សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា មួយរយៈចុងក្រោយនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានសម្ដែងក្ដីព្រួយបារម្ភ អំពីការដែលប្រទេសថៃបានចុះបញ្ជីសង្ក្រាននៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សម្ដេចថា ការណ៍នេះមិនមានផលប៉ះពាល់អ្វីដល់កម្ពុជានោះទេ ពីព្រោះកម្ពុជាបាននិងកំពុងធ្វើការជាប់រយៈពេលជាង៣០ឆ្នាំមកហើយ ក្នុងការដាក់ស្នើបញ្ចូលបេតិកភណ្ឌទាំងរូបិយ និងអរូបិយ ដែលជាសម្បត្តិវប្បធម៌របស់ជាតិកម្ពុជាទៅក្នុងបញ្ជីស្មារតីចងចាំពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
នាឱកាសនោះផងដែរ សម្តេចធិបតីក៏បានអំពាវនាវកុំឱ្យបងប្អូនប្រជាពលរដ្ឋមានអារម្មណ៍ភ័យព្រួយបារម្ភ ដោយសារយើងទាំងអស់គ្នាបាននិងកំពុងខិតខំបន្តថែរក្សាកេរ្តិ៍ដំណែលដូនតារបស់យើង និងខិតខំពូនជ្រុំផ្សព្វផ្សាយវប្បធម៌ជាតិរបស់យើងឱ្យកាន់តែរីកចម្រើនបន្តទៅមុខទៀត៕