សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើស ជាអនុប្រធានទី២ នៃព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងលិខិតជូនពរ និងអបអរសាទរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា សូមសម្តែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូន ឯកឧត្តម ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជា អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការចូលរួមដឹកនាំរបស់ ឯកឧត្តម ព្រឹទ្ធសភានីតិកាលថ្មី ពិតជា ដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងរួមចំណែក លើកកម្ពស់កិត្យានុភាពជាតិនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធទាំងឡាយក្នុងលោក សូមតាមជួយប៊ីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ ជូន ឯកឧត្ដម ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរសុខុមាលភាពល្អបរិបូរណ៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរការដឹកនាំព្រឹទ្ធសភា សំដៅរួមចំណែកថែរក្សា សុខសន្តិភាព ស្ថិរភាព សម្បូណ៌សប្បាយ រុងរឿង និងប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យជានិច្ច និរន្តរ៍តរៀងទៅ»៕