សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលយើងសម្ពោធសមិទ្ធផលសុខាភិបាលនានា ជាពិសេសការសាងសង់មន្ទីរពេទ្យបន្ថែម មិនមែនមានន័យថាយើងចង់ឱ្យមានអ្នកឈឺច្រើននោះទេ ប៉ុន្តែវាគឺជាការបង្ការក្នុងករណីចាំបាច់ និងនៅពេលមានតម្រូវការ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការកសាងពង្រឹងនូវសមិទ្ធផលសុខាភិបាលនៅថ្ងៃនេះ គឺជាការផ្តល់គុណតម្លៃប្រវត្តិសាស្រ្តសម្រាប់វិស័យសុខាភិបាលកម្ពុជា ដែលបានលេចចេញជារូបរាងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារមជ្ឈមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤៕