ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ បើរកឃើញថាចៅក្រមណា មានពាក់ព័ន្ធនិងអ្នកជួញដូរគ្រឿងញៀន នឹងបញ្ជូនទៅ ACU

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានថ្លែងថា អ្នកធ្វើការក្នុងវិស័យយុត្តិធម៌ទាំងឡាយណា ដែលពាក់ព័ន្ធនឹងរឿងគ្រឿងញៀន នឹងត្រូវបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីចាត់ការតាមនីតិវិធី។
 
លោកឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងឱកាសក្រសួងយុត្តិធម៌ បើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ។
 
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា រឿងគ្រឿងញៀននេះ ត្រូវប្តូរផ្តាច់ទាំងអស់គ្នា រួមគ្នាប្រយុទ្ធប្រឆាំង ព្រោះគ្រឿងញៀនមិនត្រឹមតែបំផ្លាញសន្តិសុខទេ តែបំផ្លាញទាំងធនធានមនុស្សកម្ពុជាទៀតផង។ លោកយល់ថា បើមិនប្តូរផ្តាច់ទេ ច្រើនឆ្នាំទៅមុខទៀត សង្គមជាតិនឹងត្រូវបានបំផ្លាញ។
 
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលចាប់អារម្មណ៍ជាងគេ គឺវិធានការគន្លឹះទី៤ និងវិធានការគន្លឹះទី៥ រឿងគ្រឿងញៀន អីចឹងហើយបានជាខ្ញុំបានប្រកាសជាសាធារណៈនៅក្នុងសន្និសីទសារព័ត៌មាន(ថា) វិស័យយុត្តិធម៌ ត្រូវតែដាច់ខាងលើបញ្ហាគ្រឿងញៀន។ ត្រង់ស្ថាប័នផ្សេងទៀត គេធ្វើយ៉ាងម៉េចជារឿងរបស់ស្ថាប័នផ្សេង ដើម្បីអនុវត្តវិធានការគន្លឹះទី៤ របស់សម្តេចមហាបវរធិបតី ប៉ុន្តែវិស័យយុត្តិធម៌របស់យើង ត្រូវតែប្រកាន់គោលការណ៍នេះច្បាស់លាស់»។
 
លោកបានបន្តថា «ខ្ញុំសូមបញ្ជាក់ម្តងហើយម្តងទៀត ខ្ញុំបានប្រកាសហើយ ខ្ញុំមិនអាចដកពាក្យនេះបានទេ បើរកឃើញថា មានការពាក់ព័ន្ធផលប្រយោជន៍ជាមួយមេគ្រឿងញៀន ខ្ញុំសុំទោស ខ្ញុំអត់មានជម្រើសអីក្រៅពីបញ្ជូនព័ត៌មាន និងសំណុំរឿងនេះ ទៅអង្គភាពប្រឆាំងអំពើពុករលួយ»។
 
បើតាមលោកឧបនាយករដ្ឋមន្ត្រី, គ្មានការលើកលែងដាច់ខាត ចំពោះអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀន។
 
ពាក់ព័ន្ធចំណាត់ការគ្រឿងញៀន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រសិនបើមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាអ្នកបម្រើប្រជាពលរដ្ឋបើមិនសម្អាតខ្លួនឯងមិនស្អាត តើប្រជាពលរដ្ឋរំពឹងអ្វី។
 
ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់បញ្ហាគ្រឿងញៀន គឺមិនមែនមានតែកម្ពុជានោះទេ គឺនៅទូទាំងពិភពលោក ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងប្រទេស ដោយបានដាក់ចេញនូវវិធានការជាច្រើន។ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសបង្កើតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី ដែលមានឧបនាយករដ្ឋមន្ត្រីចំនួន៤រូប ជាប្រធាន និងអនុប្រធាន។
 
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ មន្ត្រីកិច្ចជំនាញបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំជាច្រើនកន្លែង ដោយរឹបអូសគ្រឿងញៀន និងសារធាតុគីមីផ្សំរាប់តោន ព្រមទាំងឃាត់ខ្លួនមនុស្សជាច្រើនផងដែរ។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាគ្រឿងញៀនមាននៅគ្រប់ប្រទេសទាំងអស់ សូម្បីតែប្រទេសមានច្បាប់តឹង ដែលអ្នកជួញដូរ ត្រូវដាក់ទោសធ្ងន់ រហូតត្រូវប្រហារជីវិតចោល ក៏មានបញ្ហាគ្រឿងញៀនដែរ។ ប្រទេសមហាអំណាច បានចំណាយរាប់លានដុល្លារក្នុងមួយឆ្នាំ ក៏នៅប្រឈមបញ្ហានេះ។
 
ទន្ទឹមនឹងនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ក៏រំលឹកពីវិធានការដាច់ណាត់ចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំង ដែលពាក់ព័ន្ធគ្រឿងញៀន ត្រូវដេញចេញពីក្របខ័ណ្ឌ ដោយក្នុងសម្តេចបានចុះហត្ថលេខាលើសេចក្ដីសម្រេចឱ្យធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងក្រោមជាតិ។ ក្នុងករណីរកឃើញមន្ត្រីណាមួយប្រើប្រាស់គ្រឿងញៀន នឹងបណ្ដេញចេញពីក្របខ័ណ្ឌ ដូចធ្លាប់អនុវត្តន៍លើកងកម្លាំងនៅក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កន្លងមកមានការអនុវត្តរួចហើយ ទៅលើកងកម្លាំងប្រដាប់អាវុធ រួមមាន៖ នគរបាល និងកងទ័ព ហើយចាប់ពីពេលនេះតទៅ មន្ត្រីរាជការស៊ីវិលក៏ដូចគ្នាដែរ។ ការអនុវត្តយ៉ាងដូច្នេះ គឺដើម្បីពង្រឹងវិន័យ សីលធម៌ និងការទទួលខុសត្រូវ សម្រាប់មន្ត្រីរាជការម្នាក់ៗ សម្រាប់ធ្វើជាគំរូដល់ប្រជាពលរដ្ឋ៕

  

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ