សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសមាសដើម្បីបង្កើនសមិទ្ធផលការងារក្នុងវិស័យអប់រំ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្របពេលដែលកម្ពុជា រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ហើយអ្វីដែលជាការកត់សម្គាល់ទៀតនោះ នៅឆ្នាំសិក្សា២០២២ ដល់ឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយ ដែលក្រសួងអប់រំយុវជន និងកីឡា បានអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ស្របតាមយុទ្ធសាស្ត្រចតុកោណក្នុងដំណាក់កាលទី១។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដូចបានលើកឡើងសង្ខេបក្នុងរបាយការណ៍ ដែលពិតជាស្តែងចេញពីការខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងស្អិតរមួតរបស់ថ្នាក់ដឹកនាំគ្រប់ៗរូបទាំងអស់ រហូតទទួលាបានដំណើរការរលូន និងទទួលបានសមិទ្ធផលគួរជាទីមោទនៈក្នុងការអប់រំ ការងារអភិវឌ្ឍយុវជន អប់រំកាយ និងកីឡានាពេលកន្លងទៅ។ 

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការដាក់ចេញទិសដៅការងារនាពេលខាងមុខឱ្យកាន់តែស៊ីជម្រៅ មុតស្រួច ស្របតាមបរិការណ៍ថ្មីៗ នៃការវិវត្តន៍របស់សង្គមសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងខណៈដែលកម្ពុជា កំពុងរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងឆ្លើយតបបាននូវចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ