(វីដេអូ) សម្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប-ឧត្តមានជ័យ


CNV:

“… ហេតុអ្វីបានជាអ្នកសារព័ត៌មានថៃ ផ្សព្វផ្សាយនូវអ្វីដែលជាការមិនពិត? … វាមានឃ្លីបវីដេអូទាំងស្រុងទៅទៀត។ វាបង្កើតទៅជាការភាន់ច្រលំដោយនាយករដ្ឋមន្ត្រី អានុធិន តាំងពីនៅហាណូយ ថា លោក ហ៊ុន សែន ត្រៀមនឹងដណ្តើមយកដីហ្នឹងត្រឡប់មកវិញ ទាំងមធ្យោបាយសន្តិវិធីនិងមធ្យោបាយយោធា។ វាទៅជាអញ្ចេះបាត់ទៅ។ អញ្ចឹង សូមផ្ដាំផ្ញើទៅអ្នកកាសែតថៃទាំងឡាយ សូមមើលឲ្យច្បាស់។ (ការផ្សាយមិនពិត)នេះបង្កើតនូវការភាន់ច្រលំដ៏ធំមួយ ដែលគួរឲ្យកើតមានតាមរយៈអ្នកសារព័ត៌មានទេ?

ម្សិលមិញ ខ្ញុំបានលើកឡើងអំពីបញ្ហារវាងម្ខាងដំណោះស្រាយយោធា និងម្ខាងទៀតដំណោះស្រាយសន្តិវិធី។ ខ្ញុំសួរទៅប្រជាពលរដ្ឋថា តើចង់ដោះស្រាយដោយយោធាឬទេ? ព្រោះជម្រើសរបស់យើងវាមានតែពីរទេ។ រឺមួយយើងត្រូវដណ្តើមដីរបស់យើងមកវិញដោយប្រើកម្លាំងយោធា រឺមួយយើងដណ្តើមដីរបស់យើងមក​វិញតាមមធ្យោបាយសន្តិវិធី។ ប្រជាពលរដ្ឋបានលើកដៃគ្រប់ៗ គ្នា មិនចង់បានយោធាទេ។ កាលពីមុន នាយករដ្ឋមន្ត្រីក៏ដូចជាគ្រប់តួអង្គពាក់ព័ន្ធតែងតែនិយាយថាដោះស្រាយដោយសន្តិវិធី។ លើកនេះ ខ្ញុំបានពន្យល់ច្បាស់​ទៅកាន់ប្រជាពលរដ្ឋឲ្យយល់អំពីផលវិបាកនៃការប្រើប្រាស់កម្លាំងយោធា។

ខ្ញុំគិតថានេះគ្រាន់តែជាការពន្យល់បន្ថែមទេ។ សំខាន់សូមឲ្យអ្នកសារព័ត៌មានថៃបើកមើលវីដេអូហ្នឹងឡើងវិញ​ឲ្យច្បាស់។ ខ្ញុំបាននិយាយថា ប្រសិនជាប្រើប្រាស់ដំណោះស្រាយយោធា ឧទាហរណ៍ថាយើងវាយកាន់កាប់ត្រឡប់មកវិញនូវទឹកដីនោះ។ គ្រាប់ទីមួយគឺជាបរាជ័យរបស់កម្ពុជាលើកិច្ចការនយោបាយនិងការទូត។ ព្រោះអ្វី? (គឺ)យើង(នឹងក្លាយ)ជាអ្នកបំពានបទឈប់បាញ់។ យើងបំផ្លាញអស់នូវអ្វីដែលហៅថាជំនឿទុកចិត្តពីអន្តរជាតិចំពោះយើង។ ក្នុងពេលនេះ អន្តរជាតិគ្មានអ្នកណាជឿថាកម្ពុជាទៅឈ្លានពានថៃទេ។ ហ្នឹងនិយាយឲ្យពិត។ វាគ្មានប្រទេសតូចឯណាទៅវាយប្រទេសធំដួលទេ។

ថៃខ្លួនឯងក៏ធ្លាប់បានប្រកាសដែរ។ កងទ័ពជើងគោកថៃប្រកាសច្បាស់ណាស់ថា ដោយសារកម្ពុជាបានទៅនៅលើដីថៃ៣០ ឬ៤០ឆ្នាំហើយ ដូច្នេះថៃត្រូវប្រើប្រាស់កម្លាំងដើម្បីយកត្រឡប់ទៅវិញ។ ហ្នឹងមានន័យថាម៉េច? ពេលផ្ទុះអាវុធនៅខែកក្កដាឆ្នាំ២០២៥ មានការចោទសួរថានរណាផ្ទុះអាវុធមុន? អញ្ចឹង​ទេមានតែអ្នកវាយដណ្តើមគេទេបានផ្ទុះអាវុធមុន។ ខ្ញុំចង់និយាយថា​ករណីដូចគ្នានេះ បើសិនជាយើងចង់វាយដណ្តើមមកវិញ យើងជាអ្នកផ្ទុះអាវុធមុន។ ដូច្នេះយើងជាអ្នកខុស។ ហ្នឹងជាលទ្ធផលខាងផ្នែកនយោបាយ។

ដល់លទ្ធផលខាងផ្នែកយោធា យើងអាចទាយទុកមុនបានថា កងទ័ពរបស់យើងនឹងត្រូវស្លាប់ ឬរបួស។ ប្រជាជនស្លាប់និងរបួស នឹងត្រូវជម្លៀសច្រើនទៀត។ (ម្យ៉ាងទៀត) ដំណោះស្រាយយោធាក៏មិនប្រាកដថាយើងវាយបានទេ។ អញ្ចឹងទេ ការប្រើប្រាស់ដំណោះស្រាយយោធាមិនមែនជាជម្រើសដែលយើងត្រូវធ្វើទេ។ ខ្ញុំចង្អុលបង្ហាញបញ្ហានេះ ពីព្រោះពួកជ្រុលនិយមនៅក្រៅប្រទេសបានជំរុញឲ្យយើងប្រើប្រាស់កម្លាំង។ ដំ​ណោះស្រាយដែលយើងប្រើប្រាស់កម្លាំង ទីមួយ មិនប្រាកដថាយើងវាយយកបានទេ និងទីពីរ វាយយកបានហើយមិនប្រាកដថាជួយយើងបានដែរ។ អ្វីដែលធ្ងន់ធ្ងរជាងនេះ នៅត្រង់ថាវាយចុះវាយឡើង ក៏ពន្យាពេលដោះស្រាយ តកូនតចៅ។ ហ្នឹងជាបញ្ហា។

នាយករដ្ឋមន្ត្រីថៃបាននិយាយថា ថៃអត់ដែលឈ្លានពានទេ។ ឥឡូវអញ្ចេះ ឈ្លានពានឬមិនឈ្លានពាន (មានតែ)អនុវត្តនូវចំណុចទីបី នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលថាឲ្យមានការវាស់វែងទៅ។ ចំណុចទីបីហ្នឹង គឺបានចែងច្បាស់ …៖

“ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។

ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

ភាគីទាំងពីរឯកភាពគ្នា ថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះ នៅលើទីតាំងជាក់ស្តែង ដែលរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។

ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែន នឹងផ្តល់អាទិភាព ខ្ពស់បំផុតចំពោះការងារវាស់វែង និងខណ្ឌសីមានៅតំបន់រងផលប៉ះពាល់ ដែលជនស៊ីវិលរស់នៅ”។

ថ្ងៃនេះ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីនេះស្រាប់។ គាត់ជាអ្នកចុះហត្ថលេខាលើ(កិច្ចព្រមព្រៀងបទឈប់បាញ់)ហ្នឹង។ ប៉ុន្តែឥឡូវនេះខាងភាគីថៃ បានពន្យាម្តងហើយម្តងទៀត។ ម្តងយកហេតុផល​ត្រង់គាត់រំលាយរដ្ឋាភិបាល។ គាត់ថារដ្ឋាភិបាលចាំផ្ទះអត់មានសិទ្ធិ។ ដល់ទៅពេលបង្កើតរដ្ឋាភិបាលហើយ គាត់ថាអត់ទាន់តែងតាំងប្រធានថ្មី។ ដល់ឥឡូវនេះគាត់ថា ឈប់ចរចាទ្វេភាគីហើយ ដោយសារតែកម្ពុជាដាក់បញ្ហាសមុទ្រទៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិខាងច្បាប់សមុទ្រ ដែលក្នុងនោះមានអ្វីដែលហៅថាយន្តការផ្សះផ្សាដោយបង្ខំ។ ប៉ុន្តែរឿងនេះ វាមិនពាក់ព័ន្ធជាមួយគ្នាទេ។ មួយជាព្រំដែនគោក មួយជាព្រំដែនទឹក។ គេចវេសបែបនេះគឺមិនបានទេ។

ឥឡូវខ្ញុំចង់សួរថា តើផ្លូវលេខ៥៨ ដែលចិនជាអ្នកកសាង ពេលនេះថៃកំពុងតែដាក់កុងតឺន័រដាក់ស្អីហ្នឹង តើចិនហ្នឹងខ្វាក់ភ្នែកឬអី? ប្រទេសចិនខ្វាក់ភ្នែកឬអី បានជាមកធ្វើផ្លូវឲ្យកម្ពុជានៅលើដីថៃទៅវិញ។ ខ្ញុំចង់សួរត្រង់កន្លែងហ្នឹង។ បើថាខ្លួនឯងចិត្តត្រង់ មកវាស់វែងទៅ ព្រោះកិច្ចការហ្នឹងយើងបានកំណត់ជាមួយគ្នាតាំងពីថ្ងៃ២៧ ខែ១២ (ឆ្នាំកន្លងទៅ)។

យ៉ាងណាក្តី ខ្ញុំមិនចង់បកស្រាយច្រើនទេ។ ខ្ញុំចង់ចង្អុលបង្ហាញទៅកាន់សារព័ត៌មានថៃថា អ្នកឯងមានចេតនាស្អីដែលនិយាយថាលោក ហ៊ុន សែន បានគួបផ្សំវិធានការទាំងពីរ គឺយោធានិងសន្តិវិធី(ស្តីពីទឹកដីដែលថៃដណ្តើមកាន់កាប់)? ខ្ញុំមិនបានឲ្យជ្រើសរើសមធ្យោបាយយោធាទេ។ ខ្ញុំបានចង្អុលបង្ហាញ(ពីសារសំខាន់នៃការដោះស្រាយតាម)មធ្យោ​បាយដោយសន្តិវិធី។ ខ្ញុំយកបញ្ហានេះជាគោលនយោបាយរបស់គណបក្សប្រជាជន សម្រាប់ឃោសនាបោះឆ្នោតឆ្នាំ២០២៧ និងសម្រាប់ឃោសនាបោះឆ្នោតឆ្នាំ២០២៨។ គណបក្សប្រជាជនប្រ​កាន់ខ្ជាប់គោលនយោបាយដោះស្រាយដោយសន្តិវិធី។ សូមឲ្យបក្សប្រឆាំងដាក់(គោលនយោបាយរបស់ខ្លួន)ចេញមក។ សល់តែមួយទេសំរាប់គោលនយោបាយរបស់អ្នកឯងគឺវាយគ្នា។

បើអ្នកឯង(ជ្រើសការដោះស្រាយដផយសន្តិវិធី គឺអ្នកឯង)និយាយតាមខ្ញុំដដែលហ្នឹង។ អញ្ចឹងមានន័យថា ពួកអ្នកឯងដើរតាមគណបក្សប្រជាជន។ រឿងអីអ្នកឯងមកទិតៀនខ្ញុំ? ជាធម្មតា ខ្ញុំមិនបិទក្រោលសេះនៅពេលសេះចេញផុតពីក្រោលទេ។ និយាយឲ្យត្រង់។ សូមប្រាប់ទៅគណបក្សនយោបាយនានា ពិសេសគណបក្ស​ប្រ​ឆាំងនិយមជ្រុលដែលចង់ឲ្យរដ្ឋាភិបាលបើកការវាយប្រហារដណ្តើមយកមកវិញនូវទឹកដីដែលថៃកំពុងគ្រប់​គ្រងដោយខុសច្បាប់នោះ។ យើងអត់ទទួលស្គាល់ការកែប្រែព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងទេ។ យើងអត់ធ្មត់។ អញ្ចឹងបានយើងដាក់ឈ្មោះទីនេះថាជា “ភូមិរង់ចាំ”។ ភូមិរង់ចាំ មានន័យថាយើងមិនមែនមក​នៅទីនេះមួយជីវិតទេ។

យើងរង់ចាំផ្ទះសម្បែង និងដីធ្លីរបស់យើងត្រូវបាន(យក)ត្រឡប់មកវិញដោយមធ្យោ​បាយសន្តិវិធី មិនមែនដោយមធ្យោបាយយោធាទេ។ មធ្យោបាយយោធាអាចអូសបន្លាយតជំនាន់មនុស្ស។ មានតែមធ្យោបាយសន្តិវិធីទេដែលអាចដោះស្រាយទៅមាន(លទ្ធផល)ចីរភាព ដែលអាចទៅជាប្លង់រឹងរយៈពេលវែង តពូជតពង្ស តជំនាន់។ ខ្ញុំសូមអំពាវនាវឲ្យក្បាលម៉ាស៊ីនថៃកែតម្រូវទៅលើព័ត៌មានដែលខ្លួនចុះផ្សាយ ដោយយកពាក្យពេចន៍​ខ្ញុំទៅនិយាយឲ្យច្បាស់។ ខ្ញុំសង្ឃឹមថា អ្នកនយោបាយថៃមិនល្ងង់ដល់ថ្នាក់ជឿព័ត៌មានភូតកុហក ដែលអ្នកសារព័ត៌មានថៃបង្កើតឡើងទេ។ អ្នកសារព័ត៌មានថៃ ប្រទេសថៃក៏មានអ្នកចេះខ្មែរដែរ។ អញ្ចឹងឲ្យគេបកប្រែទៅ តើមានសម្ដីណាមួយដែលខ្ញុំនិយាយថាប្រើទាំងមធ្យោបាយសន្តិវិធីនិងកម្លាំងប្រដាប់អាវុធ? ខ្ញុំអត់បាននិយាយមួយម៉ាត់ទេ។

ផ្ទុយទៅវិញ ខ្ញុំប្រឆាំងនឹងការប្រើប្រាស់កម្លាំងវាយកាន់កាប់(ទឹកដី)ត្រឡប់មកវិញ។ ខ្ញុំទុកឲ្យបក្សប្រឆាំងនៅកម្ពុជាដាក់ចេញនូវគោលនយោបាយប្រកួតប្រជែងអំពីបញ្ហាដំណោះស្រាយព្រំដែនរវាងកម្ពុជានិងថៃ។ សូមប្រាប់ប៉ុណ្ណឹងចុះ ហើយសូមឲ្យយកចិត្តទុកដាក់រឿងសារព័ត៌មាន។ ឥឡូវនេះ ទាំងភាគីកម្ពុជា ទាំងភាគីថៃ វិលវល់ជាមួយព័ត៌មានក្លែងក្លាយ។ ជួនកាលកម្ពុជាយើងទទួលព័ត៌មានខុស ដោយសារការបញ្ចេញព័ត៌​មានក្លែងក្លាយ។ ជួនកាលខាងថៃយល់ខុស ដោយសារការដែលគេបញ្ចេញព័ត៌មានក្លែងក្លាយ។ ដូច្នេះ គួរតែស្វែងរកព័ត៌មានពិតដើម្បីបង្កើតទំនុកចិត្ត ជៀសវាងការភ័ន្តច្រឡំ។ ការភ័ន្តច្រឡំគឺវាគ្រោះថ្នាក់។

ខ្ញុំគ្រាន់តែបើកឆាក និងអនុញ្ញាតឲ្យយកទៅផ្សាយ។ សូមបញ្ជាក់ថា ម្សិលមិញខ្ញុំបានទៅបន្ទាយមានជ័យ។ ថ្ងៃនេះ ខ្ញុំមកសៀមរាប។ ស្អែកទៅណាទៀត ខ្ញុំមិនប្រាប់ទេ។ ឥឡូវ ខ្ញុំសូមបញ្ចប់។ សូមឲ្យទូរទស្សន៍ជាតិ យកសារហ្នឹងទៅផ្សព្វផ្សាយ បន្តផ្ទាល់គ្រប់ទូរទស្សន៍ បញ្ជូនសារទៅទីក្រុងបាងកក ដើម្បីកែតម្រូវទៅលើបញ្ហាព័ត៌មានដែលផ្សាយខុស។ ខ្ញុំមិនបាននិយាយអំពីការប្រើប្រាស់កម្លាំងដើម្បីយកទឹកដីរបស់យើងត្រឡប់មកវិញទេ។

ឥឡូវនេះ កុំនិយាយរឿងព្រំដែននៅឯណា (ព្រោះ)អ្នកឯងមិនទាន់បានវាស់វែងផង។ ក្នុងកិច្ចព្រមព្រៀងនិយាយពីវាស់វែង។ ឥឡូវមិនទាន់បានវាស់វែង តើអ្នកឯងទៅបោះបង្គោលនៅត្រង់ណា? (បើវាជាព្រំប្រទល់រវាង)ប្រទេសទាំងពីរ វាទាល់តែទទួលស្គាល់ទាំងសងខាង ទើបអាចទៅបោះបង្គោលបាន។ ដូនតាយើងទុកឲ្យជាង ១០០ឆ្នាំហើយ។ មិនមែនគ្រាន់តែដូនតាខាងបារាំង តំណាងឲ្យឡាវ តំណាងឲ្យខ្មែរទេ ដូនតាខាងព្រះរាជាណាចក្រថៃគឺព្រះមហាក្សត្រថៃនៅពេលនោះក៏បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង​បារាំងសៀម១៩០៤ និងអនុសញ្ញាបារាំងសៀម១៩០៤ និងសន្ធិសញ្ញាបារាំងសៀម១៩០៧ ដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort