹងគោលដៅចម្បងនៃការបន្ស៊ីប្រមូលផ្តុំ និងពង្រឹងរបប ឬកម្មវិធី ដែលមានស្រាប់​ ដើម្បីបង្កើនប្រ​សិទ្ធ​ភាព តម្លាភាព និងសង្គតិភាពព្រមទាំងពង្រីកវិសាលភាពដែលនៅតូចចង្អៀតនៅឡើយ​ឱ្យឆ្លើយតប​នឹង​តម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។ ក្របខ័ណ្ឌគោល​នយោ​បាយនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនលទ្ធភាពទទួលបានសេវាគាំពារសង្គម​សម្រាប់​មន្ត្រីសាធារណៈ កម្មករនិយោជិតនៃវិស័យឯកជន និងប្រជាពលរដ្ឋនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ដើម្បី​សម្រេចបាននូវស្ថានភាពល្អប្រសើរ ក្នុងការផ្តល់សេវាគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋកម្ពុជាស្របតាម ចក្ខុវិស័យថ្មី នៃប្រព័ន្ធគាំពារសង្គមនេះ រាជរដ្ឋាភិបាលនឹងខិតខំបង្កើតកម្មវិធី និងយន្តការនានាជាជំ​ហានៗ​ថែមទៀត ដើម្បីឈានជាបណ្តើរៗទៅរកការគ្របដណ្តប់ដ៏ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ​ដោយ​ផ្តោត​ជា​ពិសេសលើការគាំពារចំពោះប្រជាពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះព្រមទាំងលើការកសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធចាំបាច់នានាក្នុងគោលដៅធានាប្រសិទ្ធភាព និងចិរភាពនៃប្រព័ន្ធគាំពារសង្គមទៅ​អនាគត។

«ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦- ២០២៥ » ផ្តោតសំខាន់លើមុំសំខាន់ៗ ចំនួន ៤ គឺ៖

មុំទី១-អភិបាលកិច្ច៖ រាជរដ្ឋាភិបាលនឹងរៀបចំឡើងវិញ នូវរចនាសម្ព័ន្ធគ្រប់គ្រងប្រព័ន្ធគាំពារសង្គមទាំង​មូលសំដៅជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ឱ្យមានប្រសិទ្ធភាពខ្ពស់។ រចនាសម្ព័ន្ធអភិបាលកិច្ចនៃប្រព័ន្ធគាំពារសង្គមថ្មីនឹងត្រូវបែងចែក ជា ៣ កម្រិតគឺ៖

១. កម្រិតគោលនយោបាយ៖ ​រាជរដ្ឋាភិបាលបានបង្កើត«ក្រុមប្រឹក្សាជាតិគាំពារសង្គម» ដែលដើរតួជាច្រក​ចេញ-ចូលតែមួយ សម្រាប់ការរៀបចំ និងសម្របសម្រួលគ្រប់គោលនយោបាយអភិវឌ្ឍន៍ប្រព័ន្ធគាំពារ​សង្គម​​នៅ​កម្ពុជា និងជាយន្តការសម្រាប់ការតាមដាន និងត្រួតពិនិត្យលើដំណើរការប្រតិបត្តិរបស់របប ឬ កម្មវិធីនីមួយៗ ដើម្បីធានានូវវឌ្ឍនភាព និងការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។

២. កម្រិតបញ្ញត្តិករ៖ រាជរដ្ឋាភិបាលនឹងបង្កើតស្ថាប័នបញ្ញត្តិករសន្តិសុខសង្គមមួយ ដើម្បីគ្រប់គ្រង និង​ត្រួត​​ពិនិត្យរាល់ប្រតិបត្តិការសន្តិសុខសង្គម សំដៅធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ ក្នុងកម្រិតនៃការគ្រប់​គ្រង​ម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាធានាបាននូវតម្លាភាព និងគណនេយ្យភាព ក្នុងកម្រិតនៃកិច្ចប្រតិបត្តិការ។

៣. កម្រិតប្រតិបត្តិករ៖ នៅក្នុងរយៈពេលមធ្យមខាងមុខ រាជរដ្ឋាភិបាលនឹងធ្វើសមាហរណកម្មស្ថាប័នប្រតិ​បត្តិករសន្តិសុខសង្គមដែលមានស្រាប់ រួមមានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បេឡាជាតិសន្តិ​សុខ​សង្គម​សម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស) បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) និងមូលនិធិជនពិការ (ម.ជ.ព) ឱ្យទៅជាស្ថាប័នតែមួយ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងចំណាយថវិកា។ បន្ថែមលើ​នេះ រាជរដ្ឋាភិបាលក៏នឹងសិក្សាអំពីលទ្ធភាពក្នុងការបង្កើតប្រតិបត្តិករជំនួយសង្គមផងដែរ។

មុំទី២-ប្រព័ន្ធជំនួយសង្គម៖ រាជរដ្ឋាភិបាលនឹងបន្តជំរុញការអភិវឌ្ឍប្រព័ន្ធជំនួយសង្គមក្នុងគោលដៅផ្តល់ការគាំពារកាន់តែប្រសើរឡើងជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ​តាមរយៈការសិក្សាអំពីលទ្ធភាព​ក្នុង​ការដាក់ឱ្យដំណើរការកម្មវិធីជំនួយសង្គមចាំបាច់នានា រួមទាំង​ កម្មវិធីជាកញ្ចប់គ្រួសារ​ ដែលនឹងផ្តល់​ការ​គាំ​ពារ​សម្រាប់ពលរដ្ឋចាស់ជរា ជនពិការ ស្ត្រីមាន ផ្ទៃពោះ និងកុមារ ​ព្រមទាំងកម្មវិធីផ្តល់ឤហារូប​ករណ៍​សម្រាប់គាំទ្រការសិក្សារបស់កុមារផងដែរ។

[ផ្តើមសេចក្តីអត្ថាធិប្បាយ]

ចំណុចដែលងាយស្រួលអនុវត្តមុន គឺស្រ្តីមានផ្ទៃពោះ

ខ្ញុំសុំទាក់ទាញការយកចិត្តទុកដាក់នៅទីនេះបន្តិច។ ចំណុចដែលងាយស្រួលធ្វើមុនគេ ហើយ​ងាយស្រង់​ស្ថិតិ ប្រហែលជាទាក់ទិនជាមួយនឹងបញ្ហាស្រ្តីមានផ្ទៃពោះ​នេះឯង។ … សម្រាប់ស្រ្តីមានផ្ទៃពោះ ពួកគេត្រូវ​ការ​ខ្លាំងណាស់ចំណុចនេះ។ ដូច្នេះ ខ្ញុំគិតថា យើងអាចនឹងចាប់ច្បិចយកចំណុចនេះមកចេញដំណើរមុន ដើម្បីឲ្យកម្មវិធីនេះក្លាយទៅជាការអនុវត្តជាក់ស្តែងតែម្តង ដើម្បីយើងវិនិយោគ និងគាំពារសម្រាប់​ស្តី​មាន​ផ្ទៃ​ពោះ។ វានឹងផ្តល់នូវសារសំខាន់ជាការកាត់បន្ថយអត្រាស្លាប់របស់កុមារបានមួយផ្នែក ហើយនិងរបស់​មាតាបាន​មួយផ្នែកផងដែរ។ ខ្ញុំថាចំណុចនេះ គ្មានអ្នកណាបន្លំបានទៅទៀត ព្រោះឥឡូវ ឧទាហរណ៍ថា បើ​យើងកំណត់ ក្រទី ១ ក្រទី ២ អីនេះ ហើយចំនួនអាយុក៏ចោទចេញជាបញ្ហា … (ឯការមានផ្ទៃពោះ)​ មិនងាយមានអ្នកណាទៅក្លែងថាមានផ្ទៃពោះទៅកើតទេ។ ត្រូវរក្សាគភ៌ ៩ ខែ ឯណោះ។ ទោះបីយើង​មិន​អាច​​ដឹងបានភ្លាមថា តើស្រ្តីនោះគឺគាត់មានផ្ទៃពោះចាប់ពីពេលណាមក ប៉ុន្តែ និយាយរួមគឺ ៩ ខែ ១០ ថ្ងៃ​​គឺចប់។ … ជាចំណុចដែលងាយក្នុងការធ្វើជាង។ ឧទាហរណ៍ថា ស្រ្តីមានផ្ទៃពោះមួយរូបទទួលបាន​ប៉ុន្មាន​ក្នុងមួយខែ? ហើយយើងត្រូវចិញ្ចឹម ត្រូវជួយក្នុងរយៈពេលប៉ុន្មាន ក្នុងរយៈពេល​ដែល​គាត់​​មាន​ផ្ទៃ​ពោះ និងក្រោយឆ្លងទន្លេត្រូវប៉ុន្មាន។ … ទូទាំងប្រទេសរបស់យើង ម៉ោងហ្នឹងពេលហ្នឹងតើមាន​ប៉ុន្មានទៅ?

អ្នកទាំងនោះហើយជាគោលដៅដែលយើងផ្តល់ ប៉ុន្តែ ក៏ត្រូវមានបញ្ហាជជែកដទៃទៀត ដែលជាមួយនឹង​ក្រ​សួងសុខាភិបាល។ ឧទាហរណ៍ថា សុខៗ គាត់មានផ្ទៃពោះ ប៉ុន្តែ បែរជាធ្លាក់កូនត្រឡប់ទៅវិញ អាហ្នឹង តើយើងត្រូវដោះស្រាយជាមួយពួកគាត់យ៉ាងម៉េច ក្នុងការឧបត្ថម្ភទៅលើការព្យាបាល។ នេះជាការធានា​មួយ។ លោកជំទាវខាងក្រសួងកិច្ចការនារីនៅទីនេះស្រាប់។ បញ្ហាស្ត្រី បញ្ហាទារក និងកុមារ គឺជាគោល​ដៅ​ដែលយើងដាក់ចេញ និងឈានឆ្ពោះ ទៅរកការអនុវត្ត។ យើងមិនមែនគ្រាន់តែនិយាយឲ្យពិរោះទេ ក៏​ប៉ុន្តែត្រូវចេញដំណើរ អាចថាក្នុងឆ្នាំ ២០១៨ នេះ យើងអាចអនុវត្តបាន ដោយបញ្ចូលកញ្ចប់ថវិកា ទៅក្នុង​កិច្ច​ការ​នេះតែម្តង។ ខ្ញុំថារឿងវាមានច្រើន ក៏ប៉ុន្តែ យើងច្បិចចេញដំណើរទៅមុន ហើយអត់​មានអ្នក​​ណា​បន្លំ​បាន​ទេ។ ដូចជា អាយុ ៧០ ហើយ មកធ្វើមានផ្ទៃពោះយ៉ាងម៉េច … រួចសុខៗ អត់មានប្តី មេម៉ាយសោះ មានកូនយ៉ាងម៉េច។ អាហ្នឹងគ្រាន់តែជារឿងមួយ ដែលខ្ញុំទាក់ទាញការយកចិត្តទុកដាក់អំពីដំណើរការ។ មានរឿងដទៃទៀត ដែលយើងបន្តធ្វើ …។

[បញ្ចប់សេចក្តីអត្ថាធិប្បាយ]  

មុំទី៣-ប្រព័ន្ធសន្តិសុខសង្គម៖ រាជរដ្ឋាភិបាលនឹងផ្តោតជាសំខាន់លើការពង្រីកវិសាលភាពលើរបប ដែល​មានស្រាប់ឱ្យបានកាន់តែទូលំទូលាយ និងដាក់ឱ្យដំណើរការនូវរបបថ្មីៗថែមទៀត ដើម្បីផ្តល់នូវការគាំពារ​ជាអតិបរមាជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម គឺការធានាឱ្យ ​«ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបាននូវការគាំពារ​ចម្បង​ពីរ​យ៉ាង​គឺ៖ (១)-ទទួលបានប្រាក់សោធននៅពេលឈានចូលវ័យចាស់ជរា និង (២)-ទទួលបានការធានារ៉ាប់​រង​សុខភាពនៅពេលមានជម្ងឺ»។

មុំទី៤-បញ្ហាឆ្លងវិស័យ៖ រាជរដ្ឋាភិបាលក៏នឹងបន្តការយកចិត្តទុកដាក់ផងដែរ ចំពោះការអភិវឌ្ឍនៃវិស័យ​ពាក់​ព័ន្ធផ្សេងៗ ដើម្បីធានាដល់ភាពរលូន និងប្រសិទ្ធភាពនៃដំណើរការកែ​​ទម្រង់ ឬការអភិវឌ្ឍប្រព័ន្ធគាំ​ពារ​សង្គមទាំងមូលក្នុងនោះរួមមាន ការវិនិយោគមូលនិធិ ការចុះបញ្ជីប្រជាពលរដ្ឋដើម្បីទទួលបានអត្ថប្រ​យោជន៍​ពីប្រព័ន្ធគាំពារសង្គម ការកំណត់គោលនយោបាយពន្ធដារច្បាស់លាស់ និងការអប់រំប្រជាពល​រដ្ឋ​ឱ្យបានយល់ច្បាស់អំពី អត្ថប្រយោជន៍ និងសិទ្ធិក្នុងការទទួលបានការគាំពារសង្គមជាដើម។

ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍ ​ ការកែទម្រង់ប្រព័ន្ធគាំពារ​សង្គម ដូចបាន​ដាក់​ចេញនៅក្នុងឯកសារ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥»​ រាជរដ្ឋាភិ​បាល​នឹង​ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះចំនួន ៤ ដូចខាងក្រោម ៖

១. គោលការណ៍សមធម៌ និងសាមគ្គីធម៌សង្គម៖​ សមធម៌ និងសាមគ្គីធម៌សង្គមគឺជាគោលការណ៍ចម្បង​សម្រាប់ការអភិវឌ្ឍន៍ ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នឹងទទួល​បាន​ការ​យកចិត្តទុកដាក់ខ្ពស់ តាមរយៈកម្មវិធីជំនួយសង្គមនានារបស់រាជរដ្ឋាភិបាល តាមរយៈការរៀបចំជា​​ជំ​​ហាន​ៗ នូវរបបសន្តិសុខសង្គមដែលមានលក្ខណៈទូលំទូលាយ និងមានលក្ខខណ្ឌសាមញ្ញ ដែលឤចឱ្យ​ប្រ​ជាពលរដ្ឋមកពីគ្រប់វិស័យ ទាំងវិស័យសាធារណៈ វិស័យឯកជន និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឤច​ចូល​រួមជាមួយគ្នា និងទទួលបានអត្ថប្រយោជន៍ដូចៗគ្នា។

[ផ្តើមសេចក្តីអត្ថាធិប្បាយ]

សូមឲ្យមានការយកចិត្តទុកដាក់លើសេដ្ឋកិច្ចក្រៅប្រព័ន្ធ

… យើងគួរចាប់អារម្មណ៍នៅទីនេះ។ ខ្ញុំមិនដឹងថាតើឯកឧត្តម លោកជំទាវ ដែលចូលរួមនៅទីនេះ មានការ​ចាប់​អារម្មណ៍យ៉ាងណានោះទេ។ ចំណុចនេះ គឺយើងបានគិតទៅដល់ការលើកឡើងនូវបណ្តាញសេដ្ឋ​កិច្ច​ក្រៅប្រព័ន្ធ ដែលកន្លងទៅបានស្នើសុំឲ្យមានការយកចិត្តទុកដាក់ ដូចជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ដូច្នេះ គោល​នយោបាយគាំពារសង្គមរបស់យើងនៅថ្ងៃនេះ ក៏បានរាប់បញ្ចូលនូវសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកក្នុងទី​នេះ​ដែរ។ នេះជាការយកចិត្តទុកដាក់ ស្តាប់សម្លេងសង្គមទាំងមូល ដែលបានលើកឡើង ក្នុងនោះ​រាប់​បញ្ចូល​ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកក្នុងការរៀបចំតាក់តាំងគោលនយោបាយរបស់យើងផង។

[បញ្ចប់សេចក្តីអត្ថាធិប្បាយ] 

២. គោលការណ៍អភិបាលកិច្ចល្អ៖ រាល់ដំណើរការរៀបចំគោលនយោបាយគាំពារសង្គមនីមួយៗ ត្រូវមា​ន​ការ​ពិគ្រោះយោបល់យ៉ាងទូលំទូលាយ ដើម្បីធានាភាពឤចទទួលយកបានពីសំណាក់អ្នកពាក់ព័ន្ធ​ទាំង​អស់ ទាំងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល តំណាង និយោជក និងនិយោជិត ព្រមទាំងតំណាងប្រជា​ពល​រដ្ឋ​​ទូទៅ​​ផងដែរ។ រីឯដំណើរការគ្រប់គ្រង និងចាត់ចែងរបប ឬកម្មវិធីគាំពារសង្គមទាំងអស់​​ក៏ត្រូវស្ថិត​នៅ​​ក្រោម​ការតាមដាន គ្រប់គ្រង និងត្រួតពិនិត្យ ឱ្យបានហ្មត់ចត់ និងតឹងរឹងពីសំណាក់ស្ថាប័នបញ្ញត្តិករ​ផងដែរ ដើម្បីធានាបាននូវតម្លាភាព និងគណនេយ្យភាពចំពោះសាធារណជន។

៣. គោលការណ៍បច្ចេកទេស៖ រាល់ការសម្រេចចិត្តលើគោលនយោបាយគាំពារសង្គមទាំង​អស់​ ត្រូវធ្វើ​ឡើង​​​ដោយផ្អែកលើលទ្ធផលនៃការសិក្សា ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវទៅតាមស្តង់ដារ និង​និយាម​អន្តរជាតិ។ ដូច្នេះរាល់ការស្នើឡើងនូវគោលនយោបាយណាមួយ ចាំបាច់ត្រូវមានការសិក្សាច្បាស់​លាស់ជាមុន រួមមានដូចជាការសិក្សាសមិទ្ធលទ្ធភាព និងការសិក្សាអំពីហានិភ័យហិរញ្ញវត្ថុ ជាដើម។ ជាមួយគ្នានេះ ការរៀបចំដាក់ឱ្យដំណើរការស្ថាប័នអនុវត្តរបប ឬកម្មវិធីជំនួយ​សង្គម​ ត្រូវមានលក្ខណៈប្រ​មូល​ផ្តុំ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ទាំងក្នុងផ្នែកចំណាយថវិកា ទាំងក្នុងការបំពេញការងារ និងការ​ផ្តល់​សេវាសាធារណៈ។

៤. គោលការណ៍ហិរញ្ញវត្ថុ៖ ភាពទ្រទ្រង់បាននៃថវិកា គឺជាកូនសោរគន្លឹះ ដើម្បីធានាបាននូវចីរភាពនៃ​សកម្ម​ភាព​គាំពារ​សង្គមនីមួយៗ។ ហេតុនេះ រាល់ការដាក់ចេញនូវគោលនយោបាយគាំពារសង្គម​ទាំង​អស់ តម្រូវឱ្យមានការគិតគូរហ្មត់ចត់អំពីបន្ទុកថវិកា សម្រាប់ទ្រទ្រង់គោលនយោបាយទាំងនោះ រួមបញ្ចូល​នូវ​លទ្ធភាពថវិការបស់រដ្ឋ ព្រមទាំងបន្ទុកភាគទានរបស់និយោជក-និយោជិត​ និងរបស់ប្រជាពលរដ្ឋទូទៅ​ផងដែរ។ ច្បាស់ណាស់ថា រាជរដ្ឋាភិបាល ប្រកាន់ខ្ជាប់នូវគោលការណ៍ឧបត្ថម្ភធនជំនួសឱ្យប្រជាពលរដ្ឋក្រី​​ក្រ និងងាយរងគ្រោះ ព្រមទាំងក្រុមប្រជាពលរដ្ឋគោលដៅមួយចំនួនផ្សេងទៀត តាមការចាំបាច់ និង​តាម​លទ្ធភាពនៃការទ្រទ្រង់បាននៃថវិកាជាតិ។ ទន្ទឹមនេះ ក្រុមប្រជាពលរដ្ឋផ្សេងទៀត ទាំងប្រជា​ពល​រដ្ឋ នៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវមានកាតព្វកិច្ចចូលរួមបង់ភាគទាន ដើម្បី​ទទួលបាននូវការគាំពារសង្គម ស្របតាមរបៀបរបបនៃការអនុវត្តជាអន្តរជាតិ។

«ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦- ២០២៥» គឺជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួង-ស្ថា​ប័នពាក់ព័ន្ធ បំពេញការងារទៅតាមមុខងារ និងភារកិច្ចរៀងៗខ្លួនឱ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់។​ ខ្ញុំ​មានជំនឿថា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ និងស្មារតីនៃភាពជាម្ចាស់របស់ក្រសួង-ស្ថាប័ននានា គួបផ្សំជា​មួយ​ការ​គាំទ្រ​ពីដៃគូ​អភិវឌ្ឍផងនោះ ភាគីពាក់ព័ន្ធទាំងអស់នឹងធ្វើការ ក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធ ដើម្បី​ដោះ​ស្រាយ​បញ្ហាប្រឈមទាំងឡាយ សំដៅសម្រេចបានតាមចក្ខុវិស័យ ប្រកបដោយមហិច្ឆតាដូចមាន​ចែង​នៅក្នុងឯកសារក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមនេះរបស់រាជរដ្ឋាភិបាល។

ក្នុងស្មារតីនេះ ខ្ញុំសូមស្នើឱ្យ ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលទើបត្រូវបានបង្កើតឡើង ដោយមានឯក​ឧត្ត​ម​​​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ជាប្រធាន​ចាប់ផ្តើម​បំពេញការងារឱ្យបានរួសរាន់ដើម្បីពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយឤទិភាពនានា ឱ្យ​បាន​ជោគ​ជ័យ ស្របតាមគោលដៅដែលបានដាក់ចេញនៅក្នុងឯកសារ «ក្របខ័ណ្ឌគោលនយោ​បាយជាតិ​គាំពារសង្គម» នេះ ជាពិសេសការងារឤទិភាព ចំពោះមុខមួយចំនួននាពេលខាងមុខ ដូចខាងក្រោម៖

១. ការជំរុញផ្តល់ការគាំពារផ្នែកសុខភាព សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះឱ្យកាន់តែប្រសើរ​ឡើង តាមរយៈការពង្រឹង មូលនិធិសមធម៌ និងយន្តការគាំទ្រផ្សេងៗ។

២. ការពិចារណារៀបចំចាប់ផ្តើមដាក់ឱ្យអនុវត្តនូវកម្មវិធី ផ្តល់ការឧបត្ថម្ភជូនជនចាស់ជរានៃគ្រួសារក្រីក្រ ដើម្បី​សម្រួលបន្ទុកហិរញ្ញវត្ថុរបស់ពួកគាត់ ដែលឤចជាកម្មវិធីដោយឡែក ឬជាកម្មវិធីឧបត្ថម្ភជាកញ្ចប់​​គ្រួ​សារ​រួមជាមួយកម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារ ព្រមទាំងជនពិការជាដើម។

[ផ្តើមសេចក្តីអត្ថាធិប្បាយ]

ខ្ញុំគិតថាចំណុចទី ២ … ដូចដែលខ្ញុំនិយាយអម្បាញ់មិញ គោលដៅ(មានការ)គ្របដណ្តប់មានច្រើន ប៉ុន្តែ (យើងអាចចុចយក)គោលដៅ​ស្រ្តីមានផ្ទៃពោះ(ជាមុន) ហើយនឹងអាចយកគោលដៅផ្សេងទៀត​(ដូចជា)​ទាក់​​ទិនជាមួយនឹងផ្នែកជនពិការ (ព្រោះ)អាចថា ជាគោលដៅដែលងាយរក ហើយជាគោលដៅដែល​ងាយ​ក្នុង​ការ​សម្រេច។ ប៉ុន្តែ កញ្ចប់បញ្ហា(ណាក៏ដោយ)ដែលយើង(នឹង)ដាក់ចេញនេះ គឺគ្រប​ដណ្តប់​លើ​(មុខសញ្ញា​ដែល​មាន)មនុស្សជាច្រើន។

[បញ្ចប់សេចក្តីអត្ថាធិប្បាយ] 

៣. ការរៀបចំយន្តការសម្របសម្រួល តាមដាន និងវាយតម្លៃ ការអនុវត្តរបប ឬកម្មវិធីគាំពារ​​សង្គម​ទាំង​ឡាយឱ្យ​មានប្រសិទ្ធភាពខ្ពស់ និង

៤. ការបន្តពង្រឹងនូវកិច្ចសហការណ៍យ៉ាងជិតស្និទ្ធរវាងក្រសួង-ស្ថា​ប័នញក់ព័ន្ធទាំងឡាយ ដើម្បីធ្វើការ​សិក្សា និងរៀបចំផែនការសកម្មភាពសម្រាប់គោលដៅនៃការជំរុញអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយ​ជាតិ​គាំពារសង្គម» នេះ។

បន្ថែមលើការងារនេះ ខ្ញុំសូមស្នើជាពិសេសឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល សហការគ្នារៀបចំនូវផែនការផ្តល់ការទ្រទ្រង់ចាំបាច់ទាំងឡាយ ពិសេសផែនការផ្តល់ការគាំទ្រខាងហិរញ្ញ​ប្ប​​ទានពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ធានានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ​គន្ធបុប្ជា​​នៅ​លើមូលដ្ឋាន នៃការរក្សាវិន័យល្អ គុណភាពសេវាខ្ពស់ និងការផ្តល់ការថែទាំជូនកុមារគ្រប់រូប​ដោយ​មិន​គិតថ្លៃ។

[ផ្តើមសេចក្តីអត្ថាធិប្បាយ]

ទោះបីអត់ជំនួយពី ស្វ៊ីស ពីខាងផ្នែកដៃគូ ត្រូវតែធានាថានៅតែជាមន្ទីរពេទ្យមានសេវាជាធម្មតា

ចំណុចនេះ ចង់ឬមិនចង់យើងត្រូវតែធ្វើ។ ឥឡូវ វេជ្ជបណ្ឌិត Beat Richner មិនអាចទទួលខុសត្រូវទៅ​លើបញ្ហានេះបានទេ។ ពេលដែលខ្ញុំជួបជាមួយនឹង ប្រធានាធិបតីស្វ៊ីស កាលពីដើមឆ្នាំនេះ  ខ្ញុំក៏បានលើក​ឡើង​អំពីការទទួលខុសត្រូវរបស់យើង។ ដូច្នេះ រវាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ត្រូវ​តែ​ធានាថាមន្ទីរពេទ្យមួយនេះ បើទោះបីអត់ជំនួយពីស្វ៊ីស អត់ជំនួយពីខាងផ្នែកដៃគូ យើងនៅតែធានា​​ថា​មន្ទីរ​ពេទ្យនេះ នៅតែធានា(បាន)នូវសេវាធម្មតាដូចពេលនេះ។ យើងមានលទ្ធភាព ក្នុងការធ្វើកិច្ច​ការ​ងារ​នេះ ដែលជួយយ៉ាងច្រើនទៅដល់កុមារកម្ពុជា។ មិនអាចថា អត់មានវេជ្ជបណ្ឌិត Richner ធ្វើឲ្យមន្ទីរ​ពេទ្យ​ដួល​រលំនោះទេ។ … កន្លងទៅ យើងបានថវិកាចូលមូលនិធិ ឥឡូវយើងកាន់តែពង្រីកការគ្រប​ដណ្តប់​​ក្នុងករណីដែលវេជ្ជបណ្ឌិត Richner ឬក៏មូលនិធិ ត្រូវបានកាត់ផ្តាច់។ នេះគឺការគិតគូររបស់យើង។

[បញ្ចប់សេចក្តីអត្ថាធិប្បាយ] 

មុននឹងបញ្ចប់ ខ្ញុំសូមយកឱកាសនេះជាថ្មីម្តងទៀត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃ​​ខ្ពស់​ចំពោះគ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍របស់យើងទាំងអស់ ដែលបាន​សហ​ការ​យ៉ាងជិតស្និទ ធ្វើការរៀបចំតាក់តែងសម្រេចបាននូវឯកសារដ៏មានសារៈសំខាន់នេះ ដើម្បីជាប្រយោជន៍​ដល់​​សង្គម​ជាតិ​យើងទាំងមូល។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ​ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម​នេះ​នឹងចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានជាលំដាប់ នូវកម្រិតជីវភាព និងគុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជ័យសិរីមង្គលជូនដល់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី​ទាំង​អស់​គ្នាបានជួបប្រទះ នឹងពុទ្ធពរទាំងបួនប្រការគឺៈ ឤយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។ ខ្ញុំ​សូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវឯកសារ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ជាផ្លូវការ​ ចាប់ពីពេលនេះតទៅ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...