បណ្ឌិត គិន ភា៖ ក្នុងរយៈពេល២៥ឆ្នាំមកនេះ កម្ពុជាតែងតែជាអ្នកគាំទ្រ និងជាអ្នករួមចំណែកដ៏សកម្ម និងប្រកបដោយលក្ខណៈស្ថាបនានៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន

ភ្នំពេញ៖ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី៣០ ខែមេសានេះថា ក្នុងរយៈពេល២៥ឆ្នាំមកនេះ កម្ពុជាក្នុងឋានៈជាសមាជិកអាស៊ាន លោកមានការកត់សម្គាល់មួយចំនួនពាក់ព័ន្ធជាមួយនឹងការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ាន។ រយៈពេល២៥ឆ្នាំមកនេះ កម្ពុជាតែងតែជាអ្នកគាំទ្រ និងជាអ្នករួមចំណែកដ៏សកម្មនិងប្រកបដោយលក្ខណៈស្ថាបនានៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសង្គម វប្បធម៌ ក៏ដូចជាការអភិវឌ្ឍន៍អាស៊ាន ដើម្បីធានាថា អាស៊ានជាសហគមន៍មួយប្រកបដោយកាលានុវត្តភាព ជាសហគមន៍មួយដែលផ្អែកលើច្បាប់ សហគមន៍ដែលមានសមាហរណកម្មពេញលេញ និងជាតំបន់ដែលយកប្រជាជនជាស្នូល និងផ្តោតលើប្រជាជនដោយមិនបោះបង់នរណាម្នាក់។
 
បណ្ឌិត គិន ភា បានបន្តថា កម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងការដាក់ចេញជំរុញ និងអនុវត្តនៅគំនិតផ្តួចផ្តើមនានារបស់អាស៊ាន ដើម្បីធ្វើឱ្យអាស៊ានកាន់តែរឹងមាំ កាន់តែមានសារៈសំខាន់ទ្វេឡើងថែមទៀត។ ម៉្យាងវិញទៀតកម្ពុជាជាប្រទេសដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម ដូច្នេះកម្ពុជាពិតជាបានរួមចំណេកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថេរភាព និងវិបុលភាព នៅក្នុងតំបន់ដោយប្រកាន់ភ្ជាប់នៅវប្បធម៌ពិគ្រោះចរចា និងការដោះស្រាយជម្លោះដោយ សន្តិវិធីដោយមិនប្រើប្រាស់កម្លាំងទ័ព ការគំរាមកំហែង ឬក៏ការធ្វើ់សកម្មភាពទាំងឡាយណា ដែលមិនអនុលោមតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
 
បណ្ឌិត គិន ភា លោកបានបញ្ជាក់ថា រយៈពេល២៥ឆ្នាំមកនេះ គឺកម្ពុជាតែងប្រកាន់ភ្ជាប់នៅក្នុងក្របខណ្ឌអាស៊ាន គឺការប្រកាន់ភ្ជាប់ច្បាប់ពាណិជ្ជកម្មពហុភាគី ដោយផ្អែកលើច្បាប់គោលរបស់អាស៊ាន ដើម្បីជំរុញបន្ថែមនៅការអនុវត្តផែនការសកម្មភាពផ្សេងៗលើវិស័យសេដ្ឋកិច្ច ពាណិជកម្ម វិនិយោគ និងការលុបបំបាត់របាំងទាំងឡាយដែលជាឧសបគ្គសម្រាប់សមាហរណកម្មសេដ្ឋកិច្ចតំបន់។ កម្ពុជាតែងតែប្រកាន់ភ្ជាប់គោលការណ៍នីតិរដ្ឋ អភិបាលកិច្ចល្អ គោលការណ៍ប្រជាធិបតេយ្យ ក៏ដូចជាការលើកកម្ពស់នៅការគោរព និងការការពារសេរីភាព សិទ្ធិមនុស្ស និងការលើកកម្ពស់យុត្តិធម៌សង្គមជឆាដើម។ កម្ពុជាតែងតែគោរពនៅមាគ៌ាអាស៊ានដែលជាវិធីរបស់អាស៊ាននៅក្នុងការគ្រប់គ្រងការដោះស្រាយ និងការបញ្ជៀសជម្លោះផ្សេងៗដោយផ្អែកលើតួនាទីស្នូល និងសាមគ្គីភាពរបស់អាស៊ាន ការសម្របសម្រួលគ្នា ការមូលមតិជាកុងសង់ស៊ីស ទំនាក់ទំនងការទូតដោយស្ងាត់ស្ងៀមដែលអនុញ្ញាតឱ្យថ្នាក់ដឹកនាំអាស៊ាន អាចធ្វើការប្រាស្រ័យទាក់ទងគ្នាដោយមិនចាំបាច់យកការពិភាក្សាដំណោះស្រាយនេះទៅផ្សាយជាសាធារណៈ។
 
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ទៀតថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ កម្ពុជា គឺបានជួយជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើសរសរស្តម្ភទាំង៣យ៉ាងសកម្ម គឺសរសរស្តម្ភសហគមន៍នយោបាយ និងសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ាន ដើម្បីសម្រេចបាននៅសមាហរណកម្ម និងការតភ្ជាប់អាស៊ានពេញលេញ ស្របតាមផែនការការងារគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។ ចំណុចពិសេសមួយទៀតនោះ គឺកម្ពុជាធ្លាប់បានធ្វើជាប្រធានប្តូរវេនអាស៊ានប្រកបដោយជោគជ័យចំនួន៣លើក ដោយលើកទី១.នៅឆ្នាំ២០០២ លើកទី២.នៅឆ្នាំ២០១២ និងលើកទី៣.នៅឆ្នាំ២០២២។ តាមរយៈតួនាទីជាប្រធាននេះ គឺសម្រេចបាននៅសមិទ្ធផលធំៗជាច្រើនណាស់សម្រាប់អាស៊ានទាំងមូល ក៏ដូចជាសម្រាប់កម្ពុជា។ ការរួមចំណែកដ៏ធំធេងរបស់កម្ពុជានៅក្នុងអាស៊ាន គឺនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានលើកដំបូងពេលនោះ គឺការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៨ និងការប្រជុំកំពូលអាស៊ានបូកលើកទី៦ បានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០០២នោះ គឺឃើញថា អាស៊ានបានដាក់ចេញនៅសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិការ នៃបណ្តាភាគីជម្លោះសមុទ្រចិនខាងត្បូង (DOC) ដែលជាឧបករណ៍ផ្លូវច្បាប់ដ៏សំខាន់ក្នុងការរួមចំណែករក្សាស្ថេរភាព និងសន្តិភាព នៅតំបន់សមុទ្រចិនខាងត្បូង។ ទន្ទឹមនឹងដែរឃើញថា កម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងឲ្យអាស៊ានរក្សាបាននូវស្ថេរភាព និងសន្តិភាព ដើម្បីធ្វើឱ្យអាស៊ានអាចរក្សាបាននៅកម្រិតជឿទុកចិត្តមួយជាមួយនឹងទំនាក់ទំនងរបស់ខ្លួនប្រកបដោយតុល្យភាពជាមួយនឹងមហាអំណាចនៅក្នុងតំបន់នឹងដែរពឹងពាក់ទៅលើនម្មាបនកម្មតំបន់អាស៊ានដើម្បីរក្សាបាននៅសន្តិភាព និងស្ថេរភាពទូលំទូលាយ។
 
បណ្ឌិត គិន ភា បានបន្តទៀតថា កម្ពុជាជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការខាងក្រៅរបស់អាស៊ាន ដែលបានរួមចំណែករក្សាបាននៅតុល្យភាព នៃទំនាក់ទំនងរបស់អាស៊ានជាមួយមហាអំណាចតំបន់ និងពិភពលោក និងដៃគូរសន្ទនាខាងក្រៅរបស់អាស៊ាន ជាពិសេសគឺកម្ពុជាបានរួមចំណែកសំខាន់ក្នុងការរក្សានៅស្ថេរភាព នៃទំនាក់ទំនងរវាងអាស៊ាន និងចិន ពាក់ព័ន្ធជាមួយនឹងសមុទ្រចិនខាងត្បូង ពីព្រោះប្រសិនបើមិនមានការសម្របសម្រួល មិនមានការរក្សានៅស្ថេរភាពដែលធ្វើឡើងដោយកម្ពុជាទេ លោកគិតថា បញ្ហាសមុទ្រចិនខាងត្បូងមិនដឹងជាក្តៅយ៉ាងណាទេ។ ទំនាក់ទំនងរវាងអាស៊ាន-ចិន ក៏មិនដឹងជាធ្លាក់ចុះដល់កម្រិតណាដែរ។ លោកគិតថា ទាំងសមាជិកអាស៊ានទាំងអស់ ក៏ដូចជាចិនផងដែរ អាចបាត់ផលប្រយោជន៍ បើសិនជាទំនាក់ទំនងរវាងអាស៊ាន-ចិន មានការការធ្លាក់ចុះដុនដាបនោះ។ កម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកមេរៀន និងបទពិសោធន៍នៃការកសាងសន្តិភាព និងការអនុវត្តនៅនយោបាយឈ្នះឈ្នះដែលកម្ពុជាធ្លាប់បានអនុវត្តដោយជោគជ័យ ហើយទទួលបាននៅសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេសដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនជាង៥០០ឆ្នាំចុងក្រោយនេះ៕

ដោយ៖ពលជ័យ


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ